ភ្នំពេញៈ កីឡាករ​វ័យក្មេង កំពុងមាន​ទម្រង់​លេង​ល្អ ប្រាក់ ធី​វ៉ា និង សារ ទី ទទួលបាន​ការអបអ​រ​សាទរ​ខ្លាំង​ពី​អ្នកគាំទ្រ បន្ទាប់ពី​ពួកគេ​បាន​ជាប់ នៅក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិទាំង​ ៣០ ​នាក់ ដើម្បី​ត្រៀម​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup 2020 នៅ​សិង្ហ​បុរី ចាប់ពី​ថ្ងៃទី​ ៥ ខែ ធ្នូ ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ១ ខែ មករា ឆ្នាំ​ ២០២២ នោះ ប៉ុន្តែ​បេក្ខភាព​ ១០​នាក់​ទៀត ដែល​ធ្លាប់​មានឈ្មោះ​កន្លងមក គឺ​លើក​នេះ​គ្មាន​វត្តមាន​នោះទេ​។​


​វា​មិនមែនជា​រឿង​ថ្មី​នោះទេ ដែល ប្រាក់ ធី​វ៉ា បាន​ចូលរួម​នឹង​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​មួយរយៈ​ពេលកន្លងមក​នេះ ធី​វ៉ា មិនបាន​ជាប់​ឡើយ​។ តែ​ទោះបីជា​យ៉ាងណា តាមរយៈ​ការបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ជាមួយ​ការរកបាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់ ដើម្បី​រួមចំណែក​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈ្នះ​ជើង​ឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ ​២០២១ ​នេះ ធ្វើឱ្យ​ក្រុម​គ្រូបង្វឹក​ជម្រើសជាតិ បានផ្តល់​ទំនុកចិត្ត​ឱ្យ ប្រាក់ ធី​វ៉ា ជាថ្មី ក្នុង​ការវិល​មកលេង​ឱ្យ​ក្រុម​​ជម្រើសជាតិ​។​

​ចំណែក​ខ្សែប្រយុទ្ធ​របស់​ក្រុម​អគ្គិសនី​កម្ពុជា សារ ទី ត្រូវបាន​កោះហៅ​ឱ្យចូល​រួមជាមួយ​ក្រុមធំ​ជម្រើសជាតិ​កម្ពុជា ជា​លើក​ដំបូង ហើយ​ការ​ចាប់បាន​ឱកាស​ដ៏​សំខាន់​នេះ វា​ជាស​ម្រេច​ក្តី​សុបិន​យ៉ាងសំខាន់ ដែល​កីឡាករ​មាន​ដើមកំណើត​នៅ​ខេត្តកំពង់ឆ្នាំង ម្នាក់នេះ បាន​ទន្ទឹងរង់ចាំ​យូរណាស់​មកហើយ​។


«​ខ្ញុំនឹង​ខិតខំ​ប្រឹងប្រែង​បន្តទៀត​» នេះ​ជា​សារសព្ទ​យ៉ាងខ្លី បញ្ជាក់​ពី​ការតាំង​ចិត្ត​របស់ សារ ទី នៅពេល​ដឹងថា រូបគេ​បានជា​ប់​នៅក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទាំង​ ៣០ ​នាក់ ហើយ​វត្តមាន​របស់គេ ធ្វើឱ្យ​អ្នកគាំទ្រ​ភាគច្រើន ចាប់អារម្មណ៍​ខ្លាំង ដោយ​ម្នាក់ៗ​បាន​សរសេរ​ជា​ខម​មិ​ុ​ន​អបអរសាទរ​ដល់ ​សារ ទី​។​


​ការចាប់អារម្មណ៍​នេះ ព្រោះតែ សារ ទី ជា​កីឡាករ​មានការ​តស៊ូ​ខ្លាំង និង​ប្រឹងប្រែង​លេង​ប្រកប​​ដោយ​ឆន្ទៈ​ដ៏​ពិតប្រាកដ និង​ជាអ្នក​នាំ​លេង​ដ៏​សំខាន់ នៅក្នុង​ក្រុម​​អគ្គិសនី​កម្ពុជា ហើយ​រូបនេះ ធ្លាប់​និយាយថា ការខិតខំ​ប្រឹងប្រែងរ​បស់​គេ​គឺ​ដើម្បី​អាចជា​ប់​ជម្រើស​ជាតិ តែ​ពេលនេះ អ្វីៗ​បានសម្រេច​ដូច​បំណង​របស់គេ​ហើយ​។​


​ជាមួយគ្នានេះ កីឡាករ​ជើង​ចាស់ ប្រាក់ មុន្នី​ឧ​ត្ត​ម របស់​ក្រុម​​ស្វាយរៀង ក៏បាន​ជាប់​ឈ្មោះ នៅក្នុង​ក្រុម​ជម្រើសជាតិ​ជាថ្មី​ផងដែរ បន្ទាប់ពី​បាន​ឃ្លាតឆ្ងាយ​មួយរយៈ ហើយ សឿត ណា​វ៉ា របស់​បឹងកេត ក៏ត្រូវ​បាន​កោះហៅ​ឱ្យចូល​រួមជាមួយ​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា ជា​លើកដំបូង​ផងដែរ​។​

​ប៉ុន្តែ ញឹម លី​ហូរ​, គី រី​ណា របស់​ក្រុម​វិសាខា​, សឿត បារាំង​, ឡុង ម៉េង​ហាវ របស់​អង្គ​រថា​យ​ហ្គឺ​រ​, ណា​រ៉ុង កក្កដា​, ជឿន ណា​ចា របស់​ក្រុម​កងយោធពល​ខេ​មរ​ភូមិន្ទ (​ទ័ព​), លីម អា​រុណ​រ៉េ​យ​មិន របស់​បឹងកេត​, គួច ដា​នី របស់​ណាហ្គា​វើ​លដ៍​, រដ្ឋ សំណាង របស់​សូល​ទី​ឡូ​អង្គរ និង រ៉េត លី​ហេង របស់​សាលា​បាល់ទាត់​ជាតិ​បាទី ដែល​ធ្លាប់​មានឈ្មោះ ត្រៀម​វគ្គ​ជម្រុះ​ពាន AFC ASIAN Cup China 2023 និង​ពាន AFC U23 ASIAN Cup Uzbekistan 2022 នៅ​បា​រ៉ែ​ន និង​ជប៉ុន កាលពី​ខែតុលា គឺ​គ្មាន​ឈ្មោះ​នោះទេ​។​

​ចំពោះ​កីឡាករ​ ២៦​ នាក់​ផ្សេង​ទៀត ដែល​បាន​បន្ត​ជាប់​ឈ្មោះ​រួមមាន ឆេង ម៉េង​, កែន ច័ន្ទ​សុភ័ក្ត្រ​, កែវ សុខ​ផេង​, កែវ សុខ​សិលា​, ច្រឹង ពលរដ្ឋ​, ទេស សម្បត្តិ របស់​វិសាខា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា​, សេត រ៉​ស៊ី​ប​, សៀង ច​ន្ធា​, ហ៊ុល គឹម​ហ៊ុយ របស់​បឹងកេត​, ស៊ិន សុវណ្ណ​មករា​, វីរៈ ដា​រ៉ា​, ចាន់ សា​រ៉ា​ពេជ្រ​, ឡេង ណូ​រ៉ា​, ស រតនា​, របស់​ព្រៃវែង​, គួច សុ​កុម្ភៈ និង សុះ ស៊ូ​ហា​ណា របស់​ណាហ្គា​។​

​កីឡាករ​វ័យក្មេង លឹម ពិសុទ្ធ​, អ៊​ន ចាន់​ប៉ូ​លីន​, ជួន ចាន់​ចាវ​, យ៉ើ សា​ហ្វី របស់​ភ្នំពេញ​ក្រោ​ន​, សារ៉េត គ្រី​យ៉ា​, សឿ​យ វិសាល​, មិន រតនៈ​, អ៊ា​ន ពិសី របស់​ស្វាយរៀង និង ញាណ សុ​ស៊ី​ដាន របស់​ក្រុម​ទ័ព ខណៈ​បញ្ជី​ឈ្មោះ​ទាំង ​៣០​ នាក់​នេះ ត្រូវបាន​គ្រូ​​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក ភា សុ​ភ័​ក្ត្រា ប្រាប់​ពីថ្ងៃ​អង្គា​រថា គឺ​ជ្រើសរើស​ចេញពី​បញ្ជី​ឈ្មោះ​ជាបឋម​ចំនួន​ ៧០​ នាក់​។​

​លោក សុ​ភ័​ក្ត្រា ប្រាប់ទៀតថា អ្នក​ទាំង ​៣០ ​នាក់​នេះ​នឹងត្រូវ​ធ្វើការ​ប្រមូលផ្តុំ នៅ​ថ្ងៃទី​ ២៦ ខែវិច្ឆិកា ដោយ​ត្រូវ​សម្រិតសម្រាំង ទុក​ត្រឹម​ ២៣​ នាក់​ទេ ដើម្បី​ចេញទៅ​ប្រកួត AFF Suzuki Cup នៅ​ថ្ងៃទី​ ១ ខែធ្នូ ដោយ​កម្ពុជា ឈរ​នៅ​ពូ​ល ​B ជាមួយ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ឡាវ ខណៈ​ពូ​ល​ A មាន​ថៃ សិង្ហ​បុរី ហ្វីលីពីន ទី​ម័​រ​​ខាងកើត និង​មី​យ៉ាន់​ម៉ា​៕