ភ្នំពេញៈ ថ្នាក់ដឹកនាំ និង​មន្ត្រីជំនាញ​របស់​គណៈកម្មាធិការ​ជាតិ​-​អូឡាំពិក​កម្ពុជា (NOCC) គ្រោង​នឹង​កែប្រែ​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ ដែល​មាន​រយៈ​ចម្ងាយ​ ២១ ​គីឡូម៉ែត្រ​ឱ្យក្លាយ​ទៅជា​ការរត់​ប្រណាំង​ម៉ារ៉ាតុង មាន​ចម្ងាយ​ ៤២ ​គីឡូម៉ែត្រ​វិញ ព្រោះ​កម្ពុជា​ចង់​ប្រើ​ព្រឹត្តិការណ៍​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ពិភពលោក​។


បើទោះបី​ជា គម្រោង​នៃ​ការកែប្រែ​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ឱ្យ​ទៅជា​ការរត់​ប្រណាំង​ម៉ារ៉ាតុង​នៅ​រាជធានី​ភ្នំពេញ​នេះ មិនទាន់​បាន​កំណត់​ពេលវេលា​ជាក់លាក់​ណាមួយ ប៉ុន្តែ​តាមរយៈ​ការទទួល​បាន​ជោគជ័យ ដោយ​មាន​អ្នកចូលរួម​ច្រើន​នៅក្នុង​ការរៀបចំ​ឡើង​វិញ​នៃ​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ លើក​ទី ១០ ឆ្នាំ​ ២០២២ នៅ​ខាងមុខ​ព្រះបរមរាជវាំង​នៅ​ថ្ងៃទី​ ១៩ ខែ​មិថុនា បាន​ធ្វើឱ្យ​មន្ត្រី​ជំនាញ​របស់ NOCC កាន់តែ​មាន​ភាពជឿជាក់​ថា ទិវា​រត់ប្រណាំង​ភ្នំពេញ​ម៉ារ៉ាតុង​នឹង​អាច​រៀបចំ​ឡើង​ក្នុងពេល​ឆាប់ៗ​នេះ​។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​នៅក្រោយ​បញ្ចប់​ការប្រកួត​រត់ប្រណាំង ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ នៅ​ថ្ងៃទី​ ១៩ ​មិថុនា​ថា​៖ «​ការរៀបចំ​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ឡើងវិញ នៅ​ព្រឹក​នេះ ឃើញ​ថា មាន​ភាពកុះករ មាន​បរិយាកាស​ថ្មី ដែលជា​ពេលវេលា​បង្ហាញ​ពី​សន្តិភាព សុវត្ថិភាព និង​ការរួចផុត​ពី​កូវីដ​ ១៩ ដោយសារ​យើង​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ទាំងអស់​គ្នា ដោយ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​លោក​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​ស្វែងរក​វ៉ាក់សាំង ក៏ដូចជា​ផ្តល់ និង​ជំរុញ​ឱ្យ​មាន​ការចាក់​វ៉ាក់សាំង​ទាំងអស់​នេះ គឺ​ជំរុញ​ឱ្យ​មាន​ការបើក​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​»​។


លោក​បាន​បន្តថា​៖ «​នេះ​ជា​ខួប​ទី ​១០ ដែល​យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ ឱ្យមាន​ភាពគគ្រឹកគគ្រេង​ឡើងវិញ ហើយ​យើង​ឃើញ​ថា មាន​អ្នកចូលរួម​ចុះឈ្មោះ​តែ​ជាង​ ៣ ០០០ ​នាក់​ទេ ប៉ុន្តែ​ទិដ្ឋភាព​ជាក់ស្តែង​នា​មិញ​នេះ​មាន​ប្រហែល​ ៥ ០០០ ​នាក់ ព្រោះ​អ្នក​មក​ចុងក្រោយ ដោយ​មិនបាន​ចុះឈ្មោះ​ក៏​ពួកគាត់​មាន​ទឹកចិត្ត​សប្បាយ​រីករាយ​ក្នុង​ការចូលរួម​ដែរ ហើយ​អ្វីដែល​សំខាន់ គឺ​ការរៀបចំ​ព្រឹត្តិការណ៍​នាពេល​នេះ​យើង​ទទួល​បាន​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​»​។


តាម​តួលេខ​ផ្លូវការ សម្រាប់​អ្នក​ដែល​បាន​ចុះឈ្មោះ​ចូលរួម​នៅក្នុង​ទិវា​រត់ប្រណាំង ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង អន្តរជាតិ លើក​ទី​ ១០ ឆ្នាំ​ ២០២២ ​នេះ គឺមាន​ចំនួន​សរុប ៣ ៦២១​ នាក់ ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ជាតិ ចំនួន​ ៣ ២៣៦ ​នាក់ និង​បរទេស​ចំនួន ៣៨៥ ​នាក់ ដែល​ភាគច្រើន​ជា​ជនបរទេស​នៅ​កម្ពុជា និង​អ្នក​មកពី​ក្រៅ​ប្រទេស​ប្រមាណ ១០ ​ភាគរយ ហើយ​អ្នក​ទាំងនេះ​បាន​ចូលរួម​ប្រកួត​នូវ​វិញ្ញាសា​ចម្ងាយ​ ២១ ​គីឡូម៉ែត្រ​, ១០​ គីឡូម៉ែត្រ និង​ ៣ ​គីឡូម៉ែត្រ រីឯ​លទ្ធផល និង​ការរៀបចំ​គ្រប់យ៉ាង​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ដែល​ធ្វើឱ្យ​ក្រុម​អ្នកជំនាញ​កាន់តែ​មាន​សុទិដ្ឋិនិយម​ក្នុង​ការកែប្រែ​ព្រឹត្តិការណ៍​នេះ​ទៅ​ជា​ការរត់​ប្រណាំង «​ភ្នំពេញ​ម៉ារ៉ាតុង​អន្តរជាតិ​» នៅ​ឆ្នាំក្រោយ​។


ប្រធាន​គ្រប់គ្រង​ការប្រកួត លោក វ៉ាត់ ចំរើន បញ្ជាក់​ថា ការចូលរួម​បិទផ្លូវ​របស់​សមត្ថកិច្ច​តាម​ផ្លូវ​រត់ ឃើញ​ថា​មាន​សុវត្ថិភាព​ល្អ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទាំងអស់ ហើយ​ទាំង​អនាម័យ​ការរៀបចំ​អ្វី​ផ្សេងៗ​ទៀត គឺ​ទទួល​បាន​ជោគជ័យ​។ លោក​បញ្ជាក់ថា​៖ «​ហេតុនេះ យើង​សង្ឃឹមថា ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ​-១៩​ នេះ គឺ​គណៈកម្មការ​រៀបចំ​របស់​គណៈកម្មាធិការ​ជាតិ​-​អូឡាំពិក​កម្ពុជា​តាម​អនុសាសន៍​ណែនាំ​របស់​ឯកឧត្ដម​បណ្ឌិត ថោង ខុន នឹង​ប្រែក្លាយ​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុង​នេះ​ទៅ​ជា​ភ្នំពេញ​ម៉ារ៉ាតុង​ចម្ងាយ​ ៤២​ គីឡូម៉ែត្រ​វិញ នៅក្នុង​រយៈពេល​ឆាប់ៗ​ខាងមុខ​»​។

ក្រុម​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​នៅ​ថ្ងៃទី​ ១៩​ មិថុនា​។ហុង មិនា

អ្នកជំនាញ​កីឡា​រូបនេះ​បាន​បន្ថែមថា​៖ «​បើ​យើង​ពិនិត្យ​ឃើញ​ថា យើង​អាច​ធ្វើបាន​នៅ​ឆ្នាំក្រោយ យើង​ធ្វើ​នៅ​ឆ្នាំក្រោយ ដើម្បី​ផ្សព្វផ្សាយ​រាជធានី​ភ្នំពេញ​ទៅ​ពិភពលោក​ឱ្យបាន​ស្គាល់​ដូចជា ប៉ារីស​ម៉ារ៉ាតុង ប៊ូសស្តុន​ម៉ារ៉ាតុង និង​ញូវយ៉ក​ម៉ារ៉ាតុង ជាដើម​ហើយ​ទាំងអស់​នេះ​ជា​គោលបំណង​ធំ​របស់​យើង​។ ហេតុនេះ​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​សេវាកម្ម​ផ្នែក​សុខភាព​នេះ ដើម្បី​យើង​រួមគ្នា ធ្វើ​ព្រឹត្តិការណ៍​នេះ​ឱ្យ​កាន់តែ​ធំ កាន់តែ​អស្ចារ្យ និង​កាន់តែ​ល្បីល្បាញ​ជា​បន្តទៀត​។

ទោះបី​ការរត់​ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​នេះ​មិន​ផ្តោត​ខ្លាំង​ទៅលើ​លទ្ធផល​បច្ចេកទេស ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​-​អាគ្នេយ៍ លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ (CAMSOC) បាន​យក​ព្រឹត្តិការណ៍​នេះ ដើម្បី​បំផុស​ចលនា​វិស័យ​កីឡា​ទៅ​កាន់​មហាជន ជាពិសេស​គឺ​ប្រជាជន​កម្ពុជា ក្នុងការ​ត្រៀមខ្លួន​ទាំងអស់​គ្នា ទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​-​អាស៊ាន​ហ្គេម​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​នៅ​ឆ្នាំ​ ២០២៣​។

នៅត្រង់​ចំណុច​នេះ លោក វ៉ាត់ ចំរើន ដែលជា​អគ្គលេខាធិការ CAMSOC ផង​នោះ បាន​និយាយ​ថា​៖ «​ការរៀបចំ ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​នេះដែរ គឺ​យើង​ត្រៀម​ឆ្ពោះទៅ​ស៊ីហ្គេម​-​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​ ២០២៣​។ យើង​បាន​បំផុស​ចលនា​នេះ​តាំងពី​ឥឡូវ​ទៅ​ដោយ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់ គឺ​យើង​ធ្វើ​សម្រាប់​ការ​ឆ្ពោះទៅ​ឆ្នាំ​ ២០២៣ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ៦៤ ​ឆ្នាំ នៅ​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ក៏ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​អបអរសាទរ​ព្រះរាជ្យ​ពិធី​បុណ្យ​ចម្រើនព្រះជន្ម សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រមទាំង​ដើម្បី​ទីក្រុង​ស្អាត និង​ការងារ​មនុស្សធម៌​ផងដែរ ព្រោះ​ថវិកា​ទទួលបាន​ពី​ការប្រកួត​នេះ នឹងត្រូវ​យក​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​សប្បុរស​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។

លោក ថោង ខុន ប្រធាន NOCC បាន​ថ្លែង មុនពេល​ចាប់ផ្តើម​រត់ប្រណាំង​ពី​ព្រឹក​ថ្ងៃទី​ ១៩ ​មិថុនា​ថា​៖ «​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​បងប្អូន​ប្រជាពលរដ្ឋ និង​កីឡាករ កីឡាការិនី​ជាតិ​-​អន្តរជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​គាំទ្រ​ចលនា​កីឡា​យ៉ាងច្រើន​កុះករ​នាពេល​នេះ​»៕