ភ្នំពេញ៖ ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់ជិះសេះ អ្នកស្រី ទេព ម៉ូណា បានអះអាង​ថា ​ថ្នាក់​ដឹកនាំ​សហព័ន្ធ រួមទាំង​ក្រុមជម្រើសជាតិ និង​ភាគីពាក់ព័ន្ធ មិនបាន​ទម្លាក់​ដៃ ឬបន្ថយនូវ​ឆន្ទៈ សម្រាប់ការ​ឆ្ពោះទៅរក​មេដាយជូន​ប្រទេស​ជាតិ សម្រាប់ការ​ប្រកួតស៊ីហ្គេមនោះទេ ​បើទោះបី​ជា​ពេលនេះ ប្រភេទ​កីឡាជិះសេះ មិនស្ថិត​នៅក្នុង​ប្រភេទ​កីឡា​ទាំង ​៤០ ដែល​ត្រូវ​ដាក់​ឱ្យ​ចូល​រួម​ប្រកួត​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ ​២០២៣ នៅក្នុង​ប្រទេស​កម្ពុជា ក៏​ដោយ។


អ្នកស្រី ទេព ម៉ូណា បាន​ថ្លែង​ថា៖ «បើទោះបីជា​លទ្ធផល​ប្រជុំ​លើក​ចុងក្រោយ យើង​ទទួលបានលទ្ធផល​យ៉ាង​ម៉េច​ក៏​ដោយ គឺ​យើង​ត្រូវតែ​ត្រៀមខ្លួន​ឱ្យបានរួចរាល់ ទាំង​ប្រភេទ​​វិញ្ញាសា​លោត​ផ្លោះ​របារ និង​វិញ្ញាសា​រត់ចម្ងាយ លើ​ផ្ទៃ​រាប ព្រោះ​បើយើង​មិនបានចូល​រួមការ​ប្រកួតស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា ក៏​​យើង​នៅមាន​ស៊ីហ្គេម ក្រោយៗ​ទៀត ហើយយើង​ក៏​មានការ​ចេញ​ទៅ​ប្រកួត នៅក្រៅប្រទេស​ផ្សេងៗ​ទៀតផងដែរ ហេតុនេះ​យើង​​មិនអាច​ទម្លាក់​ដៃ ឬ​មិន​ខំប្រឹងបាន​នោះទេ»។


គួរ​បញ្ជាក់ថា នៅ​ក្នុង​ការ​ដឹកនាំ​កិច្ច​ប្រជុំ ​ក្រុមប្រឹក្សា​កីឡាអាស៊ីអាគ្នេយ៍ ជាមួយ​​​បណ្តា​ប្រទេស​ទាំង​អស់ ក្នុងតំបន់អាស៊ាន នៅ​​ខេត្តសៀម​រាប កាលពី​ខែ​មេសា ឆ្នាំ​២០២២​​នេះ​គណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ (CAMSOC) ក្នុង​នាម​ជា​​ម្ចាស់ផ្ទះ បាន​ទទួលការគាំទ្រពីអង្គ​ប្រជុំ ក្នុងការ​ដាក់ប្រភេទ​កីឡា​ចំនួន​​​៤០ សម្រាប់​ការ​​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ហើយ​ក្នុង​នោះ ​កម្ពុជា ក៏​ទទួល​បាន​ជោគជ័យ ក្នុងការ​ដាក់​ប្រភេទ​​កីឡា​ប្រពៃណី «គុនល្បុក្កតោ» ទៅ​ក្នុងស៊ីហ្គេម ផងដែរ ប៉ុន្តែ​នៅក្នុង​ប្រភេទ​កីឡា​ទាំង​៤០​នោះ មិនមានប្រភេទកីឡា​ជិះសេះ នោះទេ។


លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធ​កម្ពុជា​បង្ហាត់ជិះសេះ បានពិនិត្យ​មើលសេះ បន្ទាប់ពី​ការ​​ប្រកួត​លោត​ផ្លោះរបារ កាលពី​ថ្ងៃអាទិត្យ។ រូប​ថត ឈន ណន


តែទោះបីជា​យ៉ាងណា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ​ធ្លាប់បានប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កម្ពុជាក្នុងនាមជា​ម្ចាស់​ផ្ទះ នឹង​បើក​កិច្ច​ប្រជុំជាមួយ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ជា​លើក​ទី​២ នាពេល​ខាង​មុខ​នេះ ដើម្បី​ធ្វើការ​ពិនិត្យ និង​សម្រេចឡើង​វិញថា តើ​នៅក្នុង​ប្រភេទ​កីឡា​ទាំង ​៤០ ដែល​បានជ្រើសរើស និង​ដាក់​ត្រៀម​សម្រាប់ស៊ីហ្គេម ឆ្នាំ ​២០២៣​​ នេះ នឹង​ត្រូវ​រក្សា​ទុក​ដដែល ឬក៏​មាន​​ការ​​​ផ្លាស់ប្តូរខ្លះ ហើយដាក់ប្រភេទ​កីឡា​ថ្មី​ចូល ដែល​វា​អាស្រ័យ​ទៅលើ​ ការ​សម្រេច​ចុង​ក្រោយ ក្នុងកិច្ច​ប្រជុំ​នោះតែម្តង។


ជាមួយ​ហេតុផលនេះ អ្នកស្រី ទេព ម៉ូណា ​នៅតែ​មានការ​ជឿជាក់ និងសង្ឃឹម​ថា ប្រភេទ​​កីឡា​ជិះសេះ នឹង​ត្រូវបានជ្រើស​រើស​ដាក់បញ្ចូលឡើង​វិញ សម្រាប់ការ​ប្រកួតស៊ីហ្គេម នៅប្រទេស​កម្ពុជា ជា​លើកដំបូង​នេះ ដែល​ស្រប​ទៅ​នឹងការ​ព្យាយាម​របស់សហព័ន្ធ​កម្ពុជា​បង្ហាត់ជិះ​សេះ ដើម្បីសម្រួច​ទៅ​រកការ​ដណ្តើម​ឱ្យបានមេដាយ នៅក្នុងកម្រិតណា​មួយ ពិសេស​​​មេដាយមាស​ ជូន​ប្រទេស​ជាតិ។

អ្នកស្រី ទេព ម៉ូណា បាន​ថ្លែង​ថា៖​ «​បើទោះបីជាពេល​នេះ ប្រភេទ​កីឡា​ជិះសេះ មិន​ទាន់​​​​ត្រូវ​​បានជ្រើស​រើស ប៉ុន្តែ​ខ្ញុំ​នៅតែ​សង្ឃឹម​ថា ប្រភេទ​​នេះ នឹង​ត្រូវ​បានជ្រើស​រើស ដាក់​បញ្ចូល នៅក្នុងការ​ប្រកួតស៊ីហ្គេម ឆ្នាំ​ ២០២៣ អ៊ីចឹង​​យើង​ត្រូវ​តែ​ព្យាយាម និង​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់ សម្រាប់​ចូល​រួម​ក្នុងព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត នៅកម្ពុជា​នេះ ព្រោះ​ទិសដៅ​របស់​យើង ត្រូវ​រក​មេដាយស៊ីហ្គេម ​ជូនប្រទេស​ជាតិ ឱ្យខានតែបាន»។

ជាមួយទិសដៅ ក្នុងការ​ប្រជែង​រកមេដាយ ជូន​ប្រទេស​ជាតិ នៅស៊ីហ្គេម​នេះ សហព័ន្ធ​កម្ពុជា​បង្ហាត់ជិះសេះ បានកំពុងនឹង​ព្យាយាម​អភិវឌ្ឍ​ទាំង​កីឡាករ កីឡាការិនី និង​សេះ ទាំង​​លើ​ប្រភេទ​កីឡាជិះ​សេះ​ផ្លោះ​របា និង​ការ​ប្រណាំង​​សេះលើ​ផ្ទៃ​រាប បែប​ម៉ារ៉ាតុង គឺ​ធ្វើ​យ៉ាងណា ឱ្យ​ផ្នែកទាំង​ ២ នេះ មានគុណ​ភាពខ្ពស់ ទាំង​អត្តពលិក និងសេះ ដើម្បី​ឈាន​ទៅ​ប្រកួត​ប្រជែង​យក​មេដាយ។

ជាក់ស្តែង កាលពី​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ សហព័ន្ធកម្ពុជាបង្ហាត់ជិះ​សេះ បាន​បើក​វគ្គ​បណ្តុះបណ្តាល​មន្រ្តី​បច្ចេកទេស​ថ្នាក់ជាតិ ផ្នែក​កីឡាជិះ​សេះលោត​ផ្លោះ​របារ នៅ​ក្លិប​កីឡា Cambodian Country Club ដើម្បីឱ្យមន្រ្តី​បច្ចេកទេស កីឡាករ កីឡាការិនី ក៏​ដូចជាសិស្សានុសិស្ស មកពី​សាកល​វិទ្យាល័យ​កសិកម្ម បាន​យល់កាន់តែ​ច្បាស់ អំពីការងារ​បច្ចេក​ទេស ការ​មើល​ថែ​ទាំសេះ ការ​រៀបចំសេះ មុនពេល​ប្រកួត អំឡុង​ពេលប្រកួត និង​ក្រោយ​​​ការ​​ប្រកួត ទៅលើ​ប្រភេទកីឡា​ជិះសេះផ្លោះរបារ​នេះ។

មិនតែប៉ុណ្ណោះ នៅក្នុង​វគ្គបណ្តុះបណ្តាល​នោះ ក៏មានការ​អនុវត្ត​ជាក់​ស្តែង ដោយមាន​ការ​​​ប្រកួត​លោត​ផ្លោះរបារ​រយៈកម្ពស់​ចាប់ពី​ ៦០​ សង់ទីម៉ែត្រ ដល់​កម្ពស់ ​១ ម៉ែត្រ ផងដែរ ហើយ​អ្នកស្រី ទេព ម៉ូណា បានអះអាង​ថា វគ្គបណ្តុះបណ្តាល​នេះ ពិតជា​មានសារៈសំខាន់ណាស់ ដើម្បី​ឱ្យ​ក្រុមអត្តពលិក ជាពិសេស​ក្រុមជម្រើសជាតិ បាន​យល់​កាន់តែ​ច្បាស់​ពី​បែបបទ​នៃ​បច្ចេក​ទេស ពិសេស​ការ​តំហែ​ទាំ​សេះ ព្រោះ​សេះ និង​អ្នកជិះ ត្រូវតែ​ មានការ​យល់​ចិត្ត​គ្នាបំផុត ទើបអាច​​លោតផ្លោះ​របារ​ជាមួយគ្នា​បាន។

ប្រធានសហព័ន្ធ​រូបនេះ បានសង្កត់ធ្ងន់ដែរថា៖​ «ការថែទាំសេះ គឺ​ជា​រឿង​សំខាន់​បំផុត ទាំងមុនពេលប្រកួត ក្នុងពេលប្រកួត និងក្រោយពេលប្រកួត ដោយ​ត្រូវ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្តទុកដាក់ ពីក្រុមពេទ្យសត្វ និងអ្នកថែទាំសេះ ជាពិសេស​កីឡាករ ដែល​ថែទាំ​ទៅ​លើ​សុខភាព ដូច​ជាកម្តៅ ចង្វាក់បេះដូង ល្បឿន និង​ការរងរបួស​របស់សេះ ព្រោះ​កីឡាករ មិន​មែន​លោត​តែ​ម្នាក់ឯងនោះទេ គឺ​លោតជាមួយ​សេះ អ៊ីចឹង​ក្នុងន័យហ្នឹង យើងត្រូវ​ថែរក្សា​សុខភាព​របស់សេះ»។

អ្នកស្រី ទេព ម៉ូណា បានបន្ថែម​ថា៖​ «​ជិះ​សេះ​លោត​ផ្លោះ​របារ ជា​កីឡាពិសេស ព្រោះ​បើ​យើងទាត់បាល់ គឺ​បាល់​អត់មានអារម្មណ៍​អី​ទេ ប៉ុន្តែសេះមាន អ៊ីចឹង​ក្នុងករណីហ្នឹង សេះ​ត្រូវតែ​ស្កប់ចិត្ត ដោយមិនត្រូវមានការ​ខ្លាច នៅពេល​គាត់​លោតនោះទេ! បើសិនជា​មាន​មនុស្ស​ណា គាត់​ខ្លាច នៅលើ​ខ្នងរបស់​គាត់ ដឹង​តែ​លោត​ទៅប៉ះ និង​ធ្លាក់របង​អស់​ហើយ ហេតុ​នេះ ទាំងកីឡាករ កីឡាការិនី និងសេះ ត្រូវមានអារម្មណ៍ស្ងប់ និង​ស៊ីសង្វាក់គ្នា ក្នុង​ការ​លោត​ផ្លោះ​របារទី ពី ១០ ដល់ ១២ ឬ ១៥ របារទី។ ដូច្នេះ វាត្រូវ​មាន​ការ​ហ្វឹក​ហាត់​សម​ច្រើន​ណាស់​រវាង​កីឡាករ និងសេះ ដើម្បីឱ្យ​អ្នកជិះ និងសេះ មានការ​យល់​ចិត្តគ្នា ឬអាច​និយាយ​បាន​ថា ជាមនុស្ស​តែមួយ ទើបលោត​ទៅ​បានល្អ»។

ជាមួយគ្នា​នេះ​កីឡាករថ្នាលជម្រើសជាតិ​កីឡាជិះសេះលោត​ផ្លោះរបារ រិនដា ម៉េងឡុង ក៏​បានចាត់ទុក​វគ្គបណ្តុះបណ្តាល​នេះ មាន​ប្រយោជន៍​ចំពោះ​រូបគេ និងសេះ ផងដែរ។ កីឡាករ វ័យ​១៧ឆ្នាំ​​រូបនេះ បាន​និយាយ​ថា៖​ «​វគ្គ​បណ្តុះបណ្តាល​នេះ វា​មានសារៈ​សំខាន់ណាស់ ព្រោះ​បាន​ជួយ​ពង្រឹង ​ដល់​សមត្ថ​ភាព​របស់​យើងឱ្យកាន់តែ​ខ្លាំង សម្រាប់ឆ្ពោះ​ទៅស៊ីហ្គេម ឆ្នាំ​ ២០២៣ ហើយ​វគ្គនេះដែរ វាបានបង្រៀនសេះឱ្យ​ចេះលោត ពិសេស​យល់​ចិត្ត​គ្នាជាមួយ​យើង មានន័យ​ថា ពេល​យើង​ភ័យ វាក៏ដឹងពីអារម្មណ៍​យើង អ៊ីចឹង​យើងជាអ្នក​ជិះ និងសេះ ត្រូវ​បាន​ចិត្ត​​ដូច​គ្នា ទើប​អាច​លោតផ្លោះ​របារ ជាមួយគ្នា​បាន»៕