​ក្រុង​ឡុង​ដ៍​: លោក Thomas Tuchel បាន​ពោល​សរសើរ​ចំពោះ​ក្រុម​តោ​ខៀវ Chelsea របស់លោក​ថា ពិតជា​អស្ចារ្យ​ណាស់ ខណៈ​​ដែល​ម្ចាស់​ជើងឯក​ពាន​ក្រប​​ខ័​ណ្ឌ Champions League បាន​កក់​កៅអី ក្នុង​វគ្គ ១៦ ​ក្រុម​ចុងក្រោយ ជាមួយនឹង​ការ​មានជ័យ​ជម្នះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ៤-០ លើ​ក្រុម​ខ្លាំង Juventus កាលពី​ថ្ងៃ​អង្គារ​។​


​ក្រុម​របស់លោក Tuchel បាន​នាំមុខ ពេលដែល​ការ​ប៉ះ​ដៃ​របស់​ខ្សែការពារ Antonio Rudiger មិនត្រូវ​បាន​ពិន័យ ដែលជា​ការបង្កើត​ឱកាស​ឱ្យ​កីឡាករ Trevoh Chalobah ស៊ុត​គ្រាប់​បើកឆាក ក្នុងការ​-​ប្រកួត នៅឯ​កីឡដ្ឋាន Stamford Bridge​។​

​ស្រប​ពេលដែល​ក្រុម​ភ្ញៀវ Juve មិនអាច​តបត​នឹង​គ្រាប់​បាល់​ចម្រូងចម្រាស​នោះបាន ខ្សែការពារ Reece James ខ្សែបម្រើ​ប្រយុទ្ធ Callum Hudson-Odoi និង​ខ្សែ​ប្រយុទ្ធ Timo Werner បានរួម​ចំណែក​ម្នាក់ ​១ ​គ្រាប់​ក្នុង​វគ្គ​ទី២ ដើម្បី​រុញ​ក្រុម​តោ​ខៀវ ឱ្យ​ឡើងទៅ​ឈរ​ទី១ ក្នុង​ពូ​ល H ដោយមាន ១២ ​ពិន្ទុ​។​


​ក្រុម Chelsea នៅលើ​ក្រុម​ Juve ដោយសារ​មាន​គ្រាប់​ចំណេញ​ច្រើនជាង ហើយនឹង​ធានាបាន​នូវ​ចំណាត់ថ្នាក់​ជា​ប្រធាន​ពូ​ល បើ​ក្រុម​យក្ស​ទៅ​ពី​ក្រុង​ឡុង​ដ៍​មួយ​នេះ ឈ្នះ​ក្រុម​នៅ​រុស្ស៊ី Zenit Saint Petersburg ក្នុង​ហ្គេម​ចុងក្រោយ សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល នៅ​ថ្ងៃទី ៨ ខែធ្នូ​នេះ​។​


​វា​គឺ​ការបង្ហាញឱ្យឃើញ​នូវ​ទស្សនីយភាព​ដ៏​គួរឱ្យកត់សម្គាល់​មួយទៀត​ពី Chelsea ដែល​មិនទាន់​ចាញ់​សោះ ១០ ​ហ្គេម ពី​ការប្រកួត នៅ​គ្រប់​កម្មវិធី​ទាំងអស់ គិត​តាំងពី​រង​បរាជ័យ ១-០ នៅផ្ទះ​របស់​ក្រុម Juve កាលពី​ខែកញ្ញា​។​


«​ជា​ទម្រង់​លេង​ល្អ​ណាស់​។ យើង​មិន​ត្រឹមតែ​ចង់​បន្ត​រក្សា​ភាព​អំណត់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មិន​ចង់​ធ្លាក់ចុះ​ផងដែរ ដូច្នេះ វា​ជា​បញ្ហា​ប្រឈម ក្នុងការ​មាន​ទាំង ២​។ យើង​ពិតជា​ធ្វើ​បានល្អ​ណាស់ ដោយ​វា​ជាការ​តឹងតែង​ណាស់ ក្នុងការ​​ស៊ុត​បញ្ចូល​ទី​ក្រុម Juventus ហើយ​យើង​បង្កើត​ឱកាស​បាន​យ៉ាងច្រើន​។ សូម​សរសើរ​ដល់​ក្រុម​ទាំងមូល សម្រាប់​ការ​មាននូវ​ទម្រង់​លេង​ពិសេស​អស្ចារ្យ និង​លទ្ធផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​»​។ នេះ​ជា​ប្រសាសន៍​របស់លោក Tuchel​។​

​ការទទួលបាន​លទ្ធផល​ដ៏​ល្អ​នេះ មិនមែន​ន័យ​ថា លោក Tuchel អត់​មាន​បញ្ហា​នោះទេ ខណៈ​កីឡាករ ២​ រូប N''Golo Kante និង Ben Chilwell ត្រូវ​បង្ខំ​ប្ដូរ​ចេញ ដោយសារ​មាន​របួស ដែល​មើលទៅ​ទំនងជា​បង្កឱ្យមាន​ការ​បារម្ភ​ជាពិសេស​សម្រាប់ Chelsea ដែល​កំពុង​នាំ​គេ​ដែរ ក្នុង​តារាង​ពិន្ទុ​នៃ​ក្របខ័ណ្ឌ Premier League៕ AFP/VN