​ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋ​​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង បានធ្វើការ​អបអរសាទ​រ​ទៅដល់​ក្រុម​កីឡាករ កីឡាការិនី​របស់​ក្រសួងមហាផ្ទៃ ដែល​រួមគ្នា ដណ្តើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ យ៉ាងច្រើន ពី​ការ​​ប្រកួត​ស៊ី​ហ្គេម លើក​ទី​ ៣២ ឆ្នាំ ​២០២៣ ដើម្បី​ជួយ​ឱ្យ​កម្ពុជា ទទួលបាន​លទ្ធផល​រួម​យ៉ាង​ត្រចះត្រចង់​បំផុត ជាមួយ​ការ​​ឈ្នះ​បាន​មេដាយមាស ​៨១ ប្រាក់ ​៧៤ និង​សំរឹទ្ធ​ ១២៧​។​


​ជាមួយ​ការ​ឈ្នះ​បាន​មេដាយ​សរុប ២៨២ ​នេះ លោក ស ខេង ឱ្យដឹង តាម​លិខិត​អបអរសាទរ​របស់លោក កាលពី​ថ្ងៃទី​ ២២ ខែ​​ឧសភា​ថា កីឡាករ កីឡាការិនី នៃ​ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​សរុប​ចំនួន ​១៣២ ​គ្រឿង រួមមាន​មេដាយមាស​ ៣៥ មេដាយ​ប្រាក់​ ៣៤ និង​មេដាយ​សំរឹទ្ធ ​៦៣ ដោយបាន​រួមចំណែក​ជួយ​ឱ្យ​កម្ពុជា ឈរ​នៅ​លេខ​រៀង​ទី​ ៤ នៃ​តារាង​ចំណាត់ថ្នាក់​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​ ២៣ ឆ្នាំ ​២០២៣ ​នេះ​។​


​លោក ស ខេង បញ្ជាក់ថា​៖ «​តាងនាម​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ សូម​សម្តែង​នូវ​សេចក្តីរំភើប​រីករាយ និង​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ​ប្រតិភូ ប្រតិភូ​រង គ្រូបង្វឹក គ្រូ​ជំនួយ មន្ត្រី​បច្ចេក​​ទេស និង​កីឡាករ កីឡាការិនី​ទាំងអស់ នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ដែល​ទទួលបាន​លទ្ធផល​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុងការ​ចូលរួម​ប្រកួតប្រជែង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី ​៣២ ឆ្នាំ​ ២០២៣»​។​


​ចំពោះ​ការ​ឈ្នះ​មេដាយមាស​សរុប​ចំនួន​ ៣៥ ​នេះ ក្រុម​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ ដណ្តើមបាន​នៅលើ​វិញ្ញាសា​ប្រកួត​វ៉ូ​វី​ណា​ម​ចំនួន ​៧ គុន​ល្បុក្កតោ​ ៥ សីដក់ ៤ ប្រដាល់​គុន​ខ្មែរ​ ៣ ប្រដាល់​ឃី​ក​បុក​ស៊ី​ង ​៣ ចំបាប់ ​២ ជឺ​ជី​ត​​ស៊ូ ២ ប្រណាំងទូក ២ សូ​ហ្វ​តិ​ន្នី​ស ២ កីឡា​អាត​នី​ស​ ២ ហើយ​ចំពោះ​ប្រភេទ​កីឡា​កា​រ៉ា​តេ ម៉ូតូ​ទឹក និង​វាយ​សី គឺ​ក្រុម​អត្ត​ព​លិ​ក​ក្រសួង​មហាផ្ទៃ បានឈ្នះ​មេដាយមាស​ចំនួន ​១ ដូចគ្នា​។​


​លោក ស ខេង បញ្ជាក់ថា​៖ «​សមិទ្ធផល​ទាំងនេះ គឺជា​មោ​ទ​​ន​ភាព​យ៉ាង​ក្រៃលែង​របស់​ក្រសួង​​មហាផ្ទៃ ដែល​កីឡាករ កីឡា​-​ការិនី​ទាំងអស់ បាន​ឆ្លៀតពេល​ពី​ការបំពេញភារកិច្ច​ស្នូល​របស់​អង្គភាព ក្នុងការ​ចូលរួម​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ហើយ​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​​ចិត្ត និង​ការប្តេជ្ញា​ខ្ពស់​ប្រឹងប្រែង​ហ្វឹកហាត់​រហូត​ទទួលបាន​ជោគ​ជ័យ​ជូន​សង្គមជាតិ និង​ក្រសួង​​មហាផ្ទៃ​»​។​


​ចំណែក លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គ​លេ​ខា​ធិ​ការដ្ឋាន​នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅក្នុង​ចំណោម​អត្ត​ព​លិ​ក​ជាតិ ដែល​ចូលរួម​ប្រកួតប្រជែង​បាន​មេដាយ ក្នុង​ស៊ី​ហ្គេម​នោះ មាន​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ ​៣ នាក់ បាន​ជាប់​ជា​អត្ត​ព​លិ​ក​ឆ្នើម ដោយ​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ រួមមាន​កីឡាការិនី​វ៉ូ​វី​ណា​ម ប៉ាល់ ឆរ​ស្ម៊ី បាន​មេដាយ​មាស​ ៤ ប្រាក់ ​១ សំរឹទ្ធ​ ១ សរុប ​៦, កីឡាករ​ជឺ​ជី​តស៊ូ គង់​ម៉ូ​ណា មិ​ថុ​រ៉ា បាន​មេដាយមាស​ ២ សំរឹទ្ធ​ ១ សរុប​ ៣ និង​កីឡាករ លី បូរ៉ា​មី បាន​មេដាយមាស​ ៣ លើ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​។​

​លោក សរ សិទ្ធិ បានបញ្ជាក់ ក្នុង​លិខិត​អបអរសាទរ​របស់លោក​ថា​៖ «​សមិទ្ធផល​ទាំងនេះ គឺជា​មោទនភាព​យ៉ាង​ក្រៃលែង​របស់​អគ្គលេខាធិកា​រដ្ឋា​ន​ក្រុម​​ប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​»​។​

​ចំណែក​លោក​ យិ​ត ភី​រៈ អគ្គ​​លេខាធិការ​នៃ​អគ្គលេខាធិការ​​ដ្ឋា​ន​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ បានលើកឡើង​តាម​លិខិត​របស់លោក​ថា​៖ «​សមិទ្ធ​ផល​ដ៏​អស្ចារ្យ​ទាំងនេះ គឺជា​មោទនភាព និង​បាន​ស្ដែង​ឱ្យឃើញ ពី​ការរីកចម្រើន​ផ្នែក​សមត្ថភាព​របស់​អត្ត​ព​លិ​ក ក្រោម​ការដឹក​​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់ លោ​កស ខេង ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ​នាំឱ្យ​អត្ត​ព​លិ​ក​ទាំងអស់​របស់​យើង​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត និង​ការប្ដេជ្ញាចិត្ត​ខ្ពស់​ប្រឹងប្រែង​ធ្វើការ​ហ្វឹកហាត់ និង​ប្រកួត​រហូត​ទទួលបាន​ជោគ​​ជ័យ​ជូន​ជាតិ​មាតុភូមិ និង​ក្រសួង​​មហាផ្ទៃ​»៕