ក្រុងឡុងដ៍​: លោក Gareth Southgate បាន​ប្រាប់​ឱ្យ​ដឹងកាល​ពី​ថ្ងៃ​ចន្ទ​ថា គាត់​មាន​ក្តី​រំភើប ដែល​បាន​ចុះ​ហត្ថ​លេខា ក្នុង​កិច្ច​សន្យា​ថ្មី​រយៈ​ពេល ២ ​ឆ្នាំ​ទៀត ដើម្បី​បន្ត​ធ្វើ​តួនាទី​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បន្ទាប់​ពី​មាន​នូវ​បទ​ពិសោធយ៉ាង​ពិសេស​អស្ចារ្យ ក្នុង​អំឡុង​ពេល ៥ ​ឆ្នាំ​របស់​គាត់ ក្នុង​ការ​កាន់​តំណែង​នេះ​។


កុង​ត្រា​ចាស់​របស់​គ្រូបង្វឹក​​វ័យ ៥១​ ឆ្នាំ នឹង​ផុត​កំណត់ បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​ក្រោយ ប៉ុន្តែ​គាត់​ត្រូវ​បាន​ផ្តល់​រង្វាន់​ដោយ​សហព័ន្ធ​បាល់​ទាត់​របស់​ប្រទេស​អង់គ្លេស (FA) ក្រោយ​ពី​គាត់​បាន​ដឹក​នាំ​ក្រុម​តោ​កំណាច ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ Euro 2020 ដែល​ជា​ទម្រង់​ដ៏​ល្អ​បំផុត​របស់​ក្រុម នៅ​ក្នុងព្រឹត្តិការណ៍​ធំ​មួយ សម្រាប់​រយៈ​ពេល ៥៥​ ឆ្នាំ​។


លោក Southgate ដែល​បាន​បង្កើត​ឱ្យ​មាន​ផង​ដែរ​នូវ​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅវគ្គ ៤ ក្រុម​ចុង​ក្រោយ នៅ World Cup 2018 នា​ប្រទេស​រុស្ស៊ី បាន​កែ​ប្រែ​ក្រុម​អង់គ្លេស​របស់​គាត់​ឱ្យ​ក្លាយ​ទៅ​ជាគូ​ប្រជែង​ដ៏​តឹង​តែង​មួយ​ ក្រោយ​ពី​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​។


«​ខ្ញុំ​ចង់​ប្រាប់​ថា តើ​ពួក​យើង​មាន​ក្ដី​រំភើប​កម្រិត​ណា​? ពោល​គឺ​រយៈ​ពេល​ ៥​ឆ្នាំ​ចុង​ក្រោយ ដែលផ្ដល់​នូវ​បទពិសោធ​យ៉ាង​ពិសេស​អស្ចារ្យ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​អតីត​អ្នក​ចាត់​ការ​ក្រុម​ Middlesbrough លោក Southgate ដែល​ក្រុម​អង់គ្លេស​របស់​គាត់​ កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដណ្ដើម​បាន​កៅអី សម្រាប់ World Cup នៅ​ប្រទេស​កាតា​។​


លោក Southgate បាន​បន្ត​ថា​៖ «​យើង​អាច​មើល​ឃើញ​នូវ​អ្វី ដែល​សម្រេច​បាន​ជាមួយ​នឹង​ក្រុម​ដែល​មាន​ស្រាប់ និង​កីឡាករ​មួយ​ចំនួន តាម​រយៈ​ក្រុម ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​គ្នា​របស់​យើង​។ យើង​មានការ​ដឹង​គុណ​​ចំពោះ​​ការ​​គាំទ្រ​​របស់ FA​។ យើង​ដឹង​ថា វា​ជា​រឿង​សំខាន់ ក្នុង​ការ​ដណ្ដើម​បាន​សិទ្ធិ (មុន​ចុះហត្ថលេខា)​ ដូច្នេះ គ្មាន​សំណួរ​ចំពោះ​ការ​ផ្ដោត​អារម្មណ៍​នោះ​ទេ​។ យើង​កំពុង​សម្លឹង​មើល​ទៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ដើម្បី​បង្កើត​នូវ​ការ​ចង​ចាំ​ថ្មី​»​។


លោក Southgate ដែល​ឥឡូវ​នេះ នឹង​ដឹក​នាំ​ក្រុម​អង់គ្លេស​ ធ្វើ​យុទ្ធនាការ​ សម្រាប់ Euro 2024 បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រុម​របស់​លោក​បាន​អភិវឌ្ឍ​កាន់​តែ​ប្រសើរ​ឡើង​យ៉ាង​អស្ចារ្យ​។​

នាយក​ប្រតិបត្តិ​របស់ FA លោក Mark Bullingham បាន​ថ្លែង​ថា​៖ «​លោក Gareth Southgate និង​ជំនួយ​ការរបស់​គាត់ លោក Steve Holland (ដែល​បន្ត​កុង​ត្រា​ដែរ) ពិតជា​​បាន​បង្កើត​ឱ្យ​មាន​វប្បធម៌​ដ៏​រឹង​មាំ​ជាមួយ​កីឡាករ និង​អ្នក​គាំទ្រ ហើយរៀប​ចំ​បាន​យ៉ាង​ល្អ​បំផុត ក្នុង​ការ​នាំ​ក្រុម​ក្មេង​ៗ​ទាំង​នេះ​ឱ្យ​ឆ្ពោះទៅ​មុខ​​។​ ជោគ​ជ័យ កើត​មាន​មក​ជាមួយ​នឹង​ក្ដី​រំពឹង​ ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​កែប្រែ​។ យើង​ធ្លាប់​បាន​រីក​រាយ​នឹង​ការ​បាន​សិទ្ធិ​ហើយ ដូច្នេះ ឥឡូវ​នេះ យើង​រំពឹង​ ក្នុង​ការ​បាន​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​បំផុត​»​។

លោក Southgate ដែល​ជា​អតីត​ខ្សែការពារ​របស់​ក្រុម​អង់គ្លេស បាន​ចូល​មក​ធ្វើ​តួនាទី​ជាអ្នក​កាច់​ចង្កូត​នាវា​របស់​ក្រុម​ជម្រើស​ជាតិ​នេះ ក្នុង​ឆ្នាំ​២០១៦ ដោយ​ដឹក​នាំ​បន្ត​ពី​លោក Sam Allardyce ដែល​បញ្ចប់​កុង​ត្រា​ ក្រោយ​ដឹក​នាំ​បាន​តែ ១ហ្គេម បន្ទាប់​ពី​មាន​ការ​រិះ​គន់​ពី​បណ្ដាញសារព័ត៌មាន​៕ AFP/VN