មន្ដ្រី៖ ពិធីរត់ភ្លើងគប់ដល់ហ្វីលីពីនឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការល្អ
ភ្នំពេញៈ ពិធីរត់ភ្លើងគប់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះបានបន្តរៀបចំនៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃទី ២៧ ខែមីនា បន្ទាប់ពីព្រឹត្តិការណ៍នេះបានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាមប្រកបដោយជោគជ័យកាលថ្ងៃទី ២៤ ខែមីនា កន្លងមក។
ការរត់ភ្លើងគប់នៅទីក្រុងតាកាយតាយដែលចាប់ផ្ដើមពីព្រឹកម៉ោង ៦ ថ្ងៃចន្ទនោះ ត្រូវបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេង ដោយមានការចូលរួមពីថ្នាក់ដឹកនាំកីឡា អង្គទូត និងអត្តពលិកល្បីៗរបស់ហ្វីលីពីនជាច្រើន ហើយជាមួយគ្នានេះ លោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីនបានអះអាងថា ពិធីរត់ភ្លើងគប់នេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងហ្វីលីពីន។
លោក ផន ពៅ បានថ្លែងថា៖ «ព្រឹត្តិការណ៍ថ្ងៃនេះឆ្លុះបញ្ចាំងយ៉ាងល្អអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលប្រជាជនកម្ពុជា និងហ្វីលីពីន ជាពិសេសក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ នេះជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការស្រឡាញ់ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពនៃប្រទេសទាំង ២ និងសហគមន៍អាស៊ាន ហើយខ្ញុំសង្ឃឹមថា អ្នក (ហ្វីលីពីន) នឹងមានពេលវេលាដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣»។
ក្រោមវត្តមាន លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) គឺពិធីរត់ភ្លើងគប់នេះត្រូវបានរៀបចំដោយយកចិត្តទុកដាក់ ហើយលោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) និងលោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីនព្រមទាំងអង្គទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំសាធារណរដ្ឋហ្វីលីពីន និងភ្ញៀវកិត្តិយសជាច្រើនទៀតក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។
តាមរយៈ CAMSOC លោក Abraham Tolentino បានថ្លែងថា៖ «ពិធីរត់ភ្លើងគប់នៅថ្ងៃនេះ ពិតជារៀបចំបានយ៉ាងល្អ ហើយនេះជាព្រឹត្តិការណ៍ដ៏មានន័យសម្រាប់ប្រជាជនហ្វីលីពីន និងកម្ពុជា។ យើងមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញទំហឹងជាមួយកម្ពុជា សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកនេះ ហើយយើងសូមជូនពរឱ្យកម្ពុជាទទួលបានជោគជ័យ។ យើងបានព្យាយាមខ្លាំងសម្រាប់ការត្រៀមខ្លួន ដោយយើងនឹងបញ្ជូនក្រុមអត្តពលិក ៨៤០ នាក់ ទៅចូលរួមការប្រកួតនេះ»។
ចំពោះការកាន់ភ្លើងគប់រត់នៅប្រទេសហ្វីលីពីននោះគឺបានចាប់ផ្តើមចេញពីលោក ហោ សារុន មុនពេលលោកប្រគល់បន្តជូនទៅ លោក ផន ពៅ រីឯ លោក ពៅ បានប្រគល់បន្តទៀតជូនទៅលោក Abraham Tolentino ហើយលោក Abraham Tolentino ប្រគល់ឱ្យទៅលោក Michael Barredo។
បន្ទាប់មក ភ្លើងគប់នេះបានធ្លាក់ទៅដល់ដៃក្រុមអត្តពលិកឆ្នើមៗរបស់ហ្វីលីពីន នៅលើប្រភេទកីឡាឃីកបុកស៊ីង ប្រដាល់សកល តេក្វាន់ដូ ជឺជីតស៊ូ ក្រុមអត្តពលិកទោចក្រយាន និងកីឡាការិនីបាល់ទាត់ Hali Long ដែលជាប្រធានក្រុមដើម្បីរត់បណ្តាក់គ្នាកាន់ភ្លើងគប់នេះដោយមានចម្ងាយផ្លូវប្រមាណ៣គីឡូម៉ែត្រ ក្នុងក្រុងតាកាយតាយ ជាមួយបរិយាកាសយ៉ាងសប្បាយរីករាយ និងមានន័យជាទីបំផុត។
លោក ហោ សារុន ជាបេសកជនពិសេសតំណាង CAMSOC បានឱ្យដឹងថា កម្ពុជាបានផ្តួចផ្តើមរៀបចំព្រះរាជពិធីបួងសួងសុំ «ព្រះអគ្គិជ័យកីឡា» នៅមុខប្រាសាទអង្គរវត្តក្រោមព្រះរាជាធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី ២១ ខែមីនា ហើយកម្ពុជា បានរៀបចំដង្ហែព្រះអគ្គិជ័យកីឡានេះ នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រទេសវៀតណាមបានបន្ដពីកម្ពុជា មុនពេលឈានមកដល់ប្រទេសហ្វីលីពីននាពេលនេះ។
លោកបានបញ្ជាក់ថា៖ «ការប្រារព្ធពិធីរត់ដង្ហែព្រះអគ្គិជ័យកីឡានៅទីក្រុងតាកាយតាយដែលជាទីក្រុងទេសចរណ៍ដ៏មានប្រជាប្រិយភាពនៅពេលនេះគឺជាការជ្រើសរើសដ៏ល្អមួយ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងស៊ីជម្រៅ រវាងវិស័យកីឡា និងវិស័យទេសចរណ៍។ ជាការពិតណាស់ វិស័យកីឡា និងវិស័យទេសចរណ៍ គឺជាវិស័យ ២ ដែលមានទំនាក់ទំនងគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា។ កីឡាលើកកម្ពស់ទេសចរណ៍ ទេសចរណ៍លើកកម្ពស់កីឡា»។
តាមគម្រោងរៀបចំការដង្ហែឬរត់ភ្លើងគប់ស៊ីហ្គេមនេះ គឺក្រោយបញ្ចប់ការរៀបចំនៅហ្វីលីពីននេះ ប្រតិភូកម្ពុជា នឹងបន្តទៅរៀបចំនៅប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងចុងក្រោយនៅប្រទេសឡាវនាថ្ងៃទី ២៥ ហើយភ្លើងគប់នេះ នឹងត្រូវដង្ហែមកដល់ខេត្តស្ទឹងត្រែងទឹកដីកម្ពុជាវិញ នៅថ្ងៃទី ២៧ ខែមេសាដើម្បីរត់ជុំវិញខេត្ត នៅជាប់បឹងទន្លេសាប រួចទើបយកភ្លើងគប់នេះមកចូលពហុកីឡដ្ឋានជាតិមរតកតេជោសម្រាប់អុជបំភ្លឺ ក្នុងពិធីបើកការប្រកួតស៊ីហ្គេម លើកទី ៣២ ជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា តែម្តង៕