ភ្នំពេញៈ ក្រុមជម្រើសជាតិកម្ពុជា បានរងបរាជ័យ ២-០ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះឥណ្ឌា ក្នុងការប្រកួតបើកឆាកនៃពូល D នៃជម្រុះចុងក្រោយពានរង្វាន់ AFC Asian Cup 2023 នៅកីឡដ្ឋាន Salt Lake ទីក្រុង Kolkata កាលពីថ្ងៃពុធ ប៉ុន្តែលទ្ធផលនេះ ត្រូវបានគេមើលរំលង ដោយសារតែភាពចម្រូងចម្រាស ការផ្ទុះកំហឹង និងការរិះគន់យ៉ាងខ្លាំងក្លា ក្នុងចំណោមថ្នាក់ដឹកនាំ អ្នកចាត់ការទូទៅគ្រូបង្វឹក និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់របស់កម្ពុជា ជុំវិញការខ្វះការយកចិត្តទុកដាក់ ការមិនគោរព និងការខ្វះការទទួលខុសត្រូវក្នុងនាមជាម្ចាស់ផ្ទះរបស់ឥណ្ឌា និង AFC។


ហេតុការណ៍ដ៏ចម្រូងចម្រាសនេះ បានផ្ទុះឡើង មុនពេលការចាប់ផ្តើមការប្រកួត កាលពីថ្ងៃពុធនោះ ក្រោយពីលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ចេញការព្រមានលើការដកខ្លួនចេញពីការប្រកួត ប្រសិនបើគ្មានការសុំអភ័យទោសជាផ្លូវការពីម្ចាស់ផ្ទះឥណ្ឌា និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ក្រោយពីពួកគេ មិនយកចិត្តទុកដាក់ទាល់តែសោះ ចំពោះក្រុមកម្ពុជាទាំងអាហារ ការស្នាក់នៅ និងទង់ជាតិកម្ពុជានោះ។


ប្រធាន FFC លោក សៅ សុខា បានធ្វើព្រមានតាមប្រព័ន្ធផ្សាយក្នុងស្រុកថា៖ «ក្នុងរយៈពេល ៣ ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត មិនព្រមចេញលិខិតសុំទោសកម្ពុជាទេយន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ»។


ភ្លាមៗនោះ AFC បានចេញលិខិតជាផ្លូវការ សុំទោសចំពោះកម្ពុជាបែបនេះថា៖ «វាពិតជារឿងដ៏គួរឱ្យសោកស្តាយណាស់ ដែលទង់ជាតិកម្ពុជា ដែលត្រូវផលិតសម្រាប់បង្ហាញក្នុងការប្រកួតនេះមិនឆ្លើយតបទៅនឹងលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់ ត្រង់ផ្នែកពណ៌ និងការរចនា។ ហេតុនេះ យើងសូមជូនដំណឹងថា AFC នឹងប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជារូបភាពក្រាហ្វិកវិញ នៅលើស្រ្គីនធំមួយ សម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប៉ុន្មានម៉ោងខាងមុខ ហើយនេះគឺជាការអនុវត្តជាទម្លាប់ធម្មតានៅក្នុងករណីមានបញ្ហាបែបនេះ កើតឡើងសម្រាប់រយៈពេល ២ ឆ្នាំចុងក្រោយនេះ នៅក្នុងការប្រកួតរបស់ AFC»។


តែទោះបីជាយ៉ាងណា ភាពចម្រូងចម្រាសមួយផ្សេងទៀត បានកើតឡើង ក្នុងពេលគោរពភ្លេងជាតិ ដោយភ្លេងជាតិរបស់ក្រុមគោព្រៃកម្ពុជា មិនត្រូវបានចាក់ឱ្យគោរពមុន តាមទម្លាប់ក្នុងនាមជាក្រុមភ្ញៀវឡើយ។ អ្វីដែលកាត់តែហួសចិត្តនោះ គឺក្រុមកម្ពុជា ត្រូវឈរចាំចូល ៥ នាទី ដើម្បីបានគោរពភ្លេងជាតិរបស់ខ្លួន ហើយតាមសារព័ត៌មាន Sport Star របស់ឥណ្ឌា គឺមន្ត្រីកម្ពុជាបានយកទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ដើម្បីចាក់ភ្លេងជាតិ ព្រោះអ្នករៀបចំការប្រកួតមិនអាចរកភ្លេងជាតិកម្ពុជាបាន។


កង្វះការយកចិត្តទុកដាក់ និងអសមត្ថភាពក្នុងនាមជាម្ចាស់ផ្ទះ ក៏ដូចជាការមិនគោរពដល់កម្ពុជានេះ ហាក់ដូចជាជះអំបិលបន្ថែមទៅលើមុខរបួសកម្ពុជា ជុំវិញបញ្ហាការស្នាក់នៅ និងអាហារ ខណៈដែលថ្នាក់ដឹកនាំ អ្នកចាត់ការទូទៅ កីឡាករ រួមទាំងអ្នកគាំទ្រកម្ពុជា បានបញ្ចេញប្រតិកម្មខឹងសម្បា និងស្នើសុំឱ្យមានការបកស្រាយពីហេតុផលឱ្យបានច្បាស់លាស់ពីម្ចាស់ផ្ទះឥណ្ឌា។

ទាក់ទងនឹងករណីនេះ លោក ហ៊ុន ម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ឈ្នះ ឬចាញ់ គឺជាផ្នែកមួយនៃការប្រកួត ហើយកម្រិតនៃបដិសណ្ឋារកិច្ច អាស្រ័យលើប្រទេសម្ចាស់ផ្ទះ ឬទីកន្លែងប្រកួត។ តែទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ គឺត្រូវយកចិត្តទុកដាក់បំផុតនៅពេលគោរពទង់ជាតិនៃប្រទេសជាភ្ញៀវ...មិនថា វាជាកំហុស ឬបញ្ហាបច្ចេកទេសទេ ខ្ញុំសង្ឃឹមថា នឹងមានការពន្យល់គ្រប់គ្រាន់ទៅលើបញ្ហានេះ»។

ជាមួយគ្នានេះ លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេតបានបញ្ចេញមតិនៅលើហ្វេសប៊ុកដែរថា៖ «យើងនឹងរង់ចាំមើលថា តើសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC នឹងចាត់វិធានការបែបណាចំពោះកំហុសនៃការរៀបចំរបស់ម្ចាស់ផ្ទះឥណ្ឌា»។

ចំណែកលោក ញឹម ប្រសិទ្ធិ ការីនិពន្ធព័ត៌មាននៅស្ថានីយវិទ្យុ VOY បានសរសេររិះគន់ចំៗថា៖ «វាជារឿងអាម៉ាស់ណាស់សម្រាប់ឥណ្ឌា និងជាការប្រមាថមកលើកម្ពុជាយ៉ាងខ្លាំង។ ក្នុងព្រឹត្តិការណ៍កីឡា AFC បែរជាសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌារៀបចំដូចល្បែងក្មេងលេង»។

តែទោះបីជាយ៉ាងណា ក្រោយពីហេតុការណ៍នេះ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាបានចេញលិខិតសុំទោសដល់ FFC និងក្រុមកម្ពុជាថា៖ «យើងសូមធ្វើការសុំអភ័យទោសសហព័ន្ធ និងក្រុមទាំងមូលបញ្ហាទាក់ទងនឹងសណ្ឋាគារ ក៏ដូចជាបញ្ហាដែលបានកើតឡើងក្នុងពេលចាក់ភ្លេងជាតិនៃក្រុមជម្រើសជាតិកម្ពុជា។ បញ្ហាទាក់ទងនឹងការចាក់ភ្លេងជាតិនៃក្រុមជម្រើសជាតិកម្ពុជាត្រូវបានលើកយកទៅពិភាក្សាជាមួយនឹងក្រុមបច្ចេកទេស និងត្រូវបានគេជូនដំណឹងថា បញ្ហានេះ គឺដោយសារតែកំហុសផ្នែកបច្ចេកទេសនៅលើស្គ្រីន។ ក្រុមទាំងមូលនឹងយកចិត្តទុកដាក់ ដើម្បីធានាថា បញ្ហានេះ នឹងមិនកើតឡើងម្តងទៀតឡើយ អំឡុងការប្រកួតដែលនៅសល់ និងសណ្ឋាគារសម្រាប់ក្រុមស្នាក់នៅ»៕