ភ្នំពេញៈ ​ក្រុម​​កីឡាករ​ប្រដាល់​​ឃីក​បុកស៊ីង​កម្ពុជា​ចំនួន ​៤ នាក់ នឹង​ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​​មេដាយ​មាស តាម​ប្រភេទ​ទម្ងន់​របស់​ពួក​គេ​នៅ​ថ្ងៃ​សុក្រ​នេះ ចំណែក​ប្រភេទ​កីឡា​​ ១៨ ​​​ទៀត​របស់​កម្ពុជា នឹង​ចាប់​ដំណើរ​​ប្រកួត​ប្រជែង​នៅ​ចុង​សប្តាហ៍​នេះ​ដែរ ហើយ​ក៏​ជា​ពេល​ដែល​​វីរកីឡាការិនី​ជឺជិតស៊ូ ខាន់ ចេសា ​ត្រូវ​ប្រកួត​ដើម្បី​ការពារ​មេដាយ​មាស​របស់​នាង​ផង​ដែរ។


តាមរយៈ​ការ​ប្រកួត​នៅ​ស៊ីហ្គេម​នេះ ក្រុម​កីឡាករ​ឃីក​បុកស៊ីង​បាន​បង្កើត​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ជាង​គេ ដោយ​ក្នុង​នោះ កីឡាករ​​ប្រដាល់​ជើង​ខ្លាំង ទូច រ៉ាឆាន់ ដែល​គេ​ស្គាល់​ថា ជា បឺត សង្ឃឹម ព្រម​ទាំង លន បញ្ញា និង កាន់ ម៉េងហុង សុទ្ធ​តែ​បាន​ទទួល​ជ័យជម្នះ​នៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់ព្រ័ត្រ កាល​ពី​ថ្ងៃ​អង្គារ ចំណែក ឈឿង ល្វៃ ក៏​ទើប​បាន​ឈ្នះ​ហ្វីលីពីន Antonio ដោយ​ពិន្ទុ​ដាច់ ៣-០ ក្នុង​វគ្គ​នេះ កាល​ពី​ថ្ងៃ​ពុធ​ផង​ដែរ ក្នុង​ទម្ងន់ ​៧១ ​គីឡូក្រាម។


ជាមួយ​ជ័យជម្នះ​នេះ​ជើង​ខ្លាំង បឺត សង្ឃឹម, លន បញ្ញា, កាន់ ម៉េងហុង និង ឈឿង ល្វៃ នឹង​ត្រូវ​ប្រកួត​ដណ្តើម​យក​មេដាយ​មាស​វគ្គ​ផ្តាច់ព្រ័ត្រ ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ចាប់​ផ្តើម​ពី​យប់​ម៉ោង ៧:១៥ តទៅ ហើយ​ការ​ប្រកួត​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អ្នក​ទាំង​ ៤ ​នេះ សុទ្ធ​តែ​​ធ្វើ​ការងារ​កាន់​ធ្ងន់​ដូចគ្នា ព្រោះ​ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ និង​ម្ចាស់​ផ្ទះ​វៀតណាម។


តាមកម្ម​វិធី បឺត សង្ឃឹម ត្រូវ​ប្រឈម​ជាមួយ​​ថៃ Arunno Sivapan ក្នុង​ទម្ងន់ ​៥៧ ​គ.ក្រ នៅ​ព្រលប់​ម៉ោង ៧:១៥ រីឯ កាន់ ម៉េងហុង ត្រូវ​ជួប​ថៃ Sungnoi Chaiwat ក្នុង​ទម្ងន់​ ៥៤ ​គីឡូក្រាម នៅ​ម៉ោង​ ៨:១៥ ដែល​​គេ​ម្នាក់​នេះ មាន​សមត្ថភាព​ខ្លាំង ព្រោះ​អាច​យក​ឈ្នះ​លើកីឡាករ​ម្ចាស់​ផ្ទះ Duong Danh Hoat ដោយ​ពិន្ទុ​ដាច់ ៣-០។


ចំណែក លន បញ្ញា ត្រូវ​ជួប​កីឡាករ​របស់​ម្ចាស់​ផ្ទះ​វៀតណាម Nguyen The Huong ដែល​បាន​ទម្លាក់​ម៉ាឡេស៊ី Kiang Athachai ក្នុង​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ ហើយ​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ទម្ងន់​ ៦៧​ គ.ក្រ​នេះ ត្រូវ​ធ្វើ​នៅ​យប់​ម៉ោង ៩:១៥ គឺ​មុន​ពេល​ការ​ប្រកួត​ដណ្តើម​​មេដាយ​មាស​របស់ ឈឿង ល្វៃ ជាមួយ​អ្នក​ប្រយុទ្ធ​របស់​ថៃ Thongchai Thapphi ក្នុង​ទម្ងន់​ ៧១ ​គ.ក្រ ដែល​ចាប់​​ប្រកួត​ពី​ម៉ោង ១០:៤៥ យប់។


ដោយ​ឡែក ក្រុម​អត្តពលិក​​ចំនួន ​១៨ ​ប្រភេទ​កីឡា​​ទៀត​របស់​កម្ពុជា នឹង​ចាប់​ដំណើរការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ​នៅ​ថ្ងៃ​សុក្រ ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ ដើម្បី​ប្រជែង​ស្វែងរក​ឱកាស​ដណ្តើម​យក​មេដាយ​ជូន​កម្ពុជា​ផង​ដែរ ដោយ​ក្នុង​នោះ ​ក្រុម​បាល់​បោះ​លើ​ទម្រង់​លេង 3x3 រួម​ទាំង​ប្រភេទ​កីឡាកាយ​វប្បកម្ម កីឡាអេឡិចត្រនិក គុនដាវ វាយ​កូន​គោល ប៉េតង់ សីដក់ វាយ​កូនឃ្លី​លើ​តុ វាយកូន​បាល់ បាល់​ទះ​លើ​ក្តារ និង​ វ៉ូស៊ូ នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ។

ចំណែក​ក្រុម​ហែល​ទឹក អត្តពលកម្ម និង​ក្រុម​កីឡា​ប្រណាំង​កង់ភ្នំ នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ រី​ឯ​ក្រុម​ប្រដាល់​សកល​កម្ពុជា, កីឡារាំ និង​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់ ត្រូវ​ប្រកួត​នៅ​​ថ្ងៃ​អាទិត្យ​ ហើយ​ប្រភេទ​កីឡា​ទ្រីយ៉ាត្លុង និង​ជឺជិត​ស៊ូ​របស់​វីរនារី ខាន់ ចេសា នឹង​​ប្រើ​ការ​ប្រកួត​ត្រឹម​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ដើម្បី​រក​ម្ចាស់​មេដាយ​ទៅ​តាម​ប្រភេទ​ទម្ងន់​នីមួយៗ​តែ​ម្តង ខណៈ វ៉ូស៊ូ ក៏​​​ប្រើ​ការ​ប្រកួត​ត្រឹម​ ៣ ​ថ្ងៃ គឺ​ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃ​អាទិត្យ​ ដើម្បី​រក​ម្ចាស់​មេដាយ​ដូចគ្នា។

យ៉ាង​ណា​ក៏​ដោយ កាល​វិភាគ​ប្រកួត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​វេបសាយ​ផ្លូវ​ការ​​​របស់​​ស៊ីហ្គេម​នៅ​ហាណូយ​​នេះ មិន​ទាន់​បង្ហាញ​កម្មវិធី​ប្រកួត​លម្អិត ទាក់ទង​ទៅ​នឹង​បេក្ខភាព​ត្រូវ​ជួប​គ្នា​នៅ​ឡើយ​ទេ។ តែ​ទោះបីជា​យ៉ាងណា ចំពោះ​វីរកីឡាការិនី ខាន់ ចេសា នឹង​ត្រូវ​ប្រកួត​លើ​ប្រភេទ​​ទម្ងន់​ ៤៨ គីក្រាម នា​ថ្ងៃ​សុក្រ ហើយ​កីឡាការិនី ម៉ាប់ សុខហួយ ត្រូវ​ប្រកួត​ទម្ងន់​ ៤៥ ​គីឡូក្រាម នៅ​ថ្ងៃសៅរ៍ ដោយ​ការ​ប្រកួត​នេះ អ្នក​ឈ្នះ​នៅ​វគ្គ​ជម្រុះ ត្រូវ​ឡើង​ទៅ​វគ្គ​ ១/២ ​ផ្តាច់​ព្រ័ត្រ ហើយ​អ្នក​ឈ្នះ ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​យក​មេដាយ​មាស ក្នុង​ថ្ងៃតែ ១ នោះ​តែ​ម្តង។

ទាក់ទង​នឹង​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​ឆ្នាំ​ ២០១៨ ខាន់ ចេសា ជឿជាក់​នឹង​​អាច​ឈ្នះ​មេដាយ​មាស​ជូន​កម្ពុជា ជា​ថ្មី​ម្តង​ទៀត បន្ថែម​ទៅ​លើ​ការ​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​លើក​ដំបូង​នៅ​ហ្វីលីពីន កាល​ពី​ឆ្នាំ​ ២០១៩។ ចេសា បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ នឹង​មាន​ភាព​តានតឹង​ខ្លាំង ប៉ុន្តែ​គិតតាំង​ពី​ខ្ញុំ​បាន​​ឈ្នះ​មេដាយ​​មាស​ស៊ីហ្គេម​លើក​ដំបូង​នៅ​ហ្វីលីពីន កាល​ពី​ឆ្នាំ​ ២០១៩ មក​ដល់​ពេល​​នេះ គឺ​ខ្ញុំ​​ទទួល​បាន​បទពិសោធ​ប្រកួត​កាន់​តែ​ច្រើន ដែល​ធ្វើ​ឱ្យ​សមត្ថភាព​របស់​ខ្ញុំ​មាន​ភាព​ប្រសើរ និង​ខ្លាំង​​​ជាង​​លើក​មុន ហេតុ​នេះ​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​នឹង​អាច​ឈ្នះ​បាន​មេដាយ​មាស ស៊ីហ្គេម​នៅ​វៀតណាម ជូន​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត»៕