ភ្នំពេញៈ ​ក្រុម​សម្បូរ​​ទ្រព្យ​ធន វិសាខា មិន​បាន​បញ្ជូន​កីឡាករ​របស់​ខ្លួន​ទៅ​ហ្វឹកហាត់ និង​ប្រកួត​​​ពង្រឹង​សមត្ថភាព​នៅ​ក្រៅ​ប្រទេស ដើម្បី​ត្រៀម​ការ​ប្រកួត​ជម្រុះ​វគ្គ​ចែក​ពូល​ពាន​រង្វាន់ AFC Cup 2022 នោះ​ទេ គឺ​ខុស​ពី​​​ក្រុម​ជើងឯក​លីគ​កំពូល​កម្ពុជា ភ្នំពេញក្រោន​ដែល​បាន​យក​​ប្រទេស​ម៉ាឡេស៊ី ជា​ទីកន្លែង​សម្រាប់​ប្រកួត​ដក​ស្រង់​បច្ចេកទេស ពង្រឹង​ក្រុម​សម្រាប់​ត្រៀម​​ការ​ប្រកួត​ជម្រុះ​នេះ។


បើ​តាម​លោក មាស ចាន់ណា ដែល​ទើប​ចូល​មក​កាន់​តំណែង​ជា​គ្រូ​បង្គោល​របស់​ក្លិប​វិសាខា ជំនួស​ការ​ចាកចេញ​របស់​គ្រូ​បង្វឹក​កូរ៉េ​ខាង​ត្បូង លោក Lee Tae Hoon នោះ​បាន​ប្រាប់​ថា វិសាខា​មិនមាន​គម្រោង​បញ្ជូន​កីឡាករ​របស់​ខ្លួន​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​​ក្រៅ​ប្រទេស​នោះ​ទេ គឺ​ក្លិប​មួយ​នេះ បាន​យក​ការ​ប្រកួត​មិត្តភាព​ក្នុង​ស្រុក​ជាមួយ​ក្លិប កំពុង​លេង​នៅ​លីគ​កំពូល​កម្ពុជា​ជាមួយ​គ្នា ដើម្បី​ពង្រឹង​សមត្ថភាព​ក៏​ដូចជា​រៀបចំ​ក្រុម ត្រៀម​ការ​ប្រកួត​ជម្រុះ​​ពាន​ AFC Cup 2022 នេះ​តែ​ម្តង។

យ៉ាងណា​ក៏​ដោយ លោក មាស ចាន់ណា បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ ជាមួយ​នឹង​ការ​រីក​ចម្រើន​នៃ​គុណភាព​លេង​ជាមួយ​ក្រុម​វិសាខា​នាពេល​នេះ។ លោក​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា៖​ «ខ្ញុំ​សប្បាយ​រីករាយ ដែល​ពេល​នេះ ​កីឡាករ​របស់​យើង​ធ្វើ​បាន​ល្អ​​ជាង​មុន​ច្រើន​ ទាក់ទង​ទៅ​នឹង​របៀប​នៃ​ការ​លេង ដោយ​គាត់​លេង​ចូល​គ្នា គាត់​យល់​ពី​​អ្វី​ ដែល​ខ្ញុំ​ដាក់​ទៅ ព្រោះ​​ពួក​គាត់​មាន​គុណភាព​ស្រាប់​ផង ដល់​អ៊ីចឹង​គាត់​ឆាប់​ចាប់​បាន​ ដូច្នេះ ​​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទម្រង់​លេង​របស់​គាត់ ដែល​ក្រុម​ឥឡូវ​បាន​លេង​ប្រសើរ​ជាង​មុន»។


តាម​ការ​ឱ្យ​ដឹង​ពី​លោក មាស ចាន់ណា ដដែល គឺ​ក្រុម​វិសាខា នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​​ក្រុម​កងយោធពល​ខេមរភូមិន្ទ (ទ័ព) នៅ​កីឡដ្ឋាន​ព្រីនស៍ វេលា​ម៉ោង ៨:៣០ ព្រឹក​ថ្ងៃ​សៅរ៍ ហើយ​ វិសាខា​ត្រូវ​បន្ត​ប្រកួត​មិត្តភាព ជាមួយ​ក្រុម​បឹងកេត​នៅ​ព្រឹក​ម៉ោង ៨:៣០ ថ្ងៃ​សៅរ៍ ទី ​១៨ ខែ​មិថុនា មុន​ពេល​ពួក​គេ​ចេញ​ទៅ​ប្រទេស​ឥណ្ឌនេស៊ី ជា​ទីកន្លែង​ដែល​ពួក​គេ​ត្រូវ​ប្រកួត​ពាន AFC Cup នេះ។


ជាមួយ​គ្នា​នេះ លោក មាស ចាន់ណា ជឿជាក់​ថា វិសាខា មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ផ្សេងៗ​ទៀត​ក្នុង​ការ​ប្រកួត​ពាន AFC Cup ក្នុង​ពូល​ G នេះ ដោយ​ក្នុង​​នោះ វិសាខា ត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម Kaya FC-lloilo របស់​ហ្វីលីពីន​នៅ​ថ្ងៃទី ២៤ រួច​បន្ត​ទៅ​ជួប​ក្រុម​ម្ចាស់​ផ្ទះ Bali United នៅ​ថ្ងៃទី ២៧ និង​ចុង​ក្រោយ ជួប​ក្រុម Kedah Darul Aman របស់​ម៉ាឡេស៊ី ​ថ្ងៃទី​ ៣០ ខែ​មិថុនា។


លោក ចាន់ណា បញ្ជាក់​ថា៖ «ក្នុង​នាម​ជា​គ្រូ​ បើ​ទោះបី​ជា​ប៉ះ​ក្រុម​ណា​ក៏​ដោយ ក៏​ចង់​ឈ្នះ​ដែរ យើង​អត់​ខ្វល់​ថា ក្រុម​នោះ​មក​ពី​ណា​ទេ សំខាន់​ដឹង​តែ​​ឈ្នះ ហើយ​ក្នុង​នាម​ជា​គ្រូ ក៏​មាន​សុទិដ្ឋិនិយម​ថា នឹង​ត្រូវ​តែ​យក​ឈ្នះ​ទៅ​លើ​ក្រុម​មួយៗ ដែល​បាន​ចូល​លេង​ជាមួយ​យើង​ដែរ។ ​យើង​ក៏​មាន​រំពឹង​ថា នឹង​អាច​ឈ្នះ​ដែរ ដោយសារ​​ទម្រង់​លេង​របស់​យើង​ពេល​នេះ មាន​ភាព​ប្រសើរ​ជាងមុន​ច្រើន អ៊ីចឹង​ខ្ញុំ​គិត​ថា យើង​នៅ​តែ​មាន​ឱកាស​វ៉ៃ​ជាមួយ​ក្រុម​គេ»។

យ៉ាងណា​មិញ ភ្នំពេញ​ក្រោន ដែល​ទើប​បាន​បញ្ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ម៉ាឡេស៊ី​ចំនួន​ ៣ ​លើក ដោយ​ស្មើ​ ១ និង​ចាញ់​ ២ ដង​នោះ ក៏​នឹង​ត្រូវ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ I ក្នុង​ពាន AFC Cup នេះ​ផង​ដែរ ដោយ​ក្នុង​នោះ ភ្នំពេញ​ក្រោន​ត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ Houngang United នៅ​ថ្ងៃទី​ ២៤ រួច​បន្ត​ជួប​ក្រុម​ Young Elephants របស់​ឡាវ​នៅ​​ថ្ងៃទី​ ២៧ និង​ចុង​ក្រោយ ត្រូវ​ប៉ះ​​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម Viettel នៅ​ថ្ងៃទី​ ៣០ ខែ​មិថុនា៕ ​