ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បានរំលេចចេញនូវពាក្យពេចន៍បែបចាក់ដោតមួយ ដោយលើកឡើងថា ការបង្កើតសហព័ន្ធ ឬក្លិបទាមទារឱ្យមានការលះបង់ ធនធាន នៅក្នុងកម្រិតណាមួយរបស់អ្នកពាក់ព័ន្ធ ដើម្បីអាចឈានទៅរកការរីកចម្រើន និងដើរទៅមុខទាំងអស់គ្នា ប៉ុន្តែបើបង្កើតសហព័ន្ធ រង់ចាំតែការជួយឧបត្ថម្ភពីក្រសួង ឬស្ថាប័នណាមួយទេនោះ គួរកុំបង្កើតវិញល្អជាង។
«ខ្ញុំសូមជម្រាបជូនថា ការបង្កើតសហព័ន្ធទាំងអស់ បើបង្កើត ចាំតែមានការឧបត្ថម្ភពីក្រសួង ឬពីស្ថាប័នណាមួយ ខ្ញុំគិតថា មិនចាំបាច់បង្កើតល្អជាង ព្រោះការបង្កើតសហព័ន្ធជាការលះបង់កម្រិតណាមួយ។ ដូច្នេះសម្ព័ន្ធក្លិប ក៏ត្រូវការចូលរួមទាំងអស់គ្នា ក្នុងការដាក់ទុន១កម្រិត ហើយសហព័ន្ធ នឹងមិនមើលរំលងនោះទេ គឺសហព័ន្ធ នឹងមើលហើយ យកចិត្តទុកដាក់ក្នុងការរៀបចំ ជូនទៅលើការងារបច្ចេកទេសមួយចំនួន»។
ការលើកឡើងបែបនេះរបស់លោក ស សុខា ត្រូវបានធ្វើឡើង នៅពេលលោកបានចូលរួមនៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ ២០២១ និងកំណត់ទិសដៅឆ្នាំ ២០២២ នៅទីស្នាក់ការ NOCC កាលពីថ្ងៃសៅរ៍ ប៉ុន្តែសម្តីទាំងនេះ លោក ស សុខា បានផ្តោតខ្លាំងទៅលើម្ចាស់សម្ព័ន្ធ ឬក្លិប ចំណុះឱ្យសហព័ន្ធប៊ូល និងកីឡាប៉េតង់កម្ពុជា ដែលត្រូវតែហ៊ានចំណាយធនធានផ្ទាល់ខ្លួនខ្លះ គឺមិនត្រូវ រង់ចាំតែការជួយឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ឬសហព័ន្ធផ្ទាល់ នោះទេ ព្រោះការធ្វើបែបនេះ នឹងមិនអាចជួយឱ្យការអភិវឌ្ឍវិស័យកីឡានេះ ដើរទៅមុខបានរយៈពេលយូរនោះឡើយ។
ជាមួយគ្នា លោក ស សុខា ដែលជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ផងនោះបានអះអាងថា ការដាក់ទុនទាំងអស់របស់ថ្នាក់ដឹកនាំ គឺចង់ឃើញវិស័យកីឡាកម្ពុជា ទទួលបានជោគជ័យ នៅលើឆាកអន្តរជាតិ ហើយវាពិតជាមោទនភាព ចំពោះក្រុមកីឡាប៉េតង់ ដែលបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ គឺការឈ្នះបានមេដាយមាសពិភពលោក ចំនួន ៥ លើកជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុរបស់វីរកីឡាការិនី កែ ឡេង ដែលឈ្នះបាន ៤ លើក និងកីឡាការិនី អ៊ុក ស្រីមុំ ដែលទើបបានឈ្នះបន្ថែម ជាលើកទី៥ ឱ្យកម្ពុជា។
លោក ស សុខា បានថ្លែងថា៖ «ការដាក់ទុនទាំងអស់របស់យើងខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធ មានគោលបំណងតែ ១ គត់ គឺចង់ឃើញកម្ពុជា ឈរនៅលើឆាកអន្តរជាតិ ហើយនៅចុងក្រោយនេះ ជាមោទនភាពធំណាស់ ដែលកីឡាការិនី អ៊ុក ស្រីមុំ ដណ្តើមបានមេដាយមាសពិភពលោក ជាលើកទី៥ បន្ថែមទៅលើការឈ្នះមេដាយមាសចំនួន ៤ លើកជាប់ៗគ្នារបស់វីរនារី កែ ឡេង ហើយនេះជាប្រវត្តិសាស្ត្រ ដែលមិនទាន់មានអ្នកណាបំបែកឯតទគ្គកម្មរបស់បងស្រី (កែ ឡេង) បាននៅឡើយទេ»។
ប្រធានសហព័ន្ធរូបនេះ បញ្ជាក់ថា៖ «នេះ (ការជម្នះការលំបាក ដើម្បីឈ្នះបានមេដាយមាស ពិភពលោក ៥ លើកជាប់ៗគ្នា) ជាមោទនភាព ដែលជាសក្ខីភាព ឆ្លុះបញ្ជាំងពីភាពអត់ធ្មត់ និងការលះបង់ស្រឡាញ់កីឡាមួយនេះ។ ខ្ញុំទទួលស្គាល់ថា កីឡាមួយនេះ វាមិនអាចធ្វើជាអាជីពវាមិនអាចទៅបំពេញនូវសេចក្តីតម្រូវការ រកចំណូលបានទេ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការលះបង់ ទៅលើឆន្ទៈមួយ ដែលសហព័ន្ធបានលះបង់ជូនរួចទៅហើយ»។
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាចចាត់ទុកថា ជាសហព័ន្ធនាំមុខគេនៅកម្ពុជាក្នុងការដណ្តើមបានមេដាយលើឆាកអន្តរជាតិជូនជាតិ ព្រោះគិតដល់បច្ចុប្បន្ន សហព័ន្ធនេះ ឈ្នះបានមេដាយអន្តរជាតិកម្រិតអាស៊ាន អាស៊ី និងពិភពលោក សរុប ៣៧០ ក្នុងនោះមានមេដាយមាស ១០៨ ប្រាក់ ១៣១ និងមេដាយសំរឹទ្ធចំនួន ១៣១ គ្រឿង៕