ភ្នំពេញៈ កម្ពុជា តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី៣២ ឆ្នាំ ​២០២៣ (CAMSOC) នឹង​រៀបចំ​ពិធី​រាប់​ថយ​ក្រោយ​ ១០០ ​ថ្ងៃ ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣ នៅ​ថ្ងៃទី​ ២៥ ខែមករា ខណៈដែល​លោក​ឧ​ប​នា​យក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ការ​​ពារ​ជាតិ ទៀ បាញ់ ជា​ប្រធាន CAMSOC អះអាងថា កម្ពុជា បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ជា​ប្រវត្តិសាស្ត្រ លើកដំបូង​នេះ​។​


​លោក ទៀ បាញ់ បានចាត់ទុក​ពិធី​រាប់​ថយក្រោយ ១០០ ​ថ្ងៃ នា​ថ្ងៃទី ​២៥ ខែមករា ខាងមុខនេះ​ថា ជា​ដំណាក់កាល​ចុងក្រោយ ដែល​តម្រូវឱ្យ​គណៈកម្មការ អនុ​​គណៈកម្មការ​ទាំង​ ១៤ ​របស់​គណៈកម្មាធិការ​ជាតិ CAMSOC និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​ការងារ​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​មួយ​នេះ​។​


​លោក​ថ្លែងថា​៖ «​ពេលវេលា​នៃ​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​របស់​កម្ពុជា កាន់តែ​ខិតជិត​មកដល់ ដោយ​យើង​កំពុង​ត្រៀម​រៀបចំ​ពិធី​រាប់​ថយក្រោយ ១០០ ​ថ្ងៃ ដូច្នេះ​នៅ​គ្រប់ទិសទី និង​គ្រប់កន្លែង​ទាំងអស់ ត្រូវតែ​ប្រុងប្រៀប​ខ្លួន ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ឱ្យទទួល​បាន​ជោគជ័យ​ដ៏​ធំធេង ហើយ​យើង​ឃើញថា ការ​ប្រុង​ប្រៀប​របស់​យើង គឺ​រួចរាល់​ជា​ស្ថាពរ និង​កំពុង​ឈានដល់​ដំណាក់កាល​ចុងក្រោយ​»​។


​ការ​ថ្លែង​បែបនេះ​របស់លោក ទៀ បាញ់ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ច​​ប្រជុំ​បូកសរុប​វឌ្ឍន​ភាព​ការងារ ឆ្នាំ ​២០២២ និង​លើក​ទិសដៅ ឆ្នាំ​ ២០២៣ ក្នុងដំណាក់កាល​ប្រតិបត្តិ​ហ្គេម (Games Time) នៅ​ទីស្ដីការក្រសួង​ការពារជាតិ កាលពី​ថ្ងៃទី ​២០ ខែមករា ដោយមាន​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ចូលរួម ជាពិសេស​គឺ​គណៈ​​កម្ម​ការ និង​អនុគណៈកម្មការ​ទាំង​ ១៤ ​របស់ CAMSOC ដែល​ត្រូវ​បង្ហាញ​ពី​សមិទ្ធផល និង​វឌ្ឍនភាព​ការងារ ដែល​ខ្លួន​បំពេញបាន និង​ទិសដៅ ដែល​ត្រូវធ្វើ​បន្ទាប់ ក្នុង​រយៈពេល​នៅសល់​ជាង ​១០០​ ថ្ងៃនេះ​។​


​លោក ទៀ បាញ់ បន្ថែមថា​៖ «​ក្នុងដំណាក់កាល​នៅសល់ ១០០ ​ថ្ងៃនេះ ជា​រយៈពេល ដែល​យើង​ត្រូវ​ពង្រឹង និង​រៀបចំ​ឱ្យ​កាន់តែ​ល្អ​ថែមទៀត ដើម្បី​ធានាថា កិច្ច​ការ​ទាំងអស់​របស់​យើង គឺ​បាន​រួច​​ស្រេចបាច់​។ គណៈកម្មការ និង​អនុគណៈកម្មការ​ទាំង ​១៤ ​របស់​យើង បាន​បំពេញការងារ​ពេញ​​លេញ​អស់ហើយ អ៊ីចឹង​ការ​នៅសល់ ១០០ ​ថ្ងៃ គឺជា​ពេលវេលា ដែល​យើង​ត្រូវ​រៀបរយ និង​បំពេញបន្ថែម​ឱ្យ​កាន់តែ​សព្វគ្រប់ និង​ពេញលេញ ដើម្បី​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​ប​ណ្ដា​គណៈ​ប្រតិ​ភូ​កីឡា​ទាំងអស់ ដែល​ចូលរួម​ប្រកួត​នៅ​ប្រទេស​របស់​យើង​»​។​


​ទន្ទឹមនឹងនេះ លោក​ទៀ បាញ់ បាន​សម្ដែង​ការគោរព​នូវ​អនុសា​សន៍​ណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជំ​រុញឱ្យ​បំផ្ទុះ​ការផ្សព្វផ្សាយ​ពី​ការរាប់​ថយក្រោយ​ ១០០ ​ថ្ងៃ ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ដែល​កម្ពុជា​រង់ចាំ​អស់​ ៦៤ ​ឆ្នាំនេះ ហើយ​លោក​បានស្នើ​ទៅ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ CAMSOC ឱ្យ​ជំរុញ​បន្ថែម​លើ​ការងារ​ផ្សព្វផ្សាយ​តាម​ទូរ​ទស្សន៍​ឱ្យ​កាន់តែ​ទូលំទូលាយ​។​

​ជុំវិញ​ការងារ​នេះ លោក វ៉ា​ត់​ ចំរើន អគ្គលេខាធិការ CAMSOC បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រោយ​កិច្ចប្រជុំ កាលពី​ថ្ងៃទី​ ២០ ខែមករា​នោះ​ថា​៖ «​ចាប់ពី​រយៈពេល​នៅសល់​ ១០០ ​ថ្ងៃ សម្តេច​ពិជ័យ​​សេនា បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឱ្យ​ស្នើសុំ​ដល់​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ជាពិសេស​ទូរទស្សន៍​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​ស្ប៉ត​ផ្សព្វផ្សាយ​ឱ្យបាន​ច្រើន​ជា​អតិបរមា តាម​ដែល​អាចធ្វើ​ទៅបាន​»​។

«​នេះ​ជាការ​បង្ហាញ​ឱ្យ​កាន់តែច្បាស់​អំពី​ការត្រៀម​លក្ខណសម្បត្តិ​រួចរាល់​អស់ហើយ​របស់​ម្ចាស់ផ្ទះ​កម្ពុជា​នៃ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣ ព្រោះ​និមិត្តរូប​នៃ​ ១០០ ​ថ្ងៃ ជាការ​ផ្ញើ​សារ​ជូន​ទៅដល់​គ្រប់​ប្រទេស​ទាំងអស់ ជា​សមាជិក​នៅ​អាស៊ីអាគ្នេយ៍ និង​ពិភពលោក​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ «Cambodia is Ready» ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ជូន​ដល់​ប្រតិភូ​កីឡា និង​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ជា​ប្រវត្តិ​សាស្ត្រ​មួយ​នេះ​»​។

​ជាមួយគ្នា​នោះ លោក ទៀ បាញ់ ក៏បាន​ជំរុញ​លើ​ការបំពាក់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ឱ្យបាន​គ្រប់កន្លែង ក្នុងអំឡុងពេល​ប្រកួត​ផងដែរ ព្រោះ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត ជា​ចំណុច​គន្លឹះ​ក្នុងការ​ផ្សព្វផ្សាយ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ នៅ​ទូទាំងប្រទេស និង​ទៅកាន់​បរទេស​។​

​ចំពោះ​ការងារ​នេះ លោក វ៉ា​ត់​ចំរើន ឱ្យដឹងថា រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​​នាគ​មន៍ បានកំណត់​បង្ហាញជូន​កិច្ចប្រជុំ​ថា នឹងមាន​ការបំពាក់​ឧបករណ៍ Wi-Fi នៅ​គ្រប់​ទីកន្លែង និង​មាន​រថយន្ត Wi-Fi ចល័ត​ទៀតផង ដើម្បី​ជួយ​បន្ថែម​កម្លាំង​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​នេះ​។ ជាមួយគ្នានេះ អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំង​​អស់ ជាពិសេស​ខេត្ត​គោលដៅ​រៀបចំ​ប្រភេទ​កីឡា​មួយចំនួន ក៏​កំពុង​ត្រៀម​រៀបចំ​កែលម្អ លើ​ការងារ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ផងដែរ​»៕