ភ្នំពេញៈ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ នឹងត្រូវប្រារព្ធឡើងក្នុងរយៈពេល ១០០ ថ្ងៃទៀត។ ដើម្បីជាកាពញ្ញាក់ស្មារតី គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) និងស្ថាប័នពាក់ព័ន្ធ បានបង្កើតចលនារាប់ថយក្រោយ ១០០ ថ្ងៃ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម។
ព្រឹត្តិការណ៍នៃការរាប់ថយក្រោយនេះបានបើកជាផ្លូវការនៅល្ងាចថ្ងៃទី ២៥មករា នៅពហុកីឡដ្ឋានជាតិមរតតេជោ ព្រមទាំងមានការសម្ដែងសិល្បៈបុរាណ សម័យ ចម្រៀង ការសម្ដែងគុណល្បុក្កតោ ក៏ដូចជាកម្មវិធីកម្សាន្ដជាច្រើនទៀតផងដែរ។ ទាំងនេះជាអ្វីដែលថ្នាក់ដឹកនាំ និងអ្នកទទួលខុសត្រូវលើការងាររៀបចំបាន និងកំពុងធ្វើយ៉ាងសកម្ម។
យុវតី វ៉ាន់ គីមសល់ ដែលកំពុងតែបម្រើការឱ្យក្រុមហ៊ុនឯកជន១កន្លែង បានឱ្យដឹងថា ខ្លួនក៏បានចូលរួមក្នុងយុទ្ធនាការរាប់ថយ១០០ថ្ងៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ ដើម្បីបង្ហាញពីភាពសកម្មក្នុងកិច្ចការងារសង្គម។
កញ្ញា បានរៀបរាប់ថា៖ «ជាយុវជន និងជាធនធានមនុស្សដ៏ចាំបាច់ យើងគួរតែតាមដានរាល់ព្រឹត្តិការណ៍ផ្សេងៗ ដើម្បីស្វែងយល់ពីកីឡាស៊ីហ្គេមនេះឱ្យបានច្បាស់ ក្នុងនាមជាម្ចាស់ផ្ទះ»។
យុវតី រូបនេះបានបន្តថា៖ «យើងត្រូវចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះឱ្យបានកាន់តែទូលំទូលាយ ហើយយើងត្រូវតែពង្រឹងចំណេះដឹងយើងដូចគ្នា ទាំងចំណេះដឹងទូទៅអំពីព្រឹត្តិការណ៍នេះ និងចំណេះដឹងទៅលើភាសាដើម្បីបង្កភាពងាយស្រួលទំនាក់ទំនងនៅថ្ងៃខាងមុខ»។
កញ្ញាបានបញ្ជាក់ផងដែរថា ៖«រឿងសីលធម៌ក៏ជារឿងសំខាន់ផងដែរក្នុងនាមជាយុវជន ព្រោះយើងគឺជាអ្នកបង្ហាញទៅកាន់ប្រទេសក្នុងអាស៊ាន ដើម្បីឱ្យគេបានដឹងថា កម្ពុជាយើងមានលក្ខណៈបែបណា ហើយយើងក៏ជាពលរដ្ឋម្នាក់ដែលតំណាងឱ្យកម្ពុជាដូចគ្នា ដូច្នេះយើងគួរធ្វើយ៉ាងណាចូលរួមថែរក្សាសន្តិសុខនៅក្នុងប្រទេសយើងទាំងអស់គ្នា»។
ម្យ៉ាងទៀត កញ្ញាបានបង្ហាញការយល់ឃើញថា យុវជនគួរចាប់ផ្ដើមលេងកីឡា ព្រោះវាមិនត្រឹមតែជួយសុខភាព តែកីឡាក៏បានលើកកម្ពស់ទំនាក់ទំនង និងបង្កើតស្មារតីរួបរួមគ្នាទុកជាអនុស្សាវរីយ៍ដ៏មានតម្លៃមួយផងដែរ។
ចំណែកឯ យុវតី សៀន សុលឿក ដែលជានិស្សិតកំពុងសិក្សាឆ្នាំទី៤ បានរៀបរាប់ថា ខ្លួនមិនសូវជាចូលចិត្តការលេងកីឡានោះទេ ទើបបានជាមិនសូវដឹងអំពីព្រឹត្តិការណ៍ស៊ីហ្គេមច្រើន ប៉ុន្តែយ៉ាងហោចណាស់ កញ្ញា បានដឹងថា នៅថ្ងៃទី២៥ មករា គឺនឹងចាប់ផ្ដើមរាប់ថយក្រោយ១០០ថ្ងៃ។
កញ្ញា សៀន សុលឿក ថ្លែងថា៖ «រឿងមួយដែលយើងគ្រប់គ្នាអាចធ្វើបានដោយមិនចំណាយពេលច្រើន គឺចូលរួមយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ ដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ព្រោះយើងដឹងស្រាប់ហើយថា យុវជនស្ទើរតែទាំងស្រុងហើយ ដែលមានទូរស័ព្ទប្រើប្រាស់»។
កញ្ញាបន្តថា៖ «ព្រឹត្តិការណ៍កីឡានេះធំណាស់ ហើយក៏បានធ្វើឡើងយូរមកហើយដែរ ដូច្នេះមានរឿងច្រើនដែលយើងត្រូវដឹង...បន្ទាប់ពីដឹងហើយ ត្រូវចែករំលែកបន្តទៀតទៅកាន់មិត្តភក្ដិ ឬក្រុមគ្រួសារ ដូច្នេះទើបជាការល្អ»។
យុវតី វ័យ ២១ឆ្នាំរូបនេះ ក៏បានលើកឡើងដែរថា បច្ចុប្បន្នខ្លួនបានសង្កេតឃើញប្រជាជនចូលចិត្តធ្វើអ្វីឈូឆរតាមគ្នា ពេលខ្លះក៏ប្រើប្រាស់ពាក្យសម្ដី ឬកាយវិការមិនសមរម្យក៏មាន។ កញ្ញា បន្តថា យុវជនគួរកែប្រែនូវចំណុចនេះចេញ ហើយចាប់ផ្ដើមសិក្សាស្រាវជ្រាវមុននឹងបញ្ចេញមតិទៅលើរឿងអ្វី១ ចៀសវាងមានរឿងបែបនេះកើតឡើង នៅពេលកម្ពុជាប្រារព្ធព្រឹត្តិការណ៍ស៊ីហ្គេម។
អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC លោក វ៉ាត់ ចំរើន ក៏បានមានប្រសាសន៍ផងដែរ អំពីការតៀមខ្លួនរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ខាងមុខ។
លោកបានបញ្ជាក់ថា៖ «យើងទាំងអស់គ្នាបាននិងកំពុងប្តេជ្ញាចិត្តខ្ពស់ក្នុងការត្រៀមរៀបចំគ្រប់ផែនការសកម្មភាពទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំនេះ ទទួលបានជោគជ័យដ៏ធំធេងជូនជាតិ និងកំណត់ត្រាជាប្រវត្តិសាស្ត្រអាស៊ានផងដែរ»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវធ្វើឡើងក្រោមបាវចនា ”កីឡារស់ក្នុងសន្ដិភាព-Sports Live in Peace”ហើយនេះគឺជាលើកទី១ហើយក្នុងរយៈពេល៦៤ឆ្នាំនៃកីឡាស៊ីហ្គេម ដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួត៕