ភ្នំពេញៈ អ្នក​ជំនាញ​ផ្នែក​គណ​នេយ្យ​មកពី​សហ​រដ្ឋ​អាមេរិក​ លោក ​Casey Barnett បាន​ឱ្យ​តម្លៃ​សំខាន់​លើ​បទ​ពិសោធ​ដែល​បាន​ពីការ​លេង​កីឡា ​ដោយលោកអះអាង​ថា ​រាល់​ឧបសគ្គ សម្ពាធ ភាព​ឈឺ​ចាប់និងភាព​អំណត់​អត់​ធន់​ ដែល​កើត​មាន​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ជា​មេរៀន​ជោគ​ជ័យយ៉ាង​សំខាន់​សម្រាប់​ក្រុម​និស្សិត​នៅ​ពេល​ពួក​គេ​ចេញ​ធ្វើការ​ឬ​បើក​អាជី​វកម្ម​អ្វី​មួយ​ បន្ទា​ប់ពី​បញ្ចប់​ការ​សិក្សា​។


ជា​សាស្រ្តា​ចារ្យ​ម្នាក់​ដែល​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ទៅលើ​ការ​បណ្តុះ​បណ្តាល​និស្សិត​នៅ​វិទ្យាស្ថាន​ខេម​អេដ​ លោក ​Casey បាន​អះអាង​ថា និស្សិត​ដែល​លេង​កីឡា​ភាគ​ច្រើន​ជា​អ្នក​រៀន​ពូកែ ​ហើយ​មាន​​ស្មារតី​រឹង​មាំ​និង​មាន​ការ​តស៊ូ​ខ្ពស់​ក្នុង​ការ​ជម្នះ​ឧបសគ្គ​នៅចំពោះ​មុខ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​បានភាព​ជោគ​ជ័យ​។


នាយក​វិទ្យា​ស្ថាន​ខេម​អេដ​លោក​ Casey បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ ​«ខេម​អេដ​ជា​វិទ្យា​ស្ថានបង្រៀន​ពី​ការ​រក​ស៊ី ពាណិជ្ជ​កម្ម​ គណ​នេយ្យ​ហរិញ្ញ​វត្ថុ ហើយ​យើង​ឃើញ​ការ​ប្រកួត​កីឡា ​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​ក្រុម​និស្សិត​របស់​យើងឱ្យ​ចេះ​ធ្វើ​ការ​ងារ​ជា​ក្រុម ​ចេះ​រៀន ខិត​ខំធ្វើ​ការ​ដើម្បី​ជោគ​ជ័យ ចេះ​ធ្វើ​ការងារ​ក្រោម​សម្ពាធ​និង​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​ទទួល​ស្គាល់​ការ​ពិត​នៅ​ពេល​ចាញ់​ឬ​ឈ្នះ ​ព្រោះ​នេះ​ជា​មេរៀន​សំខាន់​សម្រាប់​យើង​ទាំង​អស់​គ្នា»​។


យ៉ាង​ណា​ក៏​ដោយ លោក Casey បាន​ទទួល​ស្គាល់​ថា ​ដើម្បី​ឱ្យ​និស្សិត​ទទួល​បាន​អត្ថ​ប្រយោ​ជន៍​ពីការ​លេង​កីឡា​ លុះ​ត្រា​តែ​យើង​ចេះរៀប​ចំ​កម្ម​វិធី​លេង​កីឡា និងកម្ម​វិ​ធីសិក្សា​ឱ្យបាន​ច្បាស់​លាស់​ ហើយ​អ្នក​លេង​​ក៏​ត្រូវ​ចេះ​លៃ​លក​ពេល​សម្រាប់​លេង​​កីឡា​ផងដែរ ​ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សាព្រោះ​​ការ​សិក្សា​ជា​អាទិ​ភាព​ទី​១ ហើយ​ការ​លេង​កីឡា​ជាអាទិ​ភាព​បន្ទាប់​។


សាស្រ្តា​ចារ្យ​រូបនេះ​បាន​បន្ថែ​មថា៖«ខ្ញុំ​ទទួល​ស្គាល់ពី​​អត្ថ​ប្រយោជន៍ដែល​ទទួល​បាន​ពីការ​លេង​កីឡា ​ដោយវា​បង្កើន​ឱ្យមាន​​ភាព​ជោគ​ជ័យ ​នៅពេល​យើង​ចូល​ធ្វើ​ការ រក​ស៊ីឬ​ធ្វើ​អ្វីមួយ ​ព្រោះ​បទពិ​សោធ​បាន​ពី​ការ​លេង​កីឡា​វាជា​មេរៀន​ជួយ​ឱ្យ​យើង​មាន​ការ​ប្រកួត​ប្រជែង​ដើម្បី​ឈ្នះ ​ជួយ​​ឱ្យ​យើង​ចេះខិត​ខំដើម្បី​មាន​ជោគ​ជ័យ ក្នុង​ការ​កំណត់​គោល​ដៅ...​»។


ទោះ​បីជា​យ៉ាង​ណា ​លោក Casey តែង​តែ​យក​​ចិត្ត​ទុកដាក់​ក្នុង​កា​របង្កើត​ព្រឹត្តិ​ការណ៍​កីឡា​ឱ្យ​និស្សិត​រៀននៅ​វិទ្យា​ស្ថាន​ខេម​អេដ​បាន​លេង​ខណៈ​វិទ្យាស្ថាន​នេះ​បាន​ក្លាយ​ជា​គំរូ​លេច​ធ្លោ​មួយ​ក្នុង​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា​និង​មធ្យម​សិក្សា​បច្ចេក​ទេស​ប្រចាំ​ឆ្នាំដែ​លរៀប​ចំ​ដោយ​ក្រសួងអប់រំ​ យុវជន​និង​កីឡា​។

បើតាម​លោក ​Casey ការ​ប្រកួត​ឆ្នាំ​២០២២​ដែល​ទើប​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី​២៩ ​ខែមិថុនា កន្លង​មកនេះ ​ក្រុម​អត្តព​លិក​របស់​ខេម​អេដ​ទទួល​បាន​លេខ​២ ក្នុង​នាមជា​គ្រឹះ​ស្ថានដែល​ដណ្តើម​បាន​មេដាយ​មាស​​ច្រើន​ជាង​គេ(មាស​៩ ប្រាក់​៩ និង​មេដាយ​សំរឹទ្ធ​១៦)នៅ​ក្នុង​ចំណោម​គ្រឹះ​ស្ថាន​សិក្សា​ទាំង​៣៨ ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​​កីឡា​ឧត្តម​សិក្សា​នេះ​។

ដោយ​ទទួល​បាន​សញ្ញា​បត្រ​ថ្នាក់​អនុ​បណ្ឌិត​មក​ពី​សហរដ្ឋ​អាមេរិក​និង​កំពុង​បើក​វិទ្យាស្ថាន​នៅ​​ប្រទេស​កម្ពុជា ​លោក Casey ដែល​មាន​ការ​ស្រាវ​ជ្រាវ​ច្រើន​បាន​បង្ហាញ​ថា៖​«អ្នក​ដែល​បាន​លេង​កីឡា និង​មាន​ការ​ហ្វឹក​ហាត់​គេ​រៀន​ពូកែ​ជាង​អ្នកដែល​មិនសូវ​មាន​សកម្ម​ភាព​កីឡាព្រោះ​​ការ​លេង​កីឡាវា​ផ្តល់នូវ​អត្ថ​​ប្រយោ​ជន៍​ដល់​ខួរ​ក្បាល​ ដល់​សុខភា​ព និង​ដល់​អារម្មណ៍​ ហើយ​នៅពេល​អារម្មណ៍​យើង​ល្អ​ សុខ​ភាព​យើង​ល្អនិង​មាន​ចរន្ត​ឈាមនៅ​ក្នុង​ខ្លួន​ធ្វើដំ​ណើរ​ការ​ល្អ​ដើម្បី​ផ្តល់​អុកស៊ី​ហ្ស៊ែន​ដល់​ខួរ​ក្បាល​ក៏យើងនឹង​រៀន​ពូកែ​ដែរ​»។

ម្យ៉ាង​ទៀត ​លោកថា​ ការ​លេង​កីឡា ក៏ជួយ​ឱ្យ​ចៀស​វាង​បាន​នូវ​ទម្លាប់មិន​ល្អផងដែរ​ ព្រោះ​ជួន​កាល​ និស្សិត​ ពេល​ទំនេរ​ គេ​ចាប់​ផ្តើម​ធ្វើ​អ្វីដែល​ជា​ទម្លាប់​មិនល្អ​ ប៉ុន្តែ​បើ​គេ​​យក​ពេល​ទំនេរ​នោះ​មក​​លេង​កីឡាវា​​នឹង​ទទួល​បាន​អត្ថ​ប្រយោ​ជន៍​ច្រើន ​ព្រោះ​ការ​លេង​កីឡាវា​នឹង​ជួយ​និស្សិត​ឱ្យ​ចេះ​ហ្វឹកហា​ត់​ថែ​រក្សា​សុខ​ភាព​ខ្លួនឯ​ង ហើយ​ពេល​គេ​ចាស់​ក៏នឹង​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​​លេង​កីឡា​ដែរ​។

លោក​ Casey បាន​បញ្ជាក់​ទៀត​ថា៖«យើង​ឃើញ​និស្សិត​ច្រើន​ដែលជា​អតីត​កីឡា​ករ កីឡា​ការិនី​របស់​យើង​គឺ​ពេល​ពួកគេ​​ចូល​ធ្វើការ​ងារគេ​ទទួល​បាន​ជោគ​ជ័យនិង​​ឡើង​តួនាទី​លឿន​ ព្រោះ​និស្សិត​លេង​កីឡា មាន​ការ​ខិតខំ​ធ្វើ​ការងារ ​ចេះ​កំណត់​គោល​ដៅ ចេះ​​វាយ​តម្លៃ​​ខ្លួនឯង ​និងចេះ​កែ​ចំណុច​ខ្សោយ​ខ្លួនឯង​ ដ្បិតអី​​​​ការ​ឈ្នះ ចា​ញ់ នៅពេល​​លេង​កីឡា វា​បាន​បណ្តុះ​គំនិត​ឱ្យ​​យើង​ចេះ​វាយ​តម្លៃ​ទៅលើ​ខ្លួន​ឯង »។

ជា​មួយ​គ្នា​នេះ​កីឡាការិនីវា​យសី​ ជឺ ជូឌី ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ខេមអេដ​បាន​គាំ​ទ្រ​ ការ​លើក​ឡើង​របស់​លោក Casey ដោយ​នាង​បាន​ថ្លែង​ថា៖ ​«​ពិត​ណាស់ ​ការ​លេង​កីឡា ពិត​ជា​បាន​រួមចំណែក​ជួយ​ដល់​ការ​សិក្សា​ ព្រោះ​នៅពេល​យើង​មាន​សម្ពាធ​ឬក៏​ស្ត្រេស​យើង​អាច​កាត់​បន្ថយ​វា​តាម​រយៈ​ការ​លេង​កីឡា ហើយ​ខ្ញុំក៏​ឯក​ភាព​ ១០០ ​ភាគ​រយ​ផងដែរ​ថា អ្នក​លេង​កីឡាភាគ​ច្រើន​រៀន​ពូកែ ព្រោះ​កីឡា​ធ្វើឱ្យ​ខួរក្បាល​យើង​ស្រឡះ​ល្អ​មាន​សុខ​ភាព​រឹងមាំ​ គ្មានជំងឺ​អ្វី​មក​បៀត​បៀន​បាន ​អ៊ីចឹង​យើងមា​នពេ​ល​គ្រប់​គ្រាន់​ក្នុងការ​ផ្តោត​ទៅ​លើ​ការ​សិក្សា»​។

ចំណែក​លោក ម៉ាច សុខ​មាន ដែល​ទើប​ប្រឡង​ជាប់​គ្រូអប់រំ​កាយនិ​ងកីឡា ហើយ​កំពុង​សិក្សា​លើ​ជំនាញ​នេះ​នៅ​វិទ្យា​ស្ថាន​ជាតិអប់រំ​កាយនិង​កីឡាក៏បាន​ទទួល​ស្គាល់​ដែរថាការ​លេង​កីឡា​ពិត​ជា​មាន​ប្រយោជ​ន៍។

លោក​បាន​បញ្ជាក់​​ថា៖ ​«​ការ​លេង​កីឡា​ពិត​ជា​មាន​សារៈ​សំខាន់​ព្រោះ​ធ្វើ​ឱ្យ​យើងមាន​កាយ​សម្បទា​មាំមួន សុខ​ភាព​ល្អនិង​ចៀស​ឆ្ងាយពី​គ្រឿង​ញៀន​ ហើយ​កាល​ដែល​ខ្ញុំបាន​ក្លាយ​ជា​គ្រូ​អប់រំ​កាយ​និង​កីឡា​នេះ ក៏​ដោយ​សារ​ការ​លេង​​កីឡា​ផង​ដែរ​ព្រោះ​ប្រសិនបើ​យើង​មិនឆ្លង​កាត់​ការ​លេង​កីឡា​ទេយើង​មិនអាច​ប្រឡង​ជាប់បាន​ឡើយ ហេ​តុ​នេះ​សូម​ប្អូនៗ​ជំនាន់​ក្រោយចូល​រួមលេង​កីឡាទាំង​អស់​គ្នាដើម្បី​លើក​កម្ពស់​​វិស័យ​កីឡា​នៅ​​កម្ពុជា​និង​ដើម្បី​ឈាន​ទៅ​សម្រេច​ក្តី​បំណង​របស់​យើង​ទៅ​ថ្ងៃ​អនា​គត»​៕