ក្រុងឡុងដ៍​៖ ខ្សែ​បម្រើ​កណ្តាល​ Mateo Kovacic បាន​ធ្វើ​តេស្តវិជ្ជ​មាន​វីរុស​កូរ៉ូណា ពោល​គឺ​ត្រឹម​តែ ១​ ថ្ងៃ​ បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​ហ្វឹក​ហាត់​វិញ​។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ចាត់​ការ​របស់​ក្រុម​តោ​ខៀវ Chelsea លោក​ Thomas Tuchel កាល​ពី​ថ្ងៃ​អង្គារ​។


កីឡាករ​វ័យ ២៧ ​ឆ្នាំ​ Kovacic បាន​អវត្តមាន តាំង​ពី​ចុង​ខែ​តុលា ហើយ​គ្រូបង្វឹក​លោក Tuchel បាន​រំពឹង​ថា នឹង​នាំ​រូប​គេ​វិលមក​មាន​សកម្មភាព នៅ​លើ​ទីលាន​វិញ នៅ​សប្ដាហ៍​នេះ​។ ជាមួយ​​គ្នា​នេះ ខ្សែ​បម្រើ​ដ៏​ស្វាហាប់ N''Golo Kante នៅ​តែ​មិន​អាច​ចូល​លេង​បាន​ដែរ ដោយសារ​បញ្ហា​ក្បាល​ជង្គង់​។


កីឡាករ Jorginho ត្រូវ​បង្ខំ​ចិត្ត​ជួយ​ក្រុមទាំង​មាន​បញ្ហា​ឈឺចាប់នៅ​ត្រង់​ខ្នង ហើយឥឡូវ​នេះ​​ នឹង​អវត្ត​មាន​ សម្រាប់​ជំនួបរបស់​​ក្រុម​តោ​ខៀវ ជាមួយ​​ក្រុម​ម្ចាស់​ផ្ទះ Zenit Saint Petersburg ក្នុង​ការ​ប្រកួត នៅក្របខ័ណ្ឌ Champions League នា​ថ្ងៃពុធ​នេះ ដែល​ធ្វើ​ឱ្យ​លោក Tuchel ខ្វះ​កីឡាករ ក្នុង​តំណែងបម្រើ​ការពារនេះ​​។


«​យើង​មាននូវ​ដំណឹង​អាក្រក់ ព្រោះ​កីឡាករ Mateo (Kovacic) កំពុង​ធ្វើ​ការ​ហ្វឹក​ហាត់ កាល​ពី​ម្សិល​មិញ (ថ្ងៃចន្ទ) ហើយ​ជា​រឿង​គួរ​ឱ្យ​រីក​រាយ​មែន​ទែន ដែល​រូប​គេ​ត្រឡប់​មក​វិញ​។ តែ​រូប​គេ​ ធ្វើ​តេស្ត​វិជ្ជមាន ចំពោះ​វីរុសកូរ៉ូណា នៅ​ថ្ងៃ​នេះ (ថ្ងៃ​អង្គារ) ដូច្នេះ គេ​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​។ ដូច្នេះ នេះ​គឺ​ជា​ផល​ប៉ះ​ពាល់​ដ៏​ធំ​មួយ ទាំង​សម្រាប់​រូប​គេ​ផ្ទាល់ និង​សម្រាប់​ពួក​យើង​ទាំង​អស់​គ្នា​»​។ នេះ​ជាការ​ពោល​ទាំង​សោក​ស្ដាយ​របស់​លោក Tuchel​។


ក្រុម Chelsea ដណ្ដើម​បាន​សិទ្ធិ​រួច​រាល់​ហើយ សម្រាប់​វគ្គ​ចាញ់​ធ្លាក់ នៅ ​Champions League នេះ ហើយ​នឹង​ត្រូវ​បាន​ឈរ​ទី ១ ក្នុង​ពូល H ប្រសិន​បើ​ស្មើ​ជាមួយ​ក្រុម​យក្ស​រុស្ស៊ី ឬ​ក៏ប្រសើរ​ជាង​លទ្ធផល​របស់​ក្រុម Juventus ទល់​នឹង​ក្រុម Malmo សម្រាប់​ហ្គេម​ចុង​ក្រោយ​ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នេះ​៕ AFP/VN