ភ្នំពេញៈ អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួ​ត​កីឡា​អាស៊ី​អា​គ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា អាជ្ញា​កណ្ដាល ចៅ​ក្រម មាន​តួនាទី​សំខាន់ ដើម្បី​រក្សា​ឱ្យមាន​តម្លាភាព នៅក្នុង​ការ​ប្រកួត​ប្រជែង ប៉ុន្តែ​ដើម្បី​រក្សា​បាន​នូវ​​គុណ​តម្លៃ និង​កេរ្ដិ៍​ឈ្មោះ​ សម្រាប់​ជំនាញ​មួយ​នេះ គឺ​អាជ្ញា​កណ្តាល ចៅក្រម​ទាំង​អស់ ត្រូវ​លុប​បំបាត់​ឱ្យបាន​នូវ​អគតិ​ចំនួន​៤ នៅ​ក្នុង​ក្រម​សីលធម៌​ជាអាជ្ញា​កណ្ដាល ចៅ​ក្រម ។


លោក វ៉ាត់ ចំរើន ​បាន​ឱ្យ​ដឹង​​ថា ជា​អាជ្ញា​កណ្ដាល ចៅ​ក្រម មាន​តួនាទីសំខាន់​ ២ ទី​១ ត្រូវ​ការ​ពារ​បទ​បញ្ជា​ការ​ប្រកួត គឺ​មានន័យថា រាល់ច្បាប់ប្រកួតរបស់​សហព័ន្ធ​អន្តរ​ជាតិ យើង​ត្រូវ​យក​មក​ការ​ពារ​​ឱ្យ​​បាន​នូវ​គោលការណ៍ Fair-Play ពេល​យើង​អនុវត្ត ហើយ​ទី២ ត្រូវ​បញ្ជ្រា​ប​ចំណេះដឹង​ទាំងអស់ ទៅឱ្យ​គ្រូបង្វឹក កីឡាករ​កីឡាការិនី និង​មហាជន ដើម្បី​ឱ្យ​ពួក​គាត់​បាន​​យល់ និងដឹង នូវបទបញ្ជា​ថ្មីៗ ​ហើយ​យើង​ត្រូវ​តែ​ធ្វើ​ទំនើបកម្ម នូវ​ជំនាញ​របស់​ខ្លួន ទើប​មានការ​រីកចម្រើន។


អ្នក​ជំនាញ​កីឡា​រូបនេះ បានបន្ថែម​ថា៖ «​យើង​ត្រូវ​តែស្គាល់តួនាទី​របស់​យើង​ឱ្យបាន​ច្បាស់ គឺ​យើងជា​អ្នក​បណ្តុះ​បណ្តាល​ផង និងជា​អ្នកការពារ​ផង ហើយ​ក្នុងស្មារតីនៃការការ​ពារ​នេះ យើង​ត្រូវ​មើល និងការ​ពារច្បាប់​ទម្លាប់​តាម​ស្តង់ដា​អន្តរជាតិ ដើម្បី​ឱ្យ​មាន​នូវពុម្ព​តែមួយ និង​វិន័យ​តែ​មួយ។ កាល​ណា​យើងមាន​ពុម្ព​តែមួយ និង​វិន័យ​តែមួយ​ហើយ គឺ​យើង​​ ធ្វើអ្វី​ក៏​ត្រឹម​ត្រូវ និង​ទទួល​បាន​ជោគ​ជ័យ ព្រោះ​យើង​មិន​មែន​ជា​អ្នក​បង្កើត​ច្បាប់​ទេ តែយើង​ជាអ្នក​អនុវត្ត​ច្បាប់»​។


ការ​លើក​ឡើង​បែប​នេះ​របស់ លោក វ៉ាត់ ចំរើន ត្រូវ​បាន​ធ្វើ​ឡើង នៅ​ពិធីបិទ​វគ្គបណ្ដុះ​បណ្ដាល​អាជ្ញា​កណ្ដាល ចៅក្រម​កីឡា​ចំបាប់​កម្រិត​មូល​ដ្ឋាន ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​​វគ្គនេះ បាន​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ គឺ​ពីថ្ងៃទី ១៥ ដល់​ទី ​១៧ ខែ​កញ្ញា ឆ្នាំ​ ២០២២ ដោយ​មាន​សិក្ខាកាម​ចូល​រួម​សរុប​ ៣០ នាក់ មកពី​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ក្រសួង​មហា​ផ្ទៃ​។


លោក វ៉ាត់ ចំរើន ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាផង​នោះ បាន​ជំរុញ​ឱ្យ​សិក្ខាកាម​ជា​អាជ្ញាកណ្តាល ចៅក្រម​ថ្នាក់​ជាតិ​ទាំង​នេះ ត្រូវ​ពង្រឹង​សមត្ថ​ភាពខ្លួន​ឯង រួច​បន្តការសិក្សា យក​​អាជ្ញា​ប័ណ្ណ​ជា​អាជ្ញាកណ្តាល ចៅ​ក្រម​អន្តរ​ជាតិ ដើម្បី​រួមចំណែក​ចូល​រួមជួយ​កម្ពុជា សម្រាប់ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​ ២០២៣ ដោយ​លោក​បានបញ្ជាក់ថា CAMSOC មាន​កញ្ចប់​ថវិកា​គ្រប់​គ្រាន់ សម្រាប់​ការ​បញ្ជួន​អាជ្ញាកណ្តាល ​ចៅក្រម ទៅ​រៀន​យក​អាជ្ញា​ប័ណ្ណ​អន្តរ​ជាតិ​នេះ។


តែ​ទោះបីជា​យ៉ាងណា ដើម្បីការ​ពារ​ច្បាប់ ក្នុង​ស្មារតី​អព្យា​ក្រឹត លោក វ៉ាត់ ចំរើន បាន​ជំរុញ​​ឱ្យ​ក្រុមអាជ្ញា​កណ្តាល ចៅ​ក្រម​​របស់​កម្ពុជា​ទាំងអស់​នេះ ​​ត្រូវលុបបំបាត់​ចោល​ឱ្យបាន​នូវ​​អគតិ​ទាំង ៤ នៅ​ក្នុងក្រម​សីលធម៌​ជាអាជ្ញា​កណ្ដាលចៅក្រម គឺ​ទី១ ​គ្រួសារ​និយម ទី២ សេចក្ដី​ស្រឡាញ់ (មនោ​សញ្ចេតនា) ទី៣ ស្រឡាញ់​ ដោយសារ​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​មួយ និង​ទី៤ គំនាប​របស់​នរណា​ម្នាក់។

អគ្គលេខា​ធិការ CAMSOC លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖ ​«អគតិ​ទាំង ៤ នេះ កុំ​ឱ្យ​មាន​​ក្នុងខ្លួន​របស់​អាជ្ញាកណ្ដាល ចៅក្រម បាន​​​​យើង​អាច​ក្លាយ​ទៅ​ជា​អាជ្ញា​កណ្ដាល​ចៅក្រម ដែល​មាន​​កេរ្ដិ៍ឈ្មោះ ព្រោះ​ក្រមសីលធម៌របស់អាជ្ញាកណ្ដាល ចៅក្រម ត្រូវ​មាន​ឯករាជ​​ភាព​​លើ​ខ្លួន​ឯង ដែល​ជាគុណ​តម្លៃ​ដ៏សំខាន់ ហេតុ​នេះ​យើង​លុបបំបាត់​​ឱ្យបាននូវ​អគតិទាំង ​៤ នេះ ​ដើម្បី​កសាង​​កេរ្ដិ៍​​ឈ្មោះ​​អាជ្ញា​កណ្ដាល​ចៅ​ក្រម​របស់​យើង»។

ជាមួយ​គ្នា​នោះ លោក Casey Barnett ក៏បាន​ជំរុញ​ឱ្យ​ក្រុម​អាជ្ញា​កណ្តាល ដែល​ទើប​បាន​​បញ្ចប់​​វគ្គបណ្ដុះបណ្ដាល​អាជ្ញា​កណ្ដាល​ចៅ​ក្រម ​កីឡា​ចំបាប់​កម្រិត​មូល​ដ្ឋាន​ ទាំង​នេះ ត្រូវ​អភិវឌ្ឍ​ខ្លួន ដើម្បីរៀន​បន្តយក​អាជ្ញាប័ណ្ណ​​ជា​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ ផង​ដែរ ដើម្បី​មាន​ឱកាស បាន​ចេញ​ទៅបំពេញ​ការងារ សម្រាប់​ការ​ប្រកួត​ផ្សេងៗ នៅលើឆាក​អន្តរ​ជាតិ ជាពិសេស​ចូល​រួម​កាត់​សេចក្តី ក្នុង​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា និង​ស៊ីហ្គេម ឆ្នាំ​ ២០២៥ នៅ​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងៗ​ទៀត។

អនុ​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក Casey បាន​ថ្លែង​ថា៖​ «ជាអាជ្ញា​កណ្តាល ចៅ​ក្រម​កីឡាចំបាប់នេះ គឺ​មានឱកាស​ច្រើន ​បាន​ទៅ​​ធ្វើការជាលក្ខណ​អន្តរជាតិ ព្រោះ​សម្រាប់​ការ​ប្រកួត​នៅក្នុង​តំបន់ គឺ​សហព័ន្ធកីឡា​ចំបាប់ពិភព​លោក បានតម្រូវ​ឱ្យប្រទេស ដែល​ចូល​រួម ត្រូវមាន​អាជ្ញា​កណ្តាល​អន្តរ​ជាតិ ដូច្នេះ​បើ​សិនជា​អ្នក​ទាំងអស់​គ្នា បាន​ក្លាយ​ជា​អាជ្ញា​កណ្តាល​ ចៅក្រម​​អន្តរជាតិ​ហើយ នោះ​ យើង​នឹង​​​មានឱកាស​បាន​ទៅ​បំពេញការងារ នៅ​ប្រទេស​ជាច្រើន ពិសេស​ស៊ីហ្គេម នៅ​កម្ពុជា ឆ្នាំ​ ២០២៣ និងស៊ីហ្គេម ឆ្នាំ​ ២០២៥ ដែល​ម្ចាស់ផ្ទះ​ថៃ នឹង​ដាក់​​ឱ្យ​មាន​ការ​ប្រកួត​កីឡាចំបាប់​ដែរ»៕