ភ្នំពេញៈ ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​ទាំង​ផ្នែក​បុរស និង​នារី បាន​ជួប​ភាពជូរចត់ ក្នុង​រាត្រី​តែមួយ ខណៈ​ក្រុម​ទាំង ​២​ នេះ សុទ្ធតែ​បាន​ចាញ់​គូប្រកួត​យ៉ាង​ចាស់ដៃ សម្រាប់​ការប្រកួត ជម្រុះ​តាម​ពូ​ល​រៀងៗ​ខ្លួន ហើយ​លទ្ធផលនេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា មិនមែន​តែ​ក្រុម​នារី​កម្ពុជាប៉ុណ្ណោះ​ទេ ដែល​បាន​ធ្លាក់​ចេញពី​ការប្រកួត ជាមួយ​ការ​ចាញ់​ទាំង​ ២ លើក ប៉ុន្តែ​ក្រុម​បុរស ក៏បាន​ធ្លាក់​ចេញពី​ការប្រកួត នៅ​ស៊ី​ហ្គេមនេះ ដោយ​ស្វ័យប្រវត្តិ​ផងដែរ ទោះ​នៅសល់​ ១​ ប្រកួត​ទៀតក្នុង​ដៃ​។​


បើទោះបីជា គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​បុរស​កម្ពុជា លោក Ryu Hirose បាន​អះអាង មុន​ការប្រកួត​ថា ក្រុម​កម្ពុជានឹងធ្វើ​ឱ្យបាន​ល្អ ដើម្បី​លាងជម្រះ​ភាព​ហ្មងសៅ ពេល​កម្ពុជាចាញ់​ក្រុម​​សិង្ហ​បុរី ១-០ ទាំង​ឈឺចាប់ ប៉ុន្តែ​តាម​ការប្រកួត​ជាក់ស្តែង កាលពី​យប់​ថ្ងៃ​សៅរ៍ បានបង្ហាញ​ឱ្យឃើញថា កម្ពុជាមិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់ យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ថៃនោះទេ​។​


ត្រឹម​រយៈពេល​ ៤ នាទី ខ្សែប្រយុទ្ធ Chonapat របស់​ថៃអាច​ទម្លុះ​សំណាញ់​ទី​ក្រុម​កម្ពុជា បានសម្រេច ដោយ​មិន​ពិបាក​ពេក​នោះទេ ហើយ Korawich និង Worachit បាន​បន្ថែម​ម្នាក់​ ១​ គ្រាប់​ទៀត នៅ​នាទី​ទី​៣១ និង​ទី​៤១ ចំណែក​ប្រធាន​ក្រុម សៀង ច​ន្ធា​, ណា​រ៉ុង កក្កដា និង ជា សុខ​ម៉េង ក៏មាន​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ដែរ ប៉ុន្តែ​ពួកគេធ្វើ​មិនបាន​សម្រេច​ឡើយ​។​


សម្រាប់​ការប្រកួត​នៅក្នុង​តង់​ទី​២ ក្រុម​ថៃបាន​បង្កើត​ឱកាស​កាន់តែច្រើន ហើយ​រកបាន ​២​ គ្រាប់​បន្ថែម ដែលជា​ការ​ស៊ុត​បញ្ចូល​ទី​របស់ Gustavsson នៅ​នាទី​ទី​៧២ និង​ទី​៨៨ ខណៈ​គ្រាប់​បាល់​ដាច់​មាត់​ជាច្រើន​ទៀត​របស់​ក្រុម​ថៃ ត្រូវបាន​សង្គ្រោះ​ដោយ​អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ ចំណែក មិន រតនៈ ដែល​ដាក់ឱ្យចូល​លេង នៅ​តង់​ទី​២ ក៏​គួរ​ណាស់ អាច​រកបាន​គ្រាប់​បាល់ឱ្យ​កម្ពុជាផងដែរ នៅពេល​រូបគេ ឆក់​បាល់​ចេញពី​ជើង​កីឡាករ​ថៃ បានសម្រេចនៅមុខ​ទី ប៉ុន្តែកីឡាករ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀងរូបនេះ បែរជា​ស៊ុត​បាល់​នោះ​ទៅ​ប៉ះ​បង្គោល​ទី​ទៅវិញ​។​


តាមរយៈ​លទ្ធផល​នេះ បាន​បញ្ជាក់ថា ក្រុម​កម្ពុជាបាន​ធ្លាក់​ចេញពី​ការប្រកួត​នេះ ដោយ​ស្វ័យប្រវត្តិ​ហើយ បើទោះបីជា​នៅសល់​ ១ ​ប្រកួត​ទៀត ជាមួយ​ក្រុម​ម៉ាឡេស៊ី ដែល​នឹង​ត្រូវធ្វើ នៅ​រសៀល​ម៉ោង ​៤ ថ្ងៃ​ចន្ទ​នេះ​ក៏ដោយ ចំណែក​ក្រុម​ថៃ ត្រូវ​ជួប​ក្រុម​ឡាវ នៅ​យប់​ម៉ោង​ ៧ ហើយ​នេះ​ក៏​ជាការ​ប្រកួត​ដណ្តើមយក​លេខ​ ១ និង​លេខ​ ២ ដោយ​ប្រយោល រវាង​ថៃ និង​ម៉ាឡេស៊ី ដែរ មុនពេល​ពួកគេដឹកនាំ​គ្នា ឡើងទៅ​វគ្គ​ពាក់កណ្តាល​​ផ្តាច់ព្រ័ត្រ តំណាងឱ្យ​ពូ​ល ​B​ នេះ​។​


ដោយឡែក​ក្រុម​នារី​កម្ពុជា ក៏​ជួប​ភាពជូរចត់​ខ្លាំង សម្រាប់​ការបង្ហាញ​ខ្លួនជា​លើកដំបូងនៅ​ស៊ី​ហ្គេមលើក​នេះ ដោយ​ក្រុម​ដ៏​ក្មេងខ្ចី​មួយ​នេះ បានបញ្ចប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល ដោយ​រក​មិនបាន​ ១​ គ្រាប់​សោះ ព្រោះ​បាន​ចាញ់​ក្រុម​នារី​ហ្វីលីពីន ៥-០ និង​បន្ត​ចាញ់​ក្រុម​លេខ ​១ ​របស់​ម្ចាស់ផ្ទះ ៧-០ កាលពី​យប់​ថ្ងៃ​សៅរ៍ ហេតុនេះ ក្រុម​នារី​វៀតណាម និង​ហ្វីលីពីន ជា​អ្នក​ដណ្តើមបាន​កៅអី ឡើងទៅ​វគ្គ​បន្ត ប្រចាំ​ពូ​ល​ A​ នេះ​៕