ភ្នំពេញៈ អគ្គលេខា​ធិការ​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ​២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បាន​បក​ស្រាយ​យ៉ាង​ស៊ីជម្រៅ ទៅ​លើ​អត្ថន័យ​ និង​អត្ថ​ប្រយោជន៍ ដែល​​សង្គម​ជាតិមួយ​​ទទួល​បាន​តាម​រយៈ​កីឡា ដោយ​លោក​ថា ​កីឡា​បានដើរ​តួនាទីជា​ការ​ទូត​យ៉ាង​សំខាន់​បំផុត និង​មាន​គន្លឹះ​ពិសេស ដែល​ពេល​ខ្លះ មិនអាច​ប្រើ​នយោ​បាយ ​មកជំនួស​ ឬធ្វើ​ឱ្យ​បាន​ជោគ​ជ័យ​ក្នុងការ​ផ្លាស់ប្តូរ​នូវផ្នត់គំនិត​របស់​មនុស្ស​នៅលើ​ពិភព​លោក ក្រៅពី​ការ​ប្រើ​ប្រាស់​កីឡា​បាន​នោះ​ទេ។


លោក វ៉ាត់ ចំរើន ​បាន​បញ្ជាក់​ពីសារៈសំខាន់​ ក្នុងការ​ប្រើប្រាស់កីឡា​ជា​ការ​ទូត ហើយនេះជាមូល​ហេតុ​ដែល​ប្រទេស​ធំៗ​នៅ​លើពិភព​លោក ហ៊ាន​ចំណាយ​លុយ​រាប់​កោដ​លាន​​ដុល្លារ ដើម្បី​ដណ្តើម​គ្នា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំៗ ដែល​មាន​ប្រទេស​ស្ទើ​រតែ​ទាំង​អស់ នៅ​លើ​ពិភព​លោក ជា​សមាជិក។


លោក វ៉ាត់ ចំរើន បាន​លើក​ជាសំណួរ ​ថា៖ «ហេតុអ្វី​ បានជារដ្ឋសមាជិក​មួយ ឬក៏អូឡាំពិក ជាសមាជិក​មួយៗ ត្រូវចំណាយ​លុយ​រាប់​កោដ​លាន​ដុល្លារ​មក​ដណ្តើម​គ្នា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា? ហេតុអ្វីបានជា ចិន ហ៊ាន​ចំណាយ​​លុយ​​ជាង​២កោដ​លាន​ដុល្លារ ធ្វើជា​ម្ចាស់​ផ្ទះ​អូឡាំពិក​ហ្គេម នៅ​ឆ្នាំ​ ២០០៨? ចុះម៉េច​​បាន​ជា​មិន​យក​លុយ​ហ្នឹង​មក​អភិវឌ្ឍ បែរ​ជា​យក​លុយ​ទាំង​នោះ ទៅ​ធ្វើ​អូឡាំពិក​ហ្គេម ទៅវិញ?»។


លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​បាន​ន័យ​ថា នៅក្នុង​កីឡា វា​មាន​គន្លឹះ​អ្វីមួយ ដែល​ពិសេស ដែល​នយោ​បាយ មិនអាច​ធ្វើ​បាន! មាន​គន្លឹះអ្វី​មួយ​ដែល​ផ្លាស់ប្តូរ​ឥរិយាបថ ឬក៏​មាន​នយោបាយ​អ្វីមួយ ដែល​គ្មាន​ឱកាស​ធ្វើ​ ក្រៅពី​ធ្វើ​ហ្គេម​ហ្នឹង ដើម្បី​បង្ហាញ​ទៅ​កាន់​ពិភព​លោកទេ»។


លោក​អះអាង​ថា ចិន​ចំណាយ​លុយជាង ​២ កោដលានដុល្លារ ធ្វើ​អូឡាំពិក​ហ្គេម នៅឆ្នាំ​ ២០០៨ គឺ​ចិន​ចង់​ហៅប្រទេស​នៅលើ​ពិភពលោក មកស្រុក​ចិន​ ហើយ​ប្រើឱកាស​នោះ ​​ប្រាប់​​​ទៅកាន់​ពិភព​លោក​ថា «ខ្ញុំ​(ចិន)ក្លាយ​ជា​មហា​អំណាច​ឥឡូវ​ហើយ»។


អ្នក​ជំនាញ​កីឡា​លោក វ៉ាត់ ចំរើន បាន​​លើក​ឡើង​​ថា៖ «ចុះបើពាក្យ​ហ្នឹង ចិន​ប្រើ​ជា​នយោបាយ តើ​គេ​ស្តាប់អត់? ​គឺ​គេ​មិនស្តាប់ទេ ប៉ុន្តែពេលធ្វើ​អូឡាំពិក ចិន​ផ្សាយ​តែ​ ១​ ម៉ាត់ ពិភព​លោក​ទាំងអស់​ស្តាប់ ហើយ​បាន​ដឹង​ឭគ្រប់ៗ​គ្នា។ អ៊ីចឹង​យើង​ធ្វើ​ស៊ីហ្គេម​នេះ ក៏យើង​ចង់​មាន​​នយោបាយ​​មួយ​ កែ​ប្រែ​មុខមាត់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ដែរ ព្រោះ​កម្ពុជា នៅ​មាន​រូប​ភាព​សេស​សល់​មិន​ល្អខ្លះ​ទៀត នៅ​ក្រៅ​ប្រទេស»។

លោក​​បញ្ជាក់ថា៖​ «ពិភព​លោក​នេះ​ធំ ហើយ​ប្រទេស​មួយ​ចំនួន​​មិនទាន់​ស្គាល់កម្ពុជា​ផង ហើយ​ជនជាតិ​មួយ​ចំនួន​នៅ​មាន​ផ្នត់​គំនិត​ថា កម្ពុជា​ នៅតែជា​ប្រទេស​​ដែល​ខ្ទេចខ្ទាំ ដោយសង្រ្គាម និង​នៅតែជា​ប្រទេស មាន​មីនច្រើន និង​​ក្រី​ក្រ គឺ​គេ​មិនទាន់​បានដឹង ​ពី​ស្ថាន​ភាព​ពិត​ប្រាកដ​របស់​កម្ពុជា នៅពេល​ឥឡូវទេ។ អ៊ីចឹង​ទាំង​អស់ហ្នឹង​ហើយ ដែល​យើង​ខិតខំ​ធ្វើ ខិតខំ​បង្ហាញ និង​រៀបចំ​​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ដើម្បី​ងាយស្រួល​បញ្ជ្រៀត​ព័ត៌មាន​​ទាំង​អស់នេះ ​ទៅកាន់​ពិភព​លោក និង​​ងាយ​ស្រួល​លក់​កម្ពុជា ទៅ​ពិភព​លោក»។

ការបរិយាយ​​ពី​​គុណ​ប្រយោជន៍​របស់វិស័យ​កីឡា​នេះ ត្រូវ​បាន​លោក វ៉ាត់ ចំរើន ធ្វើ​ឡើង នៅក្នុង​វេទិកា​ជួប​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ស្តីពី​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​ ២០២៣ ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ កាលពី​ថ្ងៃ​ទី​ ២៣ ខែ ​មិថុនា ឆ្នាំ ​២០២២។

ជាមួយ​គ្នា​នោះ​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន បាន​គាំ​ទ្រ​ការ​លើក​ឡើង​របស់​លោក វ៉ាត់ ចំរើន ដោយ​ថ្លែង​​ថា៖ ​«ដូចឯក​ឧត្តម វ៉ាត់ ចំរើន បាន​លើក​ឡើង​​ គឺ​នយោបាយ​ត្រឹម​ប៉ុនណា​ក៏​ដោយ ចាញ់កីឡា​មួយ​ភ្លេត​ទេ! កីឡា បាន​ធ្វើ​ឱ្យគេ​ស្គាល់​យើង​ច្រើន​ជាងអ្វី​ទៅ​ទៀត។ កាល​ពីដើម​គេ​ស្គាល់​កម្ពុជា តាម​រយៈអង្គរ​វត្ត និង ប៉ុល​​ពត ប៉ុន្តែ​ឥឡូវ ស៊ីហ្គេមនេះ យើងអាច​ផ្លាស់​ប្តូរ​បាន​ច្រើន។ ដូច្នេះ​សូម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងអស់​ចូល​រួម​ជួយ ដើម្បីធ្វើ​ឱ្យកីឡា និង​ប្រទេស​ជាតិ​របស់​យើង កាន់​តែ​រីក​ចម្រើន»។

ចំណែក​លោក ថោង ខុន ​រដ្ឋមន្រ្តី​ក្រសួង​ទេសច​រណ៍ និងជា​អនុ​ប្រធាន​អចិន្រ្តៃយ៍ CAMSOC ក៏បាន​លើក​ឡើង​​ពីអត្តប្រយោជន៍ នៃការ​ប្រើប្រាស់​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​នេះ ដើម្បីបង្ហាញ​ពី​សក្តានុពល​របស់​កម្ពុជា ទៅកាន់​ពិភពលោក និង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍ និង​វិស័យផ្សេង​ទៀត នៅ​កម្ពុជា មានសម្ទុះ​ឡើង​វិញ​ផង​ដែរ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ធូរ​ស្រាល។

លោក​ ថោង ខុន បញ្ជាក់​ថា៖ «យើង​ចង់​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ ក្លាយជា​ឱកាសមួយ ក្នុងការ​រៀប​ចំឱ្យ​កម្ពុជា​យើង​កាន់តែ​ស្អាត និងកាន់តែ​មាន​បដិសណ្ឋារ​កិច្ច​ល្អ ព្រោះ​មិនមែន​មានតែ​មនុស្ស​ ៦០០ លាន​នាក់​នៅ​ក្នុង​​អាស៊ាន មើល​​ឃើញព្រឹត្តិការណ៍​នេះ​​ទេ ប៉ុន្តែ​​មនុស្ស​រាប់លាន​នាក់​ទៀត​នៅ​លើ​សកល​លោក ក៏​​អាច​មើល​ និង​​​ស្គាល់​កម្ពុជាបា​នច្បាស់ តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​នេះ​ដែរ»។

លោក​ថោង ខុន រំពឹង​ថា៖«​នៅក្រោយ​ស៊ីហ្គេមនេះ យើង​​នឹង​​មាន​របត់​ថ្មី​មួយ ព្រោះ​គេ​នឹង​ស្គាល់​យើង​កាន់​តែ​ច្រើន ហើយ​កម្ពុជា​យើង កាន់​តែមាន​ប្រជា​ប្រិយ​ភាព ប្រជាពល​រដ្ឋ​យើង ក៏​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា ជា​ប្រជា​ជន ដែល​មាន​ស្នាម​ញញឹម​​រួស​រាយ​រាក់ទាក់»៕