កំពង់ធំៈប្រភេទ​កីឡា​ថ្មីគឺ​បាល់​ទាត់​លើ​តុ (Teqball) ដែល​ត្រូវ​បាន​ម្ចាស់​ផ្ទះ​កម្ពុជា ដាក់​បញ្ចូល​ជា​លើក​ដំបូងក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម ​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ ឆ្នាំ​២០២៣ ​នេះ ​ត្រូវបាន​គណៈ​កម្មាធិកា​រ​ជាតិ​អូឡាំពិ​ក​កម្ពុជា (NOCC) និង​ក្រសួង​ទេស​ចរណ៍នាំ​យក​ទៅ​បង្ហាញ​ក្នុង​ពិធី​បុណ្យ​ទន្លេ ​លើក​ទី​៧ ​ឆ្នាំ​២០២៣ ​នៅ​ខេត្ត​កំពង់ធំ​មុន​គេ ​ហើយ​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀតក៏ត្រូវ​បាន​រៀបចំ​ឱ្យមាន​ការប្រកួត​ក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ ​មួយ​នេះ​ផង​ដែរ​។​


​លោក ​ចាន់ តារា អភិ​បាលរ​ង​ខេត្ត​កំពង់ធំ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំងដែល​ប្រភេទ​កីឡា​បាល់​ទាត់​លើ​តុ ត្រូវ​បាន​រៀប​ចំ​ឱ្យមាន​ការ​ប្រកួត​មុន​គេនៅលើ​ទឹកដី​ខេត្ត​កំពង់ធំ​ ក្នុង​ពិធី​បុណ្យ​ទន្លេ​​ ហើយ​ព្រឹត្តិ​ការណ៍ និង​កម្មវិធី​សំខាន់ៗ​ជា​ច្រើន​ទៀត ​ក៏ត្រូវ​បាន​រៀបចំ ​និង​ដាក់​តាំង​បង្ហាញ​ ដែល​ញ៉ាំងឱ្យ​​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៧​នេះ ទទួល​បាន​ការ​គាំទ្រ និង​មាន​អ្នក​ចូល​រួម​ច្រើន​។​


​លោក​ចាន់ តារា បាន​ថ្លែង នៅ​ថ្ងៃទី​៩ ​ខែមីនា ថា​៖ «២០២៣​នេះ ​ជា​ឆ្នាំ​ពិសេសដែល ​NOCC បាន​រៀប​ចំ​ឱ្យមាន​ការ​ប្រកួត​បាល់​ទាត់​លើ​តុដែល​ជា​ប្រភេទ​កីឡា​ថ្មី ហើយ​ឯក​ឧត្តម​ វ៉ា​ត់ ចំរើន បាន​នាំ​យក​ប្រភេទ​កីឡា​នេះ មក​បង្ហាញ​នៅ​ខេត្ត​កំព​ង់ធំ​របស់​យើង​មុន​គេ ​ដើម្បីឱ្យ​ប្រជា​ពលរដ្ឋ​ និង​មហាជ​ន​បាន​ឃើញ ​និង​បាន​ស្គាល់ ហើ​យ​បាល់​ទាត់​លើ​តុ ក៏​នឹង​ត្រូវ​ដាក់ឱ្យ​ប្រកួត ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម និ​ង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ខា​ងមុខនេះ​ផងដែរ​»​។​


​សម្រាប់​ពិធី​បុណ្យ​ទន្លេ ដែល​បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃទី​៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១០​ ខែមីនា​ មិន​មែន​មានតែ​ការ​ប្រកួត​កីឡា​បាល់ទា​ត់​លើ​តុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រភេទ​កីឡា​ចំនួន ​៥ ទៀត ​រួមមា​ន ​ការរត់​ប្រណាំង ចម្ងាយ​៣ និង ​៥​ គីឡូ​ម៉ែត្រ​ ប៉េតង់ បាល់​ទះ​ឆ្នេរ​ខ្សាច់ បាល់​ទាត់​ឆ្នេរខ្សាច់ និង​ប្រដាល់​គុន​ខ្មែរ ក៏ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត ​ក្នុង​ពិធី​បុណ្យ​ទន្លេ​នេះ​ដែរ​ គ្រាន់​តែបាល់​ទាត់​លើ​តុជា​ប្រភេទ​កីឡា​ថ្មី ដែល​ទើប​មាន​វត្ត​មាន​ក្នុង​ប្រទេស​កម្ពុជាក្នុង​ពេល​ដែល​កីឡា​មួយ​នេះ ត្រូវ​ដាក់ឱ្យ​ប្រកួត ​តែ​មិន​រាប់​ជា​មេដាយ ​ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នា​ខែ​ឧសភា​ ខាង​មុខ​នេះ​។​



​លោក វ៉ា​ត់ ចំរើន អគ្គ​លេខា​ធិការ NOCC បាន​ថ្លែង​ថា​៖ «​កម្មវិធី​កីឡា ក្នុង​ពិធី​បុណ្យ​ទន្លេ​នេះ បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃទី​១ ​ដោយ​មាន​ការ​ប្រកួតរ​ត់​ប្រណាំង​កម្សាន្ត ​និង​ការ​ប្រកួត​ជម្រុះ​រហូត នៅលើ​ប្រភេទ​កីឡា​ប៉េតង់ បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់ ​បាល់​ទាត់​លើ​តុ បាល់ទាត់​ឆ្នេរខ្សាច់ និង​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ ដែល​ធ្វើ​នៅ​ថ្ងៃទី​១០​ ខែមីនា ​ហើយ​ NOCC ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ឯក​ឧត្តម​បណ្ឌិត ​ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេ​សចរ​ណ៍ ជា​ប្រធាន គឺ​ធ្វើយ៉ាង​ណា​ឱ្យ​មាន​សកម្ម​ភាព​កីឡា តាំង​ពីព្រឹក​ដល់​ល្ងាច ​ដើម្បី​អប​អរ​សាទរ​ពិធី​បុណ្យ​ទន្លេលើក​ទី​៧ ក្នុង​ខេត្ត​កំពង់ធំ​របស់​យើង​»​។

​ក្រៅពី​ការប្រ​កួត​កីឡា ពិធី​បុណ្យ​ទន្លេលើ​ក​ទី​៧ នេះ ក៏មាន​ការ​ដាក់​តាំង​ពិព័រ​ណ៍​កិ​ស​-​ទេសចរណ៍ ​ផលិត​ផល​សហ​គ្រាស​ធុន​តូច និង​មធ្យម ផលិត​ផល​ខ្មែរ​ និង​បរទេស​, មហោ​ស្រព​​ម្ហូបអា​ហារ និង​ភេសជ្ជៈ​, សិក្ខា​សាលា​ស្តីពី​ការ​ពង្រឹង​គុណភា​ព​អាជីវ​កម្ម សេវា​កម្ម​ទេស​ចរណ៍​, ការ​សម្តែង​សិល្ប​វប្បធ​ម៌ ​និង​ប្រគំ​តន្ត្រី​, ការ​សម្តែង​សិល្បៈ និង​ឆាក​កំប្លែង​ផង​ដែរ ដែល​កម្មវិធី​ទាំង​នេះ ​បាន​ទាក់​ទាញ​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ឱ្យមក​ចូលរួម​ច្រើន ​ដែល​លោក​បាន​អះ​អាង​ថា មិន​ក្រោម​កន្លះ​លាន​នាក់​​នោះទេ​។​

​រដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍​ លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​​៖ «​បុណ្យ​ទន្លេ​លើក​នេះ មាន​អ្នក​ចូល​រួម​ច្រើន គឺ​មិន​តិច​ជាង​កន្លះ​លាន​នាក់​នោះ​ទេ ​ព្រោះ​យើង​មាន​កម្ម​វិធី​ច្រើន ​ដែល​ធ្វើឱ្យ​កម្មវិធី​ទាំង​អស់​ហ្នឹង ​កាន់តែ​អធិក​អធម និង​មាន​ការ​ទាក់​ទាញ​អ្នក​ចូល​រួម​ថែម​ទៀត ហើយ​យើង​កត់​សម្គាល់​ឃើញ​ថា ​បុណ្យ​ទន្លេ​នៅក្នុ​ង​ខេត្ត​កំព​ង់ធំ​នេះ បាន​ក្លាយ​ជា​បុ​រេ​ព្រឹត្តិកា​រណ៍​មួយ ដែល​ស្តា​រឡើងវិ​ញសេដ្ឋកិច្ចស​ង្គម ​និង​សកម្ម​ភាព​សង្គម​ទាំង​អស់ អ៊ីចឹង​នេះ​ជា​គោល​ដៅ​របស់​ក្រសួង​ទេសច​រណ៍ និង​រាជរដ្ឋា​ភិបាល​កម្ពុជា​ ក្នុងការ​ស្តា​រគ្រប់​វិស័យ​ទាំង​អស់​ឱ្យមាន​កា​ររី​កចម្រើន​ឡើងវិ​ញ ក្រោយ​វិ​ប​ត្តិ​កូ​វីដ​១៩»៕