ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡាវ៉ូវីណាម​កម្ពុជា លោក អ៊ូ រតនា ​បាន​ប្រាប់ទៅ​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ ដែល​ទើប​បានបញ្ចប់​ការ​ប្រកួត នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៣ ឆ្នាំ​ ២០២២ ឱ្យ​ព្យាយាម​ពង្រឹង​ចំណុច​ខ្វះ​ខាត​រ​បស់​ខ្លួន​ គឺ​​ធ្វើ​យ៉ាងណា​ឱ្យ​​មានសមត្ថ​ភាព​គ្រប់​គ្រាន់ ដើម្បី​​ប្រជែង​យក​មេដាយមាស​ចំនួន​៩ពីការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ទៅ​តាម​អ្វី​ដែល​សហព័ន្ធ​ បាន​សន្យាជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា តាម​រយៈការ​ដាក់​សម្ទុះ​មេដាយ​មាស​របស់​គណៈ​កម្មាធិការ​ជាតិ CAMSOC។


លោក អ៊ូ រតនា បានឱ្យ​ដឹង​ថា សារៈសំខាន់នៃ​ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣ នេះ គឺ​បាន​​បង្កើន​នៅសមត្ថ​ភាព​កីឡាករ កីឡាការិនី អាជ្ញា​កណ្តាល​ចៅក្រម​ និងមន្រ្តី​បច្ចេក​ទេសកីឡាវ៉ូវីណាម​កម្ពុជា ដើម្បី​ត្រៀម​ការ​ប្រកួត​សំខាន់ៗ នា​ពេល​ខាងមុខ ជា​ពិសេស​ធ្វើ​ជាស្ពាន សម្រាប់ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ ដែល​យើង​ធ្វើជាម្ចាស់​ផ្ទះ នៅ​ក្នុង​ខែមីនា ឆ្នាំ ​២០២៣ និង​សម្រាប់​ចូល​រួមការ​ប្រកួត​ស៊ីហ្គេម ដែល​ធ្វើ​នៅ​ខែឧសភា ឆ្នាំ​ ២០២៣។


នៅក្នុងពិធីបិទ​ការ​ប្រកួត​កីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៣ នៅ​ពហុកីឡដ្ឋានជាតិ កាល​ពី​ល្ងាច​ថ្ងៃទី​ ២២ ខែវិច្ឆិកា​ លោក អ៊ូ រតនា បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់ ទៅលើ​ការ​ខិតខំប្រឹង​ប្រែង​របស់​មន្រ្តីបច្ចេក​ទេស ជាពិសេស​កីឡាករ កីឡា​ការិនី ដែល​បាន​ប្រឹង​ប្រែង និង​យក​ចិត្ត​ទុក​ដាក់​ប្រកួត​ប្រជែង​គ្នា ដើម្បី​ទទួលបាន​លទ្ធផល​ជារួម​ដ៏​ល្អ​មួយ ប៉ុន្តែ​លោក​បានមើល​ឃើញ​ថា ក្រុម​ជម្រើស​ជាតិ នៅមានចំណុចខ្វះខាត ដែល​ត្រូវ​ធ្វើការ​ពង្រឹង​បន្ថែម។


លោក​បាន​ថ្លែង​ថា៖ «តាម​រយៈការ​ប្រកួត ​៤ ថ្ងៃ​មក​នេះ ឃើញ​ថា យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ប៉ុន្តែ​​ខ្ញុំក៏​នៅតែ​សង្កេត​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន ជាពិសេស​កីឡាករ កីឡាការិនី​ជម្រើសជាតិ ដែល​ត្រូវតែ​ពង្រឹង​បន្ថែមនូវ​កម្លាំង និងបច្ចេក​ទេស។ ជាក់​ស្តែង​វិញ្ញាសា​ប្រយុទ្ធបើ​យើង​ដឹង​ថា យើងត្រូវ​ប្រកួត​លើ​ប្រភេទគីឡូ​ណាហើយ សូម​ត្រៀមខ្លួនឱ្យ​បាន​ត្រឹម​ត្រូវ យើង​មិនត្រូវ​ការ​អត្តពលិកម្នាក់ ដែល​ដល់ប្រកួត ទើប​ចាប់​ផ្តើម​សម្រក់​ទម្ងន់នោះ​ទេ ព្រោះវាធ្វើ​ឱ្យ​បាក់​កម្លាំង ដូច្នេះ​នៅពេល​​ប្រកួត យើង​អាច​ចាញ់​គូប្រកួត ទោះបីជា​យើង​មានបច្ចេក​ទេស​ល្អ​ក៏​ដោយ»។


ជាមួយ​គ្នា​នោះ លោក អ៊ូ រតនា បាន​ប្រាប់​ទៅ​កីឡាករ កីឡា​ការិនី​ មិនមែន​ជាជម្រើស​ជាតិ សូមកុំ​ទាន់​អស់​សង្ឃឹម។ ផ្ទុយ​ទៅ​វិញ​ពួកគេ ត្រូវ​ព្យាយាមពង្រឹងសមត្ថ​ភាពថែម​ទៀត ដើម្បី​ប្រជែង​យកកៅអី​ជម្រើស​ជាតិ​នេះ ដោយ​លោក​បាន​អះអាង​ថា រៀម​ច្បង​របស់​យើង ជា​​ជម្រើស​ជាតិ ក៏នឹងត្រូវ​ធ្វើការ​ផ្លាស់ប្តូរ ហើយដាក់ប្អូនៗ ដែលមាន​សមត្ថភាព​ល្អៗ​ចូល​ជំនួស​​ផង​ដែរ បើ​សិនជា​គណៈ​កម្មការ​បច្ចេក​ទេស ជាពិសេស​លោកគ្រូ អ្នក​គ្រូ មើល​ឃើញ​ថា អ្នក​នោះ​មាន​សមត្ថភាព​ធ្លាក់ចុះ និង​ធ្វើ​មិន​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នានា។


លោក រតនា បាន​បញ្ជាក់​ថា៖ «ទោះអ្នក​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ក៏ដោយ ប៉ុន្តែ​បើ​ប្អូន​ធ្វើ​មិន​ល្អ សហព័ន្ធ នឹង​ធ្វើ​ការ​ប្រជុំជាមួយ​គ្រូ និង​គណៈកម្មការ​បច្ចេក​ទេស ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរ។ អាហ្នឹង ​ខ្ញុំសូម​បញ្ជាក់ និងប្រាប់ទុក​ជាមុន ហេតុ​នេះ​យើង​ត្រូវតែ​ប្រឹង​ទាំង​អស់​គ្នា ព្រោះ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅសល់​ពេល​ជាង ១០០ ថ្ងៃ​ទៀត​ទេ»។

បន្ថែម​លើ​នេះ លោក រតនា ក៏បាន​ក្រើនរំឭក​ទៅ​ដល់​អ្នក​ឈ្នះ​មេដាយ​មាស ប្រាក់ និងសំរឹទ្ធ ពីការ​ប្រកួត​កីឡាជាតិ​នេះ ជាពិសេស​អ្នក​ឈ្នះមេដាយ​មាស លើ​ប្រភេទ​កីឡាវ៉ូវីណាម នៅ​ក្នុង​ព្រឹត្តិ​ការណ៍ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​ ២០២១ នៅ​ប្រទេស​វៀតណាម កាលពី​ខែឧសភា​ ឆ្នាំ​ ២០២២​ សូមកុំ​មានអំនួត​ទៅនឹង​ជ័យជម្នះ​នោះ ហើយ​ភ្លេច​ពង្រឹង​សមត្ថភាព​បន្ថែម នាំ​ឱ្យ​ពួកគេ ជួបការ​បរាជ័យ​វិញ សម្រាប់ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ នៅលើ​ទឹក​ដីខ្លួន​ឯង នាំ​ឱ្យ​សហព័ន្ធ​កីឡាវ៉ូវី​ណាម​កម្ពុជា មិន​អាច​សម្រេចគោល​ដៅ ក្នុងការ​ដណ្តើម​បាន​មេដាយ​មាស​ចំនួន ៩​ ទៅ​តាម​ការ​ដាក់សម្ទុះ​របស់ CAMSOC។

លោក​បាន​សង្កត់ធ្ងន់​ថា៖ «សូម​កុំ​រំភើប​នឹ​ងជ័យ​ជម្នះរហូត​ភ្លេច​ខ្លួន ធ្វើឱ្យ​ខ្លួនឯង​បរា​ជ័យ​វិញ អ៊ីចឹង​អ្វី​ដែលប្អូនៗ​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ថ្ងៃនេះ និង​ទទួល​ជ័យជម្នះ​ពី​ស៊ីហ្គេម​នៅវៀត​ណាម គឺ​ត្រូវតែ​ខំប្រឹង​បន្ថែម​ទៀត ចំណែក​ការ​ហ្វឹក​ហាត់ ត្រូវ​តែមានការបង្កើន ដើម្បី​យើង​ទាមទារ​យក​មេដាយ​មាស​ជូនជាតិឱ្យ​បាន នៅ​ឆ្នាំ​ ២០២៣ ព្រោះ​​ក្នុង​នាម​ជាសហព័ន្ធ​និង​គណៈ​កម្មាធិការ​ប្រតិបត្តិ​ទាំង​អស់គឺ​យើង​សន្យា​ជាមួយ​រាជ​រដ្ឋាភិ​បាល​ថា យើង​​យក​មេដា​យមាស​ចំនួន​៩​ឱ្យបាន ដើម្បី​មុខ​មាត់​ជាតិ​មាតុភូមិ​យើង​»។

សម្រាប់​ព្រឹត្តិ​ការណ៍​កីឡាជាតិ​លើក​ទី៣ ឆ្នាំ​ ២០២៣ ​នេះ ប្រភេទ​កីឡាវ៉ូ​វីណាម​កម្ពុជា មានការ​ប្រកួត​ប្រជែង នៅលើ​វិញ្ញាសា​ចំនួន​ ២០ ហើយជា​លទ្ធផល ​សមាគម​កីឡាវ៉ូវីណាម​ក្រសួង​ការពារ​ជាតិ ឈរ​នៅ​លេខ​១ ដោយ​ដណ្តើម​បាន​មេដាយ​មាស​ច្រើន​ជាង​គេ គឺ​មេដាយ​មាស ​៨ ប្រាក់​ ២ និង​សំរឹទ្ធ​១ រីឯ​ក្រសួង​មហា​ផ្ទៃ ឈរ​នៅ​លេខ​ ២ ដោយ​ឈ្នះ​មេដាយ​មាស​ ៧ ប្រាក់​ ៤ និង​សំរឹទ្ធ​ ៤​ លេខ​ ៣ ​ខេត្ត​ស្វាយ​រៀង ដណ្តើម​បាន​មេដាយ​មាស​ ៣ ប្រាក់ ៦ សំរឹទ្ធ ១។

ចំណែក​ចំណាត់​ថ្នាក់​លេខ ៤ ខេត្តព្រៃ​វែង បាន​មេដាយ​មាស ​២ ប្រាក់ ៦ និង​សំរឹទ្ធ​ ២, លេខ​ ៥ ខេត្ត​ប៉ៃលិន បាន​មេដាយ​ប្រាក់ ​២ និង​សំរឹ​ទ្ធ ៤, លេខ ៦ ខេត្ត​កំពង់​ស្ពឺ បាន​មេ​ដាយ​មាស ១​ និង​សំរឹទ្ធ ​៣ ហើយ​ចំណាត់​ថ្នាក់​ទី៧ និងទី៨ បាន​ទៅ​ខេត្តត្បូង​ឃ្មុំ និង​រាជធានី​ភ្នំ​ពេញ ដោយ​បាន​មេដាយ​សំរឹទ្ធ​ចំនួន​ ៣ ​ដូច​គ្នា។

ជាមួយ​លទ្ធផល​នេះ ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម នៅ​ប្រទេស​វៀតណាម កីឡាករ អេ វីរៈខាំឈិត​ភូថង ដែល​គេ​ស្គាល់​ថា​ជា ម៉ឺន មេឃា នោះ នៅតែ​អាចដណ្តើម​បាន​មេដាយ​មាស នៅលើ​​ប្រភេទ​ទម្ងន់​របស់​ខ្លួន​ដដែល ក្នុង​ការ​ប្រកួត​កីឡាជាតិ​នេះ។ តែទោះបីជា​យ៉ាង​ណា មេឃា បាន​ទទួល​ស្គាល់​ថា សមត្ថ​ភាព​របស់​គេ នៅមានចំណុច​ខ្វះ​ខាត ដែល​ត្រូវ​ពង្រឹង​បន្ថែម​ ទើប​អាច​ឈាន​ទៅ​រក​ការ​ឈ្នះ​បានមេ​ដាយ​មាស ស៊ីហ្គេម ឆ្នាំ​ ២០២ ៣​ម្តង​ទៀត។

កូន​ប្រុស​របស់​លោក អេ ភូថង កីឡាករ ម៉ឺន មេឃា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា៖ ​«ខ្ញុំ​គិត​ថា ខ្ញុំ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​លើ​បច្ចេក​ទេស ហើយ​បច្ចុប្បន្ន ខ្ញុំ​កំពុង​ខិតខំ​ហ្វឹក​ហាត់​បំពេញ​បន្ថែម ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិយើង​។ទោះ​បីជា​យើង​មាន​បទិសោធ​ច្រើន​ក៏ដោយ ក៏​យើង​ត្រូវ​​ខំប្រឹង​​ហ្វឹក​ហាត់យក​បច្ចេក​ទេស ឱ្យ​លើស​ជាង​ការ​ប្រកួត​ស៊ីហ្គេម នៅវៀត​ណាម ទៅ​ទៀត។ ចំណែក​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ ឃើញ​ថា ពួក​គាត់ បាន​ប្រឹង​ប្រែង​ហ្វឹកហាត់​ណាស់ ហើយបើ​ពួកគាត់ ខំប្រឹង​ថែម​ទៀត​ពេល​ប្រកួត ខ្ញុំ​គិត​ថា ពួក​យើង​នឹង​អាច​ដណ្តើម​បាន​មេដាយ​មាស​ចំនួន​៩ តា​មការ​ដាក់​សម្ទុះ ឬ​ក៏អាច​បាន​ច្រើន​ជាង​នេះ»៕