​ភ្នំពេញ​: ការប្រកួត​សប្តាហ៍​ផ្តាច់ព្រ័ត្រ​ដណ្តើម​ប្រាក់​លាន​របស់​សហព័ន្ធ​ប្រដាល់សកល នឹង​កើតឡើង នៅ​យប់​ថ្ងៃអាទិត្យ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ រវាង​កីឡាករ​លំដាប់​ជម្រើសជាតិ​សកល វី ស​ម្ភ​ស្ស និង​កីឡាករ​ទូច ដេវីដ ដោយ​ជើងឯក នឹង​ទទួលបាន​ប្រាក់​ចំនួន ៣​ លាន​រៀល រីឯ​ចំណាត់ថ្នាក់​លេខ​ ២ បាន ១ លាន​រៀល​។ ជាមួយ​គ្នា​នេះដែរ ក៏មាន​អមដោយ​គូ​ប្រដាល់​បន្ថែមចំនួន ៥ ​គូ​ទៀត ខណៈ​គូ​ឯក ត្រូវបាន​ផ្តល់​ជូនទៅ​កីឡាករ មឿ​ន សុខ​ហ៊ុ​ច មកពី​ក្លិប​នាយកដ្ឋានអង្គរក្ស​ប្រកួត​ជាមួយ​អ្នកលេង​កណ្តាប់ដៃ​ធ្ងន់ ថៃ រិទ្ធី មកពី​សមាគម​ប្រដាល់​កងយោធពល​ខេមរភូមិន្ទ​។​


​បើតាម លោក​ស៊ន អេ​លី​ត ដែលជា​គ្រូបង្វឹក​ជម្រើសជាតិ បាន​និយាយថា ចង់​បន្ថែម​បទ​ពិសោធ​ថ្មី​សម្រាប់​សិស្ស​ខ្លួន មឿ​ន សុខ​ហ៊ុ​ច បើ​ល្អ​អាច​ប្រឡូក​ទាំង ២ ​ប្រភេទ គឺ​គុន​ខ្មែរ​ផង និង​ប្រដាល់សកល​ផង​តែ​​ម្ដង ព្រោះ​វា​ល្អ​ក្នុងការ​រកប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព​។​


​សម្រាប់​ប្រដាល់សកល​នេះ កីឡាករ វី ស​ម្ភ​ស្ស បាន​ប្រាប់​ឱ្យដឹងថា មាន​ទំនុកចិត្ត​ឈ្នះ​ខ្ពស់ ព្រោះ​បាន​ត្រៀម​និង​ហ្វឹកហាត់​គ្រប់គ្រាន់ ពិសេស​ឧបសគ្គ​មួយចំនួន ត្រួសត្រាយ​បាន​រួចរាល់​។ នៅក្នុង​វគ្គ​ជម្រុះ​ចំនួន ៣​លើក​កន្លងមក វី ស​ម្ភ​ស្ស បាន​ឆ្លង​កាត់ និង​យកឈ្នះ​បាន​ទាំង ៣ ​លើក ដែល​ក្នុងនោះ​កីឡាករ ទូច ដេវីដ ត្រូវ​ជួបគ្នា​វគ្គ​បញ្ចប់​ផ្តាច់​ព្រ័ត្រ​នេះ​ក៍​ធ្លាប់បាន​ចាញ់​ពិន្ទុ​រួចហើយ​ដែរ​ក្នុង​វគ្គ​ជម្រុះ​។


​កីឡាករ វី ស​ម្ភ​ស្ស បាន​និយាយថា​៖ «​ជំនួប​ប្រកួត​នេះ ខ្ញុំ​រំពឹង​ខ្ពស់​ថា នឹង​ឈ្នះ​ជើងឯក ពីព្រោះ​តាមរយៈ​ការហ្វឹកហាត់ ខ្ញុំ​សម្រក​ទម្ងន់​បាន​តាម​កំណត់ ហើយ​កម្លាំង និង​សុខភាព​ខ្ញុំ​ធម្មតា ធានាថា ប្រកួត​បានល្អ​។ ខ្ញុំ​មាន​ទំនុកចិត្ត​ឈ្នះ​តែម្តង គឺ​សង្ឃឹម ៩០ ​ភាគរយ​»​។


​ចំណែក ទូច ដេវីដ ដែល​ក្នុង​វគ្គ​ជម្រុះ​ប្រកួត​ចំនួន ៣ ​លើក ឈ្នះ ២​ លើក និង​ចាញ់ ១ ​លើក គឺ​ចាញ់​ពិន្ទុ​វី ស​ម្ភ​ស្ស​នេះ​តែម្តង និយាយថា​៖ «​លំបាក​សង្ឃឹម ពីព្រោះ​កម្លាំង និង​កណ្តាប់ដៃ​របស់​វី ស​ម្ភ​ស្ស ល្អ​ជាង​ខ្ញុំ ហើយ​គាត់​ចាស់វស្សា និង​មាន​បទ​ពិសោធ​ផ្នែក​ប្រដាល់សកល​នេះ គឺ​សិស្ស​ច្បង​មុន​ខ្ញុំ ហេតុនេះ វា​ជាការ​លំបាក​ណាស់ ក្នុងការ​​ឈ្នះ​គាត់​។ ខ្ញុំ​រំពឹង​ឈ្នះ​តែ ៥០​ ភាគរយ ប៉ុន្តែ​ធានា​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព​»​។


​ប្រភពពី​អ្នកតាមដាន​ភាគ​​ច្រើន គេ​មាន​ជំនឿ​ទៅលើ វី​ ស​ម្ភ​ស្ស ទទួលបាន​ជ័យជម្នះ​ច្រើនជាង​។ ចំណែក​លោក ស៊ន អេ​លី​ត ដែលជា​គ្រូបង្វឹក​របស់ វី ស​ម្ភ​ស្ស និង​ជា​គ្រូ​ជម្រើសជាតិ​ផង​នោះ និយាយថា វី ស​ម្ភ​ស្ស នឹង​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ប្រាក់​លាន​នេះ​។​

​បន្ថែម​ពីលើ​នេះ លោក​ ស៊ន អេ​លី​ត បានឱ្យដឹងថា វត្តមាន​ប្រកួត​របស់​កីឡាករ មឿ​ន សុខ​ហ៊ុ​ច វ៉ៃ​សកល​សប្ដាហ៍​នេះ គឺជា​ការសាកល្បង និង​ចង់​តេស្ត​មើល​សមត្ថភាព​រូបគេ​ផង​ថា ​អាចទៅរួច​ទេ​? ប្រសិនបើ​ធ្វើបាន​ល្អ អាច​នឹង​ឲ្យ​ហ្វឹកហាត់​ប្រដាល់សកល​ផង ហាត់គុន​ខ្មែរ​ផង ដើម្បី​បាន​លុយ​ច្រើន​។​

​លោក ធន់ សុភា គ្រូបង្វឹក​របស់​កីឡាករ ថៃ រិទ្ធី បាន​និយាយថា​៖ «​ចំពោះ​ការប្រកួត​រវាង សុខ​ហ៊ុ​ច និង ថៃ រិទ្ធី លើក​នេះ ខ្ញុំ​មើលឃើញថា ថៃ រិទ្ធី មានប្រៀប​ល្អ​ជាង ពីព្រោះ​កណ្តាប់ដៃ​ធ្ងន់ និង​កម្លាំង​ក៏​ល្អ​ជាង​ដែរ ហេតុនេះ ខ្ញុំ​រំពឹង​ឈ្នះ​ដល់​ទៅ ៩០​ ភាគរយ​»​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់សកល និង​ជានា​យក​-​គ្រប់គ្រង​កម្មវិធីឲ្យ​ដឹងថា កម្មវិធី​នេះ​នឹងធ្វើ​ឡើង នៅ​ថ្ងៃអាទិត្យ​ទី ​២៨ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ វេលា​ម៉ោង ៦​ល្ងាច​តទៅ ខណៈ​កម្មវិធី​នេះ​នឹង​បិទ​បញ្ចប់​មួយ រដូវ​កាល​ប្រចាំឆ្នាំ បន្ទាប់មក​យើង​កំពុង​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​គាំទ្រ​បន្តទៀត ដើម្បី​រៀបចំ​បន្ត​ទៅតាម​លទ្ធភាព​៕