ការប្រកួត ក្នុង​កម្មវិធី Club World Cup នឹង​ត្រូវ​រៀប​ចំ​ នៅអេមីរ៉ាតអារ៉ាប់រួម

Content image - Phnom Penh Post
កីឡាកររបស់ក្រុម Bayern នាំគ្នា​អបអរ​លើក​ពាន FIFA Club World Cup 2020 ក្រោយឈ្នះ UANL Tigres ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កន្លង​មក​។ AFP

ក្រុងឡូសាន៖ កម្មវិធី​ប្រកួត FIFA Club World Cup (ពាន World Cup សម្រាប់​ក្លិប​អាជីព) ដែល​ដើម​ឡើយ ត្រូវ​រៀប​ចំ នៅ​ប្រទេស​ជប៉ុន ក្នុង​ធ្នូ ឥឡូវ​នេះ នឹងត្រូវ​លើក​យក​ទៅ​ធ្វើ​ នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​វិញ ក្នុង​ខែ​កុម្ភៈ។ នេះ​បើ​តាម​ការ​ប្រកាស​ពី​ស្ថាប័ន​គ្រប់​គ្រង​បាល់​ទាត់​ពិភពលោក (FIFA) កាល​ពី​ថ្ងៃ​ចន្ទ​។

ការ​ប្រកួត​ដណ្ដើម​ពាន Club World Cup នឹង​ត្រូវ​ដំណើរការ​ពី​ថ្ងៃទី ៣-១២ ខែ​កុម្ភៈ ដោយ​មាន ៨ការ​ប្រកួត រវាង​ក្រុម​ជើង​ឯករបស់​សហព័ន្ធ​មក​ពី​ទ្វីប​ទាំង ៦ រួម​ជាមួយ​ក្រុម​លេខ ១ ក្នុង​លីគ​របស់​ប្រទេស​ជា​ម្ចាស់​ផ្ទះ​។

ក្លិប Al Jazira របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម និង​ក្រុម Auckland City របស់​ប្រទេស​នូវែលសេឡង់ នឹង​ប្រកួត​សម្រាប់​ហ្គេម​បើក​ឆាក ហើយ​ក្រុម​ជើង​ឯក​អឺរ៉ុប Chelsea មក​ពី​អង់គ្លេស ត្រៀម​ប្រឈម​ជាមួយ​ក្រុម ដែល​ឈ្នះ ឬ​ក្រុម​ជើង​ឯក​អាស៊ី Al Hilal របស់ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ក្នុង​វគ្គ​ពាក់​កណ្ដាល​ព្រ័ត្រ​។

ក្រុមយក្ស​របស់​ប្រទេសអេហ្ស៊ីប Al Ahly ត្រូវ​តតាំង​ជាមួយក្រុម Monterrey របស់​ប្រទេស​ម៉ិកស៊ិក ដើម្បី​ដណ្ដើម​សិទ្ធិ​ទៅ​ប្រកួត​ជាមួយក្រុម​ជើង​ឯក​ពាន Copa Libertadores របស់​តំបន់​អាមេរិកឡាទីន គឺ​ក្រុម Palmeiras មកពី​ប្រេស៊ីល ហើយ​ក្រុម​ដែល​ឈ្នះ​នឹង​ឡើង​ទៅវគ្គ ៤ ក្រុម​ចុង​ក្រោយ​។

ប្រទេស​ជប៉ុន បាន​ដក​ខ្លួន ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយសារ​ការ​រាត​ត្បាតពី​ជំងឺ​កូវីដ ១៩​ ហើយ​ជា​ធម្ម​តា កម្មវិធី Club World Cup នេះ តែង​ធ្វើ​ការ​ប្រកួត ក្នុង​ខែ​ធ្នូ តែ​នេះ​គឺ​ជាឆ្នាំ​ទី ២ ជាប់​ៗ​គ្នា ដែល​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ពន្យារ​ពេល ដោយ​ឆ្នាំ​ ២០២០ នៅ​ប្រទេស​កាតា ត្រូវ​រៀប​ចំ​ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​នេះ​។

ក្រុម​យក្ស​របស់​ប្រទេស​អាល្លឺម៉ង់ Bayern Munich ជា​ម្ចាស់​ជើង​ឯក​​ឆ្នាំ​ចុង​ក្រោយ​នៃ​កម្មវិធី Club World Cup ​ដែល​ត្រូវ​បាន​យក​មក​រៀប​ចំ ក្នុង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ចំនួន ៤ ​លើក​រួច​​ហើយ ដោយ​ចុង​ក្រោយ​បំផុត គឺ​ក្នុង​ឆ្នាំ ​២០១៨ ដែល​ពេល​នោះ ​ក្រុម​យក្ស​អេស្ប៉ាញ Real Madrid ជា​អ្នក​គ្រង​ជើងឯក។

ការ​ប្រកួត​ Club World Cup ដែល​ត្រូវ​បានកែប្រែ​ឱ្យ​មាន​ដល់ ២៤ ក្រុម ក្នុង​នោះ​មាន ៨ ​ក្រុម មក​ពី​អឺរ៉ុប គ្រោង​នឹង​តទល់​គ្នា នៅ​ប្រទេស​ចិន នា​ឆ្នាំ​នេះ មុន​ពេល​ជំងឺឆ្លង​រាត​ត្បាត បាន​ធ្វើ​ឱ្យ​គម្រោង​ការ​នោះ​ នៅ​ទ្រឹង​មួយ​កន្លែង​៕ AFP/VN

ព័ត៌មានថ្មីៗ