ភ្នំពេញ៖ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ CAMSOC និង​អនុ​គណៈ​កម្មការ​​ជំនាញ ​ព្រម​ទាំង​មន្ត្រី​សហព័ន្ធ​កីឡាជាតិ​ បាន​ឆ្លង​កិច្ច​ប្រជុំ ​ប្រចាំ​សប្តាហ៍​ ទៅ​លើ​ចំនុច​ជា​ច្រើន ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុង​នោះ​​ប្រធាន​បទ​ធំ​សំខាន់​ ២ ​ចំណុច ​គឺ​ផ្តោត​ទៅ​លើ​ពិធី​សម្ពោធ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺ​​ដាក់​កម្ម​វិធី​​នេះ ជា​មួយ​ព្រឹត្តិការណ៍​រាប់​ថយ​ក្រោយ​ (ខោន​ដោន)​ចំនួន ​៥០០ ​ថ្ងៃ ​ឈាន​ឆ្ពោះ​ទៅ​ប្រារព្ធ​​បើក ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ ​លើក​ទី​៣២ ​ឆ្នាំ​ ២០២៣​ ដែល​​កម្ពុជា ​ធ្វើជា​ម្ចាស់​ផ្ទះ​។


នៅ​ក្រោយ​កិច្ច​ប្រជុំ ដែល​ដឹឆកនាំ​​ដោយ​​លោក​បណ្ឌិត ​ថោង ​ខុន ​អនុ​ប្រធាន​អចិន្ត្រៃយ៍​ CAMSOC ​និង​ជា​ប្រធាន ​NOCC​ នោះ លោក​ វ៉ាត់​ ចំរើន បាន​ផ្តល់​សម្ភាស​ឱ្យ​​បណ្តាញ​​ព័ត៌មាន​ថា​ ​អង្គ​ប្រជុំ ​ឆ្លង​សកម្មភាព​ការងារ​ថ្ងៃ​នេះ ​បាន​អនុម័ត​ទៅ​លើ​បញ្ហា​សំខាន់​មួយចំនួន ​ក្នុង​នោះ​មាន​​ពិធី​សម្ពោធ​ពហុកីឡា​ដ្ឋាន​ជាតិ​មរតក​តេជោ​ និង​ពីធី​រាប់​ថយ​ក្រោយ​ចំនួន ​៥០០ ​ថ្ងៃ ​ដើម្បី​ឆ្ពោះ​ទៅ​ដល់​ថ្ងៃ​បើក​ការ​ប្រ​កួត​ស៊ី​ហ្គេម​តែ​ម្តង ​ព្រម​ទាំង​រំឭក​​ពី​ពិធី​ផ្ទាំង​ទស្សនិយ​ភាព ​ទទួល​ទង់​ពី​ប្រទេស​វៀត​ណាម ​ដែល​ផលិត​ចំនួន ​១០​នាទី​ ប៉ុន្តែ​ត្រូវ​បង្ហាញ​ឱ្យ​​ឃើញ​ពី​ទិដ្ឋភាព​កីឡា​វប្បធម៌​ និង​សក្តានុពល​ ​បច្ចុប្បន្ន​ភាព​របស់​កម្ពុជា​។


​អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖ ​«អង្គ​ប្រជុំ ​​បាន​សម្រេច​ជា​គោល​ការណ៍ ​នូវ​ពិធី​ទាំង​ពីរ​ គឺ​សម្ពោធ​ពហុកីឡាដ្ឋាន​មរតក​តេជោ​ និង​ខោន​ដោន​រាប់​រយ​ក្រោយ​ចំនួន​ ៥០០​ថ្ងៃ ដែល​ត្រូវ​​​ធ្វើ​ក្នុង​ថ្ងៃ​តែ​មួយ​ គឺ​ថ្ងៃ​ទី​ ២០​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ តែ​ម្តង»​។​


«ចំពោះ​ពិធី​សម្ពោធ​ពហុកីឡដ្ឋានថ្មី​នេះ​ គណៈ​កម្មការ​បាន​សម្រេចថា នឹង​គ្មាន​ការ​ប្រ​កួត​កីឡា​ ដើម្បី​អប​អរ​សាទរ​ពិធី​ទេ ​ប៉ុន្តែ​យើង​ជំនួស​មក​វិញ ​នូវ​ពិធី​សម្តែង ​ឬ​បង្ហាញ​នូវ​សកម្មភាព​កីឡា ​ដែល​យក​ចេញ​ពី​ជាង ​៤០ ​ប្រភេទ​ ក្រោម​ការ​គ្រប់​គ្រង​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា ​កំពុង​មាន​ស្រាប់​​។ ​ពិធី​នេះ​ យើង​ចាប់​ផ្តើម​រៀប​ចំ​ជា​បណ្តើរៗ​ ពី​ពេល​នេះ​ទៅ ​ដើម្បី​រៀប​ចំ​លម្អិត​ឱ្យ​​រលូន​ល្អ ​ឱ្យ​ស័ក្តិ​សម​ទៅ​នឹង​តម្លៃ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ ជា​ជំនួយ​​មិត្ត​ភាពដែក​ថែប រវាង​​កម្ពុជា-ចិន ​ជា​ប្រ​វត្តិ​សាស្ត្រ​ ក្រោម​អធិបតី​ភាព​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​ថ្នាក់​ដឹក​នាំ​នៃ​ភាគី​ចិន»​។​


លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ NOCC ផង​នោះ បាន​បន្ថែម​ថា៖​ «​ចំណែក​​ពិធី​រាប់​ថយ​ក្រោយ​ចំនួន ​៥០០ ​ថ្ងៃ​ គឺ​​ជា​ការ​រំឭក​​ដាស់​ស្មារតី​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឱ្យបាន​​ដឹង ​ថា ​នៅ​សល់​ប៉ុន្មាន​​ថ្ងៃទៀត នឹង​ឈានដល់​ពេល​វេលា​បើក​ការ​ប្រ​កួត​ស៊ី​ហ្គេម ​លើក​ទី៣២ ​ឆ្នាំ​២០២៣ ហើយ ​ហើយ​កម្ម​វិធី​រាប់​ថយ​ក្រោយ​ ដែល​ហៅ​ថា ​ខោន​ដោន ​នេះ​ គឺ​ជា​ពិធី​មួយ ​ដែល​ចាំ​បាច់​ សម្រាប់​គ្រប់​ប្រទេស​ ដែល​ប្រារព​ធ្វើ​ឡើង​ ជា​ដំណាក់​​កាលៗ ​មុន​នឹង​ពិធី​បើក ​ការ​ប្រកួត​មក​ដល់»​។​


អ្នក​ជំនាញកីឡា លោក ​វ៉ាត់ ​ចំរើន ​បាន​បញ្ជាក់​បន្ថែម​ថា៖​ «នៅ​​​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​មិញ​ ក៏​បាន​រំឭក​​ពី​ការ​ឆ្លើយ​តប​របស់​ប្រទេស​វៀត​ណាម ​បាន​ច្បាស់​លាស់​ សម្រាប់​ត្រៀម​បើក​ការ​ប្រកួត​ស៊ី​ហ្គេម ​លើក​ទី៣១ ​គឺ​​ធ្វើ​​នៅ​ថ្ងៃ​ ១២​ ខែ​ ឧសភា ​ឆ្នាំ​ ២០២២ ដោយ​ដាក់​កីឡា​ឱ្យ​​ប្រកួត​ប្រជែង​ចំនួន​ ៤៥​ ប្រភេទ​ មាន​វិញ្ញាសារ​ជាង​ ៥០០​ ខណៈ​​ដែល​ប្រទេស​កម្ពុជា ​បាន​ត្រៀម​កីឡា​ចំនួន​ ៣២ ​ប្រភេទ​ឱ្យ​ចូល​រួម»៕​