ភ្នំពេញ៖ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ CAMSOC កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​បាន​ប្រជុំ ​​សម្រេច​ជា​គោល​ការ​ណ៍​ជាក់​លាក់ចំនួន ​៣​ ចំណុច ដោយ​​ក្នុង​នោះ ​​បាន​កំណត់​​ពេល​វេលា​សម្ពោធ​ជា​ផ្លូវ​នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ នា​​ថ្ងៃទី ​១៨​ ខែ ​ធ្នូ ​ឆ្នាំ​ ២០២១​ ព្រម​ទាំង​កំណត់​ចំនួន​អ្នក​ចូល​រួម​អប​អរ​សាទរ​ត្រឹម​ ១៥​ ០០០ ​នាក់ រួម​​មាន​ក្រុម​សម្តែង​​សិល្បៈ​ និងក្រុម​​កីឡា ​ចំនួន ​១​ ០០០ ​នាក់ ​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​របស់​​​លោក​​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ និង​តំណាង​ម្ចាស់​ជំនួយ​ភាគី​មហា​មិត្ត​ចិន​។​


ក្រោយ​កិច្ច​ប្រជុំ​ នៅទី​ស្នាក់ការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) កាលពី​ព្រឹក​មិញ​នេះ លោក​ វ៉ាត់ ​ចំរើន​ អគ្គ​លេខាធិការ​ CAMSOC ​បាន​​​ប្រាប់​​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា​ កិច្ច​ប្រជុំ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិ CAMSOC ​មាន​ខ្លឹម​សារ​ចំនួន ​៣​ គឺ​ទី ​១ ​ពិធី​សម្ពោធ​ស្តាត ​ទី២ ​ពិធី​ខោន​ដោន​​រាប់​រថ​ក្រោយ ឆ្ពោះ​ទៅការ​ធ្វើ​ម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ​២០២៣​ និង​ទី ​៣ ​ប្រកាស​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ពី​ស៊ី​ហ្គេម​ជា​ផ្លូវ​ការ ​ដោយ​ប្រារព្ធ​​ធ្វើ​ នៅ​​ថ្ងៃ​សៅរ៍ ​ទី​ ១៨​ ខែ​​ធ្នូ ​ឆ្នាំ ​២០២១​​​នេះ​។​


លោក​ វ៉ាត់ ​ចំរើន ​បាន​​លម្អិត​ថា៖​ «ពិធី​សម្ពោធ​ពហុកីឡដ្ឋានជាតិ​​មរតក​តេជោ​នេះ​ ​មាន​សារ​សំខាន់​ជា​ប្រ​វត្តិ​សាស្ត្រ​ មាន​តម្លៃ​មហា​សាល ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ជា​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​នាយក​ និង​តំណាង​មហា​មិត្ត​ដែក​ថែប​ចិន ​ហេតុ​នេះ​ពិធី​រៀប​ចំ ​ត្រូវ​បាន​ត្រៀម​ជាលក្ខណៈ​ពិសេស​»។​


«លទ្ធផល​នៃ​កិច្ច​ប្រជុំ​ ត្រូវ​បាន​សម្រេច​ជា​គោល​ការណ៍​ ដោយ​កំណត់​ចំនួន​មហាជន ​មន្ត្រី​រាជ​ការ ​គ្រូ​បង្វឹក ក្រុម​​អត្តពលិក​ និង​អ្នក​ជំនាញ ​ដើម្បីចូល​រួម​​អប​អរ​សាទរដោយ​ផ្ទាល់​​ចំនួន ​១៥​ ០០០ ​នាក់​។ ​ជា​មួយ​គ្នា​នេះ ​ពិធី​សម្ពោធ ​ត្រូវ​បាន​រៀប​ចំ​ការ​បង្ហាញ​នូវ​សកម្មភាព​ប្រ​ភេទ​កីឡា​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ព្រម​ទាំង​មាន​ក្រុម​សិល្បៈ​សរុប​ត្រឹម​ចំនួន ​១ ​០០០​ នាក់​។ ​ពិធី​ទាំង​អស់​នេះ ​ត្រូវ​បាន​ចាប់​ផ្តើម​រៀប​ចំ​ហាត់​ត្រៀម​ជា​បណ្តើរៗ​ហើយ​ នៅ​ថ្ងៃទី​​​ ១៥ ខែធ្នូ ​និង​ដាក់​ឱ្យ​​សម​សាក​ល្បង​តែ​ម្តង»​។​


អ្នក​ជំនាញ​កីឡា លោក វ៉ាត់ ចំរើន ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា នៅ​កិច្ច​ប្រជុំ​ កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ ​ក៏​បាន​គិត​គូ​យ៉ាង​សំខាន់ ​ទៅ​លើ​ការ​ពិនិត្យ​ធ្វើ​តេស្ត​ អ្នក​ចូល​រួម ​ដើម្បី​ពិនិត្យ​តាម​ដាន​ និង​ការ​ពារ​ការ​ឆ្លង​រាល​ដាល់​នៃ​ជំងឺ​កូវីដ ​១៩​ ទៅ​តាម​ការ​ណែនាំ​របស់​ក្រ​សួង​សុខាភិបាល ផងដែរ​។​


ជាមួយគ្នា​នេះ បន្ទាប់ពី​សំណង់​លក្ខណៈ​ទំនើប​មួយ​នេះ​ បង្ហាញ​ខ្លួន​ និង​បាន​ដាក់​ឱ្យ​​ប្រើ​ប្រាស់​ជា​បណ្តើៗនោះ​ លោក ​វ៉ាត់ ​ចំរើន ​បាន​ពន្លេច​នូវ​សក្តានុពល​ ដែល​លម្ពុជា ទើប​ទទួល​បានបន្ថែម​ថ្មីៗនេះ​​ គឺ​​ទី១ ​កម្ពុជា ​នឹង​ត្រូវធ្វើ​​មហាសន្និបាត​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ​ក្នុង​នាម​ជាសមាជិក​ពេញសិទ្ធិ​ ​ទី២ កម្ពុជា​ទទួល​បានសិទ្ធិ​ជា​ផ្លូវការ​ ក្នុង​ការ​ទទួល​រៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះ ការ​ប្រកួតកីឡាយុវជនអាស៊ី ​(ASIAN Youth Games) លើកទី ៥ នាឆ្នាំ ២០២៩។​

ចំណែក​ទី៣ លោក ចំរើន បាន​បញ្ជាក់ថា៖​ «កម្ពុជា​ ទទួល​បាន​ជំនួយ​មួយ​ចំនួន​លើ​ផ្នែក​អប់រំ​ស្មារតី​អូឡាំពិក​ ដោយ​ក្រុម​​ប្រឹក្សា​កីឡា​អូឡាំពិកអាស៊ី​ បាន​សម្រេច​ផ្តល់ជំនួយ​នូវ​ការ​កសាង​សារមន្ទីរ​អូឡាំពិក នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ​នេះ​ តែ​ម្តង​​ ដើម្បី​ប្រមូល​តាំង​បង្ហាញ សម្រាប់​ការ​ស្រាវជ្រាវ ​នូវ​ឯកសារ​កីឡាធំៗ​ និង​អ្នក​ល្បីល្បាញ​ នៅ​លើ​ពិភពលោក»​៕​