
លោក Keisuke Honda ពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ ប្រកួតជាមួយក្រុម U23 ជប៉ុន កាលពីយប់មិញ។ រូបថត FFC
ភ្នំពេញ៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានអះអាងថា លោកបានដឹង និងមើលឃើញយ៉ាងច្បាស់ពីអ្វីដែលលោក និងក្រុមការងារបច្ចេកទេសរបស់លោក ត្រូវធ្វើការកែប្រែ ទៅលើក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ បន្ទាប់ពីក្រុមត្រៀមស៊ីហ្គេម នៅឆ្នាំ ២០២៣ របស់កម្ពុជាមួយនេះ បានចាញ់ក្រុម U23 ជម្រើសជាតិជប៉ុន ៣-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជា កាលពីយប់ថ្ងៃអង្គារ។
បើទោះបីជា ក្រុម U23 ជប៉ុន ដែលមកប្រកួតជាមួយក្រុម U23 ជម្រើសជាតិកម្ពុជា កាលពីម្សិលមិញនេះ គឺភាគច្រើន ជាកីឡាករលេងនៅសាកលវិទ្យាល័យរបស់ជប៉ុន ប៉ុន្តែតាមរយៈការប្រកួតនេះ បានបង្ហាញថា ពួកគេមានកម្រិតលេងខ្ពស់ជាងក្រុមកម្ពុជា ទាំងការលេងជាក្រុម និងលេងជាលក្ខណបុគ្គល។
ក្រុម U23 ជប៉ុនមួយនេះ បានដាក់សម្ពាធទៅលើក្រុម U23 កម្ពុជា ជាបន្តបន្ទាប់មក ហើយបានបង្កើតឱកាសមាសជាច្រើនលើក ប៉ុន្តែពួកគេរកបានត្រឹម ៣ គ្រាប់ទេ តែសុទ្ធជាគ្រាប់បាល់ពិសេស ដោយក្នុងនោះកីឡាករ Hiiro Komori បានស៊ុតបាល់ធ្លាក់ពីលំហ បញ្ចូលទី នៅនាទីទី ១៣ ហើយគ្រាប់បាល់ទី ២ របស់ FujiiKaito នៅនាទីទី ៣៧ ក៏ស៊ុតបាល់ពីលំហ ធ្លាក់មិនទាន់ដល់ដីដូចគ្នា ចំណែកគ្រាប់បាល់ទី ៣ ជាការតែតបាល់បញ្ចូលទីដ៏ល្អឥតខ្ចេះរបស់ Hayato Mizuno នៅនាទីទី៦៧។

ប្រធានក្រុមរបស់ U23 កម្ពុជា ជួន ចាន់ជាវ បានរារាំងកីឡាករជប៉ុន ពេលប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃអង្គារ។ រូបថត FFC
ចំណែក ១ គ្រាប់របស់កម្ពុជា រកបានដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រ បានសម្រេចរបស់ប្រធានក្រុម ជួន ចាន់ជាវ នៅនាទីទី ២៧ បន្ទាប់ពីកីឡាករជប៉ុន បានយកដៃទៅប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួនឯង ពីការទាត់បាល់ហ្រ្វីឃីករបស់កីឡាករ មិន រតនៈ នោះ ខណៈការប្រកួតនេះ ក្រុម U23 កម្ពុជា មានឱកាសតិចតួចទេ ក្នុងការលេងនៅមុខទីរបស់ក្រុមជប៉ុន និងស៊ុតបាល់ចំគោលដៅតែ ១ ជើងគត់។
ជាមួយគ្នានេះ ប្រធានក្រុម ជួន ចាន់ជាវ បានមើលឃើញថា មិត្តរួមក្រុមរបស់ខ្លួន ហាក់មិនមានទំនុកចិត្តខ្លាំង ក្នុងការប្រកួតប្រជែង ជាមួយក្រុមជប៉ុន នោះទេ។ «ដូចយើងបានឃើញជាក់ស្តែងអ៊ីចឹង គឺក្រុមរបស់គេខ្លាំងជាងយើង គេល្អជាង ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ គឺទំនុកចិត្តខ្លួនឯង កុំអស់សង្ឃឹម តែត្រូវខំហាត់ថែមទៀត»។
ខ្សែការពាររបស់ក្រុមភ្នំពេញក្រោន រូបនេះ បានបន្ថែមថា៖ «ចំណុចខ្វះខាតរបស់យើង គឺទំនុកចិត្ត! ទាល់តែយើងមានទំនុកចិត្ត ទើបយើងហ៊ានលេង។ ទោះបីជាយើងដឹងថា ក្រុមគេខ្លាំង ប៉ុន្តែយើងត្រូវតែហ៊ានលេង ដើម្បីអភិវឌ្ឍខ្លួនឯង ចំណែកក្រុមជប៉ុន លឿន ហើយតាក់ទិកគេល្អ កីឡាករម្នាក់ៗរបស់គេ ល្អជាងយើង អ៊ីចឹងយើងត្រូវរៀនសូត្រពីគេ»។

យ៉ាងណាមិញ លោក Keisuke Honda ដែលបានឈរបញ្ជាក្រុម U23 ជម្រើសជាតិកម្ពុជា ដោយផ្ទាល់នោះ បានមើលឃើញយ៉ាងច្បាស់ពីចំណុចខ្វះខាត ដែលត្រូវកែប្រែបន្ថែម ទៅលើទម្រង់លេងរបស់ក្រុមគោព្រៃជំទង់កម្ពុជា ដើម្បីធ្វើឱ្យក្រុមនេះ មានគុណភាពលេង កាន់តែប្រសើរ ក្នុងការត្រៀមការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។
លោក Keisuke Honda បានសរសេរបង្ហោះ នៅលើផេចហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយការប្រកួតចប់ថា៖ «សូមអរគុណ សម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា ហើយខ្ញុំដឹងច្បាស់ពីអ្វីដែលយើងត្រូវធ្វើ ដើម្បីឱ្យក្រុមរបស់យើង មានភាពប្រសើរជាងនេះ។ ពិតមែនហើយ វាត្រូវការពេលវេលា ដើម្បីសម្រេចកិច្ចការទាំងអស់ហ្នឹង ប៉ុន្តែយើងអាចធ្វើបាន»។
ជាមួយគ្នានេះ លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បាននិយាយ ក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «ដូចដែលអ្នកបានឃើញលទ្ធផល គឺយើងចាញ់ ប៉ុន្តែក្រៅពីលទ្ធផល យើងឃើញភាពវិជ្ជមានមួយចំនួនផងដែរ។ ដំបូងយើងរបូតគ្រាប់បាល់ដោយបាល់រៀបចំ១គ្រាប់ ដោយគេធ្វើបានល្អ តែបន្ទាប់មក យើងក៏បម្លាស់ទីបានល្អ ដូច្នេះ នេះជាបទពិសោធដ៏ល្អ សម្រាប់យើងនាពេលអនាគត»៕