ភ្នំពេញ​: គណៈកម្មាធិការ​អូឡាំពិក​ជាតិ​កម្ពុជា (NOCC) និង​ប្រធាន​បេសកកម្ម កាល​​ពីថ្ងៃ​សៅរ៍ ​ទី ​១៤ ខែឧសភា កន្លងទៅនេះ បាន​សម្តែង​ការ​​សោកស្តាយ និង​ការខកចិត្ត បន្ទាប់ពី​កីឡាការិនី​ ខាន់ ចេ​សា ដែលជា​ក្តីសង្ឃឹម​របស់​កម្ពុជា លើ​ការដណ្តើម​មេដាយមាស ធ្លាក់​ក្នុងពេល​ថ្លឹង​ទម្ងន់ និង​មិនអាច​ចូលរួម​ក្នុងការ​ប្រកួត​លើ​វិញ្ញាសា​ជឺ​ជី​តស៊ូ ផ្នែក​នារី នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ដែល​កំពុងដំណើរការ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។


​អំឡុងពេល​នៃ​ការ​ថ្លឹង​ទម្ងន់​សម្រាប់​ការប្រកួត​ក្នុង​ទម្ងន់​ ៤៨​ គីឡូក្រាម ចេ​សា មាន​ទម្ងន់​លើស​ចំនួន ២,៤ ​ក្រាម សម្រាប់​ការប្រកួត​លើ​ប្រភេទ​ទម្ងន់​របស់​នាង​។ ស្ថិតក្រោម​ច្បាប់​របស់​សហព័ន្ធ​កីឡា​ជឺ​ជី​ត​​ស៊ូ​អន្តរជាតិ និង​ច្បាប់​ច្ចេក​ទេស​ក្នុង​សៀវភៅ​ណែនាំ​បច្ចេក​ទេស​កីឡា​ស៊ី​ហ្គេម កីឡាការិនី​រូបនេះ មិនត្រូវ​បានអនុញ្ញាត​ឱ្យ ចូល​ប្រកួត​ឡើយ​។ នេះ​បើ​យោង​​ទៅតាម​សេចក្តីប្រកាស​ព័​ត៌​​មាន​ដែល​ ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាលពី​ថ្ងៃ​សៅរ៍ កន្លងទៅ​។


​គណៈកម្មាធិការ​អូឡាំពិក​ជាតិ​កម្ពុជា បានឱ្យដឹង​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា​៖ «​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ពិតជា​មានការ​សោកស្តាយ​ណាស់​ក្នុងការ​ជូនដំណឹង​ថា កីឡាការិនី ខាន់ ចេ​សា នឹងមិន​អាច​ចូល​រួមការ​-​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ ផ្នែក​នារី ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​ចាប់ផ្តើម​នៅថ្ងៃនេះ​បានឡើយ​»​។


​តារា​ឆ្នើម​កូន​កាន់​ខ្មែរ​-​អាមេ​រិ​ក វ័យ​ ២០ ​ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​ចាត់ទុកថា ជា​កីឡា​ការិនី​ម្នាក់ និង​ក្នុងចំណោម​កីឡាការិនី​ជឺ​ជី​តស៊ូ​ដ៏​ឆ្នើម​បំផុត​ប្រចាំ​អាស៊ី​ក្នុង​ប្រភេទ​ទម្ងន់​របស់​នាង​នោះ ក៏​ជា​អ្នក​កាន់​ទង់ជាតិ​តំណាងឱ្យ​កម្ពុជា​ផង​​ដែរ អំឡុងពេល​ការ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ជា​ផ្លូវការ កាលពី​ថ្ងៃទី​ ១២ ខែឧសភា កន្លងទៅ​។


​ស្របពេល​ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏បាន​ធ្វើការ​ស្នើសុំ​ជា​ផ្លូវការ​ទៅកាន់​គណៈកម្មការ​រៀប​ចំ​កីឡា​ស៊ី​ហ្គេម​ភ្លាមៗ​ផង​ដែរ ក្រោយពី​ការ​ថ្លឹង​ទម្ងន់​នេះ ដើម្បី​សុំឱ្យ ចេ​សា ប្រកួត​ក្នុង​ទម្ងន់​ធ្ងន់​ជាង​នេះ ពោលគឺ​ ៦២​ គីឡូក្រាម ប៉ុន្តែការស្នើសុំ​នោះ ត្រូវបាន​ច្រានចោល​។


​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​vថោង ខុន ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ បាន​សម្តែង​ពី​ការខកចិត្ត​របស់លោក ជុំវិញ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការរៀបចំ ប៉ុន្តែគោរព​តាម​ការសម្រេចចិត្ត​នេះ​។

​លោក​បានឱ្យដឹង​ក្នុង​សេចក្តីប្រកាស​ដដែល​ថា​៖ «​មិន​ថា​លទ្ធផល​បែបណាក៏ដោយ យើង​ត្រូវតែ​គាំទ្រ និង​លើក​ទឹក​ចិត្ត​អត្ត​ព​លិ​ក​របស់​យើង​ជានិច្ច ដើម្បី​បន្ត​នាំ​ជ័យជម្នះ​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា​»​។

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ ក៏​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា មាន ការអត់ឱន និង​យល់យោគ​លើ​ព័ត៌មាន​ដ៏​សោកស្តាយ​នេះ​។ ជាមួយគ្នានេះ NOCC បាន​បញ្ជាក់ថា កីឡាការិនី​ ចេ​សា ពិតជា​ខកចិត្ត ចំពោះ​ការរក្សា​ទម្ងន់​មិនបាន​នេះ ខណៈដែល​រូបនាង បាន​ត្រៀមលក្ខណៈ​រួច​រាល់​ដើម្បី​ប្រជែង​យក​មេដាយមាស ឱ្យ​កម្ពុជា​។ ចេ​សា ដែលជា​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី នៅ​ទីក្រុង​ហ្សា​ការ​តា ឆ្នាំ​ ២០១៨ និង​ស៊ី​ហ្គេម នៅ​ទីក្រុង​ម៉ានីល ឆ្នាំ​v២០១៩ ក្រោយពី​ផ្តួល​គូប្រកួត​ក្នុង លទ្ធផល ១០០-០ ដូចគ្នា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ ត្រូវបាន​ចាត់ទុកថា ជា​កីឡាការិនី​ដែលមាន​ក្តីសង្ឃឹម​ខ្ពស់​ក្នុង​​ការ​ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍កីឡា​ស៊ី​ហ្គេម លើក​ទី​៣១​។

​នៅមុន​ពេលធ្វើ​ដំណើរ ទៅកាន់​ទីក្រុង​ហាណូយ តារា​ឆ្នើម​ជឺ​ជី​តស៊ូ​រូបនេះ ក៏បាន​ឈ្នះ​មេដាយមាស ដែលជា​ពាន​ខ្សែក្រវាត់​ខ្មៅ​ជា​លើកដំបូង​របស់​នាង ក្នុង​ព្រឹត្តិការណ៍ IBJJF Pan Championships ឆ្នាំ​​ ២០២២ ក្នុង​រដ្ឋ Florida កាលពី​ខែមេសា ​ផងដែរ​៕

វីដេអូ៖