ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​លើ​ការ​ចុះ​​អនុ​ស្សរណៈ​យោគ​យល់​គ្នា​រវាង​គណៈ​កម្មា​ធិការ​ជាតិអូឡាំពិក​កម្ពុជា និង​​ប្រទេស​ឥណ្ឌូនេស៊ី លើ​ការផ្តល់​ការ​​បង្ហាត់​បង្រៀន​ក្បាច់គុន​ល្បុក្កតោ និង​កីឡា​បញ្ច​សិលា ឱ្យ​គ្នា​ទៅ​វិញ​ទៅមក​។


ការ​ប្រកាស​គាំទ្រ​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី ត្រូវ​បាន​ធ្វើ​ឡើង ក្រោយពី​លោក ប្រា​ប៊ូវ៉ូ ស៊ូប៊ី​យ៉ាន​តូ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ឥណ្ឌូ​នេស៊ី និង​ជា​ប្រធាន​សហ​ព័ន្ធ​កីឡា​បញ្ច​សិលា​អន្តរ​ជាតិ និង​លោក ​វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា និងជា​អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​ល្បុក្កតោកម្ពុជា​ បាន​ចុះ​ចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា កាលពី​ថ្ងៃទី ២២ ខែ ​មិថុនា ឆ្នាំ ២០២២​។


នៅ​ថ្ងៃ​ដដែលនោះ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ របស់​​ឥណ្ឌូ​នេស៊ី​​ រូបនេះ ក៏​បាន​ចូល​ជួប​ពិភាក្សា​ជា​មួយ​នឹង​លោក ​ហ៊ុន សែន នៅ​វិមាន​សន្តិ​ភាព​ ដើម្បី​ស្នើ​សុំ​ឱ្យ​មាន​ការ​គាំទ្រ​ដល់​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ ២ និង​ បាន​សម្ដែង​ការ​អប​អរ​សាទរ​ ​ចំពោះ​ថ្នាក់​ដឹកនាំ​កម្ពុជា ដែល​បាន​ដឹក​នាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​។


ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន បាន​សរសេរថា៖ «សម្ដេចបាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឯក​ឧត្តម ប្រា​បូវ៉ូ ដែល​បាន​ផ្ដល់​អាហា​រូប​ករណ៍​ដល់​សិស្ស​ទា​ហាន​កម្ពុជា ទៅ​សិក្សា​នៅ​ឥណ្ឌូ​នេស៊ី និង​បង្ហាត់​ក្បាច់​បញ្ច​សិលា​ដល់​កីឡាករ​កម្ពុជា។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​គាំទ្រ​ចំពោះ​ការ​បង្ហាត់​ក្បាច់​ល្បុក្ក​តោ​កម្ពុជា ជូន​ដល់​កីឡាករ​ឥណ្ឌូ​នេស៊ី ផង​ដែរ។ សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ទៀត​ថា​ នេះ​ជា​វប្ប​ធម៌​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កង​ទ័ព​ទាំង២ កម្ពុជា-ឥណ្ឌូ​នេស៊ី»​។


ការ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​នេះ មានន័យ​ថា គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា នឹង​ផ្តល់​ការ​​បង្វឹក​ល្បាច់​គុន​ល្បុក្កតោ ដល់​អត្តពលិក​របស់​ឥណ្ឌូនេស៊ី ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​​លើក​ដំបូង នៅ​ក្នុង​ឆ្នាំ​ ២០២៣​ ស្រប​ពេល​ដែល​ភាគី​ខាង​ឥណ្ឌូនេស៊ី នឹង​បង្ហាត់​ក្បាច់​គុន​បញ្ចសិលា ដល់​កីឡា​ករ និង​កីឡា​ការិនី​កម្ពុជាវិញ​។


លោក ​វ៉ាត់ ចំរើន ដែល​ក៏​ជា​អគ្គ​លេខា​ធិការ​​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម​ឆ្នាំ ​២០២៣ ផង​ដែរ​នោះ មាន​ប្រសាសន៍​ថា ៖«ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ការ​គិត​គូរ​ដ៏​ខ្ពង់​ខ្ពស់ និង​យក​ចិត្ត​ទុក​ដាក់​នូវ​ក្បាច់​គុន​ព្រលឹង​ជាតិ (ល្បុក្កតោ) ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន ហើយ​បាន​ធ្វើ​ឱ្យ​ឥណ្ឌូ​នេស៊ី ទទួល​យក​ការ​ផ្លាស់​ប្ដូរ​ជួយ​ដល់​ល្បុក្ក​តោ​កម្ពុជា ចូល​រួម​ការ​ប្រកួត​ល្បុក្ក​តោ​កម្ពុជា យក​ល្បុក្ក​តោ​ទៅ​ហាត់​នៅ​ឥណ្ឌូ​នេស៊ី ហើយ​យើង​ក៏​បាន​ហាត់​បញ្ច​សិលា​ពី​ឥណ្ឌូ​នេ​ស៊ី​វិញ​ដែរ»។

លោក​បាន​ប្រាប់​បន្ត​ថា៖ «ក្នុង​អនុស្សរណៈយោគ​យល់នេះ ឥណ្ឌូ​នេស៊ី​ជួយ​ដល់​កម្ពុជា បង្កើត​ក្រុម​ល្បុក្ក​តោ​នៅ​ឥណ្ឌូនេស៊ី ឱ្យ​យើង​ដើម្បី​ផ្សព្វ​ផ្សាយ​ការ​អភិវឌ្ឍ​ល្បុក្កតោ​នៅ​ឥណ្ឌូ​នេស៊ី ហើយ​ឥណ្ឌូ​នេស៊ី នឹង​ជួយ​យើង​អំពី​ការ​បង្ហាត់​បញ្ចសិលា ក្នុង​ពេល​ឆាប់​ៗ​នេះរហូត​ដល់​ស៊ី​ហ្គេម​»។ អត្ត​ពលិក​កម្ពុជា នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ហ្វឹក​ហាត់​នៅ​ឥណ្ឌូ​នេស៊ី ប្រហែល​ជា ១០ ខែ មុន​នឹង​ត្រឡប់​បកមក​វិញ។ ខាងឥណ្ឌូនេស៊ី ក៏ជួយ​រៀបចំ​ស៊ីហ្គេម ចំពោះ​ការ​រៀប​ចំផ្ដល់​នូវសម្ភារ ឧបករណ៍​ទាំង​អស់ ហើយ​នឹង​ប្រព័ន្ធ​ចាត់​ចែង​រៀប​ចំការ​ប្រកួត​កីឡា​បញ្ច​សីលា នៅ​កម្ពុជា​ទាំង​អស់។

ល្បុក្កតោដែល​ជា​សិល្បៈ​ក្បាច់​គុន​ប្រពៃណី​របស់​កម្ពុជា គឺ​ជា​កីឡា​មួយ​ប្រភេទ ​ក្នុង​ចំណោម​​កីឡា​ទាំង​ ៤០ ដែល​គណៈ​កម្មា​ធិការ​​រៀប​ចំ​ ដាក់បញ្ចូល​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ក្រោយពី​កម្ពុជា ទទួល​បាន​ការ​គាំទ្រ​ពី​សមា​ជិក​អាស៊ាន ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ នៅ​ខេត្ត​សៀម​រាប កាលពី​ខែ​មេសា​។

លោក​ វ៉ាត់ ចំរើន បាន​ឱ្យ​ដឹងថា៖ «អ៊ីចឹង​នេះ​ គឺ​ជា​ផ្លែ​ផ្កា​មួយ ក្រោយ​ពី​​ឯក​ឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និងជា​ប្រធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា បាន​ឱ្យ​ខ្ញុំ​បាទ ចុះ​ហត្ថ​លេខា​លើអនុស្ស​រណៈយោគ​យល់​គ្នា នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ រវាង​ល្បុក្កតោ និងបញ្ច​សីលា ហើយ​នឹង​ការរៀប​ចំបញ្ច​សីលា និង​ល្បុក្កតោ នៅ​ក្នុង​ការ​ប្រកួត​កីឡាស៊ីហ្គេម នៅ​កម្ពុជាឱ្យ​ទទួល​បាន​ជោគជ័យ»។

តាម​រយៈ​ការ​ចុះ​អនុស្សរ​ណៈ​យោគ​យល់​គ្នា​នេះ លោក ​វ៉ាត់ ចំរើន បាន​ចាត់ទុក​ថា គឺ​ជា​ការ​រួម​ចំណែក​​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ក្បាច់​គុនល្បុក្កតោ​ ​របស់​កម្ពុជា ឱ្យ​កាន់​តែមានប្រជា​​ប្រិយភាពក្នុង​តំបន់ ក៏ដូច​ជា​បង្កើត​កេរិ៍្ត​ឈ្មោះ​នៅលើ​ឆាក​អន្តរ​ជាតិ​នា​ពេល​អនា​គត​។

លោក​បន្ថែមទៀត​ថា៖ «នេះ​គឺ​ជា​ជំ​ហាន​ថ្មី​មួយ​សម្រាប់​ក្បាច់​គុន​ព្រលឹង​ជាតិ​របស់​យើង ដែល​បាន​ជ្រាប​ចូល​ទៅ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍ យ៉ាង​រឹងមាំ​ នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម និង​ក្រោយ​ពេល​ស៊ីហ្គេម ឱ្យ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ទៀត»៕