ភ្នំពេញៈ ពាក្យ​ថា «ខ្មែរធ្វើ​បាន» ត្រូវ​បាន​ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូន​កម្ពុជា ​លោក​ មាស សារិន លើក​យក​​មក​និយាយ ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ​សីដក់ ត្រូវ​យក​​ខ្លឹម​សារ និង​​អត្ថន័យ​នៃ​ពាក្យ​នេះ ដើម្បី​ជំរុញ​ខ្លួន​ឯង ឱ្យ​​ខិតខំ​ប្រឹង​ប្រែង​ពង្រឹង​សមត្ថភាព​ថែម​ទៀត ដើម្បី​ឈាន​ទៅ​​ទទួល​បាន​បាន​ជោគ​ជ័យ សម្រាប់​ការ​ប្រកួត​​ប្រជែង​នៅស៊ី​ហ្គេមឆ្នាំ​ ២០២៣។


លោក មាស សារិន បាន​ថ្លែង​ថា៖ «ជា​ការពិត​ណាស់​ ការ​ប្រកួត​កីឡាសី​ដក់ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ លើក​ទី​៣ រយៈពេល ​៤ ថ្ងៃ​កន្លង​មក​នេះ គឺ​ជាការ​ផ្តល់​ឱកាស​ឱ្យ​កីឡាករ កីឡាការិនី​ បាន​បញ្ចេញ​នូវ​ទេពកោ​សល្យ សមត្ថ​ភាព ក៏​ដូចជា​វាស់​ស្ទង់​សមត្ថ​ភាព​បច្ចេក​ទេស ដែល​កីឡាករ កីឡា​ការិនី​ម្នាក់ៗ បាន​ហ្វឹក​ហាត់​កន្លង​មក និងជា​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់​ផ្ទះ»។


ជាមួយ​គ្នានេះ លោក មាស សារិន បាន​ចាត់ទុក កីឡាករ កីឡា​ការិនី ដែល​ទទួល​បានជ័យ​ជម្នះ និង​ដណ្តើម​បាន​មេដាយ ពី​ការ​ប្រកួត​កីឡាសីដក់ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ លើក​ទី៣ ឆ្នាំ​ ២០២២ ដែល​ទើប​បានបញ្ចប់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ​២២ ខែវិច្ឆិកា​​ថា ជា​សមិទ្ធផល​ថ្មី ដែល​កើត​ចេញ​ពីការ​ខិតខំហ្វឹក​ហាត់ និងប្រកួត​ប្រជែ​ង​គ្នា ប្រកប​ដោយ​ភាព​អំណត់ និង​គោរព​បាន​នូវ​បទបញ្ជា​ប្រកួត​បាន​ល្អ។


ប្រធាន​សហព័ន្ធ​រូបនេះ បាន​បន្ថែម​ថា៖ «លទ្ធផល​របស់​កីឡាករ កីឡា​ការិនី​ ដែល​ទទួល​បាន​ជយ​លាភី នាពេល​នេះ ពិតជា​បាន​មក​ដោយ​ការ​ខិតខំ​ហ្វឹក​ហាត់​ជា​ប្រចាំ ការ​តស៊ូ ព្យាយាម​គោរព​វិន័យ​បាន​ល្អ យក​ចិត្តទុក​ដាក់ និង​គោរព​បាន​តាម​បទ​បញ្ជា​បច្ចេក​ទេស នៅ​ក្នុងការ​ប្រកួត។​ ជាមួយ​គ្នា​នេះ ក៏ជា​ឱកាស​ក្នុងការ​ផ្តល់​ជូន​គណៈកម្មការ​រៀបចំការ​ប្រកួតបាន​ដក​ស្រង់ និង​ពង្រីក​បទពិ​សោធន៍ ដើម្បី​ធ្វើ​ឱ្យការ​រៀបចំ ការ​ប្រកួត​កាន់តែ​មាន​ភាព​ទាក់​ទាញដល់​ទស្សនិកជន​ឱ្យ​ជួយគាំ​ទ្រ និង​លើក​ទឹក​ចិត្ត​ដល់​ក្មួយៗ​កីឡាករ កីឡាការិនី​បន្ថែម​ទៀត»។


ជាមួយ​គ្នា​នេះ លោក មាស សារិន ដែល​ជាទី​ប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ ផង​នោះ បានទាញ​យក​ពាក្យ «ខ្មែរធ្វើបាន» ដែល​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​សម័យ​នេះ ដើម្បី​ជាការ​រំញោច​ស្មារ​តី ដល់​កីឡាក​រ កីឡាការិនី​ជម្រើស​ជាតិ​សីដក់ ឱ្យខំ​ពង្រឹង​សមត្ថ​ភាព និង​ដាក់​ចិត្ត​​ ធ្វើ​យ៉ាង​ណា​​ឱ្យ​ដណ្តើម​បាន​មេដាយ​មាស នៅ​ពេល​កម្ពុជា​ ធ្វើ​ជាម្ចាស់​ផ្ទះស៊ី​ហ្គេម ឆ្នាំ​ ២០២៣។


លោក មាស សារិន បាន​បញ្ជាក់​ថា៖ «ក្នុង​ព្រឹត្តិ​ការណ៍ថ្មី គឺ​ការ​ធ្វើ​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន បាន​ធ្វើ​ឱ្យ​កម្ពុជា មាន​ភាព​ល្បី​រន្ទឺ កក្រើក និង​មានការ​កោត​សរសើរ​ពី​​អន្តរជាតិជា​ច្រើន ដែល​ប្រទេស​យើង​តូច ប៉ុន្តែ​យើង​មាន​សមត្ថ​ភាព ហើយ​ត្រូវ​នឹង​ពាក្យ​ថា «ខ្មែរធ្វើ​បាន»។ អ៊ីចឹង​​កីឡាករ កីឡា​ការិនី​សីដក់ និង​ឈិន​ឡូន ក៏​ដូចគ្នា ខ្មែរ​ធ្វើ​បាន ក្មួយៗ​ក៏​ធ្វើ​បាន ហេតុនេះ​សង្ឃឹម​ក្មួយៗ​ នឹង​ទទួល​បាន​លទ្ធផល​ជោគ​ជ័យ នៅស៊ី​ហ្គេម ឆ្នាំ​២០២៣ ជាមិន​ខាន»។

យ៉ាង​ណាក៏​ដោយ ដើម្បី​ត្រៀមការ​​​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ​នេះ​ សហ​ព័ន្ធ​កីឡាសីដក់ និងឈិន​ឡូន​កម្ពុជា ក៏នឹង​បញ្ចូន​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ទៅហ្វឹក​ហាត់​រយៈ​ពេល​វែង នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ ព្រោះ​មីយ៉ាន់ម៉ា ជា​ម្ចាស់​ដើម​នៃប្រភេទ​កីឡា​ឈិនឡូន ហើយ​កម្ពុជា ក៏​ធ្លាប់​ដណ្តើម​បានមេ​ដាយ​មាស លើ​វិញ្ញាសា​នេះ សម្រាប់ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​២៨ ​ឆ្នាំ​ ២០១៥ នៅ​សិង្ហ​បុរី ផង​ដែរ។

អ្នក​ជំនាញ​កីឡាវ័យ​ចំណាស់ លោក មាស សារិន បាន​និយាយ​ថា៖ «បន្ទាប់​ពីការ​ប្រកួត ក្នុង​ព្រឹត្តិ​ការណ៍​កីឡាជាតិ លើក​ទី​៣​នេះ យើង​នៅមានការ​ប្រកួត​ជ្រើស​រើស​ជើងឯក​​ថ្នាក់ជាតិ​ទៀត ហើយ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ចប់ ត្រូវ​ឡើង​យន្ត​ហោះ​ទៅហ្វឹក​ហាត់​នៅ​ប្រទេស​មីយ៉ាន់​ម៉ា រយៈ​ពេល​ពី ​៤ ទៅ​ ៥ ខែ។ អ៊ីចឹង​ជា​កិត្តិយស​របស់​ក្មួយៗ​ណាស់។ ក្មួយៗ​តំណាង​ឱ្យ​កម្ពុជា ក្នុង​វិស័យ​កីឡា​សីដក់ មានតែ​ក្មួយៗ​ទាំង​អស់​ហ្នឹង​ហើយ ដែល​ជាតំណាង​កម្ពុជា​ពិត​ប្រាកដ»។

ជាមួយ​ផែន​ការ​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ សម្រាប់​ការ​ប្រកួត​នៅស៊ី​ហ្គេម ឆ្នាំ​២០២៣ ព្រម​ទាំង​ការ​ធ្វើ​ឱ្យ​វិស័យ​កីឡាសី​ដក់ និង​ឈិន​ឡូន​កម្ពុជា កាន់​តែ​មានការ​រីក​ចម្រើន លោក មាស សារិន ក៏បាន​ផ្តល់​ជាអនុសាសន៍​ ៥​ចំណុច​ឱ្យ​​អ្នក​ក្រោមឱវាទ យក​ទៅ​អនុវត្ត​ គឺ​ទី​១ ត្រូវ​ខិតខំ​បណ្តុះ​បណ្តាល​ថ្នាក់​ថ្នាល បង្កើន​បរិមាណ​កីឡាករ កីឡា​ការិនី​ នៅ​តាម​ក្លិប​ សមាគ​មកីឡាសីដក់​ឱ្យ​បាន​ទូលំទូ​លាយ។ ទី​២ ត្រូវ​ពង្រឹក​សមត្ថ​ភាព​អាជ្ញា​កណ្តាល ចៅ​ក្រម ឱ្យកាន់​តែ​ល្អ​ប្រសើរ ទាំង​បរិមាណ និងគុណ​ភាព។

នៅ​ក្នុង​ចំណុចទី​២នេះ លោក មាស សារិន បាន​បញ្ជាក់​ថា៖​«យើង​នៅ​មានការ​បណ្តុះ​បណ្តាល​វគ្គ​អាជ្ញា​កណ្តាល​ ១ វគ្គ​ទៀត ដែល​យើង​ត្រៀម​អញ្ជើញ​គ្រូ​ឧទ្ទេស​អន្តរ​ជាតិ​មក​ដឹក​នាំ ដល់វគ្គ​បណ្តុះ​បណ្តាល​នោះ ដើម្បី​ត្រៀម​ធ្វើ​ជាអាជ្ញា​កណ្តាល​ស៊ីហ្គេម នៅឆ្នាំ​ ២០២៣»។

ចំណែក​ចំណុច​ទី​៣ ត្រូវ​ជំរុញ​ឱ្យ​មានការ​ប្រកួតឱ្យ​បាន​ច្រើន និង​ធ្វើការ​ហ្វឹក​ហាត់ជា​ប្រចាំ នៅតាម​បណ្តា​ក្លិប សមាគម។ រីឯ​ទី​៤ ត្រូវ​ពង្រឹង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ ឬ​ក្លិប សមា​គម ទូទាំង​ប្រទេស ហើយទី​៥ ត្រូវ​ប្រឹង​ប្រែង​ស្វែង​រក​ដៃគូ​អភិវឌ្ឍន៍​បន្ថែម​ទៀត ដើម្បី​បង្កើត​ព្រឹត្តិ​ការណ៍​ប្រកួត​ឱ្យ​​បាន​ច្រើន ក្នុង​ ១ ឆ្នាំៗ តាម​ដែល​អាច​ធ្វើ​ទៅបាន។

សម្រាប់​ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣ ឆ្នាំ​ ២០២៣ ​នេះ ប្រភេទ​កីឡាសី​ដក់ និង​ឈិន​ឡូន​កម្ពុជា មាន​ប្រតិភូ​កីឡាចំនួន​ ៧៣​ នាក់ចូល​រួម ក្នុង​នោះ​មាន​កីឡាករ​ ៤៣ នាក់ កីឡាការិនី​ ១២​ នាក់ ហើយ​ពួកគេ​ត្រូវ​ប្រកួត​តំណាង​ឱ្យក្លិប សមាគម​ចំនួន ៦។​

ជាលទ្ធ​ផល​នៃ​ការ​ប្រកួត ដែល​មាន​ត្រឹម​៣វិញ្ញា​សា​នេះ ក្រុម​ក្រសួងការ​ពារ​ជាតិ បានឈ្នះ​មេដាយ​មាស​ទាំង​ ៣ ដើម្បី​ឈរ​នៅ​លេខ​ ១ រីឯ​ក្រសួង​មហា​ផ្ទៃ ឈរនៅ​លេខ​ ២ ដោយ​បាន​មេដាយ​ប្រាក់​ ១ សំរឹទ្ធ​ ២ ចំណែក​ខេត្ត​កំពង់​ចាម និង​ខេត្ត​ឧត្តរ​មាន​ជ័យ ឈ្នះ​បាន​មេដាយ​ប្រាក់​ ១​ ដូចគ្នា ហើយ​ខេត្ត​ព្រៃវែង បាន​មេដាយ​សំរឹទ្ធ​ ១ ប៉ុន្តែ​ខេត្ត​ព្រះវិហារ មិនបាន​មេដាយ​ទេ៕