ភ្នំពេញ៖ អ្នក​ប្រដាល់​ចាស់​វស្សា​ មុត​ ខ្លឹម​ខ្មៅ​ និង​ មិន​ សិលា​ ដែល​ធ្លាប់​ប្រ​កួត​គ្នា យ៉ាង​​ស្វិត​ស្វាញ​និង​ល្បី​ល្បាញ​ តាំង​​ពី​អំឡុង​ឆ្នាំ ​២០១២ ​ដោយ​​ធ្វើ​ឱ្យ​​មហាជន​អ្នក​ទស្សនា​មួយ​ចំនួន​នៅ​ចង​ចាំ​បាន​ថា​ ជា​គូ​ប្រដាល់​សង​សឹក​ដ៏​ល្បី​ល្បាញនោះ គឺ​សប្តាហ៍​នេះ​ អ្នក​ទាំង ​២ នឹង​ត្រូវ​ជួប​ប្រ​កួត​គ្នា​ជាថ្មី ​នៅលើ​​សង្វៀន​បាយ័ន ​នារសៀល​​ថ្ងៃ​អាទិត្យនេះ ​ក្នុង​កម្ម​វិធី​ប្រដាល់​ Boostrong។​


តាម​ប្រវត្តិ​ប្រ​កួត​​របស់ មុត ខ្លឹមខ្មៅ និង មិន សិលា ​កាល​ពី​ជិត ​១០ ​ឆ្នាំ​មុន​ គឺ​ពួកគេ​ធ្លាប់​ប្រ​កួត​គ្នា បាន​​ចំនួន ​៥ ​លើក​ ហើយ​លទ្ធផល​ ​ខ្លឹម​ខ្មៅ​ ឈ្នះ​ ៣​ ដង ហើយ​ ​មិន ​សិលា​ ឈ្នះ​ ២​ ដង​។ ​ចំណែក​នៅ​សប្តាហ៍​នេះ​ អ្នកទាំង ២ ត្រូវ​ប្រ​កួត​គ្នាជាថ្មី ​ក្នុង​​លំដាប់​គូ​ឯកប្រចាំ​សប្តាហ៍​ខណៈ​ដែល​កីឡាករ ​មុត​ ខ្លឹម​ខ្មៅ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​នៅ​មាន​សមត្ថភាព​ប្រ​កួត​ល្អ​ជាង​កីឡាករ ​មិន​ សិលា​។​

មួយ​រយៈ​ចុង​ក្រោយ​នេះ ​ពិសេស​នៅ​ក្នុង​ការ​ប្រ​កួត ​៣ ​លើក​ចុង​ក្រោយ ​មុត ​ខ្លឹម​ខ្មៅ​ ប្រកួត​ចាញ់​ជើង​ថ្មី ​ធន់ ​ចាន់​តាក់​ ​ចាញ់ ​សូត្រ​ ប៊ុន​ធី តែ​​ឈ្នះ​ សូត្រ​ ខេវិន​។​ ចំណែក​ ​មិន ​សិលា​ ៣ ​ប្រកួត​ចុង​ក្រោយ បាន​​ឈ្នះ​ សូដា​ កូម៉ាន់ ​ឈ្នះ​ តក់ ​សុភ័ណ្ឌ​ និង​ចាញ់​កីឡាករ ​សោម ​ពិសិដ្ឋ។​ ​ទោះ​ជា​យ៉ាង​ណា ​អ្នក​ប្រដាល់​ជើង​ចាស់​ទាំង​ពីរនេះ ​​​ខក​ខាន​ប្រ​កួត​គ្នាជិត ​១០ ​ឆ្នាំ​មក​ហើយ​។​


លោក​ ធន់ ​សុភា​ អ្នក​ផ្គង​ផ្គង​ប្រចាំ​សង្វៀន​បាយ័ន​ បាន​និយាយ​ថា​៖​ «ពួក​គេ​ទាំង​ពីរ ​ទោះ​ជា​ចាស់​បន្តិច ​កម្លាំង​ធ្លាក់​ខ្សោយ​ជាងមុន ​ប៉ុន្តែ​ការ​ប្រ​កួត ​មិន​ងាយ​សន្លប់​ទេ​ ​ព្រោះ​មាន​បទ​ពិសោធ និង​មាន​ស្នៀត​ការពារ​ល្អ​។​ ​ពួក​គេ​ មាន​សមត្ថភាព​ក្បាច់​គុន​ប្រហាក់​ប្រហែល​គ្នា​ ហើយ​ក៏​មិន​ងាយ​នឹង​សន្លប់​ដែរ ​គឺ​ខ្ញុំ​សន្និដ្ឋាន​ថា ​ចាញ់​ ឬ​ឈ្នះ​គ្នា​អាច ​៥ ​ទឹក​ឯណោះ​»។​


ចំណែក​កីឡាករ ​គង់ ​ហូវ ​សិស្ស​ច្បង​នៅ​​ក្លិប​គុហារព្រហ្ម​ជ័យ​ខេត្ត​សៀម​រាបបាន​​និយាយ​ថា​៖ «​មិន ​សិលា​ កំពុង​ហាត់​ជា​ប្រចាំ​ជា​មួយ​ខ្ញុំ ​នៅ​ភូមិ​សំណាក ​ឃុំ​កកោះ ​ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ដើម្បី​បង្កើន​កម្លាំង​ ត្រៀម​​ប្រ​កួត​សប្តាហ៍​នេះ​ឱ្យ​ល្អ សម​​ជា​គូ​ឯក​។ ​​​ទោះ​យ៉ាង​ណា ​កម្លាំង​គាត់​ខ្សោយ​ជាង​មុន​ ហើយ​ការ​ប្រ​កួត​នេះ​ ខ្ញុំ​សង្ឃឹម​ត្រឹម​ ៥០ ​ភាគ​រយ​ប៉ុណ្ណោះ​ ​ព្រោះ​ ខ្លឹម​ខ្មៅ ​ក៏​ជា​ជើង​ខ្លាំង​លំបាក​បង្ក្រាប​ដែរ»​​។


ចំពោះ​កីឡាករ​ មុត ​ខ្លឹម​ខ្មៅ​ បាន​និយាយ​ថា​៖ «​មួយ​រយៈ​នេះ ​ខ្ញុំ​ខ្សោយ​ផ្នែក​កម្លាំង​ ប៉ុន្តែ​សប្តាហ៍​នេះ​ ធានា​ប្រឹង​វ៉ៃ​យក​ឈ្នះ​ឱ្យ​បាន​ គឺ​មាន​ទំនុក​ចិត្ត​ឈ្នះ​ ៨០ ​ភាគ​រយ​ ព្រោះ​​ខ្ញុំ​ហាត់​បាន​ល្អ​ ធានា​មិន​ចាញ់​សន្លប់​ទេ​»៕