ក្រុងលីវើភូល​: ក្រុម Everton កំពុង​ជួយ​ប៉ូលិស​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ បន្ទាប់​ពី​កីឡាករ Rico Henry និង Ivan Toney របស់​ក្រុម Brentford បាន​រាយការណ៍​ថា សមាជិក​គ្រួសារ​របស់​ពួកគេ ត្រូវ​បាន​រំលោភ​បំពាន ដោយ​ការ​ប្រើ​ពាក្យ​ពេចន៍​រើស​អើង​ពូជ​សាសន៍ អំឡុង​ពេល​ដែល​ក្រុម​រហស្សនាម «The Bees» (សត្វឃ្មុំ) មាន​ជ័យជម្នះ ៣-២ លើក្រុម​ម្ចាស់ផ្ទះ នៅឯ​ទឹក​ដី Goodison Park កាលពីថ្ងៃអាទិត្យ។


ខ្សែការពារ Henry ដែល​បាន​ស៊ុត​បញ្ចូលទី​គ្រាប់​បាល់​ជ័យជម្នះ ដែល​នាំ​ឱ្យ​ក្រុម Everton ស្ថិត​ក្នុង​ហានិភ័យ នៃ​ការ​កាត់​ចោល​នោះ បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បន្ទាប់​ពី​ការ​ប្រកួត​នោះ ដើម្បី​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត ចំពោះ​ហេតុការន៍​នេះ​។

«​ជាធម្មតា ខ្ញុំ​មិន​និយាយ​ដល់​រឿង ដែល​មិន​ប៉ះ​ពាល់​ដល់​រាង​កាយ​ខ្ញុំ ឬ​គ្រួសារ​របស់​ខ្ញុំ​ទេ តែ​នៅ​ពេល​ដែល​ឃើញ​ម្តាយ​របស់​ខ្ញុំ មាន​ទឹក​មុខ​ស្រងូត​ស្រងាត់ បន្ទាប់​ពី​ត្រូវ​​អ្នក​គាំ​ទ្រ​របស់​ក្រុម Everton ប៉ុន្មាន​នាក់ ប្រើ​ពាក្យ​សម្ដី​រើសអើង​ជាតិ​សាសន៍ បាន​ធ្វើ​ឱ្យ​ខ្ញុំឆេះ​ដុំ​តែ​ម្ដង (ខឹង​សម្បា)​»។ នេះ​ជាការ​រៀប​រាប់​របស់​កីឡាករ Henry នៅ​លើ​បណ្ដាញ​សង្គម Twitter​។


កីឡាករ​វ័យ ២៤ ​ឆ្នាំ បាន​បន្ត​ថា​៖ «​ខ្ញុំ​នឹង​ធ្វើ​អ្វី​ៗ ដើម្បី​ពួក​គេ និង​ធ្វើ​អ្វី​ក៏​ដោយ ដែល​នាំ​ឱ្យ​មាន​ការ​ដាក់​ទោស​តិច​តួច​។ រឿង​នេះ​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ត្រូវ​តែ​មាន​ស៊ើប​អង្កេត​ភ្លាម​ៗ​»។


ជាមួយ​គ្នា​នេះ ខ្សែប្រយុទ្ធ Toney ក៏​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​ដែរ​ថា​៖ «សម្រាប់​បុគ្គល ​ដែល​​រំលោភ​បំពាន​ ដោយ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​រើសអើង​​ពូជ​សាសន៍​​ ចំពោះ​​គ្រួសារ​​ខ្ញុំ ខ្ញុំ​​នឹង​​ធ្វើ​​គ្រប់​​យ៉ាង ដើម្បី​ឱ្យ​មាន​ការ​ដាក់​​ទោស​ទណ្ឌ ចំពោះ​​អ្នក ដែល​សមនឹង​ត្រូវ​ទទួល​បាន​បែប​ហ្នឹង​»​។


ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​បណ្ដាញ​សង្គម​របស់​កីឡាករ Toney ក្រុម Everton បាន​លើក​ឡើង​ថា​៖ «​គ្មាន​កន្លែង សម្រាប់​ការ​រើស​អើង​ជាតិសាសន៍​នោះ​​ទេ មិន​ថា នៅ​ក្នុង​វិស័យ​បាល់ទាត់ ឬ​ក៏​ក្នុង​សង្គម​។ យើង​កំពុង​ជួយ​ដល់​ក្រុមប៉ូលិស នៅ​តំបន់ Merseyside ដើម្បី​ធានា​បាន​​ថា បុគ្គល​នោះ ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ និង​ដោះស្រាយ ដោយ​សមរម្យ»​។

ងាក​មក​លទ្ធផល​វិញ បរាជ័យ​នេះ បាន​ធ្វើ​ឱ្យ​រយៈ​ពេល​ ៦៨ ​ឆ្នាំ​របស់​ក្រុម Everton ដែល​មិន​ធ្លាប់​​ធ្លាក់​ពី​លីគ​កំពូល​ នៅ​តែ​ស្ថិត​ក្នុង​ហានិភ័យ ដោយ​ក្រុម​របស់​លោក Frank Lampard មាន​គម្លាត​ ២ពិន្ទុ​ប៉ុណ្ណោះ ពី​លើ​ក្រុម ដែល​ត្រូវ​ទម្លាក់ទៅ​លីគ​ទី ២ ខណៈ​ដែល​ការ​ប្រកួត នៅ​សល់​ ២លើក​ទៀត​៕ VN