ភ្នំពេញៈ គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) បាន​ចាប់​ផ្តើម​បំពាក់​ប្រព័ន្ធ​ Wi-Fi​ នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋា​ន​ជាតិ​មរតក​តេ​ជោ ព្រម​ទាំង​ភូមិ​កីឡា ​និង​ទីលាន​ប្រកួត​ផ្សេងៗ​ទៀត ​ដើម្បី​បម្រើ​ដល់​ការ​ផ្សព្វ​ផ្សាយ ​ការ​ប្រកួត​ស៊ី​ហ្គេម ​និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម ​ឆ្នាំ​២០២៣​ដែល​កម្ពុជា ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ ​លើក​ដំបូង​ នា​ខែ​ឧសភា​ ខា​ងមុខ​​។



​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍ ក្រោម​ការ​ដឹកនាំ​របស់​លោក ​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​អនុ​ប្រធាន​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មាធិ​ការ​ជាតិ CAMSOC នៅ​មជ្ឈ​មណ្ឌល​ប្រតិ​បត្តិការ​កីឡា ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេ​ជោ កាល​ពី​ថ្ងៃទី​៧​ ខែមីនា គឺ​កិច្ច​ប្រជុំ បាន​ផ្ដោត​ទៅលើ​​ការរៀប​ចំ​ប្រព័ន្ធ Wi-Fi នេះ ​ហើយ​លោក ជា​ វ៉ាន់​ដេ​ត រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍ និង​ទូរគ​មនាគម​ន៍ ក៏បាន​ចាត់​ឱ្យ​លោក​ ស្រ៊ុន គឹម​សាន ​សមា​ជិក​និយត​ករ​ទូរគម​នាគមន៍​កម្ពុជា ធ្វើ​ជា​តំណាង ​ដើម្បី​មក​ចូល​រួម​ប្រជុំ ​ដើម្បី​ពិភាក្សា​គ្នា​ពី​របៀប​បំពាក់​ប្រព័ន្ធ​Wi-Fi នេះ​ផងដែរ​។


​ជា​ខ្លឹម​សារ​រួម ក្នុង​អង្គ​ប្រជុំ​នោះ​ លោក វ៉ា​ត់ ចំរើន ​អគ្គ​លេខាធិ​ការ CAMSOC បាន​ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​ថា​៖ «​ជា​ទូទៅ ​យើង​ឃើញ​ថា ការ​យក​ចិត្ត​ទុក​ដាក់​នេះ គឺ​បាន​បំពេញ​នូវ​ការ​បំពាក់ Wi-Fi នៅ​វិមាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផង ​នៅ​ភូមិ​កីឡា​ផង ​និង​បរិវេណ​ទីធ្លា​សា​ធារណៈ​ផង​។ អ៊ីចឹ​ង ការ​បំពាក់ ​Wi-Fi នេះ​ មាន​សឹងតែ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៅ​ក្នុង​ទីធ្លា​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរ​តក​តេ​ជោ​»​។​


លោកបាន​បន្ថែមថា៖​«​នេះ​ជាការ​យក​ចិត្ត​ទុក​ដាក់ ​ហើយ​នៅក្នុង​វិមាន​កីឡ​ដ្ឋាន​មរតក​តេ​ជោ ​ដែលមា​ន​មនុស្ស​ប្រមាណ​៦​ម៉ឺន​នាក់​ ក៏​យើង​ត្រូវ​មាន​ការ​បំពាក់ Wi-Fi ផង​ដែរ​។ ដូច្នេះ​ ទាំង​ពេល​ពិធី​បើក​-​បិទ និង​ការ​ប្រកួត​ផ្សេងៗ​ទៀត ​ក្នុង​ពហុ​កី​ឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺ​យើង​អាច​ប្រើ​ប្រាស់​បាន ដែល​ធ្វើឱ្យ​កំណើន​នៃ​ការ​ផ្សាយ​ចេញ​រូប​ភាព​ទាំង​អស់ នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន គឺ​បាន​ទូលំទូ​លាយ ​និង​ជះ​ឥទ្ធិពល​ទៅខា​ង​ក្រៅ​បានល្អ​»​។ ​


​លើ​សពីនេះ​​ទៀត​ លោក វ៉ា​ត់ ចំរើន ដែ​លជា​​អគ្គលេ​ខាធិកា​រ NOCC ​ផង​នោះ ​បាន​ចា​ត់ទុក​ការ​បំពាក់​ប្រព័ន្ធ Wi-Fi នេះ គឺជា​តម្រូវ​ការ​ចាំ​បាច់ ​ដូច្នេះ ទាំង​នៅ​មជ្ឈ​មណ្ឌល​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អន្តរ​ជាតិ (International Bro​adcast​ Center - IBC) និង​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន សុទ្ធតែ​មាន​ការ​បំពាក់​ Wi-Fi ព្រោះ​ទីតាំង​ទាំង​នេះ ជា​តម្រូវ​ការ​ចាំ​បាច់ សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន ដែល​មិន​អាចឱ្យមាន​ការ​រអាក់​រអួល​​ឡើយ​។​

​អ្នក​ជំនាញ​កីឡា ​លោក វ៉ា​ត់ ចំរើន បាន​ឱ្យ​ដឹង​ទៀ​តថា តាម​រយៈ​ការបំ​ពាក់​ប្រព័ន្ធ​ Wi-Fi ប្រើ​ប្រាស់​បែបនេះ​ នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ទាំង​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ និង​អន្តរ​ជាតិ​ ក៏ដូច​ជា​មហា​ជន​ដែល​ចូល​រួម ​បាន​ផ្សព្វ​ផ្សាយ និង​ចែក​រំលែក​ពី​ព្រឹត្តិ​ការណ៍​ឱ្យ​បាន​កាន់​តែ​ទូលំទូ​លាយ​។ ហេតុ​នេះ​ការបំ​ពាក់ W​i-Fi នេះ ​បាន​ចែក​ជា​២​ដាច់​ពី​គ្នា​។​

​អគ្គ​លេខា​ធិការ CAMSOC និង NOCC រូបនេះ បាន​បញ្ជាក់ថា​​៖ «​ការ​បំពាក់ Wi-Fi នេះ យើង​បែង​ចែក​ចេញ​ជា​២ គឺ​ទី​១ Wi-Fi ​ប្រើប្រាស់ សម្រាប់ការងារ​នៅក្នុង​ការងារ​ស្នូល​របស់​គណៈ​កម្មាធិ​កា​រ​ជាតិ ​CAMSOC ដែល​មាន​រៀបចំ​ការ​ផ្សព្វ​ផ្សាយ​ ក៏ដូចជា​សម្រួល​ដល់​អ្ន​ក​សារ​ព័​ត៌មាន​ជាតិ​-​អន្តរ​ជាតិ ភ្នាក់​ងារ​ទូរ​ទស្សន៍​ ឱ្យមាន​ភាព​ងាយ​ស្រួល​ក្នុងការ​បញ្ជូ​ន​ព័ត៌មាន​»​។​

​លោក ចំរើន បាន​បញ្ជាក់​​បន្ថែមថា​៖ «​ចំណែក​មួយទៀ​ត ​គឺ​មហា​ជន អ្នក​ចូលរួម​ទស្សនា​ ដែល​គាត់​ក៏​ជា​អ្នក​ផ្សព្វ​ផ្សាយ​​ផងដែ​រ អ៊ីចឹង​គាត់​ក៏​ទទួល​បាន Wi-Fi នេះ ដើម្បី​អាចជួ​យ​ផ្សព្វ​ផ្សាយ​ព្រឹត្តិកា​រណ៍​របស់​យើង​ ហើយ​នេះ​គេ​ហៅ «​កម្លាំង​ឥទ្ធិ​ល​របស់​កីឡា​» ឆ្ពោះទៅ​ផ្សព្វ​ផ្សាយ​មួយ​ប្រកបដោ​យ​គុណភា​ព ​និង​មាន​ឥ​ទ្ធ​ពល​មួយ​ទៅលើ​​សង្គម ​ព្រោះ​ការ​ប្រកួត​កីឡា ​បើ​គ្មាន​ការ​ផ្សព្វ​ផ្សាយ​ទូលំទូ​លាយ ក៏​បាត់​បង់​គុណ​តម្លៃ​របស់​យើង​ផង​ដែរ​»៕