ភ្នំពេញៈ ​​ក្រុម​ជម្រើស​ជាតិ​ប៉េតង់​កម្ពុជា​ បាន​ឈ្នះ​មេដាយ​មាស ១ និង​ប្រាក់​ ១ បន្ថែម​ទៀត​​ឱ្យ​កម្ពុជា សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី​៣១ ឆ្នាំ​ ២០២១ នៅ​វៀតណាម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ក្រុម​វ៉ូវីណាម និង​តេក្វាន់ដូ ក៏​ឈ្នះ​បាន​​​មេដាយ​បន្ថែម​ទៀត​ផង​ដែរ។


សម្រាប់​វិញ្ញាសា​ប្រកួត​ជា​ក្រុម (៣ នាក់ ទល់​ ៣ នាក់) កាល​ពី​ម្សិលមិញ​នោះ កីឡាការិនី អ៊ុន ស្រីយ៉ា, ស៊្រាង សុរ៉ាឃីម, ឃួន យ៉ារី និង​កីឡាការិនី ដួង ឌីណា (បម្រុង​ ១ នាក់) ​ដែល​​បាន​ចាញ់​ប្រៀប​ក្រុម​នារី​ឡាវ ជា​មួយពិន្ទុ ១០-២ ទៅ​ហើយ​នោះ បែរ​ជា​អាច​កែ​ប្រែស្ថាន​ភាព​នេះ បាន​យ៉ាង​ល្អ ​ ដើម្បី​យក​ឈ្នះ​លើ​ក្រុម​នារី​ឡាវ ដោយ​ពិន្ទុ ១៣-១០ ដ៏​រំភើប​វិញ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។


ចំណែក​ការ​ឡើង​ទៅ​ជួប​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​វិញ អ៊ុន ស្រីយ៉ា, ឃួន យ៉ារី និង​ ដួង ឌីណា បាន​ធ្វើ​យ៉ាង​ល្អ។ បើ​ទោះបី​ជា​ពួក​គេ​ធ្លាប់​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​នេះ ១៣-៨ នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល ប៉ុន្តែ​កីឡាការិនី​ទាំង​ ៣ នេះ បែរ​ជា​អាច​កែប្រែ​ស្ថានភាព​ពី​ការ​ចាញ់​ប្រៀប ៧-៥ ទៅ​ជា​ឈ្នះ ដោយ​លទ្ធផល​​ផ្លូវការ ១៣-១១ ដើម្បី​ឈ្នះបាន​មេដាយ​មាស យ៉ាង​រំភើប​បំផុត។


ផ្ទុយ​ពី​នេះ កីឡាករ​កម្ពុជា ញ៉ែម បូរ៉ា, ហេង ថន, សៀង វណ្ណា, ឃួន លីហ៊រ (បម្រុង​ម្នាក់) ដែល​បាន​ទម្លាក់​​ក្រុម​ម៉ាឡេស៊ី​នៅ​វគ្គ ១/២​ ផ្តាច់​ព្រ័ត្រ​នោះ បែរ​ជា​ទៅ​ចាញ់​ក្រុម​ថៃ ជាមួយ​ពិន្ទុ ១៣-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ បើ​ទោះបី​ជា​ក្រុម​ថៃ​នេះ ពួក​គេ​ធ្លាប់​ឈ្នះ ​១៣-៤ នៅ​វគ្គ​ជម្រុះ​វិលជុំ​ក៏​ដោយ ហើយ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​មេដាយ​​ប្រាក់​ ដូច្នេះ​ការ​ប្រកួត​ស៊ីហ្គេម​នេះ ក្រុម​ប៉េតង់​ដណ្តើម​បាន​មេដាយ​មាស​ ២ ប្រាក់​ ២ និង​សំរឹទ្ធ ៣។


សម្រាប់​ការ​ប្រកួត​ពី​ម្សិលមិញ​នោះ​ដែរ កីឡាការិនី​វ៉ូវីណាម​កម្ពុជា ជុក សុម៉ាលី បាន​មេដាយ​ប្រាក់ ក្នុង​ទម្ងន់​ ៦៥ គីឡូក្រាម ក្រោយ​ចាញ់​កីឡាការិនី​វៀតណាម​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ចំណែក​កីឡាការិនី ពៅ សុខា និង​កីឡាការិនី សឿ ច័ន្ទលក្ខិណា បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​លើ​ការ​ប្រកួត​សម្តែង​វិញ្ញាសា​ដាវ​គូនារី ហើយ​កីឡាករ អេ អាំម៉ារីនភូថង បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម ក្រោយ​រូប​គេ​បាន​ចាញ់​កីឡាករ​វៀតណាម នៅ​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ លើ​ប្រភេទ​កីឡា​វ៉ូវីណាម នេះដូច​គ្នា។​


យ៉ាងណាមិញ កីឡាការិនី​តេក្វាន់ដូ​កម្ពុជា Casandre បាន​ចាញ់​កីឡាការិនី​ម្ចាស់​ផ្ទះ​​វៀតណាម ដោយ​ពិន្ទុ ១៥-១០ នៅ​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត និង​បាន​មេដាយ​សំរឹទ្ធ​ក្នុង​ទម្ងន់ ៦២ ​គីឡូក្រាម៕