ក្រុង​ហាំ​ប៊ើ​ក​: ក្រុម Borussia Dortmund ត្រូវអស់​សិទ្ធិ ដើម្បី​ធ្វើ​យុទ្ធនាការ​ការពារ​ពាន​​រង្វាន់ ក្នុង​កម្មវិធី German Cup របស់ខ្លួន​ហើយ កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ភ្លាត់​ចាញ់​យ៉ាង​គួរ​ភ្ញាក់ផ្អើល ២-១ នៅ​ទឹកដី​របស់​ក្រុម St Pauli ដែល​លេង​នៅ​លី​គ​កម្រិត​ទី​២ ពី​ការប្រកួត​ក្នុង​វគ្គ ១៦​ ក្រុម​ចុងក្រោយ​។​


​ក្រោយ​ការប្រកួត​បញ្ចប់ ប្រធាន​ក្រុម Dortmund កីឡាករ Marco Reus បាន​និយាយថា​៖ «​វា​ពិតជា​ថ្ងៃ​ដ៏​អាក្រក់​របស់​យើង​មែន​។ ពួក​​យើង​ដឹងខ្លួន​យឺត​ពេក​។ ក្រុម St Pauli ធ្វើ​បានល្អ ហើយ​ពួកយើង​បាន​ធ្លាក់​ហើយ​»​។​


​ក្រុម St Pauli បាន​នាំ​មុខមុន​យ៉ាង​ឆាប់រហ័ស តាមរយៈ​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Etienne Amenyido របស់​តូ​ហ្គូ បន្ទាប់មកទៀត​ខ្សែបម្រើ Axel Witsel របស់​ក្រុម Dortmund បានធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង ដែលជា​ការបន្ថែម​ការ​​នាំមុខ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​។​


​ខ្សែប្រយុទ្ធ​ឆ្នើម Erling Haaland បាន​ជួយផ្ដល់​ក្ដីសង្ឃឹម​ឱ្យ​ក្រុម Dortmund ដោយ​ការ​ស៊ុត​បាល់​ពិន័យ ១១ ​ម៉ែត្រ បានសម្រេច តែ​យ៉ាងណាក្រុម​ភ្ញៀវ មិនអាច​រកបាន​នូវ​គ្រាប់​បាល់ ដើម្បី​បាន​ស្មើ​នោះឡើយ​។​


​លទ្ធផល​នេះ មានន័យថា ក្រុម​ខ្លាំង ​២ គឺ​ទាំង Dortmund និង Bayern Munich ដែល​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ដល់​ទៅ ៥-០ នៅ​ទឹកដី​របស់​ក្រុម Borussia Moenchengladbach ក្នុង​ជុំ​មុន កាលពី​ខែតុលា​នោះ នឹងមិន​មានមុខ​សម្រាប់​ការចាប់​​ឆ្នោតនៅក្នុង​វគ្គ ៨ ​ក្រុម​ចុង​​ក្រោយ​ជា​លើកដំបូង គិត​ចាប់​​តាំងពី​រដូវ​កាល ២០០៦-២០០៧ មក​៕ AFP/VN