ក្រុង Brighton: គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Thomas Tuchel បានធ្វើការបន្ទោសដល់ភាពនឿយហត់ រហូតនាំឱ្យមានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភនៃទម្រង់លេងរបស់ក្រុម ដែលនៅបន្តមាន ក្រោយប្រកួតត្រឹមស្មើ ១-១ នៅទឹកដីរបស់ក្រុម Brighton កាលពីថ្ងៃអង្គារ។
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ បានឈ្នះតែ ១ លើកគត់ ក្នុងចំណោមការប្រកួត នៅក្របខ័ណ្ឌ Premier League ៧ លើកចុងក្រោយរបស់ខ្លួន ដែលជាមូលហេតុ នាំឱ្យមានការជឿទាំងស្រុងថា ការប្រជែងពានរបស់ពួកគេ ត្រូវបានចប់សព្វគ្រប់យ៉ាងពិតប្រាកដ ហើយកាតព្វកិច្ចចម្បងរបស់ក្រុមតោខៀវ ដែលកំពុងឈរនៅលេខ ៣ នាពេលនេះ គឺការបានបញ្ចប់ចំណាត់ថ្នាក់នៅក្នុងចំណោមក្រុមនៅទីកំពូលទាំង ៤ ប៉ុណ្ណោះ។
សម្រាប់ការជួបគ្នាជាលើកទី២ ជាមួយក្រុមរំពេសមុទ្រ Brighton ក្នុងរយៈពេល ២០ ថ្ងៃនេះ ក្រុម Chelsea បានបណ្ដោយឱ្យការនាំមុខរបស់ខ្លួនបាត់បង់គួរឱ្យស្ដាយ ដោយគ្រាប់បាល់នោះ បានមកពីការស៊ុតយ៉ាងលឿនរបស់ខ្សែបម្រើ Hakim Ziyech ដែលធ្វើឱ្យអ្នកចាំទី Robert Sanchez របស់ក្រុម Brighton លោតរារាំងមិនទាន់។
តែយ៉ាងណា ការលោតយ៉ាងខ្ពស់របស់ខ្សែការពារ Adam Webster ដើម្បីតែតបាល់បញ្ចូលទី បានជួយឱ្យក្រុមម្ចាស់ផ្ទះតាមស្មើ ដែលជាលទ្ធផលបង្ហាញឱ្យឃើញថា ក្រុម Brighton សមនឹងទទួលបានពិន្ទុពីការប្រកួតនេះ។
«អ្នកអាចមើលឃើញហើយថា យើងខ្សោះទាំងកម្លាំងកាយ និងចិត្ត។ យើងដឹងច្បាស់ថា ពួកគេត្រៀមខ្លួនបានយ៉ាងល្អ ដោយពួកគេមានពេលវេលាច្រើន និងហ្គេមតិច ដើម្បីត្រៀមសម្រាប់ការប្រកួតនេះ»។ នេះជាការលើកឡើងរបស់គ្រូបង្វឹក លោក Tuchel បន្ទាប់ពីដឹកនាំ Chelsea ប្រកួតជាលើកទី១៥ គិតតាំងពីដើមខែធ្នូមក។
ក្រុម Chelsea ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅថ្ងៃអាទិត្យនេះ សម្រាប់ការប្រកួត នៅលីគចុងក្រោយរបស់ពួកគេ ដែលមានរយៈពេលជិត ១ ខែ មុនមានការសម្រាកទាត់លក្ខណៈអន្តរជាតិ និងការជាប់ភារកិច្ចរបស់ពួកគេ ក្នុងកម្មវិធីដណ្ដើមពាន Club World Cup ក្នុងខែកុម្ភៈ។
ហើយលោក Tuchel កំពុងរំពឹងថា លោកនឹងអាចឱ្យក្រុមរបស់លោកសម្រាកបានខ្លះ ដែលពួកគេត្រូវការត្រឡប់មកខ្លាំងជាងមុន សម្រាប់ប៉ុន្មានខែចុងក្រោយនៃរដូវកាល ដោយអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានប្រាប់ថា៖ «ពួកក្មេងៗ (កីឡាករ) ត្រូវការពេលឈប់សម្រាកខ្លះ។ វាគ្មានដំណោះស្រាយផ្សេងនោះទេ។ ក្នុងពេលនេះ វាជារឿងពិបាកពេកណាស់ ក្នុងការស្ដីបន្ទោសចំពោះកីឡាករ ព្រោះខ្ញុំដឹងច្បាស់នូវអ្វី ដែលកំពុងតែកើតឡើង»។
លោក Tuchel បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះកីឡាករ Romelu Lukaku ដែលមានតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិប បន្ទាប់ពីបរាជ័យ ១-០ នៅទឹកដីរបស់ក្រុម Manchester City កាលពីថ្ងៃសៅរ៍ ប៉ុន្តែនៅតែមានជំនឿចិត្ត ដោយដាក់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក និងកីឡាករ Ziyech នៅតំបន់ប្រយុទ្ធជាមួយគ្នា ខណៈដែលខ្សែប្រយុទ្ធ Timo Werner និង Kai Havertz នៅអង្គុយកៅអីកីឡាករបម្រុងជាថ្មីម្ដងទៀត៕ AFP/VN