ភ្នំពេញៈ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ ដណ្តើម​ខ្សែ​ក្រវាត់ពាន​រង្វាន់ ​«សម្តេច​ពិជ័យ​សេនា ទៀ បាញ់» ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ រៀបចំ​​បង្កើត​ឡើង ក្រោម​ការ​​សហការ​ជាមួយ​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៥ ហើយ​គាំ​ទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈ​កម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ី​ហ្គេម លើកទី​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា។


កីឡាករ​ឆ្នើមៗ ក្នុង​ប្រភេទ​ទម្ងន់ ​៦០​ គីឡូ​ក្រាម ចំនួន​៨នាក់ ត្រូវ​បាន​ជ្រើស​រើស មកពី​តាមបណ្តាក្លិប​ផ្សេងៗគ្នា ដើម្បី​ដាក់​ឱ្យ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ ហើយ​ទាំង​ថ្នាក់​ដឹកនាំ តំណាង​​ឱ្យ​​លោក​ឧបនាយក​រដ្ឋម​ន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ និង​​ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជាបានអះអាងថា ព្រឹត្តិ​ការណ៍ដ៏ថ្មី​សន្លាង​នេះ ត្រូវបាន​បង្កើត​ឡើង ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​កីឡាករ កីឡាការិនី និង​មន្រ្តី​បច្ចេក​ទេស ក្នុងការ​ឈាន​ទៅទទួល​បាន​ជោគ​ជ័យ ពេល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ​ស៊ីហ្គេម នៅ​ឆ្នាំ​ ២០២៣ ហើយ​ក៏​ដើម្បី​​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​គុនខ្មែរ នៅលើ​ឆាក​អន្តរ​ជាតិ ផង​ដែរ។


លោក តែម ម៉ឺន បាន​ថ្លែង​ថា៖​ «​ការ​រៀបចំ​ឱ្យ​មានការ​ប្រកួត​នេះ​ឡើង គឺដើម្បី​​រួមចំណែក​ផ្សព្វ​ផ្សាយ​នូវសមិទ្ធផល​រីក​ចម្រើន​របស់រាជរដ្ឋាភិបាល​ លើ​គ្រប់វិស័យ ព្រម​ទាំង​ចូល​រួមលើ​​ផែនការ​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​សិល្បៈក្បាច់គុនបុរាណ​ខ្មែរ ដែល​ជាសម្បត្តិ​វប្បធម៌​ជាតិ ព្រម​ទាំង​ពង្រឹង​សមត្ថ​ភាព​មន្រ្តី​បច្ចេកទេស គ្រូ​បង្វឹក កីឡាករ​របស់​យើង ដើម្បី​ត្រៀម​លក្ខណសម្បត្តិ​ឱ្យ​បាន​គ្រប់​គ្រាន់ ចូល​រួមការ​ប្រកួត​ថ្នាក់​ជាតិ អន្តរ​ជាតិ ជាពិសេស​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ»។


ប្រ​ធានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ លោក តែម ម៉ឺន បាន​ប្រាប់​បន្ថែម ​នៅក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញាថា ​ព្រឹត្តិការណ៍​នេះ ក៏​ចូល​រួមជ្រើស​រើស​ជើងឯក​កម្រិត​ខ្ពស់ និង​លើក​កម្ពស់ នូវ​គុណ​ផល​កីឡាករ​ជម្រើសជាតិ និងថ្នាក់ជាតិ​របស់​យើង ដើម្បី​ឆ្ពោះ​ទៅស៊ីហ្គេម ឆ្នាំ​ ២០២៣ ព្រមទាំង​ចូល​រួម​ផ្សព្វផ្សាយ និងគាំ​ទ្រ​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​​ព្រឹត្តិការណ៍​នេះផងដែរ។


សម្រាប់បេក្ខភាព​ទាំង​​៨នាក់ ដែល​ត្រូវបានជ្រើសរើស​ឱ្យចូល​រួមការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ ពាន​រង្វាន់ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​ប្រភេទ​ទម្ងន់​ ៦០​ គីឡូក្រាម​នេះ ត្រូវបាន​បែង​ចែកការ​ប្រកួតជា​២​ពូល ដោយ​ក្នុង​នោះ​ពូល A មានកីឡាករ ឈុត សេរីវ៉ាន់​ថង, ឡុង ជិន, រិន ដេវីត និង សៀវ ង៉ុយ ខណៈពូល B មានកី​ឡាករ ឃីម បូរ៉ា, សូត្រ វាសនា, ទូច ដេវីត និង គង់ ហ៊ូវ។


លោក ឃឹម ប៊ុនសុង រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ និង​ជាប្រធាន​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរភូ​មិន្ទ តំណាង​ឱ្យ​លោក ទៀ បាញ់ បាន​ថ្លែង​ថា៖ «កីឡាករ​ទាំង​៨​នាក់ ដែល​ត្រូវបានជ្រើសរើសឱ្យ​ចូល​រួមក្នុងការ​ប្រកួតនេះ សុទ្ធតែ​ជា​អ្នក​ឆ្នើមៗ និងជា​ឈ្នាន់ ដែល​ត្រូវ​ត្រៀម​ហ្វឹក​ហាត់ សម្រាប់​ចូល​រួម​ការ​​ប្រកួតស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ហេតុនេះ​ការ​ខិតខំ​តរៀបចំ​ឱ្យមានការ​ប្រកួតពាន​រង្វាន់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​នេះ​ឡើង គឺ​ដើម្បី​ពង្រឹងសមត្ថ​ភាព​កីឡាករ​របស់​យើង សំខាន់​បំផុត​​លើ​ផ្នែក​ប្រដាល់​គុន​ខ្មែរ ត្រៀម​ទៅ​ឆ្នាំ​ ២០២៣»។

ទន្ទឹម​នឹង​នេះ លោក ឃឹម ប៊ុន​សុង បាន​បង្ហាញ​ពី​មោទន​ភាព ទៅលើ​ក្រុមជម្រើសជាតិ​កីឡា​ប្រដាល់​គុន​ខ្មែរ ដែល​បាន​បង្ហាញ​ភាព​ខ្លាំង និងដ​ណ្តើម​បាននូវ​កិត្តិយស​ជូនជាតិ​ជាថ្មី​ម្តង​ទៀត តាម​រយៈ​ការ​ឈ្នះ​បាន​មេដាយមាស​ ១ និងសំរឹទ្ធ​ ៦ ពី​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី៣១ ឆ្នាំ​ ២០២១ នៅ​ប្រទេស​វៀត​ណាម កាល​ពី​ខែ​ឧសភា ឆ្នាំ​ ២០២២​។

«សម្រាប់ការ​ប្រកួត​ស៊ីហ្គេម នៅ​វៀត​ណាម កន្លង​មក​នេះ កីឡាករ កីឡការិនី​គុនខ្មែរ​របស់​យើង បាន​បង្ហាញ​សមត្ថភាព​លេច​ធ្លោ ក្នុងការ​ដណ្តើម​បាន​មេដាយមាស ដែល​ធ្វើ​ឱ្យ​កីឡា​របស់​យើង​មាន​កេរ្តិ៍​ឈ្មោះ កាន់តែ​ល្បី​រន្ទឺ នៅលើ​ឆាក​អន្តរជាតិ ដូច្នេះ​ដើម្បី​ទទួល​បាននូវ​​គុណ​ផល​កីឡា​កាន់តែ​ខ្លាំង ហើយ​កេរ្តិ៍​ឈ្មោះ​កីឡា​កាន់តែ​ប្រសើរ ពេល​កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះស៊ីហ្គេម​នោះ យើង​ត្រូវតែ​​ពង្រឹង​គុណ​ភាព​កីឡា​របស់​យើង ឱ្យបាន​កាន់​តែ​ខ្លាំង​ថែម​ទៀត»។

បន្ថែម​លើ​នេះ លោក ឃឹម ប៊ុនសុង បាន​ជំរុញ​ឱ្យ គណៈកម្មការ​រៀបចំ​​ការ​ប្រកួត​ ត្រូវយក​ចិត្តទុក​ដាក់​ ដោយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​រួមគ្នា​ទទួល​ខុស​ត្រូវ លើជំនាញ​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​នេះ ទទួល​បាន​ជោគ​ជ័យ ចំណែក​មន្រ្តីបច្ចេក​ទេស ជា​អាជ្ញា​កណ្តាល ចៅ​ក្រម ក៏ត្រូវ​យកចិត្ត​ទុក​ដាក់ លើ​ភារ​កិច្ច​របស់​ខ្លួន ធ្វើ​យ៉ាង​ណា​យកឱ្យ​អស់​នូវ​​លទ្ធ​ភាព ប្រកប​ដោយ​ឆន្ទៈ សីល​ធម៌ វិជ្ជាជីវៈ ជាពិសេស​ក្នុង​ពេល​កាត់​សេចក្តី។

លោក​បាន​បញ្ជាក់​ថា៖ «​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​មួយ​ចំនួន កន្លង​មក ​មានការ​ប៉ះពារ​ខ្លះ ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ និង​កីឡាករ​ផ្ទាល់ មិន​ពេញ​ចិត្ត ទៅលើ​ការ​កាត់​សេច​ក្តី អ៊ីចឹង​យើង​បានយក​បទពិសោធទាំង​នោះ ដើម្បី​ប្រុងប្រៀប​ធ្វើការ​ងារ​នេះឱ្យមាន​យុត្តិធម៌ ដែល​បញ្ហានេះ​វាសំខាន់​ខ្លាំ​​ង​ណាស់ ព្រោះ​ពេលណា​មាន​ភាព​លម្អៀង វា​នឹង​ធ្វើ​ឱ្យ​វិស័យ​កីឡា​របស់យើង​ទាំង​មូល បាត់បង់នូវ​​គុណ​ភាព ហេតុនេះ​អាជ្ញា​កណ្តាល​ ចៅក្រម ​ត្រូវ​កាត់​សេចក្តី​ដោយ​យុត្តិធម៌ និង​តម្លា​​ភាព ដើម្បី​រក្សានូវតម្លៃ​នៃ​វិជ្ជាជីវៈ​របស់​យើង»។​

ទាក់ទង​ទៅនឹង​ការ​ពង្រឹង​គុណ​ភាព​កាត់សេច​ក្តី​របស់ក្រុ​មមន្រ្តី​បច្ចេក​ទេស​របស់​សហ​ព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែ​នេះ លោក តែម ម៉ឺន បាន​បញ្ជាក់​ថា៖ «ក្នុង​នាម​សហ​ព័ន្ធ​ និង​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត ខ្ញុំ​បាទ​សូម​ធ្វើការ​ប្តេជ្ញាចិត្ត​ថា នឹង​អនុវត្ត ក៏​ដូចជា​ទទួលខុស​ត្រូវ នូវភារកិច្ច​របស់ខ្លួន ដោយ​យក​អស់ពី​លទ្ធភាព ជាពិសេស​លើការ​កាត់សេចក្តី​ ការ​ផ្តល់​ពិន្ទុ​ឈ្នះ​ចាញ់ ត្រូវ​ប្រកប​​ដោយ​យុត្តិធម៌ ភាព​ត្រឹម​ត្រូវ និង​តម្លាភាព​ខ្ពស់​បំផុត»។

ចំពោះ​រូបមន្ត​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ​ពាន​រង្វាន់​«សម្តេច​ពិជ័យ​សេនា ទៀ បាញ់» នេះ គឺ​កីឡាករ នៅ​តាម​ពូល​ទាំង​២ នឹង​ចាប់​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ ពីថ្ងៃ​ទី​ ១៨ ខែ​កញ្ញា​​តទៅ​ ដើម្បី​រក​អ្នក​បាន​លេខ​ ១ និង​លេខ​ ២ ឡើង​ទៅ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និងវគ្គ​ផ្តាច់​ព្រ័ត្រនៅ​ថ្ងៃ​ទី ​​២៤ ខែវិច្ឆិកា។

សម្រាប់​ប្រាក់​រង្វាន់​វិញ ត្រូវបាន​ម្ចាស់​ឧបត្ថម្ភ​​លោក ឡាយ សំណាង ម្ចាស់​បុរីភូមិ​ឋាន​សំណាង បាន​បញ្ជាក់​ថា ម្ចាស់ជើង​ឯក ក្នុង​ការ​ប្រកួត​នេះ ​នឹង​ទទួល​បាន​ខ្សែ​ក្រវាត់ ១ ​គ្រឿង អមប្រាក់​រង្វាន់ និង​ផ្ទះ​វីឡា​ភ្លោះ​មួយ​ខ្នង ដែល​អាច​លក់វិញ​ក៏បាន ទុក​សម្រាប់រស់​នៅ​ក៏​បាន​ ចំណែក​លេខ ២ ទទួល​បាន​ប្រាក់​រង្វាន់ និង​ដីឡូត៍ ១០x២០​ ម៉ែត្រ ហើយ​អ្នក​លេខ ៣ និង​លេខ​ ៤ ក៏ទទួល​បាន​ប្រាក់​រង្វាន់ រួម​ជាមួយ​ដីឡូត៍ ៥x២០ ​ម៉ែត្រ ដូចគ្នា​ផង​ដែរ​៕