ភ្នំពេញៈ អ្នកប្រដាល់​ត្រកូល «អេ» រួម​មាន​ អេ វិរៈខាំឈិត​ភូថង (ម៉ឺន មេឃា) អេ អាំម៉ារិន​ភូថង និង​​កីឡា​ការិនី អេ យ៉ានុត ​បានវិល​ត្រឡប់​មក​ប្រកួត​ប្រដាល់​គុនខ្មែរជាថ្មី នៅលើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ​នេះ បន្ទាប់ពីអ្នកទាំង​ ៣ បាន​បញ្ចប់​ភារកិច្ច សម្រាប់​ការ​ប្រកួត​តំណាង​ឱ្យ​ជាតិ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣។


សម្រាប់ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​ស៊ីហ្គេមជា​ប្រវត្តិសាស្រ្តលើក​ដំបូង ដែល​ទើបបាន​បញ្ចប់ កាលពី​ថ្ងៃទី​ ១៧ ខែ​ឧសភា កន្លង​មកនេះ ម៉ឺន មេឃា ​បានបន្ត​ឈ្នះមេដាយ​មាសជូន​កម្ពុជាជា​លើក​ទី​២ លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​ ៦៥​ គីឡូក្រាម នៃ​ប្រភេទ​កីឡា​វ៉ូវីណាម​ បន្ទាប់ពី​រូប​គេបាន​យក​ឈ្នះ​កីឡាករ​វៀតណាម Viet Ha Nguyen នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​និង​ឈ្នះ​កីឡាករ​ថៃ Chainarong Yawanophat នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។


ចំណែក​កីឡាករ អេ អាំ​ម៉ារិន​អូថង ជា​ប្អូនប្រុស ដែល​ធ្លាប់​ឈ្នះ​បានមេដាយ​សំរឹទ្ធ កាល​ស៊ីហ្គេម ឆ្នាំ ​២០២២ នៅ​វៀតណាម​នោះ គឺ​ស៊ីហ្គេមនៅ​កម្ពុជា​នេះ គេ​​ចាញ់​កីឡាករជា​ម្ចាស់​ក្បាច់គុន​របស់វៀតណាម Thanh Liem Nguyen នៅវគ្គ​ជម្រុះ ក្នុងទម្ងន់​៦០​គីឡូក្រាម ហើយ​បន្ទាប់ពី​​ការ​​ប្រកួត កាល​ពី​ថ្ងៃទី ​៧ ខែឧសភា​នោះ អាំម៉ារិន ត្រូវ​បាន​ដឹក​ទៅកាន់មន្ទីរពេទ្យ​ភ្លាមៗ ដោយ​សារ​រូបគេខំសម្រក​ទម្ងន់ខ្លាំង​ពេក នាំ​ឱ្យប៉ះ​ពាល់​ដល់សុខ​ភាពខ្លាំង រហូត​សន្លប់មិន​ដឹង​ខ្លួន។


យ៉ាង​ណា​មិញ កីឡា​ការិនី អេ យ៉ានុត ដែល​បាន​​ឃ្លាត​ឆ្ងាយពី​សង្វៀន​មួយ​រយៈពេលធំ​មកហើយ​នោះ បាន​សម្រេច​ចូល​ហាត់​ប្រដាល់​សកល សម្រាប់​ត្រៀមការ​ប្រកួត​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​ ២០២៣ នេះ ប៉ុន្តែ​តាម​រយៈការ​ប្រកួត​​ទម្ងន់ ​៦៣​​ គីឡូក្រាម​នេះ យ៉ានុត ចាញ់​ពិន្ទុ​កីឡាការិនី​​​មីយ៉ាន់ម៉ា Kay Thwe Nyein និងបាន​ធ្លាក់​ក្នុង​វគ្គជម្រុះ ដូចប្អូន​ប្រុស​របស់​នាង អាំម៉ារិន ដែល​ប្រកួត​​លើ​ប្រភេទ​កីឡា​វ៉ូវីណាម​ដែរ។


យ៉ាង​ណាមិញ នៅថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ បង​ប្អូន​ត្រកូល «អេ» ទាំង​ ៣​ នាក់នេះ នឹង​ត្រូវ​​វិលត្រឡប់ម​ក​ប្រកួត​ប្រដាល់​គុនខ្មែរ ដែល​ជាជំនាញ​ពិត​របស់​ពួក​គេ​វិញ។ ចំពោះការ​ប្រកួត​នេះ ទាំង ម៉ឺន មេឃា, អេ អាំម៉ារិនភូថង និង អេ យ៉ានុត ត្រូវ​ប្រកួតជាមួយ​អ្នកប្រដាល់​ថៃ​ដូចគ្នា ប៉ុន្តែ​ក្នុង​ទម្រង់​ខុស​គ្នា ខណៈ​អ្នក​ផ្គូ​ផ្គង​​បាន​ទម្លាយ​ថា ដៃគូ​ប្រកួត​របស់​អ្នកទាំង​៣នេះ មាន​សមត្ថ​ភាព​ខ្លាំង។


​កីឡាករ​បានកម្ពស់ អេ អាំម៉ារិន​ភូថង នឹងត្រូវ​ប្រកួត ក្នុង​ទម្ងន់​ដើម ៦៣,៥ គីឡូក្រាម​របស់ខ្លួន​វិញ ដោយត្រូវ​ប៉ះ​ថៃ Chokmongkol Pakyok TH77 ក្នុងកម្ម​វិធី «អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេមពាន» ដោយ​ចាប់​ផ្តើម​ពី​ម៉ោង ១១ ​ព្រឹក ថ្ងៃ​អាទិត្យ​នេះ ដោយ​អ្នក​ទាំង ​២ នេះ ប្រកួត​គ្នា​ ៥​ ទឹក។

ចំណែក ម៉ឺន មេឃា និង អេ យ៉ានុត ត្រូវ​ប្រកួត​ក្នុង​កម្មវិធី Mas Fight ដែល​ចាប់​ផ្តើម​នៅ​ម៉ោង​ ៣ រសៀល ដោយ​ក្នុង​នោះ មេឃា ត្រូវ​ប្រកួត​ទម្រង់ Mas Fight ១ ​ទឹក ​៩ នាទី ជាមួយ Kulabdam Vor. Soonger ក្នុង​ទម្ងន់​ ៦៣,៥ ​គីឡូ​ក្រាម រីឯ យ៉ានុត ត្រូវជួប​កីឡាការិនី Nangsavsurat Chadanamrak ក្នុង​ទម្ងន់​ ៥៧​ គីឡូក្រាម ដោយ​អ្នកទាំង​ ២ នេះ ត្រូវ​ប្រកួត​គ្នា​តែ ​៣ ទឹកទេ។

ចំពោះ​សមត្ថ​ភាព​របស់​អ្នក​ប្រដាល់​ថៃ​ទាំង​៣នាក់នេះ លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​កីឡាករ និង​ជាពិធីករ​ប្រចាំ​នៅ​សង្វៀន​ថោនបាន​ប្រាប់ កាលពី​ថ្ងៃទី​​ ២៥ ខែ​ឧសភា​ថា៖ ​«ដៃគូ​របស់ អេ យ៉ានុត គេ​ល្អ ជាកូន​សិស្ស​របស់ ប៊ូខាវ ដែល​ធ្លាប់​បាន​យក​ឈ្នះម្ចាស់​មេដា​យ​មាស​ស៊ីហ្គេម ទូច ចា​ន់វ​ត្តី​ ​​រប​ស់​កម្ពុជា ហើយ​កីឡាករ​ថៃ ដែលត្រូវ​ប៉ះ ម៉ឺន មេឃា និង អេ អាំម៉ារិន​ភូថង ក៏មាន​សមត្ថ​ភាព​ល្អ អ៊ីចឹង​ការ​ប្រកួតទាំង​ ៣ គូ​នេះ នឹង​មាន​ភាព​ស្វិត​ស្វា​ញ និង​​ល្អ​មើល​»។

ជាមួយ​គ្នា​នេះ ម៉ឺន មេឃា, អេ អាំម៉ា​រិន​ភូ​ថង និង អេ យ៉ានុត ​បាន​ប្រឹង​ប្រែ​ង​ហ្វឹក​ហាត់​​ខ្លាំង សម្រាប់​ការ​វិល​មក​ប្រកួ​ត​ប្រដា​​ល់​គុនខ្មែរ នៅ​ថ្ងៃអា​ទិត្យ​នេះ ហើយ​លោក អេ ភូថង ជាឪពុក ដែល​មានជំងឺ​ជាប់​ខ្លួន ហើយ​ទើប​វិល​ត្រ​ឡប់​មក​ពីព្យា​បា​ល​ នៅ​ប្រទេស​ថៃ​ដែរ​នោះ ក៏មានសុខ​ភាពល្អ​ប្រសើរជាង​មុ​ន ​និងអាច​ចូល​បង្វឹក​ដល់កូនៗ ដោយ​ផ្ទាល់​ជា​បណ្តើរៗ​វិញ​ហើយ៕