ភ្នំពេញៈ ក្រោយពេល​ក្រសួង​ជំនាញ​អនុញ្ញាត​ជាគោលការណ៍​ឱ្យ​ប្រមូលផ្តុំ​ការហ្វឹកហាត់​ឡើងវិញ ជា​លក្ខណៈ​បិទ​ខ្ទប់​នោះ កីឡា​ទូក​ចំនួន​៣​ប្រភេទ​មាន ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ី​ង បានចាប់ផ្តើម​ហ្វឹកហាត់​ឡើងវិញ ដោយ​ចាប់យក​ទីលាន​ចំនួន ​២​ កន្លែង ដើម្បី​ពង្រឹងសមត្ថភាព ក្នុងទិសដៅ​ចូលរួម​ប្រជែង​យក​មេដាយ នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម ទាំង​ ២ ​លើក ខាងមុខនេះ ឱ្យបាន​។​


​គ្រូបង្វឹក​កីឡា​ទូក លោក ស្រ៊ុន លាង បាន​ប្រាប់ថា សកម្មភាព​បង្វឹក​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ មិន​ស្ងាត់​ទេ គឺ​កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម នៅ​ទីតាំង​ចំនួន​ ២ ​កន្លែង គឺ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ត្រៀម​ទៅ​ហ្វឹកហាត់​បន្ត នៅ​ខេត្តកំពត ក្នុងពេល​ខាងមុខ​ទៀត ដើម្បី​បំប៉ន​សមត្ថភាព​ត្រៀម​ចូលរួម​ប្រកួតប្រជែង ដណ្តើម​មេដាយ​ស៊ី​ហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម​នា ឆ្នាំ​ ២០២២ និង​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​


​លោក ស្រ៊ុន លាង បាន​បន្ថែមថា​៖ «​ការហ្វឹកហាត់​ត្រៀម​របស់​អត្ត​ព​លិ​ក​កីឡា​ទូក គឺ​ក្នុង​ជំរំ​ប្រមូលផ្តុំ​ហ្វឹកហាត់​បិទ​ខ្ទប់ តាម​ផែនការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​យើង​បាន​យក​ទីតាំង​ចំនួន​២​កន្លែង គឺ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​កំពុង​ត្រៀម​ទៅ​ហ្វឹក​ហាត់ នៅ​ទីតាំង ​១​ កន្លែង​ទៀត ក្នុង​ខេត្តកំពត​។ ការហ្វឹកហាត់​នេះ សហព័ន្ធបង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយ​អនុវត្ត តាម​គោលការណ៍​បច្ចេកទេស និង​ត្រួតពិនិត្យ ពី​គ្រូបង្វឹក​ជម្រើសជាតិ​ចំនួន​៥​នាក់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​»​។​


​អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ទូក និង​រ៉ូ​អ៊ី​ង​កម្ពុជា លោក ស្រ៊ុន លាង បញ្ជាក់ថា​៖ «​អត្ត​ព​លិ​ក​ជម្រើសជាតិ​កីឡា​ទូក​មាន​ ២៨​ នាក់ កំពុង​ហ្វឹកហាត់​បិទ​ខ្ទប់ នូវ​ប្រភេទ​ទូក​ចំនួន ​៣ ប៉ុណ្ណោះ គឺ​ទូក​កា​នូ ទូក​កា​យ៉ាក់ និង ទូក​រ៉ូ​អ៊ី​ង ខណៈ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ពុំមាន​ការហ្វឹកហាត់​ប្រមូលផ្តុំ​នោះទេ ព្រោះ​ស៊ី​ហ្គេម ឆ្នាំ​ ២០២២ ម្ចាស់ផ្ទះ​វៀតណាម មិន​ដាក់បញ្ចូល​ក្នុង​វិញ្ញាសា ឱ្យ​ប្រកួតប្រជែង​នោះឡើយ​»​។​


«​អត្ត​ព​លិ​ក​ចំនួន ​២៨ ​នាក់ កំពុង​ទទួល​បានការ​ហ្វឹកហាត់​ជា​លក្ខណៈ​បិទ​ខ្ទប់ នៅ​ខេត្តកណ្តាល​នេះ មាន​ពេល​តែ​មួយរយៈ​ប៉ុណ្ណោះ ហើយ​បន្ទាប់មក ក្រុម​អត្ត​ព​លិ​ក​ទាំងនេះ និង​គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន ​៥​ នាក់​ទៀត នឹងត្រូវ​ចេញទៅ​ហ្វឹកហាត់​នៅ​ខេត្តកំពត​បន្តទៀត ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នៅ​វៀតណាម ឆ្នាំ​ ២០២២ ឱ្យ​ទទួលបាន​លទ្ធផល​ល្អ ខណៈដែល​ភូមិសាស្ត្រ ហ្វឹកហាត់​របស់​អត្ត​ព​លិ​ក​យើង​ត្រូវការ​ផ្លាស់ប្តូរ ដើម្បី​ឱ្យមានភាព​សមជា​មួយ​ខ្សែទឹក ដែលមាន​លក្ខណៈខុសៗ​ពីគ្នា និង​ដើម្បី​មានបទពិសោធ​»​។ លោក ស្រ៊ុន លាង បានបញ្ជាក់​បន្ថែម​៕