​ភ្នំពេញៈ ​មន្ត្រី​ជំនាញ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) លោក វ៉ា​ត់ ចំរើន បាន​អះអាងថា កម្លាំង​អ្នកស្ម័គ្រចិត្ត ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ហើយ​កិត្តិយស​ជាតិ និង​កិត្តិយស​របស់​កម្ពុជា ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ជា​ប្រវត្តិសាស្ត្រ លើកដំបូង នៅ​ឆ្នាំ​ ២០២៣ គឺ​ស្ថិត​លើ​កម្លាំង​អ្នកស្ម័គ្រចិត្ត​។


លោក វ៉ា​ត់ ចំរើន ថ្លែង​ក្រោយពី​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ CAMSOC នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា ដោយបាន​ដកស្រង់​សម្ដី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​អនុប្រធាន​អចិន្ត្រៃយ៍​របស់ CAMSOC ថា ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣ ខាងមុខនេះ កម្ពុជាត្រូវការ​អ្នកស្ម័គ្រចិត្ត ចាប់ពី​ ៥ ០០០​ នាក់ ទៅ ​១ ​ម៉ឺន​នាក់ ដើម្បី​ចូលរួម​បំពេញការងារ ក្នុង​ព្រឹត្តិការណ៍​នេះ​។​


ជាមួយគ្នានេះ​លោក សុខ សប្បាយ​ណា ជា​ប្រធាន​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត បាន​ប្រាប់​ទៅ​អង្គប្រជុំ​ថា គិត​មកដល់ពេលនេះ ក្រុមការងារ​របស់លោកបានរៀបចំ និង​ចុះឈ្មោះ​ជន​បង្គោល​ស្ម័គ្រ​ចិត្តបាន​ជាង​ ៥០០​ នាក់​ហើយ ដែល​អាច​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​អ្នកស្ម័គ្រចិត្ត ចាប់ពី​ ៥ ០០០ ​នាក់ ទៅ ​១​ ម៉ឺន​នាក់​នេះ ហើយ​អង្គប្រជុំ បាន​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​បញ្ហា​នេះ ព្រោះ​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត ជា​អ្នកគ្រប់គ្រង ដឹកនាំ​អ្នកស្ម័គ្រចិត្ត​ទាំងអស់ ដែលជា​ចរន្ត​នៃ​ការគ្រប់គ្រង និង​ដឹកនាំ​សកម្មភាព​ព្រឹត្តិការណ៍​ស៊ី​ហ្គេមទាំងមូល​។


លោក វ៉ា​ត់ ចំរើន បាន​ថ្លែងថា​៖ «​អ្នកស្ម័គ្រចិត្ត ជា​អ្នកគ្រប់គ្រង​ការងារ និង​ប្រព័ន្ធ​ការងារ​នៃ​ហ្គេម​ទាំងអស់​ហ្នឹង អ៊ីចឹង​គេ​ចាត់ទុក​អ្នកស្ម័គ្រចិត្ត ជា​មនុស្ស​សំខាន់ ដោយ​គេ​ជំរុញ​ទឹកចិត្ត អបអរសាទរ និង​ផ្តល់​កម្លាំងចិត្ត​ឱ្យ​ច្រើនណាស់ ហើយ​យើង​បានរៀបចំ​អ្នកស្ម័គ្រចិត្ត​របស់​យើង ឱ្យទទួល​បាន​នូវ​កិត្តិយស​ជូន​គាត់ ដើម្បីឱ្យ​ពួកគាត់​មាន​មោទនភាព​ទៅលើ​អ្វីដែល​ខ្លួនឯង​បានធ្វើ​»​។​


យ៉ាងណាក៏ដោយ លោក​ ថោង ខុន បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​អ្នកស្ម័គ្រចិត្ត​ទាំងអស់ ត្រូវ​រៀន​ពី​វិធី​នៃ​ការសង្គ្រោះ​ជាបឋម ហើយ​ក៏បាន​ប្រាប់​ទៅ គណៈកម្មការ​ជំនាញ​ទាំងអស់ ដែល​ត្រូវការ​អ្នកស្ម័គ្រចិត្ត ត្រូវ​ផ្តល់​តួលេខ​ឱ្យបាន​ច្បាស់ ដើម្បី​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ គឺ​កុំ​ឱ្យមាន​ចំនួន​ច្រើនពេក ឬ​ខ្វះ ទៅលើ​ការបំពេញ​មុខងារ នៅតាម​គណៈកម្មការ​នីមួយៗ​។​


អគ្គលេខាធិការ CAMSOC លោក វ៉ា​ត់ ចំរើន បាន​បន្ថែមថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ណែនាំ​ច្រើនណាស់ ទៅលើ​ការងារ​នេះ ដោយ​ឯកឧត្តម​បាន​ជំរុញ​ឱ្យ​អ្នកស្ម័គ្រចិត្ត ត្រូវតែ​រៀន​អំពី​ការសង្គ្រោះ​ជាបឋម ឬ​សង្គ្រោះបន្ទាន់ គឺ​អ្នក​ស្ម័គ្រ​ទាំងអស់​ម្នាក់ៗ ត្រូវមាន​ជំនាញ​នេះ ដើម្បី​អាចមាន​លទ្ធភាព ក្នុងការ​ជួយសង្គ្រោះ​ជីវិត និង​បញ្ហា ដែល​កើតមានឡើង នៅ​គ្រប់​ទីកន្លែង​ទាំងអស់ នៅក្នុង​ព្រឹត្តិការណ៍​របស់​យើង​»​។​

លោកថ្លែងថា​៖ «​នៅក្នុង​ស៊ី​ហ្គេម​នេះ មាន​មនុស្ស​រាប់ម៉ឺន រាប់លាន​នាក់ អ៊ីចឹង​យើង​ត្រូវមាន​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក និង​រៀបចំ​ឱ្យមាន​សមត្ថភាព​របស់​អ្នកស្ម័គ្រចិត្ត ដោយសារ​អ្នកស្ម័គ្រចិត្ត ត្រូវ​រាយ​គ្នា​នៅ​គ្រប់​គណៈកម្មការ និង​គ្រប់​ទីកន្លែង នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ទាំងមូល​»​។

យ៉ាងណាមិញ នៅក្នុង​កិច្ចប្រជុំ ដើម្បី​ពិនិត្យមើល​របាយការណ៍​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​អ្នកស្ម័គ្រចិត្ត កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា​នេះ គឺមាន​លទ្ធផល​ល្អ ក្នុងការ​រៀបចំ​រចនា​សម្ព័ន្ធ​គ្រប់គ្រង ដឹកនាំ និង​បណ្តុះបណ្តាល​ដល់​អ្នកស្ម័គ្រចិត្ត ដោយសារ​លោក សុខ សប្បាយ​ណា ជា​ប្រធាន​គណៈកម្មការ​នេះ ធ្លាប់​ដឹកនាំ​អ្នកស្ម័គ្រចិត្ត​នេះ នៅ​អង្គរ​សង្ក្រាន្ត ព្រមទាំង​ធ្លាប់ធ្វើ​ការងារ​ជា​ប្រព័ន្ធ​ជាមួយ​ក្រុមយុវជន ជាពិសេស​ក្រុមយុវជន​នៅ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

លោក វ៉ា​ត់ ចំរើន ថ្លែងថា​៖ «​ឯកឧត្តម សុខ សប្បាយ​ណា ជា​ជន​គំរូ​ម្នាក់ ដែល​ធ្លាប់​ដឹកនាំ​អ្នកស្ម័គ្រចិត្ត​នេះ អ៊ីចឹង​យើង​សង្ឃឹមថា អ្នកស្ម័គ្រចិត្ត​របស់​យើង នឹងមាន​ចំនួន​គ្រប់​គ្រាន់ និង​មាន​គុណភាព ក្នុងការ​បម្រើសេវា​ដល់​ព្រឹត្តិការណ៍​របស់​យើង​។ កិត្តិយស​ជាតិ កិត្តិយស​របស់​ម្ចាស់ផ្ទះ គឺ​ស្ថិត​លើ​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ហ្នឹង ដែល​គាត់​ផ្តល់នូវស្នាមញញឹម​មុនគេ ក្នុង​ការទទួល​រាក់ទាក់​ភ្ញៀវ​ទាំងអស់ ពេលមកដល់​កម្ពុជា ហើយ​គាត់​ក៏​ជា​អ្នកផ្តល់​ស្នាមញញឹម​ចុងក្រោយ ពេល​ភ្ញៀវ​របស់​យើង​ត្រឡប់​ទៅវិញ​ផងដែរ​»​។​

គណៈកម្មាធិការ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម នឹង​រៀបចំ​ឱ្យ​ពិធី​ដង្ហែ​ក្បូន នៅក្នុង​ពិធី​បិទ​ការប្រកួត ដើម្បីឱ្យ​មហាជន និង​ស៊ី​ហ្គេម​ទាំងមូល អបអរសាទរ​ដល់​ក្រុម​អ្នកស្ម័គ្រចិត្ត ដែល​ពួកគាត់បាន​លះបង់​ពេលវេលា និង​ការងារ ដើម្បី​ធ្វើឱ្យ​មានដំណើរ​ការជោគជ័យ នៅក្នុង​ស៊ី​ហ្គេម​។​

លោក វ៉ា​ត់ ចំរើន ថ្លែងថា​៖ «​អ្នកស្ម័គ្រចិត្ត នឹង​ទទួលបាន​សារ អរគុណ និង​ថ្លែងអំណរគុណ​ពី​ថ្នាក់ដឹកនាំ ហើយ​នេះ​ជា​មហា​កិត្តិយស​ធំ​ណាស់ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស ចូលរួម​ក្នុងការ​បម្រើសេវា​ស៊ី​ហ្គេម​នេះ​ទាំងអស់គ្នា ដោយ​សូម​ទាក់ទង​មក CAMSOC ឬ​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត ក្នុងការ​ចុះឈ្មោះ​ឱ្យបាន​ទាន់ពេលវេលា​»៕