ភ្នំពេញ៖ ជាមួយ​សមត្ថ​ភាព និងទេពកោសល្យ​ល្អ​ផ្តាច់គេ ប្រចាំ​​ក្រុម​​ជម្រើសជាតិបាល់​ទះកម្ពុជា វឿន វាសនា បានក្លាយជា​កីឡាករ​ដំបូង​គេ ដែលបានបំបែក​ឯតទគ្គកម្ម​តម្លៃ​ខ្លួន​ ថ្លៃ​ជាងគេ ប្រចាំ​នៅស្រុកខ្មែរ សម្រាប់ការ​ផ្ទេរ​ទៅលេងឱ្យក្លិប​នៅ​ក្រៅ​ប្រទេស ខណៈសាមី​ខ្លួន​ផ្ទាល់ បាន​បង្ហើប​ថា មហិច្ឆតា​ធំបំផុតរបស់គេ គឺ​ការ​ទទួលបានឱកាស​ទៅលេង នៅ​ប្រទេស​ឥណ្ឌូនេស៊ី ជាពិសេស ​​ជប៉ុនតែម្តង។


ក្រោមការ​អនុញ្ញាតតាម​ផ្លូវ​ច្បាប់​របស់​សហព័ន្ធ​កីឡាបាល់​ទះ​អាស៊ី ក្លិប​បាល់ទះ​វិសាខា របស់​កម្ពុជា បាន​​​ឈាន​ទៅដល់​ការ​ចុះ​កុងត្រា ក្នុងការ​ផ្ទេរ​កីឡាករ​ឆ្នើម​ វឿន វាសនា ឱ្យ​ទៅ​លេង​​​នៅ​ក្លិប Long An របស់ប្រទេសវៀតណាម ក្នុង​រយៈពេល​​២​សប្តាហ៍ ចំណែក​តម្លៃ​ខ្លួន​វិញត្រូវបាន​លោក​អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហ​ព័ន្ធ​កីឡាបាល់​ទះកម្ពុជាបង្ហើប​ថា ខ្ទង់ម៉ឺន​ដុល្លារ គឺ វឿន វាសនា បាន​បំបែកឯតទគ្គកម្ម​ថ្លៃខ្លួន ជាប្រវត្តិ​សាស្រ្ត ក្នុង​ពិភព​បាល់ទះ​នៅ​ស្រុក​ខ្មែរ។


លោក​ អាំង សិរីពិសិដ្ឋ បាន​ថ្លែងនៅ​ក្នុង​សន្និសីទកាសែតកាលពី​ថ្ងៃអង្គារ ទី​ ១៤ ខែមិថុនា​ថា៖ ​«កាលពី​ឆ្នាំ ​២០១៧ កីឡាករ​របស់យើងក៏​ធ្លាប់​បាន​​ទៅ​លេង​នៅ​ឥណ្ឌូនេស៊ី និង​​ថៃ ផងដែរ ដោយ​​ពួកគេមានទាំងតម្លៃ​ខ្លួន និង​​​ប្រាក់បៀរវត្សរ៍ គ្រាន់តែកាល​នោះ វារាង​តិច ប៉ុន្តែ​ករណី​ វឿន វាសនា នេះ ការទិញ​ទៅ​ប្រទេស​វៀតណាម មានរយៈពេល​ខ្លី ប៉ុន្តែ​តម្លៃ​ខ្លួន​របស់​គាត់គឺ​ខ្ពស់ដែល​ខ្ញុំ​អាច​និយាយ​បាន​ថាយើងកំពុង​បំបែក​ឯតទគ្គកម្មតម្លៃ​ខ្លួន ដោយគ្មានអ្នកណា មាន​តម្លៃ​ខ្លួន ច្រើនជាង វឿន វាសនា នោះ​ទេ នៅស្រុកខ្មែរ​យើងនេះ»។


តាម​ការ​អះអាង​របស់​លោក​ អាំង សិរីពិសិដ្ឋ បាន​ឱ្យដឹង​ថា មិន​មែនមានតែ វឿន វាសនា ម្នាក់ទេ ដែល​មានក្លិប​នៅក្រៅ​ប្រទេសបានទាក់ទងឬចង់ទិញទៅគឺ​កីឡាករ​កម្ពុជា ​​៥ទៅ​៦នាក់ទៀតក៏ត្រូវ​ក្លិប​នៅក្រៅប្រទេស​ទាក់ទងមក​ដែរ ប៉ុន្តែ​នៅក្នុង​កាលៈទេសៈ​ដែល​កម្ពុជាកំពុងត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេមឆ្នាំ​ ២០២៣ ​នោះ គឺ​មានតែ វឿន វាសនា ម្នាក់​ទេ ដែល​ត្រូវបាន​ផ្ទេរ​ទៅលេង​នៅក្លិប Long An ដែលស្រប​ទៅតាម​ការ​ចង់​បាន​របស់​ក្លិប​វិសាខានិងស្រប​តាមការ​អភិវឌ្ឍ​កីឡា​ករបាល់​ទះ​របស់​កម្ពុជាក្នុងការ​ឆ្ពោះទៅ​ប្រមាញ​​​យក​​មេដាយ នៅឆ្នាំ​២០២៣។


កីឡាករ វឿន វាសនា និង​លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា។ រូបថត សហការី


អគ្គលេខាធិការ​រូបនេះបានបញ្ជាក់​ថា៖ «មិនមែន​មានតែ​ក្លិប Long An មួយ​ទៀត គឺ​ក្លិប​នៅហូជីមិញ​ក្លិប​នៅ​ហាណូយនិង​ក្លិប​ជា​ច្រើន​ទៀតបានធ្វើសំណើមក​ខ្ញុំដើម្បី​យក​កីឡាករ​របស់យើង​ទៅលេង​ ប៉ុន្តែ​យើងត្រូវ​​មើល​លក្ខខណ្ឌ​ផងដែរថា​តើ​អត្តប្រយោជន៍​របស់គាត់បាន​អ្វីខ្លះ»។

លោក​បានបន្ថែម​ថា៖ «បើសិនជា​យើង​មិន​បានគិត​ពី​អត្ថប្រយោជន៍​ឬថ្លឹង​ថ្លែងជាមួយ​បណ្តា​ក្លិប​ដទៃទៀត អ៊ីចឹង​តម្លៃ​ខ្លួន​របស់​ វឿន វាសនា គឺ​ទាបដូចគ្នា ហេតុ​នេះ​យើងចង់ដឹង​ថា អ្នក​ឯង​ហ៊ាន​ឱ្យ​តម្លៃ​ខ្លួនប៉ុនណា សម្រាប់គុណ​ផល​កីឡាករ​របស់​ខ្ញុំ​ប៉ុណ្នឹង ហើយ​យើង​ក៏បាន​គិត​គូរ​ដល់​អត្ថប្រយោជន៍​ផ្សេង​ទៀត និងសុខសុវត្ថិភាព​របស់​កីឡាករ​​យើង ដូច្នេះ​​ចំពោះ វឿន វាសនា នេះ យើង​ក៏មានគ្រូជំនួយ​ម្នាក់​ ដើម្បីជួយ​មើល​ការ​​ខុស​ត្រូវគាត់​​ផងដែរ»។ ​

គួរ​រំឭក​ថា សម្រាប់ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​ ២០២១ នៅប្រទេស​វៀតណាម កាលពី​ពេលថ្មីៗនេះ វឿន វាសនា ​បាន​ក្លាយ​ជា​កីឡាករ​ដ៏សំខាន់បំផុតដែលបានជួយ​ឱ្យ​ក្រុមជម្រើសជាតិបាល់​ទះ​កម្ពុជា ឈ្នះ​មេដាយសំរឹទ្ធ ជា​ប្រវត្តិសាស្រ្តលើកដំបូង បន្ទាប់ពី​កម្ពុជា បាន​រង់ចាំ​អស់រយៈពេលជិត ​៤០ ​ឆ្នាំ។

យ៉ាង​ណា​ក៏​ដោយ​កីឡាករ​មានដើម​កំណើតនៅ​ខេត្តបាត់ដំបង វឿន វឿន មិនបាន​បញ្ចប់​មហច្ឆិតារបស់​ខ្លួនត្រឹមការ​ឈ្នះមេដាយស៊ីហ្គេមឬ​ការ​បានចេញ​ទៅលេងត្រឹម​លីគ​បាល់ទះ​នៅប្រទេស​វៀតណាម​នោះ​ទេគឺ​កីឡាករ​កើត​នៅឆ្នាំ​ ២០០១ ​រូប​នេះចង់​ប្រើ​ឱកាស​នេះ ពង្រឹងសមត្ថ​ភាព​របស់ខ្លួន​បន្ថែម​ទៀតដើម្បីអាច​ចាប់បានឱកាស​កាន់តែ​ពិសេសសម្រាប់​​​ឈាន​ទៅសម្រេច​ក្តីស្រម៉ៃ​របស់ខ្លួន។ ​

ក្រុមជម្រើសជាតិបាល់ទះ​កម្ពុជា ពេល​ឈ្នះមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្ត នៅព្រឹត្តិការណ៍ស៊ីហ្គេម ក្នុង​ប្រទេស​វៀរតណាម កន្លងមក​នេះ។ រូប​ថត សហការី

​កីឡាករ វឿន វាសនា បាន​និយាយ​ថា៖​ «​សម្រាប់ការ​ចេញ​ទៅលេង​ឱ្យ​ក្លិប Long An នេះ ខ្ញុំនឹង​ពង្រឹង​សមត្ថភាពខ្លួនឯង​បន្ថែម​ទៀត និង​ព្យាយាម​បង្ហាញ​សមត្ថភាព ឱ្យមាន​ភាព​លេច​ធ្លោ​ជាង​នេះ​។ខ្ញុំ​គិតថាកាល​ប្រកួត​ស៊ីហ្គេមកន្លងមកនេះ សមត្ថភាព​របស់​ខ្ញុំមាន​ភាពលេចធ្លោបន្តិច​បន្តួច ប៉ុន្តែ​សម្រាប់​ការ​ចេញ​ទៅលេង​នៅ​វៀតណាមរយៈពេល​២សប្តាហ៍​នេះ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​មានភាពលេចធ្លោ ដើម្បី​ខ្ញុំ​អាច​មានឱកាសបានចេញ​ទៅ​លេង នៅ​កន្លែង​ផ្សេងៗ​ទៀត»។

ជាក្មេង​ប្រុស​ម្នាក់ ដែល​ធំដឹង​ក្តី នៅស្រុកមោងឫស្សី ខេត្ត​បាត់ដំបង វឿន វាសនា បាន​ប្រើ​ភាពអំណោយផល​ផ្នែក​កាយសម្បទា​ពី​ធម្មជាតិដើម្បីកែ​ប្រែ​ខ្សែ​ជីវិតពីក្មេង​លេង​​បាល់​ទះ ដាក់លុយ​​តាមភូមិ ​រហូត​ត្រូវបានជ្រើស​រើសជា​កីឡាករម្នាក់​លេង​តំណាង​​ឱ្យ​វិទ្យា​ល័យនិងបន្ត​លេង​តំណាងឱ្យខេត្ត ហើយរូបគេក៏​ធ្លាប់​ជាសមាជិក​ម្នាក់​របស់​ក្លិប​បាល់​ទះ​ស្នងការ​ដ្ឋាននគរ​​ខេត្តបាត់ដំបងផងដែរមុនពេលចូល​រួមជាមួយ​ក្លិប​វិសាខា នៅ​ភ្នំពេញ ក្នុង​​ឆ្នាំ​២០១៧ រួច​បន្ត​បាន​ជាប់ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា។

យ៉ាងណា​ក៏ដោយគិត​មកដល់​ពេលនេះ វឿន វាសនា នៅមិនទាន់​បានសម្រេច​ក្តីស្រមៃ សម្រាប់​ការ​ចេញ​ទៅលេង​នៅ​ប្រទេសដែលមាន​ភាពលេច​ធ្លោ​ខ្លាំង​ប្រចាំ​នៅអាស៊ាននិង​អាស៊ី នៅឡើយ​ទេ។

រំឭក​ដល់​រឿងនេះ វាសនា បានបញ្ជាក់ថា៖ «តាំងពីខ្ញុំ​ចេះលេង​បាល់​មកគឺ​ខ្ញុំមាន​ក្តីស្រមៃចង់ទៅលេង​បំផុត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និងជប៉ុន។ នៅឥណ្ឌូនេស៊ី លីគកំពូល​របស់់​គេក៏មានកីឡាករ​បរទេស​មក​ចូល​រួមបាន​ដែរហើយ​បើ​ជប៉ុន​វិញគឺ​កីឡាករ​អឺរ៉ុប​ភាគច្រើន នៅទីនោះទាំង​អស់​ ហើយការ​ប្រកួតប្រជែង​របស់​គេ​ខ្លាំងតែម្តង ហេតុ​នេះ​ក្តី​ស្រមៃរបស់​ខ្ញុំ ចង់ទៅលេង​នៅជប៉ុន​ខ្លាំង»។

ប៉ុន្តែ​​ទោះបីជា​យ៉ាងណា ការងារនៅចំពោះមុខ​របស់ វឿន វាសនា នៅពេលនេះ គឺ​ត្រូវ​​ពង្រឹង​សមត្ថ​ភាព​ជួយក្រុមជម្រើសជាតិ​កម្ពុជាដើម្បីត្រៀមប្រជែង​យក​ឱ្យបានមេដាយជា​បន្ត​ទៀតសម្រាប់ស៊ីហ្គេមនៅកម្ពុជាខាងមុខ​នេះ។

ចំពោះកាតព្វកិច្ច​នេះ វឿន វាសនា បាន​បញ្ជាក់​ថា៖ «សម្រាប់ការ​ទៅ​វៀតណាម លើកនេះ ខ្ញុំ​មិន​ទៅត្រឹមតែ​លេង​ឱ្យក្លិប​របស់គេ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​​ទៅ​ដកស្រង់បទពិសោធផង ទៅ​ប្រកួត​ផង ហើយនឹង​ទៅស្រង់បច្ចេកទេស​ពីខាង​វៀតណាម​ដើម្បី​យក​មកអភិវឌ្ឍ​ក្រុម​របស់​យើង​វិញ អភិវឌ្ឍ​មិត្ត​រួមក្រុម ដើម្បី​ឆ្ពោះ​ទៅ​ស៊ីហ្គេមឆ្នាំ​ ២០២៣»៕