ភ្នំពេញៈ ​ប្រទេស​កម្ពុជា​ តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​រួមទាំង​ស្ថាប័ន​ឯកជន ដែលជា​ម្ចាស់​ឧបត្ថម្ភ និង​ដៃគូ​សហការ​បាន​ដាក់​ក្តី​រំពឹង​រួមគ្នា​ថា មរតក​ក្បាច់គុន​របស់​ដូនតា «​គុន​ខ្មែរ​» នឹង​អាច​ពង្រីក​វិសាលភាព និង​ភាពល្បីល្បាញ​របស់ខ្លួន​កាន់តែ​ខ្លាំង​ទៅកាន់​ពិភពលោក តាមរយៈ​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ World Fight Tournaments 2022 ហៅ​កាត់​ថា WF ដែល​នឹង​បើក​ការប្រកួត​ជា​លើកដំបូង​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​នា​ថ្ងៃទី​ ៦ ខែកក្កដា ខាងមុខនេះ​។


បើទោះបី​ជា សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ទើបតែ​ត្រូវបាន​បង្កើតឡើង​ជា​លើកដំបូង ប៉ុន្តែ​ការសម្រិត​សម្រាំង​យក​កីឡាករ​អន្តរជាតិ​ល្បីៗ​មក​ប្រកួត​នៅលើ​ទឹកដី​កម្ពុជា ជាពិសេស​ការកំណត់​គោលបំណង​យ៉ាងច្បាស់​លាស់​របស់ World Fight បាន​ក្លាយជា​ចំណុច​ពិសេស​ក្នុង​ការជួយ​លើកកម្ពស់​ប្រដាល់​គុន​ខ្មែរ ហើយ​ព្រឹត្តិការណ៍​នេះ​ក៏បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការពង្រឹង​ធនធាន​មនុស្ស សម្រាប់​កម្ពុជា​ក្នុង​ការ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ជា​លើកដំបូង នៅ​ឆ្នាំ ​២០២៣ ផងដែរ​។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែងថា​៖ «​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ដែល​គ្រប់គ្រង​ដោយ NOCC ស្វាគមន៍ សង្វៀន​គុនខ្មែរ​ជើងឯក​ពិភពលោក ដើម្បី​បង្ហាញ​ពី​មោទនភាព​ជាតិ​យើង ដែលមាន​ពហុកីឡដ្ឋាន​ដ៏ល្អ​ផង និង​បង្ហាញ​ពី​ព្រឹត្តិការណ៍ ដែល​នឹង​ជួយ​បំផុស​ឱ្យ​គុន​ខ្មែរ​របស់​យើង​ក្លាយ​ទៅជា​ក្បាច់គុន​មួយ​មាន​ប្រជាប្រិយភាព​នៅលើ​ឆាក​អន្តរជាតិ​ផង ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការជំរុញ​ការគាំទ្រ​ឱ្យ​ទៅដល់​ស៊ីហ្គេម ឆ្នាំ​ ២០២៣​។ អ៊ីចឹង​អ្វីៗ​ទាំងអស់ គឺ​ដើម្បី​ឆ្ពោះទៅ​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បន្ទាប់ពី​យើង​បាន​រង់ចាំ​អស់​រយៈពេល​ ៦៤ ​ឆ្នាំ​»​។


លោក TONY ANH ម្ចាស់​កម្មសិទ្ធិ និង​ជា​អ្នកបង្កើត​ព្រឹត្តិការណ៍​ World Fight បាន​អះអាងថា ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​អ្វីៗ​គ្រប់យ៉ាង រួមទាំង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ មាន​ភាពប្រសើរ​ឡើង ព្រោះ WF ប្រចាំឆ្នាំ​ ២០២២​ នេះ នឹង​មាន​រៀបចំ​ការប្រកួត​ចំនួន ​១១​ លើក ដោយ​ចាប់ផ្តើម​ពី​ខែកក្កដា​រហូត​ដល់​ខែធ្នូ ចុងឆ្នាំ​នេះ​។


លោក​បាន​បញ្ជាក់ថា​៖ «​ការរៀបចំ​ឱ្យ​មាន​ការប្រកួត World Fight នៅ​ប្រទេស​កម្ពុជា​នេះ យើង​មាន​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​គុន​ខ្មែរ និង​ទេសចរណ៍​នៅ​កម្ពុជា អ៊ីចឹង​នេះ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏សំខាន់​បំផុត ដែល​នឹង​ធ្វើឱ្យ​គ្រប់​បែបយ៉ាង​នៅ​កម្ពុជា ឬក៏​ចរន្ត​សេដ្ឋកិច្ច​ទាំងអស់​អាច​ចូលរួម​ចងក្រង​ឱ្យ​ក្លាយជា​ប្រធានបទ​ណាមួយ សម្រាប់​ជា​មោទនភាព​ជាតិ ប៉ុន្តែ​អ្វីៗ​ទាំងអស់​អាច​កើតឡើង​បាន លុះត្រាតែ​យើង​មាន​ការ​សាមគ្គី និង​សហការ​ជួយ​គ្នា ហេតុនេះ​ខ្ញុំ​ពិតជា​រីករាយ និង​អរគុណ​ដល់​ដៃគូ​សហការ​ទាំងអស់ ដែល​បាន​រួមគ្នា​បង្កើត​ឱ្យមាន​ព្រឹត្តិការណ៍​ដ៏ល្អ​នេះ​ឡើង​នៅ​កម្ពុជា​»​។


លោក ម៉ិល កាដូ តំណាង​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​គាំទ្រ​នូវ​ការលើកឡើង​របស់​លោក TONY ANH ដោយបាន​និយាយថា​៖ «​ការប្រកួត​នៅ​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​នេះ មិនមែន​មាន​តែ​គោលបំណង​ ១​ នោះទេ​គឺមាន​គោលបំណង​ធំ​ ២ ទី​ ១ ចូលរួម​លើកកម្ពស់​ប្រដាល់​គុន​ខ្មែរ​ក្នុង​លក្ខណៈ​បច្ចេកទេស​ប្រដាល់​គុន​ខ្មែរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ និង​ទី​ ២ គឺ​ការចូលរួម​ចំណែក​ក្នុងការ​លើកកម្ពស់​បរិស្ថាន ហើយ​នេះ​ជា​ចំណុច​ល្អ​មួយ​ទៀត ដែល​លោក TONY ANH បានបង្ហាញ និង​ខិតខំ​រៀបចំ​ឱ្យ​មាន​ឡើង ហេតុនេះ​ខ្ញុំ​ក្នុងនាម​ឱ្យ​ក្រសួង​អប់រំ សូម​គាំទ្រ​យ៉ាង​ក្លៀវក្លា​បំផុត ចំពោះ​កិច្ចសហការ​របស់​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​បង្កើត​ឱ្យមាន​ព្រឹត្តិការណ៍​នេះ​ឡើង​»​។

លោក មាន សំអុល អ្នក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ភេសជ្ជៈ​គោជល់​ក៏បាន​បង្ហាញ​ភាព​រីករាយ​ក្នុង​ការចូលរួម​ឧបត្ថម្ភ​ដល់ World Fight ផងដែរ​។ លោក​ថា​៖ «​គោជល់ រីករាយ​ក្រៃលែង ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការប្រកួត​នេះ ដែល​យើង​មាន​ទិសដៅ​ស្របគ្នា​ពោល ​គឺ​ចង់​ផ្សព្វផ្សាយ​គុន​ខ្មែរ និង​លើក​ទឹកចិត្ត​ប្រដាល់​កីឡា​គុន​ខ្មែរ​ឱ្យ​ត្រៀមខ្លួន​បានល្អ សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​ ២០២៣​។ យើង​រីករាយ​នឹង​រួមចំណែក​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៅ​កាន់​អ្នកគាំទ្រ និង​ពិភពលោក ដោយ​កម្មវិធី​នេះ​នឹង​ក្លាយជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​ការ​ស្វាគមន៍​ជើងឯក​លំដាប់​ពិភពលោក និង​អ្នកគាំទ្រ​នៅ​ទូទាំង​ពិភពលោក​»៕