ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យភាគីជប៉ុន ជួយដល់វិស័យកីឡាយូដូ នៅកម្ពុជា ដើម្បីជំរុញឱ្យប្រភេទកីឡាមួយនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈានទៅធ្វើម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣។


ជាមួយគ្នានេះប្រធានខេមរសហព័ន្ធយូដូ លោក ហេង លី បានសម្តែងការរីករាយជាខ្លាំង ហើយបានអះអាងថា ការជួយជ្រោមជ្រែងរបស់ប្រមុខដឹកនាំប្រទេសនេះ នឹងធ្វើឱ្យក្រុមយូដូ អាចបោះជំហានទៅមុខបានល្អ និងអាចដណ្តើមបានមេដាយ ក្នុងកម្រិតណាមួយ នៅឆ្នាំ ២០២៣ ជាមិនខាន។


សំណើរបស់លោក ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក បានអនុញ្ញាតឱ្យអតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា (ឆ្នាំ២០០០-២០០៣) លោក Gotaro OGAWA ចូលជួបសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ នៅវិមានសន្តិភាព ហើយបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី បានស្នើសុំ លោក Gotaro OGAWA ជួយដល់កម្ពុជា លើវិស័យកីឡាយូដូ ដើម្បីធ្វើយ៉ាងណាឱ្យយូដូកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ខាងមុខនេះ។


ជាមួយគ្នានោះលោក Gotaro OGAWA បានប្រាប់ទៅលោក ហ៊ុន សែន ថា បើទោះបីជារូបលោក បានបញ្ចប់បេសកកម្មការទូត និងចាកចេញពីប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែបេះដូងរបស់លោក នៅតែស្ថិតនៅជាមួយកម្ពុជាជានិច្ច។


ជាក់ស្តែង នៅពេលនេះ លោកកំពុងតែចូលរួមចំណែកជួយដល់កម្ពុជា លើ៣វិស័យ ទី១ ជួយដល់និស្សិតកម្ពុជាលើវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាលផ្នែកភាសា ផ្នែកស្រាវជ្រាវ និងផ្នែកវប្បធម៌។


ទី២ ផ្នែកច្បាប់ និងទី៣ លើវិស័យកីឡាយូដូ ដែលនឹងជួយកម្ពុជា សម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម ក្នុងឆ្នាំ ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប លោក ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ លោក Gotaro OGAWA ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រីកពង្រឹង ទំនាក់ទំនងនៃប្រទេសទាំង២ផង និងការអភិវឌ្ឍប្រទេសកម្ពុជាផង ហើយនៅពេលនេះ បន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពរបស់កម្ពុជា។

បន្ទាប់ពីទទួលបានដំណឹងថា លោក ហ៊ុន សែន បានស្នើទៅភាគីជប៉ុន តាមរយៈលោក Gotaro OGAWA ឱ្យជួយដល់កីឡាយូដូ នៅកម្ពុជានេះ លោក ហេង លី ប្រធានខេមរសហព័ន្ធកីឡាយូដូ ដែលកំពុងស្ថិតនៅប្រទេសកាណាដានោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង។

លោក ហេង លី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ មិថុនាថា៖ «ខ្ញុំពិតជាសប្បាយរីករាយ ដែលប្រមុខរាជរដ្ឋាភិបាល បានជួយនិងគាំទ្រ ក្នុងការស្វែងរកដៃគូ ដើម្បីមកជួយអភិវឌ្ឍវិស័យកីឡាយូដូរបស់យើង ព្រោះខេមរសហព័ន្ធកីឡាយូដូ មានការខ្វះខាតច្រើនណាស់ ហើយតាំងពីខ្ញុំបានមកធ្វើជាប្រធានសហព័ន្ធនេះ គឺខ្ញុំបានខំប្រឹងប្រែង ស្វះស្វែងរកជំនួយជាសម្ភារពីក្រៅប្រទេស បានច្រើន មកជួយដល់សហព័ន្ធរបស់យើង ក្នុងនោះ ក៏មានមកពីប្រទេសជប៉ុន ផងដែរ»។

ប្រធានខេមរសហព័ន្ធរូបនេះ បានបន្ថែមថា៖ «ក្រុមអត្តពលិករបស់យើង បានប្រឹងប្រែងហ្វឹកហាត់ខ្លាំង ដើម្បីសម្រួចទៅរកការដណ្តើមឱ្យបានចំណាត់ថ្នាក់ល្អណាមួយ ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ គ្រាន់តែយើងមានការខ្វះខាតច្រើន ហេតុនេះការជួយជ្រោមជ្រែងនិងយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពេលនេះ នឹងជួយឱ្យក្រុមមន្រ្តីបច្ចេកទេស ជាពិសេសក្រុមអត្តពលិករបស់យើង កាន់តែខិតខំ ដោយឆន្ទៈក្នុងការឆ្ពោះទៅរកការឈ្នះបានមេដាយ នៅស៊ីហ្គេម ឆ្នាំ ២០២៣»៕