ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អា​រ៉ា​ប៊ី​ សាអ៊ូឌីត បាន​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលមួយក្នុង​ចំណោមការ​ភ្ញាក់​ផ្អើល​ដ៏ធំបំផុត​ក្នុង​ប្រវត្តិសាស្ត្រនៃព្រឹត្តិ​ការណ៍ World Cup កាលពីថ្ងៃ​អង្គារ តាមរយៈ​ការ​ផ្តួលក្រុម​ជើ​ង​ខ្លាំង​​អាហ្សង់ទីន របស់ Lionel Messi ក្នុងលទ្ធ​ផល ២-១ ប៉ុន្តែ ក្រុម​​ជម្រើស​ជាតិ​បារាំង​ បាន​ផ្តើមការ​ការ​ពារ​ពាន​របស់​ខ្លួន​ទាំង​ការជឿជាក់​។


អាហ្សង់ទីន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កាតា ជាមួយនឹង​កំណត់​ត្រា​មិនស្គាល់​ចាញ់​សោះ​ចំនួន​ ​៣៦​ ប្រកួត​ជាប់​ៗ​គ្នា និង​ទំនង​ដូច​ជា​ស្ថិតលើផ្លូវ​ឆ្ពោះទៅកាន់​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​ងាយ​ទៅហើយ ក្រោយពី​ Messi បាន​​រក​បានគ្រាប់​បាល់​បើកឆាក​នៅនាទីទី​១០ តាមរយៈការ​ស៊ុត​បាល់ប៉េណាល់ទី​។


ក្រុម​ម្ចាស់​ជើង​ឯក​ Copa America របស់​លោក Lionel Scaloni ​ស្ទើរ​តែ​បាន​​ធ្វើ​ឲ្យ​អា​រ៉ាប៊ី ​សា​អ៊ូឌីត អស់​សមត្ថភាព​ក្នុងការវាយ​បកវិញ​​នៅ​ត្រឹមតង់ទី​១ ទៅហើយ ប៉ុន្តែ ​ការ​បន្ថែម​គ្រាប់​បាល់បញ្ចូល​ទី​៣​ គ្រាប់​ទៀត​​របស់​ពួក​គេ ត្រូវ​បាន​ចាត់​ទុក​ថា ជា​បាល់ Offside​។


អា​រ៉ា​ប៊ី ​សា​អ៊ូឌីត ដែលមាន​ចំណាត់ថ្នាក់​​លេខ​រៀង​ទី​៥១ ក្នុង​ពិភព​លោកនោះ បាន​តាមស្មើ​វិញ​នៅ​នាទី ទី​៤៨ នៅមុន​ពេល​បំពេញការ​វាយ​បក​វិញនៅ​នាទី ទី​៥៣ ដើម្បី​បំបិទ​មាត់​ក្រុម​អ្នក​គាំទ្រ​របស់​អាហ្សង់ទីន​​តែម្តង​។


ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Olivier Giroud អប​អរ​ជាមួយនឹង​មិត្ត​រួមក្រុម ក្រោយពី​បាន​ស៊ុត​បាល់បញ្ចូល​ទី​​អំឡុង​ការ​ប្រកួត World Cup ឆ្នាំ​២០២២ រវាង​បារាំង និង​អូស្ត្រាលី​។ AFP


ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​បាន​​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែកពូល ក្នុង​ឆ្នាំ​ ២០០២ នោះ នឹង​ធ្លាក់​ចេញ​យ៉ាង​ឆាប់​រហ័ស នៅ​ត្រឹម​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍នេះ ប្រសិន​បើ​ពួក​គេ​រ​ងបរា​ជ័យក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ម៉ិ​កស៊ិក​។

Messi ដែលមិនធ្លាប់​ឈ្នះពាន World Cup សោះ បាននិយាយ​ថា៖ «វា​ជា​លទ្ធផល​ដ៏​ខកចិត្ត​មួយ និង​ជា​ការ​ចាញ់​ដែលផ្តល់​នូវ​ការ​ឈឺ​ចាប់ ប៉ុន្តែយើង​ត្រូវ​តែ​បន្ត​​មានការ​ជឿជាក់​លើ​ខ្លួន​យើង​»​។

ស្រប​ពេល​ជាមួយ​គ្នានេះ ខ្សែ​ប្រុយុទ្ធ Olivier Giroud បាន​ចូលរួម​ជាមួយ​នឹងអតីត​វីរ​បុរស Thierry Henry ក្នុងនាម​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​របស់​បារាំង ក្រោយពី​បាន​ស៊ុត​បាល់បញ្ចូល​ទី​ ២ ​គ្រាប់ ក្នុង​ពេល​ដែលក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​របស់​​គេ​បាន​​វាយ​បក​ ដើម្បីផ្តួលក្រុមជម្រើស​ជាតិ​អូស្ត្រាលី ក្នុងលទ្ធ​ផល ៤-១ និង​​ធ្វើ​ឲ្យ​ការ​ការ​ពារ​ពាន World Cup របស់​ពួកគេ​ចាប់​ផ្តើម​ទាំង​ការ​ជឿជាក់ កាលពីថ្ងៃអង្គារ​៕ AFP