​ភ្នំពេញ​: ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អ​ល​ស្តារ (Kun Khmer All Star) វគ្គ ​២ នៅ​ថ្ងៃ​ពុធ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​លក្ខណៈ​​ប្លែក​ជាង​មុន ដោយមាន​ការ​​ប្រកួត​ច្រើន​ទម្រង់ ជាមួយ​វត្តមាន​កីឡាករ​ខ្លាំងៗ​លំដាប់ ជួរមុខ​ប្រចាំ​នៅ​កម្ពុជា ហើយ​មិនតែប៉ុណ្ណោះ ក៏មាន​បន្ថែមការប្រកួត​គូ​ពិសេសៗ ល្អៗ និង​គូ​ខ្សែក្រវាត់ វគ្គ​ផ្ដាច់ព្រ័ត្រទម្ងន់ ៤៥ ​គីឡូក្រាម ដែល​គេ​បានឱ្យ​រហស្សនាម​ថា «​ពន្លក​គុន​ខ្មែរ​» រវាង​កីឡាករ ឆូ​យ សុថា​ត់ និង អេ​លី​ត សំណាង ផងដែរ​។


​លោក ស៊ន អេ​លី​ត ម្ចាស់​សង្វៀន​នាយកដ្ឋានអង្គរក្ស និង​ជា​ស្ថាបនិក​កម្មវិធី Kun Khmer All Star នេះ បាន​ប្រាប់ថា​៖ «​ការប្រកួត​ថ្ងៃទី ​២៧ ខែតុលា​នេះ យើង​ដាក់ឱ្យ​មានការ​ប្រកួត​ចម្រុះ ក្នុងនោះ​មាន​ប្រដាល់​គុន​ខ្មែរ ប្រដាល់​ឃី​ក ​បុក​ស៊ី​ង ប្រដាល់​បុរាណ​ខ្មែរ​លក្ខណៈ​រុំ​អំបោះឆៅ​គ្មាន​ពាក់​ហ្គ​ង់ ប្រដាល់សកល​អាជីព និង​បន្ថែម​គូ​ដណ្តើម​ខ្សែក្រវាត់​វគ្គ​​ផ្តាច់ព្រ័ត្រ​ទម្ងន់ ៤៥​គីឡូក្រាម នៃ​កម្មវិធី​ពន្លក​គុន​ខ្មែរ សរុប​ចំនួន​ ១០ ​គូ ដែល​សុទ្ធតែជា​កំពូល​កីឡាករ​ឆ្នើមៗ​បំផុត គឺ​នេះ​ជា​ព្រឹត្តិការណ៍​ធំ ដែល​ទាក់​​ទាញ​បំផុត ហើយ​សមត្ថភាព​កីឡាករ​ទាំង​ ១០ ​គូ គឺ​មហាជន មិនអាច​អូស​រំលង​បានទេ​»​។​


​ចំពោះ​បេក្ខភាព​សំខាន់ៗ និង​មាន​សមត្ថភាព​ឆ្នើមៗ ដែល​ត្រូវបាន​ផ្គូផ្គង​រួចរាល់ សម្រាប់​ការ​ប្រកួត​គុន​ខ្មែរ​អ​ល​ស្តារ នៅ​ថ្ងៃ​ពុធ​នេះ រួមមាន​ជំនួប​សងសឹក​ដ៏​ក្តៅគគុក​រវាង​ជើង​ខ្លាំង ឃីម បូរ៉ា ទៅលើ អេ​លី​ត ចំរើន ដែល​ការ​​ប្រកួត​វគ្គ ​១ បូរ៉ា បាន​ភ្លាត់​សន្លប់​ធំ ក្រោម​ក្បាច់​ពិសេស​របស់ ចំរើន ចំណែក​ជើង​ខ្លាំង ឡៅ ចិ​ត្រា ត្រូវដាក់​ឱ្យ​ជួប​គូសត្រូវ​ចាស់ ផល សោ​ភ័​ណ្ឌ ដែល​អ្នក​ទាំងនេះ សុទ្ធ​តែមាន​សមត្ថភាព​ខ្លាំងលំដាប់​ជួរមុខ​។​


​ទន្ទឹមនឹងនេះ ជើង​ខ្លាំង លន បញ្ញា ត្រូវ​ដាក់ឱ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជំនាញ​ទាំង​ប្រដាល់សកល និង ​សេរី វី ស​ម្ភ​ស្ស ហើយ ​អេ​លី​ត សាន់ ត្រូវ​ប៉ះ វ៉ាន់ វឿន ស្របពេល គង់ សំបូរ ត្រូវ​ជួប សោម ពិសិដ្ឋ រីឯ ខាំ ខ្លា​នាង ប្រឈម កាន់ ម៉េង​ហុង ខណៈ​ នៅ សុខ​ទី ប៉ះ សៅ រង្សី និង អេ​លី​ត រស្មី ជួប ឡុង ពិ​សិទ្ធ​។​


​ជាមួយគ្នានេះ ការប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់ ទម្ងន់ ៤៥​ គីឡូក្រាម រវាង ឆូ​យ សុថា​ត់ និង អេ​លី​ត សំណាង ពិតជា​មាន​ភាព​ទាក់ទាញ​ខ្លាំង​។ កីឡាករ​វ័យ​ ១៦ ​ឆ្នាំ ឆូ​យ សុថា​ត់ មាន​ស្រុកកំណើត នៅ​ភូមិ​ក្រមល់ ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយ​ធ្លាប់​ប្រកួត​បាន​ ២០ ​ដង ឈ្នះ ​១៦ ចាញ់​៣ និង​ស្មើ​ ១ ​ដង ចំណែក អេ​លី​ត សំណាង អាយុ​ ១៦ ជា​អ្នក​នៅ​ភ្នំពេញ ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយ កីឡាករ​រូបនេះ​ធ្លាប់​ប្រកួត​បាន ​១៥ ​ដង ឈ្នះ​ ១០ និង​ស្មើ ៥ ​ដង​។​


​ទាក់ទង​ទៅនឹង​ការប្រកួត​នេះ លោក សាន សៅ​យ៉ាន់ គ្រូបង្វឹក​កីឡាករ ឆូ​យ សុថា​ត់ និង​លោក ស៊ន អេ​លី​ត ជា​គ្រូបង្វឹក អេ​លី​ត សំណាង សុទ្ធតែ​មិន​ហ៊ាន​អះអាង​ពី​លទ្ធផល​ទុក​មុន​ព្រោះ​កីឡាករ​វ័យក្មេង​បែបនេះ វ៉ៃ​សម្រុក គ្មាន​គិត​បច្ចេកទេស ឬ​យុទ្ធសាស្ត្រ​ច្រើន​នោះទេ អ៊ីចឹង​អ្នកណា កម្លាំង​នៅ​ថេរ និង​រឹងមាំ អាចឈាន​ទៅគ្រប់​គ្រង​ខ្សែ​ក្រវាត់​បាន​មិន​ខាន ពោលគឺ​សុទ្ធតែ​សង្ឃឹម​ ៥០ ​ភាគរយ​ដូចគ្នា​។​

​សម្រាប់​ការប្រកួត​ផ្ដាច់ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់​នេះ ម្ចាស់​ជើងឯកនឹង​ទទួលបាន​ខ្សែ​ក្រវាត់ ដែល​ផលិត​នៅ​ប្រទេស​ថៃ អមដោយ​ប្រាក់រង្វាន់​ចំនួន​៣​លាន​រៀល ចំណែក​ជើងឯក​រង​បាន ​១​លាន​រៀល​។ ជាមួយ​គ្នា​នេះ​លោកស្រី ទ្រី ដា​ណា ក៏បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​គុន​ខ្មែរ​អ​ល​ស្តារ​នេះ ចំនួន ​៥ ​ពាន់​ដុល្លារ ព្រមទាំង​ផ្តល់ជូន​កីឡាករ ដែល​ប្រកួត​ឈ្នះ ១ ​លាន​រៀល និង​អ្នកចាញ់​ចំនួន​ ៥០ ​ម៉ឺន​រៀល​ផងដែរ​៕​