ភ្នំពេញ៖ កីឡាករជើងខ្លាំង​មានរហស្សនាម «ក្របីព្រៃ» ពេជ្រ សម្បត្តិ បានប្រើ​ភាសាចាក់​ដោត​ផ្តាំ​ទៅ​កីឡាករជា​ម្ចាស់ខ្សែ​ក្រវាត់​របស់​ថៃ Nueng Dubunlek Tded99 ឱ្យ​ចូល​វាយប្តូរ​ឱ្យអស់ពី​លទ្ធភាព​មក កុំ​មក​វាយ​រត់គេច​យក​តែលុយ។ ចំណែកសិស្សច្បង​របស់គេ ពេជ្រ ប៊ុនសិទ្ធ ក៏បាន​ផ្តាំទៅ​កីឡាករ Sonvann Khongoum Tded99 ត្រូវ​​វ៉ៃ​​ប្តូរ​​ឱ្យ​អស់​​ដូចគ្នា។

ការបោះ​ពាក្យសម្តី​បែប​​ឌឺដងបែបនេះ​​​របស់ ពេជ្រ សម្បត្តិ និង ពេជ្រ ប៊ុនសិទ្ធ គឺ​ដោយ​សារ​​កីឡាករ​និយម​វាយសម្រុក​របស់​កម្ពុជា​ទាំង​ ២ នាក់នេះ ត្រូវដាក់​​ឱ្យ​ប្រកួត​ជាមួយ​អ្នកប្រដាល់​ជា​សិស្ស​​រួម​​ក្លិប​របស់ថៃ Nueng Dubunlek និង Sonvann Khongoum ក្នុងព្រឹត្តិការណ៍ Krud Kun Khmer របស់សង្វៀន​ប្រដាល់​ ទទក នៅបរិវេណតារាងបាល់ទាត់​ទួលដំណាក់​ ភូមិទួលដំណាក់​ ឃុំចុងដូង​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ​ ​នា​យប់​ថ្ងៃទី​ ៩ ខែមីនា ខាងមុខនេះ។

បើតាមលោក ម៉ុល នី ប្រធាន​ផ្គូផ្គងការ​ប្រកួត​ប្រចាំសង្វៀន​ប្រដាល់ ​ទទក ​បាន​ឱ្យ​ដឹង​ថា កីឡាករ Nueng Dubunlek គឺជា​ជើងខ្លាំងម្នាក់​ក្នុងទម្ងន់ ​៦០ គីឡូក្រាម ដែល​ធ្លាប់​យក​ឈ្នះ​ម្ចាស់​មេដាយមាសស៊ីហ្គេម ឆ្នាំ​ ២០២៣ រិន ដាវី សម្រាប់ការ​ប្រកួតដណ្តើមខ្សែ​ក្រវាត់ នៅ​ប្រទេស​ថៃ​កន្លងមក។


ជាមួយគ្នា​នេះ ពេជ្រ សម្បត្តិ ដែល​បានមើលការ​ប្រកួតរបស់ Nueng Dubunlek ហើយនោះ បានទទួលស្គាល់ថា កីឡករ​ថៃ​ម្នាក់នេះ មានសមត្ថ​ភាព​ល្អ ដែល​អាច​ទាត់ និង​ចាប់​បុក​ជង្គង់​​ល្អ ប៉ុន្តែ សម្បត្តិ បាន​បង្ហាញការមិនពេញ​ចិត្ត​ពីរបៀបប្រកួត​របស់​គេ​ម្នាក់នេះ ដែល​រត់​គេច ច្រើនជាង​ចូល​វ៉ៃ​ប្តូរ។


កីឡាករជើងខ្លាំង​របស់​កម្ពុជា​រូបនេះ បាន​និយាយ​ថា៖ «គាត់ (Nueng Dubunlek) ជា​កីឡាករ​ល្អ​ក្បាច់ ថយ​ទាត់មួយៗ តែច្បាស់ ហើយ​ចំពោះ​​ខ្ញុំ កីឡាករ​វាយ​ដក​បែបនេះ អត់​ស៊ី​ចង្វាក់​ទេ! បើ​ថយ​វាយមួយៗមិនសូវជាអីទេ ប៉ុន្តែ​នេះ​ថយ​គេ​វ៉ៃ​​អត់បាន​តែម្តង អ៊ីចឹង​លើកនេះ​គាត់អាច​ថយ​យកលុយម្តង​ទៀត»។

រំឭក​ទៅដល់​ការ​ប្រកួត​រវាង រិន ដេវីត និង Nueng Dubunlek ដែល​បានវ៉ៃ​ថយ ដើម្បី​យក​​ខ្សែ​ក្រវាត់ នៅប្រទេស​ថៃ​នោះ ពេជ្រ សម្បត្តិ បាន​បញ្ជាក់​បែប​ឌឺដង​ឱ្យ​កីឡាករ​ថៃ​ម្នាក់នេះ​​ថា៖​ «​លើក​មុន វាយ​ថយយកខ្សែ​ក្រវាត់ ប៉ុន្តែ​បើ​វាយ​ថយ​យក​លុយ​លើកនេះ បែបពិបាក​បន្តិច​ហើយ ព្រោះនេះជាការ​ប្រកួតពាក់ហ្គង់ MMA»។

យ៉ាង​ណាក៏​ដោយ ពេជ្រ សម្បត្តិ ដែល​ធ្លាប់ទទួលមេរៀន​ជូរ​ចត់ ត្រូវ​កីឡាករ​ឡាវ Kampoo BS Muaythai ទាត់​ឱ្យ​ចូល​កញ្ចឹងក​ឱ្យ​សន្លប់ក្នុងទឹក​ទី​៣ ជាមួយចង្វាក់​ដើរ​ចូលវាយសម្រុក​កន្លងមក​នោះ នៅតែបារម្ភ ខ្លាច​ហេតុការណ៍បែបនេះ​កើត​ឡើងម្តង​ទៀត បើរូបគេជម្នះ​ចូលវាយសម្រុកខ្លាំង ប៉ុន្តែកីឡាករ Nueng Dubunlek ប្រកាន់​យក​ការ​វាយ​ថយ និង​​រត់ ចាំតែ​ទាត់សងមួយៗនោះ។

សម្បត្តិ បាននិយាយ​ថា៖​ «វាអាច​មានការ​ពិបាកដែរ​ ព្រោះ​យើង​ជា​​កីឡាករ​​ដើរ​ចូល​ ចំណែក​គាត់ជា​កីឡាករ​វាយដក អ៊ីចឹង​បើ​យើង​ចូល​ផុត គឺ​បារម្ភ​ថា គាត់ទាត់​ចូល​ក ព្រោះខ្ញុំ​ធ្លាប់​ទទួល​​មេរៀនបែបនេះ​ពេលប្រកួត​ជាមួយ​កីឡាករ​ឡាវ។ ខ្ញុំ​មិន​បាន​ភ្លេច​នោះទេ ហើយ​តាំង​តែ​ពីពេលនោះ​មក ខ្ញុំមានការប្រុងប្រយ័ត្នច្រើន»។

ចំណែក​​កីឡាករ ពេជ្រ ប៊ុនសិទ្ធ ​ក៏បាន​ផ្តាំទៅកីឡាករ​ថៃ Sonvann Khongoum Tded99 សូម​​ប្រកួត​ឱ្យអស់ពី​សមត្ថ​ភាព សម្រាប់ការ​ជួប​គ្នា នៅលើ​ទឹក​ដី​ខេត្តកំពង់ធំ នាយប់​ថ្ងៃសៅរ៍​នោះ​ដែរ ចំណែក​សិស្សប្អូន​របស់គេ​ម្នាក់ទៀត គឺ ធន់ ផានិត ក៏​ត្រូវ​ប្រកួតជាមួយ​ថៃ Ratchasak Tded99 នាយប់​នោះ​ដូច​គ្នា។

ពេជ្រ ប៊ុនសិទ្ធ បាន​និយាយថា៖ ​«​សមត្ថ​ភាព​របស់កីឡាករ​ថៃ​ម្នាក់នេះ ល្មម​ប្រកួតគ្នា​បាន ហើយ​ជាការ​ប្រកួតពាក់​ហ្គង់តូច MMA ទៅទៀត អ៊ីចឹង​ដឹងតែ​ពេញ​លេង​ហើយ។ ​ខ្ញុំ​​បាន​ត្រៀម​ខ្លួន​រួច​រាល់​​ហើយ ហេតុនេះ​​សុំ​ឱ្យ​គាត់​មក​ប្រកួត​ឱ្យអស់ពី​សមត្ថ​ភាព គឺ​មាន​ប៉ុន្មាន​បញ្ចេញ​ឱ្យ​អស់​មក»៕