លោក ទៀ បាញ់ ជំរុញ​ឱ្យគ្រប់ផ្នែកមានភាព​ទទួល​ខុសត្រូវ លើការបំពេញ​ការ​ងារ ដើម្បី​ឈាន​ទៅ​សម្រេច​​​គោល​ដៅ​រួមនៅស៊ីហ្គេម ឆ្នាំ​ ២០២៣

Content image - Phnom Penh Post
លោក ទៀ បាញ់ ពេលថ្លែង​នៅក្នុង​កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ៩ ខែ ដើមឆ្នាំ ២០២២ កាលពី​ថ្ងៃទី ២២ ខែកញ្ញា។ រូប​ថត CAMSOC

ភ្នំពេញ៖ លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការពារជាតិ ទៀ បាញ់ ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​​​រៀបចំ​ការប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ​២០២៣ ​បានជំរុញ និងក្រើនរំឭក​ទៅដល់​គណៈកម្មការជំនាញទាំងអស់ ព្រមទាំង​ភាគីពាក់ព័ន្ធ ត្រូវ​តែ​មានភាពទទួល​ខុស​ត្រូវទាំង​ទៅ​លើការ​​បំពេញការងារ និង​ការចំណាយ ដើម្បីធានា​បាន​នៅ​សុក្រឹតភាព និងគុណ​ភាព​ការងារ ក្នុង​ការ​ឈាន​ទៅទទួលបានជោគ​ជ័យ​រួម ក្នុងពេលកម្ពុជា ត្រូវ​ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិ​សាស្រ្ត លើក​​ដំបូង នៅ​ឆ្នាំ​ ២០២៣។

នៅក្នុង​កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ៩ ខែ ដើមឆ្ នាំ២០២២ និង​ទិស​ដៅ​យុទ្ធសាស្រ្ដ​សំខាន់ៗ ​​អនុវត្តបន្ដ នៅទីស្ដីការក្រសួងការពារជាតិ កាលពី​ព្រឹក​ថ្ងៃទី​ ២២ ខែកញ្ញា​នេះ លោក ទៀ បាញ់ បានស្តាប់ និងពិនិត្យមើល​យ៉ាង​ល្អិតល្អន់ ទៅលើរបាយការណ៍​របស់គណៈកម្មការ​ជំនាញ​​នីមួយៗ ដែលបានលើក​ឡើង​ មុនពេលលោកធ្វើការវាយ​តម្លៃជារួម និង​​ផ្តល់​អនុសាសន៍​​ណែនាំ​បន្ថែម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ផ្តល់ខ្លឹមសាររួមដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយក្រោយ​​កិច្ច​ប្រជុំ​ថា៖ ​«សម្តេច​ពិជ័យសេនា ទៀ បាញ់ ជាប្រធាន CAMSOC បានដឹកនាំ​កិច្ច​ប្រជុំ​ប្រកប​ដោយជោគជ័យ និងរលូន ហើយធានា​បាន​នៅ​សុវត្ថិភាព ក្នុងការ​ដឹកនាំ​ និងគ្រប់​គ្រង ឆ្ពោះទៅ​រៀបចំការ​ធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​ ២០២៣»។

នៅក្នុងកិច្ច​ប្រជុំនោះ គណៈកម្មការបាន​វាយ​តម្លៃ​ខ្ពស់ ទៅ​លើវឌ្ឍនភាព​ការងារមួយចំនួន​ធំ ប៉ុន្តែ​ក៏​នៅ​​មាន​បញ្ហាប្រឈម​មួយ​ចំនួន​ និងការ​ងារ ដែលត្រូវ​ធ្វើបន្ត​ផងដែរ​ ហើយ​ក្នុង​នោះ​លោក ទៀ បាញ់ បានធ្វើការណែនាំ​នូវ​អនុសាសន៍​ធំៗមួយចំនួន ដែល​តម្រូវ​ឱ្យគណៈកម្មការ​ទាំងអស់ និងភាគីពាក់ព័ន្ធ ​ត្រូវបំពេញការងារ ដោយ​ឈរ​លើភាពត្រឹម​ត្រូវ និង​ត្រូវទទួលខុស​ត្រូវ នៅអ្វី​ដែល​ខ្លួន​បានធ្វើ។

Content image - Phnom Penh Post

លោក វ៉ាត់ ចំរើន បានបន្ថែម​ថា៖ «​សម្តេចពិន័យសេនា ​បានឱ្យរាជធានី-ខេត្ត ដែលជា​រដ្ឋបាល​ដែន​ដី ទទួលបន្ទុក​​ការងារគាំ​ទ្រ​ដល់ស៊ីហ្គេម​នេះ ត្រូវ​រៀបចំជាក់លាក់ ពីការ​ទទួលខុស​ត្រូវ​​រៀងៗ​​ខ្លួន និងរៀបចំអ្នក​ទទួល​ខុស​ត្រូវជា​អភិបាល​រងម្នាក់ ដើម្បី​ធ្វើ​ការ​ជាមួយ CAMSOC ដើម្បី​ឱ្យ​មាន​ភាពច្បាស់លាស់ ហើយទទួលបាននូវ​ការ​ទទួលខុស​ត្រូវ និង​បំពេញតាមការ​ងារ ភារកិច្ច​ ដែល CAMSOC បាន​បំផុស​​ឱ្យ​​មាន​យុទ្ធនាការ​ជាតិ​ទូទាំងប្រទេស​ហ្នឹង»។

ទន្ទឹមនឹងនេះ លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការពារជាតិ ទៀ បាញ់ ក៏​​បាន​សង្កត់ធ្ងន់​ ទៅលើការ​ងារ ដែលត្រូវ​ប្រមូល​ផ្តុំកម្លាំង មក​ធ្វើការ​ងារ​នៅក្នុង ​«មជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​បញ្ជាការ​​រួម» ផងដែរ ដែល​មជ្ឈមណ្ឌលនេះ នឹងបើកឱ្យ​ដំណើរ​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​ ២០២២​ នេះ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ផ្ទាល់តែ​ម្តង។

អ្នកជំនាញ​កីឡា លោក វ៉ាត់ ចំរើន បាន​​បញ្ជាក់ថា៖​ «យើងដឹង​ហើយថា CAMSOC បានប្រមូល​កម្លាំងមកពី​គ្រប់ក្រសួង ស្ថាប័នទាំងអស់ ឱ្យមក​ចូល​រួម​ធ្វើការជាមួយគ្នា អ៊ីចឹង​​សម្រាប់​​អ្នក​ដែលបានទទួលសិទ្ធិ​ចាត់តាំងពីក្រសួង និងស្ថាប័ន​របស់ខ្លួន គឺសម្តេចពិជ័យសេនា ឱ្យ​អ្នកទាំងអស់នោះ មក​ធ្វើ​ការជាមួយ​គ្នា អនុវត្តជាមួយគ្នា សម្រេចជាមួយគ្នា ក្នុង​រយៈពេល​ ៧ ទៅ​ ៨ ខែ​ហ្នឹង ​ហើយនេះជា​ប្រសិទ្ធភាព ធានា​បាន​នៅ​ការ​ដឹកនាំ​ គ្រប់គ្រងព្រឹត្តិការណ៍​ជាប្រវត្តិ​សាស្រ្តនេះ​ឱ្យ​ទទួលបាន​ជោគ​ជ័យ»​។

ចំណុចសំខាន់ ១​ ទៀតលោក ទៀ បាញ់ បានកំណត់​​ឱ្យ​​រៀបចំឱ្យ​បាន​​ច្បាស់លាស់​ ទៅលើការ​ងារ​ថវិកា​ ការចំណាយ ចំណូល​ និងការងារ​រៀបចំឱ្យមាន​នៅការចំណាយ ចំណូល និងការស្នើ​សុំ​​របស់គណៈកម្មការជំនាញនីមួយៗ គឺ​​គ្រប់​ការ​ចំណាយ​ទាំង​អស់ ត្រូវ​មាន​កិច្ច​សន្យា។

ទាក់ទងនឹង​បញ្ហានេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ ​«កិច្ចសន្យា​ ជាគោល​​ការណ៍​ធានា​បាន​នូវ​តម្លា​ភាព គណនេយ្យភាព និងសុក្រឹតភាព ក្នុងការចាយ​វាយ​ថវិកា​របស់​រដ្ឋ និង​​ការងារ​របស់ CAMSOC អ៊ីចឹងគម្រោងចំណាយទាំងអស់ ត្រូវតែមានការ​ផ្ទៀងផ្ទាត់​នូវ​​តម្លៃ និងគុណ​ភាព​នៃ​ការងារ​ និង​ផ្ទៀងផ្ទាត់នៃ​រយៈពេលប្រើប្រាស់ ដោយសម្តេច​សង្កត់ធ្ងន់ថា ​រាល់​គម្រោង​ទាំងអស់ ទាល់តែ​មានប្រភព​ច្បាស់លាស់​ និងការ​ផ្ទៀង​ផ្ទាត់ច្បាស់លាស់ ទើប​អាច​ចាយ​បាន​ ប៉ុន្តែការជំរុញខាង​ផ្នែកថវិកា និង​ការ​​ធានា​បាននៅ​ថវិកា​គ្រប់​គ្រាន់ ​នៅតែ​មានការ​​ជំរុញ»៕

ព័ត៌មានថ្មីៗ