ភ្នំពេញ៖ ជា​ក្រុម​ហ្វុតសាល ដែលមានអាយុកាល​ ចាស់វង្សាជាង​គេ​ ប្រចាំ​នៅប្រទេស​កម្ពុជា ឪម៉ាល់អេហ្វស៊ី​ បាន​នឹងកំពុង​ផ្តោតការ​យក​ចិត្តទុក​ដាក់ និង​ប្តេជ្ញា​ចិត្តកាន់តែ​ខ្លាំង ក្នុងការ​​ឈាន​​ទៅសម្រេច​ក្តី​បំណងដ៏​ធំ​របស់ខ្លួន គឺការ​ក្លាយជា​ម្ចាស់​ជើង​ឯក​​ពានរង្វាន់​ក្នុង​សាល​​ថ្នាក់​ជាតិ ដើម្បី​មានឱកាស​ចេញ​ទៅប្រកួត​នៅលើ​ឆាក​អន្តរជាតិ ក្នុងនាមជា​ក្រុមហ្វុត​សាល​តំណាង​​ឱ្យ​​កម្ពុជា។


ដោយបាន​បង្កើត​ឡើង កាលពី​ឆ្នាំ​ ២០១២ ក្រុមឪម៉ាល់អេហ្វស៊ី ​បាន​កែ​ប្រែ​ស្ថានភាព​ ពីការ​លេងបាល់​​បែប​កម្សាន្ត និងសុខភាព ទៅជា​ក្រុម​ហ្វុតសាល​ដ៏​​ខ្លាំងមួយ ដែល​មាន​ឈ្មោះ​បោះ​សំឡេង សម្រាប់ការ​ប្រកួតប្រជែង​ពាន​ហ្វុតសាល ដែល​រៀបចំ​ដោយក្រុម​ហ៊ុន​ឯក​ជន ហើយបើ​តាមការ​អះអាង​របស់លោក ជាប លីឆាយ ដែលជាគ្រូ​បង្វឹក និងជាប្រធាន​ក្លិប​មួយ​នេះ បាន​ឱ្យ​ដឹង​ថា គិតមកដល់​ពេលនេះ ក្រុមឪម៉ាល់ ឈ្នះ​បានពាន​រង្វាន់​ឯក​ជន ចំនួន​ ២១ ​ហើយ។


លោក ជាប លីឆាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃច​ន្ទ​ថា៖ ​«តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង កាលពី​ឆ្នាំ​ ២០១២ ក្រុម​ឪម៉ាល់ ​បានចូល​រួមប្រកួត​ពាន​រង្វាន់​ហ្វុតសាលជា​ច្រើន ហើយ​បាន​ឈ្នះ​ពានលេខ១ ​ជា​បន្តបន្ទាប់ ហើយ​ពានរង្វាន់មករហ្វុតសាលលីគ ឆ្នាំ ២០២១ ជា​ពានទី​ ២១ ដែល​យើង​ទើបតែ​​ដណ្តើម​បាន បន្ទាប់ពី​ក្រុម​របស់​យើង បានយក​ឈ្នះ​ក្រុម Van Da Sak ៥-០ ក្នុង​វគ្គផ្ដាច់ព្រ័ត្រ កាលពី​ខែមេសា ឆ្នាំ​២០២២»។


​យ៉ាងណាក៏​ដោយ សម្រាប់​ការ​ចូល​ប្រលោក ក្នុងការ​​ប្រកួតពាន​រង្វាន់​ក្នុង​សាល​​ថ្នាក់​ជាតិ ដែល​រៀបចំ​ឡើង​ដោយសហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា តាំងពី​ឆ្នាំ​២០១៥ រហូត​ដល់​ពេលនេះ ក្រុម​ឪម៉ាល់ នៅ​មិន​ធ្លាប់បាន​ឈ្នះ​ពាននេះ​​នោះ​ទេ គឺពួកគេ បាន​ត្រឹម​ជើងឯក​រង ចំនួន​៣​លើក​ ព្រមទាំង​ទទួលបានចំណាត់ថ្នាក់លេខ​៣។


លោក ជាប លីឆាយ គ្រូ​បង្គោល​ក្រុម​ឪម៉ាល់​អេហ្វស៊ី។ រូប​ថត FFC


វា​បាន​ក្លាយ​ជា​រឿង​ដែល​ឈឺចាប់បំផុត សម្រាប់​ក្រុមឪម៉ាល់ ដែល​ពួកគេ​បាន​ចាញ់នៅ​ក្នុង​​វគ្គ​ផ្តាច់​ព្រ័ត្រ ៣ លើក កន្លងមក​នេះ ដោយ​លើកទី​១ នៅឆ្នាំ​ ២០១៧ និង​លើក​ទី​២ នៅឆ្នាំ​ ២០១៨ ពួកគេ បានចាញ់​​ក្រុមសហភាពសហព័ន្ធ​យុវជន​កម្ពុជា​កំចាយ​មារ​ ទាំង​២​លើក ហើយ​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ជា​លើកទី​៣ កាលពីឆ្នាំ​ ២០២០ ក្រុម​របស់លោក ជាប លីឆាយ បានបន្តចាញ់​ក្រុមមហាហង្ស ៩-៤ និង​គ្មានឱកាស បានចេញទៅប្រកួត នៅ​ក្រៅ​ប្រទេស តំណាង​ឱ្យកម្ពុជា ដដែល។

តែទោះបីជា​យ៉ាងណា ក្រុម​ឪម៉ាល់​អេហ្វស៊ី នៅពេលនេះ បាន​បង្ហាញ​ការ​ជឿជាក់ថា ពួកគេនឹង​​ឈ្នះបាន​ពាន​រង្វាន់​បាល់​ទាត់​ក្នុងសាល ថ្នាក់ជាតិ ឆ្នាំ​ ២០២១ ជា​លើក​ដំបូង​បន្ទាប់​ពី​ពួក​គេ បានយក​ឈ្នះក្រុម Tai Chi FT ក្នុង​លទ្ធផល ៣-២ នៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពី​​ថ្ងៃអាទិត្យ ដើម្បី​ឡើង​ទៅ​កាន់ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ជា​លើក​ទី​៤ ​នោះ ដោយ​ពួកគេ ត្រូវ​ដណ្តើម​​យក​ពាន ​ជាមួយ​ក្រុម The Blue Warriors FC នៅ​ថ្ងៃទី​ ២៦ ខែមិថុនា ខាងមុខ​នេះ។

ទាក់ទង​នឹងការ​ប្រកួតជាមួយក្រុម Tai Chi នេះ លោក ជាប ឆាយលី បាន​និយាយ​ថា៖ «ការ​យក​ឈ្នះក្រុម Tai Chi ពិតជា​មាន​ភាព​​តានតឹងណាស់។ ខ្ញុំបុកពោះ និង​ភ័យ​ផងដែរ នៅពេល​ក្រុម Tai Chi រក​បាន​គ្រាប់បាល់​តាម​ពី​ក្រោយ ២-៣ ព្រោះ​គេ​តាម​ជិត​ទាន់បែបនេះ គឺ​កីឡាករ​របស់​ខ្ញុំ អាច​ជ្រួលច្របល់​ក្នុងចិត្ត ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា កីឡាករ​របស់​ខ្ញុំ មាន​ភាព​រឹងមាំ​ណាស់ អត់មាន​ជ្រួល​អ្វីទាំង​អស់ អ៊ីចឹង​ហើយ ទើបយើង​អាច​ដណ្តើម​បានជ័យជម្នះ លើក​នេះ»។

តាមពិតក្រុម​ឪម៉ាល់ ធ្លាប់បានចាញ់​ក្រុម Tai Chi FT ដោយលទ្ធផល ២-១ នៅក្នុង​​ការ​​ប្រកួតដំណាក់កាលទី​២ ម្តង​ហើយ ប៉ុន្តែ​​ការ​អាច​សងសឹកបានសម្រេច​វិញ ទៅលើ​ក្រុម​ខ្លាំង Tai Chi លើកនេះ វា​ធ្វើ​ឱ្យ​​ក្រុមឪម៉ាល់ មាន​ការ​ជឿជាក់កាន់តែ​ខ្លាំង សម្រាប់ការ​ឡើង​ទៅ​ជួប​ក្រុមលេខ​ ១ The Blue Warriors FC ដែល​ឈរ​ចាំ​នៅវគ្គ​​ផ្តាច់​ព្រ័ត្រ ព្រោះ​កាល​ជួបគ្នា ក្នុង​វគ្គដំណាក់កាលទី​២ ឪម៉ាល់ ធ្លាប់បាន​យក​ឈ្នះក្រុម The Blue Warriors ៥-០ ម្តង​ហើយ។

គ្រូ​បង្វឹកហ្វុតសាលជើងចាស់ លោក ជាប លីឆាយ បាន​បញ្ជាក់ថា៖​ «នៅពេលនេះ​ទាំង​ខ្ញុំ និងក្រុមទាំង​មូល បានផ្តោតខ្លាំង​ទៅលើ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ លើកនេះ។ បើទោះបីជា ៣លើក​កន្លងមក​នេះ យើងមិនអាច​ធ្វើបាន ដោយបានត្រឹម​លេខ​ ២ ទាំងឈឺចាប់ ប៉ុន្តែ​ខ្ញុំ​មាន​ការ​​ជឿជាក់ថា ក្រុមឪម៉ាល់ នឹង​ឈ្នះ​បាន​ពាន​នៅ​ឆ្នាំ​នេះ ជា​មិនខាន ព្រោះ​យើង​ធ្លាប់​ឈ្នះ​ The Blue Warriors ម្តង​ហើយ ហើយបន្ថែម​​លទ្ធផលនេះ ខ្ញុំ​មើល​ឃើញ​ថា អ្នកចាំទី និងតំបន់ការពារ​របស់យើងល្អជាង ខណៈ​តំបន់ប្រយុទ្ធ​ប្រហាក់ប្រហែល​គ្នា ហេតុ​នេះ​យើង​សង្ឃឹម​​ខ្ពស់ ក្នុងការ​ឈ្នះ​ពាន លើកនេះ។

លោក ជាប លីឆាយ បាន​បន្ថែម​ថា៖​ «​ជា​ច្រើនឆ្នាំ​មកនេះ ខ្ញុំ​បានត្រឹម​មើលការ​ប្រកួត​​របស់​ក្រុមដោនថោន​អេហ្វស៊ី ក្រុមកំចាយមារ និងក្រុម​មហាហង្ស ពេលពួកគេ ​ចេញ​ទៅ​ប្រកួត​​នៅក្រៅ​ប្រទេស ប៉ុន្តែ​លើក​នេះ យើងមានការ​ជឿជាក់ថា យើងនឹងឈ្នះ​ពាន ដើម្បី​សម្រេច​បាន​នូវ​គោលបំណង ការ​ចេញទៅលេង​នៅក្រៅ​ប្រទេសតំណាង​ឱ្យកម្ពុជាលើក​នេះ»។

ប្រធានក្លិប​ឪម៉ាល់អេហ្វស៊ី​រូបនេះ បាន​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំពិតជា​ ចង់ដឹកនាំ​ក្រុម​ឪម៉ាល់ ទៅលេង​នៅក្រៅ​ប្រទេស តំណាង​កម្ពុជា ​ឱ្យបានម្តង ដើម្បីទទួលបានបទពិសោធ និង​បច្ចេក​ទេស​ថ្មីៗ មក​ពង្រឹង​ដល់​ក្រុម​កីឡាហ្វុតសាលរបស់យើង​បន្ថែម​ទៀត ហើយ​ខ្ញុំ​មិន​ផ្តោត​តែ​លើ​ការ​ជួយ​ក្រុម​ឪម៉ាល់ មួយ​នោះ​ទេ គឺ​គ្រប់ក្រុម ខ្ញុំនឹង​ចូល​រួម​ជួយ ទៅតាម​លទ្ធភាព ព្រោះ​ខ្ញុំ​ចង់​ឃើញ​វិស័យ​កីឡា​ហ្វុតសាល​របស់​យើង មានការរីកចម្រើន និងអាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ នៅក្នុងតំបន់បាន មិន​មែន​ទៅ​សម្រាប់ចាញ់គេ ជាមួយ​គ្រាប់បាល់​ច្រើនៗ​នោះទេ»។

ចំណែក​អ្នកចាំទី នែក ច័ន្ទសម្បត្តិ ដែល​បាន​ត្រូវបានជ្រើសរើសជា​កីឡាករ​ល្អ ​ប្រចាំ​ការ​ប្រកួត ព្រោះបានជួយសង្រ្គោះ​គ្រាប់បាល់​ ជា​ច្រើនលើក ពី​ការ​ស៊ុត​របស់​ក្រុម Tai Chi ដើម្បី​ជួយ​រក្សា​ការនាំ​មុខ​ ៣-២ របស់​ក្រុម​ឪម៉ាល់ រហូត​​ដល់ចប់ការ​ប្រកួត​នោះ បាន​និយាយ​ថា៖​ «យើង​ធ្លាប់​បាន​យក​ឈ្នះ​ក្រុម The Blue Warriors FC ដោយ​លទ្ធផល ៥-០ ម្តង​ហើយ ហេតុ​នេះ​ពួក​យើងមានការ​ជឿជាក់ថា នឹង​អាច​យក​ឈ្នះ​ក្រុម​នេះ​ម្តង​ទៀត ពេលជួបគ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ»៕