ក្រុង​ប៊ែរឡាំង​: ក្រុម Borussia Dortmund នឹង​មិន​មាន​ទាំង​ខ្សែការពារ Mats Hummels និង​ខ្សែ​ប្រយុទ្ធ Erling Haaland នៅ​ពេល​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​ព័រទុយហ្គាល់ ដើម្បី​ធ្វើ​ការ​ប្រកួត នៅ​ថ្ងៃ​ពុធ សម្រាប់​ក្របខ័ណ្ឌ Champions League ដែល​អាច​ជា​ហ្គេម​កាត់​ក្ដី​ ក្នុង​ពូល​ C រវាង​ក្រុម​ទៅ​ពី​អាល្លឺម៉ង់​មួយ​នេះ និង​ក្រុម​ម្ចាស់​ផ្ទះ Sporting Lisbon​។


ដោយ​​មាន ៦​ពិន្ទុ​ស្មើ​គ្នា ជាមួយ​នឹង​ការ​ប្រកួត នៅ​សល់ ២លើក​ទៀត ក្រុម​ Sporting និង Dortmund ត្រូវ​តទល់​គ្នា ក្នុង​ជំនួប​មួយ ដែល​អាច​ជា​ការ​សម្រេច​ថា តើ​ក្រុម​មួយ​ណា នឹង​អាច​ចូល​រួម​ជាមួយ​ក្រុម​ប្រធាន​ពូល​ Ajax ក្នុង​បាន​ឆ្លង​ទៅ​វគ្គចាញ់​ធ្លាក់​។


តែ​យ៉ាង​ណា ក្រុម Dortmund នឹង​ចាញ់​ប្រៀប​ដោយសារ​អវត្តមាន​​កីឡាករ​ដ៏​ល្អ​បំផុត ២​រូប Hummels និង Haaland ខណៈ​ដែល​ពួក​គេ​ ត្រូវ​ការ​ធ្វើ​ឱ្យ​យុទ្ធនាការ​ នៅ Champions League ត្រឡប់​មក​លើ​ផ្លូវ​ជោគ​ជ័យវិញ បន្ទាប់​ពី​រង​បរាជ័យ​បន្ត​បន្ទាប់​គ្នា នៅ​ ២ ហ្គេម​មុន​នេះ​។​


ខ្សែ​ការ​ពារ​ចាស់​វស្សា​ដ៏​រឹង​មាំ​ Hummels ត្រូវ​ជាប់​ពិន័យ ក្រោយ​ពី​រូប​គេ ទទួល​បាន​កាត​ក្រហម​ដ៏​ចម្រូង​ចម្រាស ក្នុង​បរាជ័យ ៣-១ របស់​ក្រុម Dortmund ក្រោម​ថ្វី​ជើង​របស់​ក្រុម Ajax កាល​ពី ៣សប្ដាហ៍​កន្លង​ទៅ​។ ក្លិប​បាន​ឱ្យ​ដឹង​ថា នឹង​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការ​ពិន័យ​នេះ តែ​គ្រូបង្វឹក​លោក​​ Marco Rose មិន​រំពឹង​ថា កីឡាករ​ជយលាភី​ពាន World Cup 2014 ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ នឹង​អាច​ចូល​លេង​បាន​នោះ​ទេ​។


«​យើង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា Mats (Hummels) ត្រូវ​ជាប់​ពិន័យមិន​អាច​ចូល​លេង​បាន​ទេ នៅលីសបោន​»​។ នេះ​ការ​លើក​ឡើង​របស់​លោក Rose ដែល​បង្ហើប​ផង​ដែរ​ថា កីឡាករ Dan-Axel Zagadou អាច​នឹង​ជំនួស​កន្លែង​តំបន់​ការពារ​កណ្ដាល​នេះ​។


Haaland កំពុង​​មើល​ការ​ប្រកួត​រវាង Dortmund និង Ajax នៅ​​ Champions League កន្លង​មក​។

ចំណែក​ឯ​កីឡាករ Haaland​ បាន​នៅ​ក្រៅ​ទីលាន ៤​ សប្ដាហ៍​កន្លង​ទៅ​ហើយ​ ដោយសារ​មាន​របួស​ត្រគាក ហើយ​ក្រុម Dortmund កំពុង​រំពឹង​ថា ខ្សែ​ប្រយុទ្ធសញ្ជាតិ​ន័រ​វែស​​​ ដែល​រក​បាន ៩គ្រាប់ ពី​ការ​បង្ហាញ​ខ្លួន ៦​លើក​ នៅ​រដូវ​កាល​នេះ នឹង​ត្រឡប់​មក​មាន​សកម្មភាព​វិញ សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម Bayern Munich ដែល​កំពុង​​ឈរ​កំពូល​តារាង​ពិន្ទុនៃ​ក្រប​ខ័ណ្ឌ Bundesliga នៅ​ថ្ងៃ​ទី​ ៤ ខែ​ធ្នូ​។

ក្រុម Dortmund របស់​លោក Rose ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កាន់​ក្រុង​លីសបោន ជាមួយ​នឹង​អារម្មណ៍​ល្អ បន្ទាប់​ពី​​បាន​រំកិល​ទៅកៀក​នឹង​ក្រុម Bayern ដោយ​ការ​តាម​ពី​ក្រោយ​តែ ១ពិន្ទុ ដោយសារបាន​យក​ឈ្នះ​ក្រុម Stuttgart យ៉ាង​ប្រកៀក​ប្រកិត ២-១ កាល​ពី​ចុង​សប្ដាហ៍​កន្លងមក​។

សម្រាប់​ជំនួប​ កាល​ពី​ជើង​ទី ១ នៅ​ប្រទេស​អាល្លឺម៉ង់​ ក្នុង​ខែ​កញ្ញា ក្រុម Sporting ចាញ់ ១-០ ហើយ​កីឡាករ Donyell Malen ដែល​ទំនង​ជា​មាន​មុខ​ជំនួស​ការ​អវត្តមាន​របស់​ Haaland នៅយប់​ថ្ងៃ​ពុធ​នេះ គឺ​ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ជ័យ​ជម្នះ​ ក្នុង​ហ្គេម​នោះ ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិហូឡង់​វ័យ ២២ឆ្នាំ​ កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ ដោយ​រក​បាន​គ្រាប់​ដំបូង​របស់​ខ្លួន នៅ Bundesliga ជាមួយ​នឹង​ការ​ស៊ុត​យ៉ាង​ស្អាត ក្នុង​ជំនួប​ទល់​នឹង​ក្រុម Stuttgart នោះ​៕ AFP/VN