ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​ ៣ និង​កីឡា​ជនពិការ​លើក​ទី​ ១ ឆ្នាំនេះ​​ថា​ជា​ពេល​ដ៏សំខាន់​ក្នុង​ការកសាង​នូវ​សមត្ថភាព ទេពកោសល្យ និង​ជំនាញ​វិជ្ជាជីវៈ​របស់​កីឡាករ កីឡាការិនី សម្រាប់​ត្រៀម​ទៅ​ប្រជែង​រក​មេដាយ​ជូន​ជាតិ​ក្នុងការ​ប្រកួត​កីឡា​ស៊ីហ្គេម​​លើក​ទី​ ៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​ ១២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើកដំបូង​។


នៅក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ​កាលពី​ព្រលប់​ថ្ងៃទី ​២១ ខែវិច្ឆិកា លោក ហ៊ុន សែន បាន​កោតសរសើរ​ចំពោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ (NOCC) ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ចំពោះ​កិច្ចសហការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​ ៣ និង​កីឡា​ជនពិការ​ជាតិ​លើក​ទី​ ១​ នេះ ដែល​ការប្រកួត​បានចាប់ផ្តើម​ពីថ្ងៃ​ទី ​១៩ និង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​។


ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​ ៣ ​នេះ​ជាការ​រៀបចំ​សាកល្បង​ដូចគ្នា​ទៅនឹង​ការរៀបចំ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ​ ២០២៣​ ដែរ​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​សន្ដិសុខ សណ្ដាប់ធ្នាប់​ល្អ ហើយ​ព្រឹត្តិការណ៍​នេះ ក៏​ជា​ពេលវេលា​ដែល​ក្រុម​អត្តពលិក និង​មន្ត្រី​បច្ចេកទេស​បាន​ដុសខាត់​ជំនាញ​របស់ខ្លួន​ឱ្យបាន​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​ ២០២៣ ផងដែរ​។


លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​ការប្រកួត​កីឡា​ជាតិ​នេះ មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​កីឡា​ជាតិ​មួយ​យ៉ាង​សំខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​បន្ត​កសាង​សមត្ថភាព ទេពកោសល្យ និង​ជំនាញ​វិជ្ជាជីវៈ​របស់​កីឡាករ កីឡាការិនី​កម្ពុជា​ដើម្បី​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​​ឆ្នាំ​ ២០២៣»​។ លោក​ថា គិត​ត្រឹម​ថ្ងៃទី​ ២១ ខែវិច្ឆិកា នៅសល់តែ​ ១៦៧ ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​នេះ​ជា​កិត្តិយស​ជា​ប្រវត្តិសាស្ត្រ​មួយទៀត ក្នុង​វិស័យ​កីឡា​ដែល​កម្ពុជា​រង់ចាំ​ធ្វើជា​ម្ចាស់ផ្ទះ​អស់​រយៈពេល​ ៦៤ ​ឆ្នាំ​មកហើយ​។


ជាមួយ​គ្នា​នោះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា វិស័យ​កីឡា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកសាង​ទំនាក់​ទំនង ការពង្រឹង​សាមគ្គីភាព និង​មិត្តភាព​ដែល​​ព្រឹត្តិការណ៍​នេះ​រួមចំណែក​ដល់​ការបង្កើន​មូលធនសង្គម និង​ការសម្រេច​បាន​សុខដុម​នីយកម្ម​ក្នុង​សង្គមជាតិ​។


ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា​៖ «​កីឡា​រួម​ចំណែក​ដល់​ការពង្រឹង​រាងកាយ​ឱ្យមាន​ភាពរឹងមាំ និង​លើកកម្ពស់​សុខភាព​ល្អ​ដែលជា​ទ្រព្យសម្បត្តិ​ដ៏​ប្រពៃ និង​ជា​កត្តា​កំណត់​ដ៏​សំខាន់​នៃ​ផលិតភាព ពលកម្ម និង​ការកសាង​មូលធន​មនុស្ស​សម្រាប់​ដំណើរការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច និង​សង្គមជាតិ ប្រកប​ដោយ​ភាពធន់ និង​ចីរភាព​»​។

ទន្ទឹមនឹងនោះ លោក ហ៊ុន សែន បាន​កោតសរសើរ និង​អបអរសាទរ​ចំពោះ​កីឡាករ​កីឡាការិនី​ជនពិការ​កម្ពុជា​ទាំងអស់ ដែល​បាន​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​ឥណ្ឌូនេស៊ី​ដោយ​ទទួល​ជោគជ័យ​គួរ​ជា​ទីមោទនៈ​។ ជាមួយ​គ្នានេះ លោក​បាន​លើកទឹកចិត្ត​ឱ្យ​អត្តពលិក​ជនពិការ​កម្ពុជា​ខំប្រឹង​បន្ថែម​​ទៀត ដើម្បី​យកឈ្នះ​លើ​ពិការភាព​របស់ខ្លួន​។

«​ខ្ញុំ​សូម​យក​ឱកាស​នេះ​លើកទឹកចិត្ត​ចំពោះ​ក្មួយៗ ចៅៗ​កីឡាករ កីឡាការិនី​មាន​ពិការភាព ដែល​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ជនពិការ​ជាតិ​លើក​ទី​ ១ ​ក្នុង​ឆ្នាំ​​នេះ​។​ សូម​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​សមត្ថភាព​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត និង​មាន​ភាពស្វាហាប់​ពោរពេញ​ដោយ​កម្លាំងចិត្ត​ខ្លាំងក្លា​ ដើម្បី​យកឈ្នះ​លើ​ពិការភាព​របស់​ក្មួយៗ​ចៅៗ​សំដៅ​បង្ហាញ​​នូវ​ការពិត​ដែលថា ពិការភាព​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​»​។

ទិដ្ឋភាព​នៃ​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​។ រូប រ៉ាហ៊ីម

ចំណែក​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​ ៣ និង​កីឡា​ជនពិការ​ជាតិ​លើក​ទី​ ១ ​ឆ្នាំ​ ២០២២ ​នេះ​បានចាត់ទុក​ព្រឹត្តិការណ៍​នេះ​​ជាការ​ផ្តល់ឱកាស​ឱ្យ​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​មកពី​សហព័ន្ធ​កីឡា​ជាតិ​ទាំង​ ៣៨ បាន​ដុសខាត់​នូវ​ចំណេះជំនាញ​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ទៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ​។

លោក​ថា​៖ «​ការប្រកួត​កីឡាជាតិ​នេះ​...​ធ្វើឡើង​នៅ​រាជធានី​-​ភ្នំពេញ ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្ត​សៀមរាប​លើ​ប្រភេទ​កីឡា​ចំនួន​ ៣៨ ​ហើយ​គោលបំណង​គឺ​អភិវឌ្ឍ​សមត្ថភាព បច្ចេកទេស ផ្ដល់ឱកាស​ឱ្យ​កីឡាករ​កីឡាការិនី​បាន​ចូលរួម​ប្រកួត​ដើម្បី​វាស់​ស្ទង់​គុណ​ផលគុណភាព​កីឡា​ព្រមទាំង​ផ្ដល់ឱកាស​ឱ្យ​គណៈកម្មការ​រៀបចំ​ការប្រកួត​បានរៀបចំ​ក្រេប​យក​បទពិសោធន៍​ដើម្បី​ជា​ការ​ត្រៀមខ្លួន​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០២៣»​។

ដោយឡែក​លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​បានចាត់ទុក NOCC ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ​ជា «​សសរស្តម្ភ​ទាំង​​ ៣»​ ដែល​បាន​សហការគ្នា​រៀបចំ​ការប្រកួត​ព្រឹត្តិការណ៍​នេះ​ទៅតាម​​និយាម​ស្តង់ដា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​ដើម្បី​ផ្តល់​បទពិសោធន៍​ល្អៗ​ក្នុង​ការដឹកនាំ​គ្រប់គ្រង​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់​​ផ្ទះ​ស៊ីហ្គេម​អាស៊ាន​ប៉ារ៉ា​ហ្គេម​ ២០២៣ ​។

លោក​បាន​បន្ថែមថា សសរស្តម្ភ​ទាំង​ ៣ ​គឺ​ទី​ ១ ការរៀបចំ​បច្ចេកទេស​កីឡា ទី ​២ ​ការរៀបចំ​បដិសណ្ឋារកិច្ច​ប្រតិភូ​កីឡា​ជាមួយ​នឹង​ការដឹកជញ្ជូន ហូបចុក​ស្នាក់នៅ សន្តិសុខ​សណ្តាប់ធ្នាប់ សុខាភិបាល និង​ពិធីការ​កីឡា និង​ទី​ ៣ ​ពិធី​បើក​បិទ និង​ពិធី​កីឡា​ផ្សេងៗ​ទៀត​។

លោក​ ថោង ខុន បានបញ្ជាក់​​ថា​៖ «​សសរស្តម្ភ​ធំៗ​ទាំង​ ៣ ​ខាង​​លើ​នេះ​បានរៀបចំ​ប្រកប​ដោយ​ស្តង់ដា​នូវ​ជំនាញ​វិជ្ជាជីវៈ​កីឡា​ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដោយ​ប្រទាក់ក្រឡា​គ្នា​បានល្អ​នោះ​​នឹង​ការជំរុញ​ឱ្យ​ទិវា​កីឡា​ក្លាយជា​បុណ្យ​កីឡា​ដ៏អធិកអធម​»​។

ជាមួយ​គ្នានេះ​លោក​បាន​អះអាងថា NOCC ​បាន​ត្រៀម​គ្រប់​លក្ខណសម្បត្តិ​ចូលរួម​សហការ​ ដើម្បី​អភិវឌ្ឍ​កីឡា​ជាតិ និង​ចលនា​អូឡាំពិក​កម្ពុជា​ឱ្យ​ឆ្ពោះទៅរក​ស្តង់ដា​កីឡា​អន្តរជាតិ​ដែល​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ Fair Play គោលការណ៍​កីឡា​ស្អាតស្អំ និង​កីឡា​បៃតង ព្រមទាំង​ក្រមសីលធម៌​វិជ្ជាជីវៈ​កីឡា​។

បើតាម​លោក​ ថោង ខុន កីឡា​គឺ​​ជា​ភាសា​សកល​តែមួយ​ «Sport is a Universal language»​ ដែល​អាចជា​មធ្យោបាយ​មួយ​​រួមចំណែក​ដល់​ការកសាង​ពិភព​លោក​មួយ​ល្អប្រសើរ​បាន​ «Sport Build a Better World» ហើយ​មាន​សន្តិភាព​ទើប​កីឡា​អាចមាន​ការអភិវឌ្ឍ និង​មាន​និរន្តរភាព​។

ទាក់ទិន​នឹង​សន្ដិភាព លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​កីឡា​ឬអ្វី​ផ្សេងទៀត​ក៏ដោយ មិនអាច​រស់នៅ​ដោយ​គ្មាន​សន្តិភាព​នោះទេ​។ កីឡា​ក្តី ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ក្តី លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ដំណើរការ​ដទៃទៀត​មិនអាច​រស់​ដោយ​គ្មាន​សន្តិភាព​នោះទេ​...»​។

ជាមួយ​គ្នា​នោះ លោក​នាយករដ្ឋមន្ត្រី​បានផ្តល់​ទស្សនៈ និង​ចំណុច​គន្លឹះ​សំខាន់ៗ​ដើម្បីឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ត្រៀមខ្លួន​បាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម នៅ​ឆ្នាំ​ ២០២៣ ឱ្យ​ទទួលបាន​ជោគជ័យ​ជា​កិត្តិយស និង​មុខមាត់​សម្រាប់​ប្រទេសជាតិ​។

លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ផ្តល់​ទស្សនៈ និង​ចំណុច​គន្លឹះ​ដូចខាងក្រោម ទី​ ១ ខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​ក្មួយៗ​កីឡាករ កីឡាការិនី​ទាំងអស់ សូម​គោរព​តាម​បទបញ្ជា​នៃ​ការប្រកួត​កីឡា​ជាប្រចាំ ដើម្បី​លើកកម្ពស់​យុត្តិធម៌​ក្នុងការ​ប្រកួត​សេចក្តី​ថ្លៃថ្នូរ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​​ការប្រកួត ពីព្រោះ​ថា កីឡា​មាន​ស្តង់ដា បទបញ្ជា​ត្រឹម​ត្រូវ​តែ​ ១ ដែល​ផ្ទុយទៅនឹង​ការប្រកួតប្រជែង​ក្នុង​ផ្នែក​នយោបាយ​»​។

ចំណុច​ទី​ ២ លោក​បាន​អំពាវនាវ​ឱ្យ​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​រួមចំណែក​ដល់​យុទ្ធនាការ​ជាតិ​ស្ដីពី ​«​ប្រជាជន​ម្នាក់​ត្រូវ​លេង​កីឡា​ ១ ​មុខ​យ៉ាងតិច​ប្រចាំជីវិត​» «​ឆ្នាំ​ ២០២៣ ​ជា​ឆ្នាំ​ទស្សនា​កម្ពុជា​» «​រួមគ្នា​ដើម្បី​កម្ពុជា​ស្អាត និង​បដិសណ្ឋារកិច្ច​ល្អ​» «​នាំគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​​ចរាចរណ៍ និង​ឥទ្ធិពល​គ្រឿងញៀន​» និង​«​កីឡា​រស់នៅក្នុង​សន្តិភាព​»​។

ចំណុច​ទី​ ៣ លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​អប់រំ​បង្កើន​ការធ្វើ​ពិពិធកម្ម​សកម្មភាព​កីឡា​ឱ្យ​កាន់តែច្រើន​ដើម្បី​បង្កើន​ការលើកកម្ពស់​វិស័យ​កីឡា​កម្ពុជា​​ និង​បង្កើន​ការផ្សារភ្ជាប់​វិស័យ​កីឡា​ទៅនឹង​ការងារ​សង្គម ការដោះស្រាយ​បញ្ហា​សង្គម និង​ការលើក​កម្ពស់​សកម្មភាព​សេដ្ឋកិច្ច ដោយ​ហេតុថា កីឡា​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ទេសចរណ៍​បៃតង និង​ទទួលស្គាល់​ថា ជាការទូត​ដ៏មាន​ប្រសិទ្ធភាព​ ដើម្បី​រួមចំណែក​ដល់​ការកសាង​មិត្តភាព សាមគ្គីភាព សុខសន្តិភាព និង​សុខដុមនីយកម្ម​ក្នុង​សង្គមជាតិ​។

លោក​បាន​បញ្ជាក់ថា​៖ «​រីឯ​ទី​ ៤ ​គឺ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ​ ២០២៣​ ត្រូវ​បង្កើន​កិច្ចសហការ​បណ្ដុះបណ្ដាល និង​ការអភិវឌ្ឍ​កម្រិត​បច្ចេកទេស​កីឡា​ដល់​អត្តពលិក​កម្ពុជា​ឱ្យបាន​​ដល់​កម្រិត​ខ្ពស់​ដែល​អាច​ធ្វើទៅ​​បាន​ដើម្បីឱ្យ​អត្តពលិក​កម្ពុជា​អាច​ចូលរួម​កាន់តែ​ទូលំទូលាយ​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ​ ២០២៣ និង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ជា​អន្តរជាតិ​នានា​នៅ​ថ្ងៃ​អនាគត​»៕