​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ​: ស្ត្រីជន​​ជាតិ​គុយបា​អាយុ ៣៧ ​ឆ្នាំ​ម្នាក់ ដែលមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក Diego Maradona កាលពី ២០ ​ឆ្នាំមុន បាន​ចោទប្រកាន់​សព​តារាបាល់ទាត់​ដែលជា​អាយ​ដលរ​បស់​ប្រទេស​អា​ហ្ស​ង់​ទីន និង​បក្ខពួក​របស់គាត់ កាលពី​ថ្ងៃ​ចន្ទ ពីបទ​ប្រើ​អំពើហិង្សា និង​ការ​បំពារបំពាន​រាងកាយ រួមទាំង​ការចាប់រំលោភ និង​ការ​បង្ខាំង​រូបនាង​ផងដែរ​។​


​អ្នកនាង Mavys Alvarez Rego ដែល​កំពុង​រស់នៅ ក្នុង​ក្រុង​ម៉ៃ​អា​មី សហរដ្ឋអាមេរិក និយាយ នៅឯ​កន្លែង​សន្និសីទកាសែត ក្នុង​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ ប្រទេស​អា​ហ្ស​ង់​ទីន​ថា តើ​នាង​បាន​ជួប​ជាមួយនឹង​លោក Maradona នៅ​អាយុ ១៦ ​ឆ្នាំ យ៉ាងដូចម្ដេច​? នៅពេលដែល​ស៊ុប​ភើ​ស្តារ ពេលនោះ​មាន​វ័យ ៤០​ ឆ្នាំ រស់នៅ​គុយបា ដើម្បី​ព្យាបាល​ការ​ញៀន​ថ្នាំញៀន​។​


«​ខ្ញុំ​មានការ​រំភើប​ញាប់​ញ័រ​មែនទែន​។ គាត់​ឆក់យក​បេះ​ដូង​របស់ខ្ញុំ​បាន​។ តែ ២ ​ខែក្រោយ គ្រប់យ៉ាង បានចាប់ផ្ដើម​ផ្លាស់ប្ដូរ​។ ខ្ញុំ​ស្រឡាញ់​គាត់ តែ​ក៏​ស្អប់​គាត់​ដែរ​។ ខ្ញុំ​ថែមទាំង​គិត​ចង់​សម្លាប់ខ្លួន​ទៀតផង​»​។ នេះ​ជាការ​រៀបរាប់​របស់​នា​ង Alvarez Rego ដែល​អះអាងថា លោក Maradona ដែល​បាត់​-​បង់ជីវិត​ដោយសារ​គាំងបេះដូង កាលពី ១​ ឆ្នាំ​កន្លងទៅ ក្នុង​អាយុ ៦០​ ឆ្នាំ បាន​ជំរុញ​ឱ្យ​នាង​ប្រើ​ប្រាស់​គ្រឿងញៀន​ជា​ថ្នូរ​នឹង ការ​មាន​សេរីភាព​របស់​នាង​។​


​លោក Maradona ត្រូវបាន​គេ​ចាត់ទុក​ជាទូទៅ​ថា ជា​កីឡា​​ករ​ម្នាក់ក្នុងចំណោម​កីឡាករ​បាល់ទាត់​ដ៏​មាន​ទេពកោសល្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការជួយ​ឱ្យ​ក្រុម​ពពក​ស​លើក​ពាន World Cup 1986​។ លោក​លាចាក​លោក​នេះ​ពី​ឆ្នាំទៅ បន្ទាប់ពី​បាន​វះកាត់​ឈាមកក​ក្នុងខួរក្បាល និង​បន្ទាប់ពី​ប្រឹង​តស៊ូ​រាប់​ទសវត្សរ៍​ជាមួយ​អាការ​ញៀន​គ្រឿងញៀន និង​ស្រា​។​


​អ្នកនាង Alvarez Rego ដែលជា​អ្នក​ម្ដាយ​នៃ​កូន ​២​ នាក់ បាន​និយាយថា ទំនាក់ទំនង​រវាង​នាង និង​លោក Maradona មាន​រយៈពេល​ចន្លោះ​ពី ៤ ទៅ ៥ ​ឆ្នាំ តែ​ថា នាង​ត្រូវបាន​បំពារបំពាន​រាងកាយ​។​


​នាង​បានបញ្ជាក់​អះអាងថា ក្នុងអំឡុង​ដំណើរ​កម្សាន្ត​មួយ ទៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ​ជាមួយ​លោក Maradona ក្នុង​ឆ្នាំ ​២០០១ នាង​ត្រូវបាន​បង្ខាំង​ទុក​ក្នុង​សណ្ឋាគារ​ជាច្រើន​សប្ដាហ៍ ដោយ​បក្ខពួក​របស់លោក Maradona ដោយបាន​ហាម​មិនឱ្យ​ចេញទៅ​ខាងក្រៅ​តែម្នាក់ឯង និង​បង្ខំ​ឱ្យ​នាង​ធ្វើការ​វះកាត់​ពង្រីក​ដើមទ្រូង​។​

​អ្នកនាង Alvarez Rego មិនបាន​ធ្វើការ​ប្ដឹងផ្ដល់​ដោយ​ខ្លួនឯង​នោះឡើយ តែ​នៅ​សប្ដាហ៍​នេះ​កំពុងផ្ដល់​ភ័ស្តុតាង ដល់​រដ្ឋអាជ្ញា​អា​ហ្ស​ង់​ទីន ក្នុង​ក្រុង​​ប៊ុ​យ​ណូ​ស៊ែរ ពាក់ព័ន្ធ​នឹង​ការ​​ដាក់ពាក្យ​បណ្ដឹង ដែល​ធ្វើឡើង​ដោយ​អង្គការក្រៅរដ្ឋាភិបាល (NGO) មួយ បន្ទាប់ពី​ឃើញ​ការរៀបរាប់​របស់​នាង តាមរយៈ​បណ្ដាញសារព័ត៌មាន នៅ​អាមេរិក នៅ​ប៉ុន្មាន​សប្ដាហ៍​។​

​ពាក្យបណ្ដឹង​របស់​អង្គការ​នោះ មាន​ពាក់ព័ន្ធ​ជាពិសេស​ចំពោះ​បទល្មើស​ជួញដូរ​មនុស្ស ការបិទ​សិទ្ធិសេរីភាព ការ​បង្ខាំង​ខ្លួន​និង​ការវាយដំ​លើ​រាងកាយ​។ សមាជិក ៥​ រូប ក្នុងចំណោម​មនុស្ស​របស់លោក Maradona ដែលមាន​ពាក់ព័ន្ធ បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នោះ តាមរយៈ​មេធាវី​របស់ខ្លួន ហើយ​មាន​ម្នាក់ ធ្វើការ​ប្ដឹង​តប​ចំពោះ NGO វិញ ពីបទ​បរិហារកេរ្តិ៍​។

Alvarez Rego បន្ថែមថា នាង​បាន​និយាយ​អ្វី ដែល​ចង់​និយាយ​ហើយ ក្រោយ​ស្ងាត់​​ស្ងៀម​ច្រើន​ឆ្នាំ ហើយ​សង្ឃឹមថា ការទម្លាយ​នូវ​ការពិត​នេះ​នឹង​ជួយ​ឱ្យ​នារី​ដទៃទៀត ដែល​ជួប​បញ្ហា​ដូច​នាង ហ៊ាន​ក្នុងការ​និយាយ​ចេញ​៕ AFP/VN