
ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា ព្រមទាំងគ្រូបង្វឹក និងប្រតិភូដឹកនាំ បានថតជាមួយគ្នា មុនពេលចេញដំណើរទៅប្រទេសថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ រូបថត FFC
ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ជម្រើសជើងឯកបាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ាន ឆ្នាំ២០២៤ (ASEAN Futsal Championship 2024) នៅទីនោះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា។
កីឡាករចំនួន១៤នាក់ មកពីក្លិបហ្វុតសាលចំនួន៤ ត្រូវបានជ្រើសរើស សម្រាប់ការចេញទៅប្រកួតពាន ASEAN Futsal Championship លើកនេះ បន្ទាប់ពីពួកគេបានជាប់ នៅក្នុងការធ្វើតេស្តសមត្ថភាពលើកចុងក្រោយ នៅក្នុងចំណោមកីឡាករប្រមូលផ្តុំទាំង១៩នាក់ ក្រោយធ្វើការហ្វឹកហាត់រួមគ្នា នៅទីលានឬទ្ធីចេស្តាអារីណា តាំងពីថ្ងៃទី៩ ខែតុលាមក។
អ្នកទាំង១៤នាក់នេះ រួមមានកីឡាករ ង៉ែត សីហា, កែវ ជាតួ, តុង ច័ន្ទមុន្នី, កែវ សុចិត្រា, សេដ្ឋា សច្ចះបុត្រ, ឡាក់ ភីរុណ, ហ៊ីង សុខពៅ, អ្នកចាំទី ខែក ច័ន្ទសម្បត្តិ មកពីក្រុម Lucky FC។ កីឡាករ រស់ ស៊ីចំរើន និងអ្នកចាំទី គឹម ស៊ីម៉េង របស់ក្រុម Mehil Seoul Youn Gun កីឡាករ អុល បញ្ញា និង ប្រាក់ សុវណ្ណារិទ្ធ មកពីក្រុម Dig FC កីឡាករ ញឹក ថាលីដា និង ជាប រីឈី របស់ក្រុម Ovmal FC។
ដោយឈរនៅពូលB ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា នឹងត្រូវប្រកួតបើកឆាកប្រចាំពូលB ជាមួយក្រុមឥណ្ឌូនេស៊ី នៅថ្ងៃទី៤ រួចបន្តជួបក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី៥ និងចុងក្រោយត្រូវប្រឈមជាមួយក្រុមអូស្រ្តាលី នៅថ្ងៃទី៦ ខែវិច្ឆិកា ខណៈពូលA មានម្ចាស់ផ្ទះថៃ វៀតណាម ម៉ាឡេស៊ី ទីម័រខាងកើត និងប្រ៊ុយណេ ដោយពូលនេះនឹងធ្វើការប្រកួតបើកឆាក នៅថ្ងៃទី២ ខែវិច្ឆិកា។

សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា ត្រៀមការប្រកួតពានរង្វាន់ ASEAN Futsal Championship 2024 នៅប្រទេសថៃ។ រូបថត FFC
ចំពោះស្ថានភាពក្រុមជម្រើសជាតិក្នុងសាលកម្ពុជា ពេលធ្វើដំណើរទៅដល់ប្រទេសថៃលោក នៃ ប៊ុនសុភ័ត្រា ដែលជាគ្រូបង្គោល បានប្រាប់ភ្នំពេញប៉ុស្តិ៍ នាព្រឹកថ្ងៃសុក្រនេះ ថា ក្រុមកម្ពុជា កំពុងស្នាក់នៅទីក្រុងបាងកក ដោយបានហ្វឹកហាត់ នៅទីលាន Kodang របស់ក្លិប Port FC កាលពីថ្ងៃព្រហស្បតិ៍ ហើយនៅថ្ងៃសុក្រនេះ ពួកគេបន្តហ្វឹកហាត់នៅទីលាននេះដដែល មុនធ្វើដំណើរទៅកាន់ខេត្តនគររាជសីមា នាព្រឹកថ្ងៃសៅរ៍ ដែលជាកន្លែងត្រូវប្រកួតប្រជែងពានរង្វាន់មួយនេះ។
ជុំវិញការត្រៀមខ្លួនសម្រាប់ការប្រកួតពាន ASEAN Futsal Championship នេះ លោក ប៊ុនសុភ័ត្រា បាននិយាយថា៖ «តាមរយៈការហ្វឹកហាត់ជាមួយគ្នាចូល៣សប្តាហ៍នេះ ខ្ញុំមើលឃើញថា កីឡាកររបស់យើងមានការយល់ដឹងបានច្រើនទាំងទៅលើតាក់ទិច និងរបៀបនៃការលេង ហើយយើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកលទ្ធផលល្អណាមួយជូនក្រុមជម្រើសជាតិ និងប្រទេសជាតិយើង»។

សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា ត្រៀមការប្រកួតពានរង្វាន់ ASEAN Futsal Championship 2024 នៅប្រទេសថៃ។ រូបថត FFC
តែទោះបីជាយ៉ាងណា អតីតគ្រូបង្គោលក្រុម Ovmal FC និងជាគ្រូបង្វឹកក្រុម Lucky FC លោក នៃ ប៊ុនសុភ័ត្រា បានទទួលស្គាល់ថា ទាំងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អូស្រ្តាលី និងក្រុមមីយ៉ាន់ម៉ា សុទ្ធតែមានកម្រិតលេងខ្ពស់ជាងក្រុមកម្ពុជា ដោយការប្រកួតពានរង្វាន់ AFC Futsal Asian កាលពីខែតុលា ឆ្នាំ២០២៣ គឺក្រុមទាំង៣នេះ សុទ្ធតែបានឡើងដល់ជុំចុងក្រោយ។
ផ្ទុយពីនេះក្រុមជម្រើសជាតិក្នុងសាលកម្ពុជា ក្រោមការដឹកនាំរបស់លោក នៃ ប៊ុនសុភ័ត្រា ដដែល បានធ្លាក់ចេញពីការប្រកួតពាន AFC Futsal Asian នោះ ត្រឹមវគ្គជម្រុះក្នុងពូល បន្ទាប់ពីក្រុមដ៏កម្សត់នេះ បានចាញ់ក្រុមម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ៦-១ ចាញ់ក្រុមអ៊ីរ៉ាក់ ៧-០ និងចាញ់ក្រុមម៉ាឡេស៊ី ៥-២ ដោយឈរនៅលេខ៤ចុងក្រោយគេ ប្រចាំពូលG។

សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា ត្រៀមការប្រកួតពានរង្វាន់ ASEAN Futsal Championship 2024 នៅប្រទេសថៃ។ រូបថត FFC
លោក នៃ ប៊ុនសុភ័ត្រា បានបញ្ជាក់ថា៖ «ចំពោះក្រុមទាំង៣ ដែលឈរនៅពូលជាមួយយើង សុទ្ធតែជាក្រុមខ្លាំង ដែលបានឡើងទៅលេងដល់ជុំចុងក្រោយនៃពានរង្វាន់ AFC Futsal Asian អ៊ីចឹងមិនមានក្រុមណាមួយ ប្រហាក់ហែល ឬមានកម្រិតលេងស្មើយើងនោះទេ គឺយើងត្រូវលេងជាមួយក្រុមដែលសុទ្ធតែមានកម្រិតខ្ពស់ជាងយើងទាំងអស់»។
យ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុមជម្រើសជាតិហ្វុតសាល លោក ប៊ុនសុភ័ត្រា បានសង្កត់ធ្ងន់ថា៖ «បើទោះបីជា ក្រុមគេមានកម្រិតខ្ពស់ជាងយើងយ៉ាងណាក៏ដោយ ក៏ពួកយើងនៅតែព្យាយាមលេងឱ្យអស់ពីសមត្ថភាព និងយកលទ្ធផលល្អមួយ។ ទោះមិនបានឈ្នះ ឬស្មើ តែសង្ឃឹមថា យើងនឹងអាចរកគ្រាប់បាល់បាន ជាមួយការប្រកួតដ៏ល្អមួយ ជូនក្រុមជម្រើសជាតិរបស់យើង»៕